សមត្ថកិច្ច​បញ្ជូន​​ខ្លួន​ជនជាតិ​ចិនម្នាក់​ទៅ​តុលាការ​ក្រុង​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿង​ញៀន​ជាង​១៦០​គីឡូក្រាម

0:00 / 0:00

សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន បានបញ្ជូន​ខ្លួន​​​ជនជាតិ​ចិន​ម្នាក់ ​វ័យ​៥២ឆ្នាំ​ ដែល​ប្រើ​លិខិត​ឆ្លង​ដែន​សញ្ជាតិ​កាណាដា ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ការ​រក្សាទុក និង​ដឹក​ជញ្ជូន​គ្រឿង​ញៀន​ឆ្លង​ដែន ជាង​១៦០​គីឡូក្រាម លាក់​ទុក​នៅ​ទីតាំង​បី​កន្លែង​ផ្សេង​គ្នា​ ក្នុង​ក្រុង​ភ្នំពេញ។

គ្រឿង​ញៀន​ ដែល​អាជ្ញាធរ​រឹប​អូស​បាន​នោះ ភាគ​ច្រើន​ជា​ប្រភេទ​អ៊ិចស្តាស៊ី​ម្សៅ​ (MDMA) អ៊ិចស្តាស៊ី​ក្រាម (MDMA) អ៊ិចស្តាស៊ី​គ្រាប់ (MDMA) និង​កេតាមីន​(Ketamine)។

អគ្គ​ស្នងការ​រង​នគរបាល​ជាតិ ទទួល​បន្ទុក​បង្ក្រាប​គ្រឿងញៀន​លោក ម៉ក់ ជីតូ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ថា ប្រភព​គ្រឿង​ញៀន​នេះ គឺ​ចេញ​មកពី​ប្រទេស​ចិន​ ដែល​ឧក្រិដ្ឋជន​​វេច​ខ្ចប់​ហើយ​ផ្ញើ​តាម​ក្រុមហ៊ុន​ដឹក​ជញ្ជូន អ៊ិច​ប៊្រែស (Express) តាម​ផ្លូវ​គោក​ចូល​មក​កម្ពុជា​ ដើម្បី​ត្រៀមបញ្ជូន​ចេញ​តាម​ផ្លូវ​ទឹក​ទៅ​ប្រទេស​ទី​៣ មាន​ចិន​តៃវ៉ាន់ អូស្ត្រាលី និង​អាមេរិក។

លោក​បន្ត​ថា​ បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​ហើយ ក្រោយ​ពី​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន។ លោក​បញ្ជាក់​ថា បញ្ហា​គ្រឿង​ញៀន​នៅ​ឆ្នាំ​២០២១​នេះ គឺ​កើន​ឡើង​៣​ដង​ ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ។

ប្រធាន​មជ្ឈមណ្ឌល​ដើម្បី​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍន៍លោក យង់ គឹមអេង សង្កេត​ឃើញ​ថា បញ្ហា​គ្រឿង​ញៀន​ដែល​បន្ត​ហូរ​ចូល​កម្ពុជា​នេះ គឺ​ដោយ​សារ​តែ​ការ​អនុវត្ត​ច្បាប់​ទន់​ខ្សោយ និងមាន​អំពើ​ពុករលួយ​ ដែល​ធ្វើឲ្យ​​​ក្រុម​ឈ្មួញ​ជួញ​ដូរ​គ្រឿង​ញៀន នៅតែ​មាន​សេរីភាព​អាច​ធ្វើ​អាជីវកម្ម​នេះ​បាន​។ លោកយល់​ថា​ អាជ្ញាធរ​​គួរ​បន្ត​ស្វែងរក​មេ​ជួញ​ដូរ​គ្រឿង​ញៀន​ធំ​ៗ​ ដែល​សម្ងំ​លាក់​ខ្លួន​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស មក​ដាក់​ទោស​តាម​ច្បាប់​ ឲ្យ​ខាង​តែ​បាន​ ដើម្បី​បញ្ឈប់​ការ​នាំ​ចូល​និង​ចែកចាយ​គ្រឿងញៀន​នៅ​ទូ​ទាំង​ប្រទេស។

ក្នុង​រយៈពេល​ ៩ ​ខែ ឆ្នាំ​២០២១ អាជ្ញាធរ​កម្ពុជា​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ជិត​១​ម៉ឺន​នាក់ (៩.៨២៨) និង​គ្រឿង​ញៀន​សរុប​ជាង​១ពាន់​គីឡូក្រាម (១.០៤៩)។ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​នោះ មាន​មនុស្ស​ជាង​៦​ពាន់​នាក់ (​៦​.០​៤​៤) ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​គ្រឿងញៀន ហើយ​​មនុស្ស​ជាង​៣​ពាន់​នាក់​ (៣.៧៨៤) រួម​ទាំង​ជន​បរទេស​ជាង​២រយ​នាក់​ទៀត (២១៧) ​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​គ្រឿងញៀន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។