
គិតត្រឹមថ្ងៃទី២២ ខែកញ្ញា គឺជាថ្ងៃគម្រប់ខួប ២៣ឆ្នាំនៃមន្ទីរពេទ្យគន្ធបុប្ផា ដែលកសាងឡើងតាំងពីឆ្នាំ១៩៩២ ដោយលោកវេជ្ជបណ្ឌិត ប៊េត រីច្ឆនឺរ (Beat Richner)។ ក្នុងរយៈពេល ២៣ឆ្នាំកន្លងមកនេះ ប្រធាន និងស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា លោកវេជ្ជបណ្ឌិត ប៊េត រីច្ឆនឺរ មិនបានរៀបចំពិធីគម្រប់ខួបអ្វីនោះទេ ប៉ុន្តែនៅថ្ងៃទី៦ ខែតុលា ខាងមុខ មន្ទីរពេទ្យគន្ធបុប្ផា នឹងសម្ពោធដាក់ឲ្យដំណើរការនូវអគារសម្ភពថ្មី ដែលមានគ្រែចំនួន៨០ បន្ទប់សម្រាលកូនចំនួន៨ រួមទាំងបន្ទប់សង្គ្រោះបន្ទាន់តូចៗមួយចំនួនទៀតផងដែរ។
តាមសេចក្តីប្រកាសក្នុងបណ្ដាញសង្គមហ្វេសប៊ុក (facebook) ផ្លូវការរបស់លោកវេជ្ជបណ្ឌិត ប៊េត រីច្ឆនឺរ សរសេរថា ការសម្ពោធអគារសម្ភពថ្មីនេះក្រោមព្រះរាជអធិបតីភាពរបស់ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី។
តាមសេចក្តីប្រកាសនោះ បញ្ជាក់ថា កុមារមានជំងឺធ្ងន់ៗមកសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា មានចំនួនកើនឡើង ៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៤។ លោកវេជ្ជបណ្ឌិត ប៊េត រីច្ឆនឺរ បញ្ជាក់ថា កុមារឈឺធ្ងន់ធ្ងរចំនួនជាង ១ម៉ឺននាក់ (១៤.១៥០នាក់) និងមានករណីជំងឺគ្រុនឈាមជាង ២ពាន់នាក់ (២.២១៥នាក់) វះកាត់ទូទៅចំនួន ២.៧១៥នាក់ និងចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺរលាកខួរក្បាល (JEV) ចំនួនជាង ៣ម៉ឺននាក់ (៣១.៨២៦នាក់) មកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។