រដ្ឋាភិបាល​​កម្ពុជា​​អនុញ្ញាត​​ឱ្យ​​ម៉ាឡេស៊ី​​យក​​យន្តហោះ​​ដឹក​​ពលរដ្ឋ​​របស់​​ខ្លួន​​ជាង​ ១​រយ​នាក់​​ចេញ​​ពី​​កម្ពុជា

0:00 / 0:00

រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឱ្យ​អាជ្ញាធរ​ម៉ាឡេស៊ី បញ្ជូន​យន្តហោះ​ពិសេស​មួយ​គ្រឿង​ដឹកជញ្ជូន ពលរដ្ឋ​ម៉ាឡេស៊ី​ជាង ១​រយ​នាក់ ចេញពី​កម្ពុជា​ទៅ​ប្រទេស​កំណើត​វិញ ខណៈ​ជំងឺ​កូវីដ-១៩ កំពុង​រាតត្បាត​នៅ​កម្ពុជា។ មន្ត្រី​សង្គម​ស៊ីវិល យល់​​ថា កាយវិការ​របស់​អាជ្ញាធរ​ម៉ាឡេស៊ី​នេះ​គឺ​បង្ហាញ​ពី​ការ​យកចិត្ត​ទុក​លើ​សុវត្ថិភាព​របស់​ពលរដ្ឋ​ខ្លួន និង​ជា​ការ​ចូលរួម​ចំណែក​កាត់បន្ថយ​បន្ទុក សម្រាប់​កម្ពុជា​ផង​ដែរ។

រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា លោក ប្រាក់ សុខុន បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក នៅ​ថ្ងៃ​២៦ ខែ​មីនា​ថា មន្ត្រី​របស់​លោក បាន​សម្របសម្រួល​ឱ្យ​អាជ្ញាធរ​ម៉ាឡេស៊ី​បញ្ជូន​យន្តហោះ​ពិសេស​មួយ គ្រឿង​មក​ទទួល​ពលរដ្ឋ​រប​ស់​ខ្លួន ដែល​ជាប់​នៅ​កម្ពុជា​ចំនួន ១១១ នាក់ ដោយសារតែ​ម៉ាឡេស៊ី បាន​លុប​ជើង​ហោះហើរ​ទាំងអស់​ជា​បណ្ដោះអាសន្ន ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូវីដ​-១៩​។ លោក ប្រាក់ សុខុន ឱ្យ​ដឹង​ដែរ​ថា មន្ត្រី​របស់​លោក ក៏បាន​សម្របសម្រួល​ឱ្យ​ពលរដ្ឋ​ខ្មែរ​៦​នាក់ ដែល ជាប់​នៅ​ម៉ាឡេស៊ី បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​ពិសេស​នោះ ត្រឡប់​មក​កម្ពុជា​វិញ​ដែរ។ លោក​បន្ត​ថា ដើម្បី​ធានា​សុវត្ថិភាព ពលរដ្ឋ​ខ្មែរ​ទាំង​៦​នាក់​នោះ បាន​ទៅ​ធ្វើ​តេស្ត​រក​វីរុស​កូវីដ-១៩ ភ្លាម​តែម្ដង នៅ​មន្ទីរពេទ្យ​ចាក់​អង្រែ ពេល​ពួកគេ មក​ដល់​កម្ពុជា។

រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​រូប​នេះ សរសេរ​ទៀត​ថា រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី លោក ហ៊ីហ្សាមម៉ួឌីន ហួហ្សេន (Hishammudin Hussein) ក៏បាន​ទូរស័ព្ទ​អរគុណ​កម្ពុជា​ចំពោះ​ការសម្រួល មាតុភូមិនិវត្តន៍​របស់​ពលរដ្ឋ​ម៉ាឡេស៊ី ហើយ​ពួក​លោក​ទាំងពីរ ពិភាក្សា​គ្នា​អំពី​ការ​ជួយ​គ្នា​ទៅវិញទៅមក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ-១៩ ការ​រឹតចំណង​ទាក់ទង​ទ្វេភាគី និង​កិច្ចសហការ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ផង។

ទោះជា​យ៉ាងណា ពលរដ្ឋ​ម៉ាឡេស៊ី​ចំនួន​១២​នាក់ ដែល​រក​ឃើញ​ថា ផ្ទុក​ជំងឺ​កូវីដ​នៅ​កម្ពុជា គឺ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញពី​កម្ពុជា​នោះ​ទេ ពោល​គឺ​ពួកគេ ត្រូវ​បន្ត​សម្រាក​ព្យាបាល និង​ថែទាំ​នៅ កម្ពុជា​រហូត​ទាល់តែ​ជាសះស្បើយ​។ ក្នុងចំណោម​ជនជាតិ​ម៉ាឡេស៊ី​ទាំង​១២​នោះ មាន​៧​នាក់​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម ២​នាក់​នៅ​ខេត្ត​កំពត និង​៣​នាក់​នៅ​ខេត្ត​កែប។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ចាម លោក​វេជ្ជបណ្ឌិត គឹម សួរភិរុណ មាន​ប្រសាសន៍ថា អ្នកជំងឺ​កូវីដ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម សរុប​ទាំង អស់​ចំនួន​១២​នាក់ ហើយ​ពួកគេ​នៅ​មាន​សុខភាព​ធម្មតា​រួម​ទាំង​ជនជាតិ​ម៉ាឡេស៊ី​ផង​ដែរ។ លោក​អះអាង​ថា ក្រសួង​សុខាភិបាល បាន​ផ្គត់​ផ្គង​សម្ភារៈ​បរិក្ខារ​សម្រាប់​ពេទ្យ និង​សម្រាប់​សង្គ្រោះ​អ្នកជំងឺ​គ្រប់គ្រាន់ ប៉ុន្តែ​លោក មិន​អាច​បញ្ជាក់​ច្បាស់លាស់​ថា ជា​សម្ភារៈ​អ្វីខ្លះ និង​ចំនួន​ប៉ុន្មាន​នោះ​ទេ ដោយ​អះអាង​​ថា ជាប់​រវល់៖ «ក្រសួង​សុខាភិបាល បាន​ផ្គត់ផ្គង់​​សម្ភារៈ​គ្រប់គ្រាន់​អត់​មាន​ខ្វះ​ទេ​លោក ហើយ​នឹង​ខាង​អាជ្ញាធរ​ខេត្ត គឺថា មិន​មាន​បញ្ហា​អី​ទេ​ទាក់ទង​នឹង​សម្ភារៈ​ប្រើប្រាស់ គឺថា ក្រសួង​បាន​ផ្ដល់​ឱ្យ​ជា​ហូរហែ​រហូត»។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោក លី សូ​វ៉ាន់ និង​អ្នកស្រី ឱ វណ្ណឌី​ន ដើម្បី​សួរនាំ​អំពី​ការ​ត្រៀម​សម្ភារៈ​បរិក្ខារ​ពេទ្យ និង​ឧបករណ៍​សង្គ្រោះ​អ្នកជំងឺ​ដូចជា​បំពង់​អុកស៊ីហ្សែន នោះ​ទេ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង តែ​ពុំ​មាន​អ្នកទទួល​។ ចំណែក​ប្រធាន​សុខាភិបាល​តាម​បណ្ដា​ខេត្ត​ដទៃ​ទៀត មិន​លើក​ទូរស័ព្ទ​ដូចគ្នា ។ រីឯ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ អ្នកស្រី​ឱសថការី លឹម សាមាន បដិសេធ​មិន​និយាយ​ជាមួយ​អ្នកសារព័ត៌មាន​ដោយ​បង្វែរ​ឱ្យ​ទៅ​សួរ​អ្នកនាំពាក្យ​ក្រសួង​វិញ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង បញ្ចេញ​ទស្សនៈ ថា ការ​សម្របសម្រួល​មាតុភូមិនិវត្តន៍​របស់​ពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ គឺជា​ចំណាត់​ការ​ទូត​ល្អ​មួយ ដែល​បង្ហាញ​ពី​ការ​គិតគូរ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​រៀង​ៗ​ខ្លួន ហើយក៏​ជា​ការ​កាត់បន្ថយ​បន្ទុក​របស់ រដ្ឋាភិបាល​កម្ពុជា​ដែរ៖ «ម្យ៉ាងវិញទៀត​ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក​រវាង​ប្រទេស​ទាំងពីរ គឺជា​រឿង​មួយ​ល្អ​ប្រសើរ ហើយ​មួយទៀត យើង​ឃើញ​ថា ខាង​ម៉ាឡេស៊ី ក៏​គេ​មានការ​ព្រួយ បារម្ភ​អំពី​ពលរដ្ឋ​គេ​ដែល​ជាប់​គាំង​នៅ​កម្ពុជា​ដែរ ដូច្នេះ​ទើប​គេ​មក​យក​ពលរដ្ឋ​គេ​ឱ្យ​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​នៅ​ទីនោះ​វិញ»។

ជាមួយ​គ្នា​នេះ លោក យង់ គិមអេង បន្ត​ថា លោក មិនបាន​ដឹង​ថា ក្រសួងសុខាភិបាល បាន​ត្រៀម​សម្ភារៈ​បរិក្ខារ​ពេទ្យ និង​ឧបករណ៍​សង្គ្រោះ​អ្នកជំងឺ​គ្រប់គ្រាន់​បែប​ណា​នោះ​ទេ ប៉ុន្តែ​លោក​រំពឹង​ថា ក្រសួង នឹង​ត្រៀម​ឧបករណ៍​សំខាន់ៗ​ឱ្យ​បាន​គ្រប់គ្រាន់​រួចជាស្រេច ដូចជា​បំពង់​អុកស៊ីហ្សែន ជាដើម យ៉ាងហោចណាស់​ក្នុង​មួយ​ខេត្ត ត្រូវ​មាន​បំពង់​អុកស៊ីហ្សែន ចាប់ពី​៥០ ទៅ ១០០​ដែរ៖ «ខ្ញុំ​សង្ឃឹម​ថា បទពិសោធន៍​នៅ​ប្រទេស​ផ្សេងៗ​ដូចជា​នៅ​អ៊ីតាលី​ជាដើម​នោះ នឹង​ធ្វើ​ឱ្យ​កម្ពុជា នឹង​រៀន​សូត្រ​ពី​បទ​ពិសោធន៍​ទាំងអស់​នេះ ហើយ​នឹង​ត្រៀម​សម្ភារៈ ឧបករណ៍​គ្រប់គ្រាន់​សម្រាប់​សង្គ្រោះ​មនុស្ស ព្រោះ​នេះ​ជា​រឿង​មួយ​សំខាន់​ណាស់​បាទ»។​

ក្រសួង​សុខាភិបាល តែងតែ​អំពាវនាវ​ឱ្យ​ជឿ​ទុកចិត្ត​លើ​វិធានការ​របស់​រដ្ឋាភិបាល ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ ដោយ​អះអាង​ថា ក្រសួង​បាន​ត្រៀម​រួចជាស្រេច​នូវ​ឧបករណ៍ សម្ភារៈ​បរិក្ខារ​ពេទ្យ ធនធាន និង​មធ្យោបាយ​នានា ដើម្បី​ឆ្លើយតប​ជំងឺ​នេះ។ ប៉ុន្តែ​កូនប្រុស​ពៅ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានិត បាន​និយាយ​នៅ​ក្នុង​សារ​បែក​ធ្លាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ក្រសួង​សុខាភិបាល គ្មាន​វិធានការ​ច្បាស់លាស់​និង​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ ហើយ​ក្រសួង ក៏​មិន​បាន​ត្រៀម​គ្រូពេទ្យ​ចំនួន​២​ពាន់​នាក់ ដើម្បី​ប្រយុទ្ធ​ជាមួយ​នឹង​ជំងឺ​កូវីដ-១៩ ដូច​ការ​អះអាង​នោះ​ដែរ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។