ក្រសួង​សុខាភិបាល​ប្រកាស​ពង្រឹង​ការ​ផ្ដល់​សេវា​សុខាភិបាល​ឲ្យ​មាន​ប្រសិទ្ធភាព

0:00 / 0:00

មន្ត្រី​ក្រសួង​សុខាភិបាល​កម្ពុជា ថ្លែង​ថា រដ្ឋាភិបាល​បាន​អនុវត្ត​យុទ្ធសាស្ត្រ​ជំហាន​ទី​៣ ស្ដីពី​ការ​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ឲ្យ​កាន់​តែ​មាន​គុណភាព ក្នុង​ការ​ផ្ដល់​សេវា​ព្យាបាល​ជំងឺ និង​ថែទាំ​សុខភាព​ជូន​ពលរដ្ឋ​ឲ្យ​មាន​សុវត្ថិភាព ស័ក្តិសិទ្ធិ​ភាព ព្រម​ទាំង​សមធម៌​ចាប់​ពី​ឆ្នាំ​២០១៦ រហូត​ទៅ​ដល់​ឆ្នាំ​២០២០។

ការ​ប្រកាស​ចេញ​នូវ​យុទ្ធសាស្ត្រ​នេះ ក្នុង​បំណង​កាត់​បន្ថយ​ភាព​ពិការ​ផ្នែក​សុខភាព​ដោយសារ​ជំងឺ ព្រម​ទាំង​ភាព​ពិការ​ដោយសារ​តែ​គ្រោះថ្នាក់​ផ្សេងៗ​ទៅ​លើ​ពលរដ្ឋ​ខ្មែរ ជា​ហេតុ​ធ្វើ​ឲ្យ​បាត់បង់​កម្លាំង​ពលកម្ម​របស់​សង្គម។

ក្រសួង​សុខាភិបាល សហការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក (WHO) ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា ព្រម​ទាំង​អង្គការ​ជន​ពិការ​អន្តរជាតិ (Handicap International) បាន​ធ្វើ​វេទិកា​ថ្នាក់​ជាតិ​រយៈពេល ៣​ថ្ងៃ ស្ដីពី​ការ​ស្ដារ​លទ្ធភាព​ពលកម្ម​ឡើង​វិញ​នៅ​ឯ​ខេត្ត​សៀមរាប។

វេទិកា​នេះ ចាប់​ផ្ដើម​នៅ​ព្រឹក​ថ្ងៃ​ទី​១ ហើយ​បន្ត​រហូត​ដល់​ថ្ងៃ​ទី​៣ ខែ​សីហា ក្នុង​បំណង​ចែក​រំលែក​ចំណេះដឹង បទពិសោធន៍​ទៅ​ឲ្យ​ក្រុម​គ្រូពេទ្យ និង​អង្គការ​ជា​ដៃគូ​នានា​ឲ្យ​យល់​ដឹង​អំពី​ការ​ផ្ដល់​សេវា​ថែទាំ​សុខភាព និង​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​នៅ​តាម​សហគមន៍​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​កាត់​បន្ថយ​នូវ​ភាព​ពិការ​ទាំងឡាយ ព្រម​ទាំង​ស្ដារ​លទ្ធភាព​ពលកម្ម​ឡើង​វិញ​នៅ​ក្នុង​សង្គម។

រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល គឺ​លោក អេង ហួត។ លោក​ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​បើក​វេទិកា​ថ្នាក់​ជាតិ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១ ខែ​សីហា ថា រដ្ឋាភិបាល​បាន​ដាក់​ចេញ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ចាប់​ពី​ឆ្នាំ​២០១៦ រហូត​ដល់​ឆ្នាំ​២០៣០ គឺ​ជំរុញ​ឲ្យ​វិស័យ​សុខាភិបាល​អនុវត្ត​យុទ្ធសាស្ត្រ​ជំហាន​ទី​៣ ចាប់​ពី​ឆ្នាំ​២០១៦-២០២០ ពង្រឹង​ការ​ផ្ដល់​សេវា​ព្យាបាល​ជំងឺ និង​ថែទាំ​សុខភាព​ជូន​ពលរដ្ឋ​ឲ្យ​កាន់​តែ​មាន​គុណភាព សុវត្ថិភាព និង​ប្រសិទ្ធភាព។

លោក​រដ្ឋលេខាធិការ​ដដែល​បញ្ជាក់​ថា ក្នុង​ទសវត្សរ៍​ចុង​ក្រោយ​នេះ កម្ពុជា បាន​ទទួល​ជោគជ័យ​លើ​ការ​លើក​កម្ពស់​ផ្នែក​សុខភាព​ស្ត្រី កុមារ និង​ជន​ងាយ​រងគ្រោះ ដូចជា​ការ​កាត់​បន្ថយ​អត្រា​មរណៈ​របស់​ម្ដាយ និង​ទារក​នៅ​ពេល​សម្រាល​កូន ជាដើម ក៏ប៉ុន្តែ​បច្ចុប្បន្ន វិស័យ​សុខាភិបាល​នៅ​តែ​ប្រឈម​មុខ​នឹង​ការ​ព្យាបាល​សុខភាព​ពលរដ្ឋ​មួយ​ចំនួន ដូចជា​ជន​ចាស់​ជរា​មាន​កំណើន​កាន់​តែ​ច្រើន​ឡើងៗ បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ជំងឺ​មិន​ឆ្លង​រ៉ាំរ៉ៃ ព្រម​ទាំង​បញ្ហា​សុខភាព​សាធារណៈ ដែល​តម្រូវ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម តាម​រយៈ​ការ​ស្ដារ​លទ្ធភាព​ពលកម្ម​នៅ​ក្នុង​ការងារ​សង្គម​ឡើង​វិញ៖ « ក្រសួង​សុខាភិបាល សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ រួម​ទាំង​អង្គការ​សុខភាព​ពិភពលោក តាម​រយៈ​ការ​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​ពី​រដ្ឋាភិបាល​អូស្ត្រាលី យើង​បាន​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​មគ្គុទ្ទេសក៍​នៃ​ការ​ស្ដារ​លទ្ធភាព​ពលកម្ម​សម្រាប់​ជំងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល »

ជន​ពិការ​កម្ពុជា បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល មិន​ត្រឹម​តែ​ផ្ដល់​សេវា​ព្យាបាល​ជំងឺ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​ឲ្យ​មាន​ការ​ផ្ដល់​ឧបករណ៍​ជួយ​ទ្រទ្រង់​រាងកាយ​ថែម​ទៀត​ទៅ​ដល់​អ្នក​ដែល​ពិការ​ទៅ​ហើយ​នោះ។

នាយក​ប្រតិបត្តិ​អង្គការ​ជន​ពិការ​កម្ពុជា លោក ងិន សៅរ័ត្ន មាន​ប្រសាសន៍​ថា ប្រសិន​បើ​ជន​ពិការ​គ្រប់​រូប​ខ្វះ​សេវា​ព្យាបាល​សុខភាព និង​ឧបករណ៍​ទ្រទ្រង់​រាងកាយ គឺ​មាន​ន័យ​ថា ជន​ពិការ​ទាំងឡាយ​មិន​អាច​ចូលរួម​ការងារ​សង្គម ហើយ​និង​ការ​រស់នៅ​បាន​ប្រសើរ​ទេ៖ « រវាង​ការ​រស់នៅ​របស់​អ្នក​ពិការ និង​អ្នក​មិន​ពិការ គឺ​មាន​ភាព​ខុស​គ្នា។ មាន​ន័យ​ថា អ្នក​មិន​ពិការ​គ្រាន់​តែ​ទទួល​បាន​សេវា​ព្យាបាល​សុខភាព​ល្អ​នោះ​ប្រសើរ​ហើយ ប៉ុន្តែ​អ្នក​ពិការ​វិញ ត្រូវការ​ឧបករណ៍​ជួយ​ទ្រទ្រង់​រាងកាយ​ថែម​ទៀត »

ឯកអគ្គរដ្ឋទូត​អូស្ត្រាលី ប្រចាំ​កម្ពុជា អ្នកស្រី អេនជេលឡា ខកខររ៉េន (Angela Corcoran) ថ្លែង​ថា រដ្ឋាភិបាល​អូស្ត្រាលី គាំទ្រ ព្រម​ទាំង​ផ្ដល់​មូលនិធិ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ពង្រឹង​វិស័យ​សុខាភិបាល ដើម្បី​ស្ដារ​លទ្ធភាព​ពលកម្ម​ឡើង​វិញ​នេះ។

របាយការណ៍​ដែល​សហការ​បោះពុម្ព​ដោយ​អង្គការ​ជន​ពិការ​កម្ពុជា និង​អង្គការ​ជន​ពិការ​អន្តរជាតិ ឲ្យ​ដឹង​ថា យោង​តាម​ការ​ជំរឿន​ទូទាំង​ប្រទេស​កាល​ពី​ឆ្នាំ​២០១៣ គឺ​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ជាង ១៥​លាន​នាក់ មាន​អត្រា​ជន​ពិការ ២,១%។ ភាព​ពិការ​ទាំងនោះ បណ្ដាល​មក​ពី​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន គ្រោះថ្នាក់​ចរាចរណ៍ និង​បណ្ដាល​មក​ពី​បញ្ហា​ជំងឺ​ផ្សេងៗ​មួយ​ចំនួន​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។