ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក (WHO) ណែនាំអោយពលរដ្ឋទូទៅ យកចិត្តទុកដាក់ចូលរួមលុបបំបាត់ជំងឺឆ្កែឆ្កួត។
សេចក្ដីប្រកាសព័ត៌មានរួមរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា អោយដឹងថា នៅកម្ពុជា ជំងឺឆ្កែឆ្កួតកំពុងគំរាមកំហែងអាយុជីវិតពលរដ្ឋ។ ស្ថាប័នទាំងពីរបញ្ជាក់ថា មានតែការចាក់ថ្នាំបង្ការ ឬវ៉ាក់សាំងទេ ទើបអាចលុបបំបាត់ជំងឺនេះបាន។
លោកវេជ្ជបណ្ឌិត លី សុវណ្ណ អនុប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង លើកឡើងថា ជំងឺឆ្កែឆ្កួតនៅតែគំរាមកំហែងធ្ងន់ធ្ងរដល់សុខភាពពលរដ្ឋកម្ពុជា ហើយភាគច្រើនបណ្ដាលអោយស្លាប់ ដ្បិតពុំមានថ្នាំព្យាបាលទេនៅពេលជំងឺនេះចេញរោគសញ្ញា។ លោកណែនាំអោយពលរដ្ឋចាក់ថ្នាំបង្ការជំងឺនេះ ដែលអាចធ្វើបានទាំងមុន និងក្រោយត្រូវសត្វខាំ។ លើសពីនេះ គឺត្រូវចាក់ថ្នាំបង្ការជំងឺនេះទៅលើសត្វឆ្កែ ដែលជាវិធានការមានប្រសិទ្ធភាពមួយ។
សេចក្ដីណែនាំនេះ ធ្វើឡើងស្របពេលដែលកម្ពុជា នឹងប្រារព្ធទិវាពិភពលោក លុបបំបាត់ជំងឺឆ្កែឆ្កួតនៅថ្ងៃទី២៨ ខែកញ្ញា។
ការស្រាវជ្រាវកាលពីឆ្នាំ២០០៧ អោយដឹងថា មានពលរដ្ឋចំនួន ៨០០នាក់បានស្លាប់ដោយសារជំងឺឆ្កែឆ្កួត។ របាយការណ៍របស់អង្គការសុខភាពពិភពលោក រកឃើញថា ជំងឺឆ្កែឆ្កួតបានសម្លាប់មនុស្ស ៥ម៉ឺន ៥ពាន់នាក់។ ក្នុងនោះ ៩០ភាគរយជាអ្នករស់នៅក្នុងនៅទ្វីបអាស៊ី និងអាហ្វ្រិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។