ប្រជាពលរដ្ឋនៅប្រទេសជាច្រើនក្នុងពិភពលោកកំពុងព្រួយបារម្ភជាខ្លាំង ពីការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺរលាកប្រព័ន្ធដង្ហើម ដែលបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី (nCoV-2019)។ រហូតមកដល់ថ្ងៃទី៥ ខែកុម្ភៈនេះ ចំនួនអ្នកស្លាប់បានកើនឡើងដល់ជិត ៥០០នាក់ គឺកើនអ្នកស្លាប់ ៦៥នាក់ ក្នុងអំឡុងពេល២៤ម៉ោង នៅខេត្តហ៊ូបេ ប្រទេសចិន ក្នុងចំណោមអ្នកឆ្លងចំនួន ជាង ២ម៉ឺននាក់ ៤ពាន់នាក់ ក្នុងនោះ ១៥០ករណី ឆ្លងទៅប្រទេសផ្សេងទៀតជិត ៣០ប្រទេស។
ចំនួនអ្នកស្លាប់ក្នុងប្រទេសចិន គឺមាន៤៩០នាក់ ក្នុងនោះជាង ៨០% អាយុលើសពី ៦០ឆ្នាំ។ ចំណែក២នាក់ផ្សេងទៀត គឺម្នាក់ស្លាប់នៅប្រទេសហ្វីលីពីន និងម្នាក់ទៀតនៅហុងកុង។
ក្រុមអ្នកវិទ្យាសាស្ត្រសុខភាពនៃអង្គការសុខភាពពិភពលោក (WHO) រួមមានទាំងក្រុមវេជ្ជបណ្ឌិតជំនាញអាមេរិកាំងផង បានធ្វើដំណើរទៅដល់ប្រទេសចិន ដើម្បីពិនិត្យស្ថានភាពផ្ទាល់ នៃការរីករាលដាលជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) ដែលបណ្ដាលឱ្យចំនួនមនុស្សស្លាប់និងអ្នកឆ្លង កាន់តែកើនឡើងយ៉ាងខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ។

ក្រុមវេជ្ជបណ្ឌិតជំនាញទាំងនោះ បង្ហាញក្តីបារម្ភថា ជំងឺរលាកប្រព័ន្ធដង្ហើម បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះ អាចជាជំងឺឆ្លងមួយមានសភាពកាចសាហាវជាងជំងឺរលាកសួត បណ្តាលមកពីវីរុស SARS ដែលបានផ្ទុះរាលដាលកន្លងទៅនេះ។ គណៈកម្មការជាតិសុខាភិបាលចិន ឱ្យដឹងថា មានពលរដ្ឋចិន រាប់ម៉ឺននាក់ផ្សេងទៀត សង្ស័យថាមានផ្ទុក វីរុសកូរ៉ូណាប្រភេទថ្មីនេះ។ ចំណែកមជ្ឈមណ្ឌលការពារ និងទប់ស្កាត់ជំងឺឆ្លងនៅសហរដ្ឋអាមេរិក (CDC) ឱ្យដឹងថា គេមានការសង្ស័យថា អ្នកផ្ទុកជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាថ្មីនេះ អាចកើនឡើងដល់ទៅជាង ៧ម៉ឺននាក់។ ក៏ប៉ុន្តែគេនៅពុំទាន់ដឹងច្បាស់ពីស្ថិតិពិតប្រាកដ នៅឡើយទេ ពីព្រោះស្ថិតិដែលមាននេះ គឺបានមកពីក្រសួងសុខាភិបាលចិន។ ទោះជាយ៉ាងនេះក្តី សហរដ្ឋអាមេរិក សន្យា នឹងសហការជាមួយរដ្ឋាភិបាលចិន ដើម្បីទប់ស្កាត់ការរាលដាល និងផលិតថ្នាំ ព្រមទាំងវ៉ាក់សាំងសម្រាប់ការពារ និងព្យាបាល។
រហូតមកដល់ពេលនេះ គឺគេគ្មានថ្នាំ ឬវ៉ាក់សាំងសម្រាប់ព្យាបាលទេ។ ប៉ុន្តែមជ្ឈមណ្ឌលការពារនិងទប់ស្កាត់ជំងឺឆ្លងនៅសហរដ្ឋអាមេរិក (CDC) កំពុងធ្វើតេស្តពិសោធន៍វ៉ាក់សាំងការពារ នៅរដ្ឋអាតលែនតា (Atlanta) រដ្ឋហ្យកហ្យា (Georgia)ក្រោយពីបានទទួលសំណាកវីរុសប្រភេទថ្មីនេះពីចិន ប៉ុន្តែមិនទាន់ចេញជាលទ្ធផលនៅឡើយទេ អាចប្រើពេលដល់ទៅរាប់ខែ ឬឆ្នាំក៏ថាបាន។ ចំណែកថ្នាំពេទ្យវិញ ក៏ពុំទាន់សម្រេចជាផ្លូវការថា ប្រើថ្នាំព្យាបាលប្រភេទណានៅឡើយទេ។ ក្រុមវេជ្ជបណ្ឌិតចិនអះអាងថា ថ្នាំព្យាបាលដល់អ្នកកើតអេដស៍ រួមផ្សំជាមួយថ្នាំព្យាបាលគ្រុនផ្ដាសាយធំ កំពុងប្រើប្រាស់សម្រាប់ការព្យាបាលអ្នកជំងឺនៅចិន ហើយឃើញមានប្រសិទ្ធភាព។
ទោះបីគ្មានថ្នាំ ឬវ៉ាក់សាំងសម្រាប់ព្យាបាលក៏ដោយ កាលពីប៉ុន្មានថ្ងៃមុននេះ វេជ្ជបណ្ឌិតជំនាញនៅប្រទេសថៃ បានប្រើវិធីព្យាបាលដោយផ្សំថ្នាំពីរមុខ បញ្ចូលគ្នា គឺថ្នាំបង្ការ សម្រាប់គ្រុនផ្ដាសាយធំ និងថ្នាំពន្យារជីវិតសម្រាប់ អ្នកផ្ទុក វីរុស HIV នាំឱ្យកើតជំងឺអេដស៍ ទៅលើអ្នកជំងឺស្ត្រីម្នាក់ អាយុ៧១ឆ្នាំ ដែលមានរោគសញ្ញាធ្ងន់ធ្ងរនៃវីរុសកូរ៉ូណាថ្មីនេះ ក្រោយពីធ្វើដំណើរមកពីប្រទេសចិន។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ បានប្រាប់ក្រុមអ្នកកាសែតថា ជាលទ្ធផល ស្ត្រីចំណាស់រូបនោះមានអាការៈល្អប្រសើរជាសះស្បើយ ក្រោយទទួលការព្យាបាលរយៈពេល៤៨ម៉ោង រួចមក។ ក្រុមគ្រូពេទ្យថៃក៏កំពុងផ្ដល់វិធីព្យាបាលដដែលនេះ ទៅដល់អ្នកជំងឺទី២ ក៏ប៉ុន្តែគេនៅមិនទាន់ដឹងពីលទ្ធផលនៅឡើយទេ។
វេជ្ជបណ្ឌិតជំនាញនៃមជ្ឈមណ្ឌលការពារ និងទប់ស្កាត់ជំងឺឆ្លងនៅសហរដ្ឋអាមេរិក (CDC) អះអាងផងដែរថា វិធីព្យាបាលសំខាន់បំផុតនាពេលនេះ គឺធ្វើយ៉ាងណា អ្នកជំងឺ មានអ៊ុកស៊ីហ្សែន ដកដង្ហើមគ្រប់គ្រាន់ជួយដល់សួត សម្រាកនិងបរិភោគទឹកឱ្យបានច្រើន។ ហើយអ្វីដែលសំខាន់បំផុតគឺប្រសិនបើអ្នកជំងឺ មានប្រព័ន្ធការពារខ្លួន (Immune System) ខ្លាំងគឺអាចកម្ចាត់វីរុស ដោយខ្លួនឯងបាន ហើយឆាប់ជាសះស្បើយ។
ក្នុងសន្និសីទផ្ទល់ព័ត៌មានស្ដីពីវីរុសកូរ៉ូណាថ្មី កាលពីថ្ងៃទី៤ ខែកុម្ភៈ អគ្គលេខាធិការនៃអង្គការសុខភាពពិភពលោក (WHO) អំពាវនាវឱ្យប្រទេសទាំងអស់ក្នុងពិភពលោក ផ្ដល់ទិន្នន័យត្រឹមត្រូវនៃចំនួនអ្នកស្លាប់ និងអ្នកឆ្លងវីរុសកូរ៉ូណា ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាល។ ក្នុងសន្និសីទដដែលនោះ អ្នកជំនាញសុខភាពរបស់អង្គការសុខភាពពិភពលោកបារម្ភថា ចំនួនអ្នកស្លាប់និងឆ្លងអាចកើនឡើងច្រើនថែមទៀត ពីព្រោះមានពលរដ្ឋចិន រាប់ម៉ឺននាក់ បានធ្វើតេស្តរកមេរោគដែរ តែពុំទាន់បានទទួលលទ្ធផល។ អ្នកជំនាញសុខភាពដដែលក៏បានឱ្យដឹងផងដែរថា អ្នកជំងឺ ចាប់ផ្ដើមដំបូងគឺគ្រុនក្តៅ ក្អក ហៀរសំបោរ និងពិបាកដកដង្ហើម។ ភាគច្រើនអ្នកជំងឺដែលស្លាប់ គឺមានអាយុ លើសពី៦០ឆ្នាំ បន្ទាប់ពីមានការវិវត្តន៍រលាកសួតធ្ងន់ធ្ងរ និងសរីរាង្គខាងក្នុង ឈប់ដំណើរការ។
ដោយឡែកទាក់ទងនឹងវិធីបង្ការការឆ្លងវិញ ទាំងអង្គការសុខភាពពិភពលោក និងមជ្ឈមណ្ឌលការពារនិងទប់ស្កាត់ជំងឺឆ្លងនៅសហរដ្ឋអាមេរិក (CDC) ផ្ដល់ដំបូន្មាន ដល់ពលរដ្ឋឱ្យចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយធំ និងរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន រួមមាន លាងដៃនឹងសាប៊ូឱ្យបានញឹកញាប់ ជាពិសេសក្រោយកណ្ដាស់ ក្អក និងញើសសំបោរ ក្រោយចូលបង្គន់ និងលាងដៃមុនបរិភោគ ជាដើម។ ជៀសវាងប៉ះភ្នែក ច្រមុះ និងមាត់ មុនពេលលាងដៃ។ ជៀសវាងប៉ះពាល់ដល់អ្នកដែលឈឺ ហើយប្រសិនបើឈឺ គឺនៅផ្ទះគេងសម្រាកឱ្យបានច្រើន។ នៅពេលក្អក ឬកណ្ដាស់ ត្រូវខ្ទប់មាត់ច្រមុះ នឹងក្រដាសជូតមាត់ រួចហើយបោះចោលក្នុងធុងសម្រាម និងលាងដៃភ្លាម។ បន្ថែមពីនេះ ប្រសិនបើមានរោគសញ្ញាណាមួយ ដូចជាគ្រុនក្ដៅ ក្អក ហៀរសំបោរ ឬពិបាកដកដង្ហើម អ្នកជំងឺ ត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីធ្វើតេស្តរកមេរោគ និងទទួលការព្យាបាល។
មជ្ឈមណ្ឌលការពារនិងទប់ស្កាត់ជំងឺឆ្លងនៅសហរដ្ឋអាមេរិក (CDC) ឱ្យដឹងថា វីរូសកូរ៉ូណាថ្មីនេះ គឺស្រដៀងគ្នាទៅនឹងជំងឺរលាកសួត MERS និង SARS ដែលឆ្លងមកពីសត្វប្រជៀវ។ វីរុសកូរ៉ូណានេះបានផ្ទុះរាលដាលជាលើកដំបូង នៅទីក្រុងវូហាន (Wuhan) ប្រទេសចិន កាលពីចុងខែធ្នូ ឆ្នាំ២០១៩ ដែលជាទីកន្លែងលក់អាហារសមុទ្ទដ៏ធំជាងគេ និងលក់សាច់សត្វព្រៃ ដូចជាប្រជៀវ និងពស់វែក ជាដើម។ អាជ្ញាធរចិន កាលពីថ្ងៃអាទិត្យ ទី២៦ ខែមករា បានប្រកាសបិទទីផ្សារ នៅទីក្រុងវូហាន (Wuhan) និងហាមជួញដូរលក់សាច់សត្វព្រៃទាំងនោះដើម្បីទប់ស្កាត់ការរីករាលដាល។
ពាក់ព័ន្ធនឹងការរាលដាលយ៉ាងខ្លាំងនៃវីរុសកូរ៉ូណាថ្មីនេះ រដ្ឋាភិបាលចិន បានបិទការធ្វើដំណើរតាមជើងយន្តហោះ រថភ្លើង និងយានយន្តដឹកអ្នកដំណើរ ដល់ពលរដ្ឋចិន ប្រមាណជិត ៦០លាននាក់ នៅក្នុងប្រទេសចិន។ ទន្ទឹមនេះដែរ រដ្ឋាភិបាលប្រទេសជាច្រើនទៀត នៅលើពិភពលោក រួមមានសហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន ឥណ្ឌា ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ជាដើម ក៏បានបន្តដឹកជម្លៀសពលរដ្ឋខ្លួន ចេញពីខេត្តហ៊ូបេ (Hubei) ផ្អាកជើងយន្តហោះពីប្រទេសចិន ហើយប្រទេសជិតខាងចិន ក៏បិទព្រំដែនមួយរយៈ និងរាំងខ្ទប់មិនឱ្យអ្នកដំណើរចិន ចូលប្រទេសរបស់ខ្លួន ជាដើម។ ចំណែក រដ្ឋាភិបាលសហរដ្ឋអាមេរិក ជាពិសេសCDC បានចេញវិធានការជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការរាលដាលនេះ។ ចាប់ពីថ្ងៃទី២ ខែកុម្ភៈមក សហរដ្ឋអាមេរិក ហាមពលរដ្ឋធ្វើដំណើរពីប្រទេសចិនចូលមកទឹកដីសហរដ្ឋអាមេរិក ប៉ុន្តែចំពោះពលរដ្ឋអាមេរិកាំងវិញ អាចចូលមកប្រទេសវិញបាន តែត្រូវទៅស្នាក់នៅកន្លែងដាច់ពីគេ ដោយបង្ខាំងទុក ១៤ថ្ងៃ សម្រាប់តាមដានការវិវត្តន៍នៃវីរុសកូរ៉ូណាថ្មីនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។