នៅក្នុងសិក្ខាសាលាស្ដីពីការលើកកម្ពស់ផែនការលុបបំបាត់ជំងឺហង់សិន ឬឃ្លង់ នៅថ្ងៃទី៦ ធ្នូ នាយកមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងជំងឺហង់សិន លោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង មានប្រសាសន៍ថា ការរកឃើញអ្នកឆ្លងជំងឺឃ្លង់ថ្មីនេះ គឺបន្ទាប់ពីមន្ត្រីកម្មវិធីជាតិចុះស្រាវជ្រាវនៅតាមបណ្ដាខេត្តមួយចំនួន ក្នុងរយៈពេលបួនប្រាំឆ្នាំចុងក្រោយនេះ។
លោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង៖ «យើងហៅថាជំងឺថ្មី ករណីថ្មី គឺយើងអាចរកឃើញបានចន្លោះ ៣៥០ ទៅ ៤០០ករណី។ ឆ្នាំទៅមិញ យើងរកបាន ៤០០ករណីជាង។ ជាទូទៅ ករណីនេះមានការចុះថយ ហើយថ្មីៗនេះ យើងបានបន្ថែមសកម្មភាពពិសេស តាមបែបហៅថា សកម្មភាពសកម្ម គឺតាមដានអ្នករស់នៅជិតស្និទ្ធនឹងអ្នកជំងឺឃ្លង់ហ្នឹង។ អ៊ីចឹងបានជាយើងរកឃើញករណីថែមខ្លះៗពីចំនួនពីរបីឆ្នាំចុងក្រោយហ្នឹង។ ពីរបីឆ្នាំតទៅទៀត យើងមានគម្រោងធ្វើការស្រាវជ្រាវករណីថ្មីនេះតាមបែបសកម្ម បន្ថែមពីលើការស្រាវជ្រាវតាមបែបអកម្ម បានន័យថា តាមមណ្ឌលសុខភាព តាមមន្ទីរពេទ្យ ដែលរង់ចាំអ្នកជំងឺមក។ ប៉ុន្តែ ទាក់ទិនការស្រាវជ្រាវសកម្មនេះ មន្ត្រីសុខាភិបាលយើង បុគ្គលិកមណ្ឌលសុខភាព មន្ត្រីកម្មវិធីជាតិកម្ចាត់រោគរបេង និងជំងឺហង់សិនហ្នឹង ចុះទៅដល់ផ្ទាល់សហគមន៍ ដែលមានឃ្លង់ច្រើនស្រាវជ្រាវបន្ថែម។ អ៊ីចឹងបានជាយើងរកឃើញច្រើនគួរសម។ ខ្ញុំសុំបញ្ជាក់ម្ដងទៀត ឆ្នាំទៅមិញយើងបាន ៤០០ករណីជាង»។
ការកំណត់ថាមានករណីឆ្លងថ្មី គឺដោយសារតែអ្នកជំនាញរកឃើញជំងឺនេះកើតមានចំពោះកុមារ។ លោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង បញ្ជាក់ថា ជំងឺហង់សិន ឬឃ្លង់នេះ ធ្វើឱ្យអ្នកជំងឺពិការដៃជើង ប្រសិនបើអ្នកជំងឺមិនបានព្យាបាលទេ។
មន្ត្រីទទួលបន្ទុកកម្មវិធីហង់សិននៃមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន លោកវេជ្ជបណ្ឌិត ឡាយ គី ពន្យល់ថា ជំងឺហង់សិន ឬឃ្លង់ មិនមែនជាជំងឺសួពូជទេ ប៉ុន្តែជាជំងឺឆ្លងតាមខ្យល់ចូលតាមផ្លូវដង្ហើម មានទឹកសំបោរអ្នកជំងឺដែលមិនបានព្យាបាល។
ចាប់ថ្ងៃទី៧ ដល់ ថ្ងៃទី១១ ធ្នូ មជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងជំងឺហង់សិន អង្គការ ណូវ៉ាទីស (NOVARTIS) និងស៊ីអូម៉ាល (CIOMAL) ធ្វើសិក្ខាសាលាមួយស្ដីពីការលើកកម្ពស់ផែនការកម្មវិធីលុបបំបាត់ជំងឺហង់សិន ឬឃ្លង់ ក្នុងគោលដៅឆ្ពោះទៅគ្មានជំងឺនេះនៅព្រះរាជាណាចក្រកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។