អ្នកជំនាញផ្នែកកសិកម្ម និងសុខភាព ព្រួយបារម្ភពីការនាំសាច់បង្កកចូលខុសច្បាប់មកពីប្រទេសជិតខាង អាចនឹងធ្វើឱ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរ ដល់ប្រជាពលរដ្ឋដែលបានបរិភោគសាច់ទាំងនោះ។ ការព្រួយបារម្ភនេះកើតឡើងក្រោយពីឃើញសមត្ថកិច្ចចុះបង្ក្រាបបានសាច់បង្កកដែលមានសារធាតុគីមី ជាបន្តបន្ទាប់។
អ្នកជំនាញកសិកម្ម និងសុខភាពលើកឡើងស្រដៀងគ្នាថា នៅមួយរយៈចុងក្រោយនេះឃើញសមត្ថកិច្ចជំនាញបង្ក្រាបបានសាច់បង្កកជាច្រើនប្រភេទ ដែលនាំចូលខុសច្បាប់មកពីប្រទេសវៀតណាមនិងថៃ។ បញ្ហាទាំងអស់នេះធ្វើឲ្យក្រុមអ្នកជំនាញព្រួយបារម្ភពីសុខភាពរបស់ប្រជាពលរដ្ឋដែលបានបរិភោគសាច់ទាំងនោះ ដោយសារសាច់បង្កកទាំងនោះមានលាយសារធាតុគីមី។
ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) លោក ថេង សាវឿន ប្រាប់វិទ្យុអាស៊ីសេរីឲ្យដឹងនៅថ្ងៃទី១៦ ខែកញ្ញាថា ជាការកត់សម្គាល់របស់លោក ប្រជាពលរដ្ឋខ្មែរតែងតែចូលចិត្តទិញសាច់បង្កកទាំងអស់នោះ ជាជាងទិញសាច់ស្រស់យកទៅបរិភោគ ដោយសារសាច់បង្កកមានតម្លៃធូរថ្លៃជាងសាច់ស្រស់។ លោកបន្ថែមថា ឈ្មួញដែលរកស៊ីសាច់បង្កកចង់មិនចង់ ត្រូវតែប្រើប្រាស់សារធាតុគីមី ដើម្បីរក្សាសាច់ទាំងនោះទុកបានយូរ ណាមួយងាយស្រួលក្នុងដឹកជញ្ជូនឆ្លងប្រទេសផងដែរ។
លោក ថេង សាវឿន៖ «អាចនិយាយបានថាឈ្មួញកណ្ដាល ឬឈ្មួញរកស៊ីធំៗហ្នឹងគាត់ទទួលបានផលចំណេញដោយសារតែបច្ចេកទេស ឬក៏ការវេចខ្ចប់របស់គេ ឬក៏សាច់បង្កកហ្នឹងមាន ការលក់ទៅកាន់ទីផ្សារទាបជាង ហើយប្រជាពលរដ្ឋច្បាស់ណាស់ក៏គាត់សម្លឹងមើល និងប្រើប្រាស់ បរិភោគសាច់ណាដែលមានតម្លៃទាបជាង គាត់មិនគិតអំពីគុណភាពទេ»។
ស្រដៀងគ្នានេះដែរ ប្រធានក្រុមប្រឹក្សាសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក លី ឡាវីល លើកឡើងដែរថា បញ្ហាការនាំចូលសាច់បង្កកពីប្រទេសជិតខាងច្រើនលើសលុប ទើបធ្វើឲ្យសាច់ជ្រូកនិងសាច់ផ្សេងទៀត នៅក្នុងស្រុកមិនអាចលក់បានថ្លៃ ហើយក៏ធ្វើឲ្យម្ចាស់កសិដ្ឋានប្រឈមមុខនឹងឈប់ប្រកបរបរមួយនេះ។ លោកបន្ថែមថា សមាគមរបស់លោកកំពុងស្វែងរកកិច្ចអន្តរាគមន៍ពីមន្ត្រីពាក់ព័ន្ធ ដើម្បីទប់ស្កាត់ការនាំសាច់ជ្រូកចូលពីប្រទេសជិតខាងដោយខុសច្បាប់ និងសាច់ដែលខូចគុណភាព។ លោកជំរុញទៅអាជ្ញាធរពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ទប់ស្កាត់ បើពុំដូច្នោះទេនឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពពលរដ្ឋធ្ងន់ធ្ងរជាក់ជាមិនខាន់។
លោក លី ឡាវីល៖ «បើខ្ញុំគិតមើលទៅបញ្ហាសាច់បង្កកនេះគឺមិនងាយមានអ្នកមានសមត្ថភាពដោះស្រាយទេ។ ខ្ញុំមើលទៅងាកទៅណាក៏តឹងដែរ តែសមាគមយើងចេះតែព្យាយាមរក ឥឡូវនេះយើងទៅសភាពាណិជ្ជកម្មសូមសភាពាណិជ្ជកម្មជជែក ទៅក្រសួងពាណិជ្ជកម្មកំពុងស្នើសុំ ហើយយើងកំពុងស្នើសុំទៅក្រសួងសេដ្ឋកិច្ចទៀត»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា ដើម្បីសុំការឆ្លើយតបជុំរឿងនេះបានទេ នៅថ្ងៃទី១៦ ខែកញ្ញានេះ។
គិតត្រឹមតែក្នុងខែសីហា សមត្ថកិច្ចកម្ពុជាបានឃាត់ចាប់គ្រឿងសមុទ្រ និងសាច់បង្កកខូចគុណភាពបានជាង ១១តោន។ ក្នុងរយៈពេល ៤ខែ សមត្ថកិច្ចកម្ពុជាបានរឹបអូសផលិតផលសាច់ និងសាច់ខូចគុណភាព ដែលមានផ្ទុកសារធាតុគីមី ប្រមាណជាង ៣០តោន។
ជុំវិញបញ្ហាសុខភាពនេះដែរ ម្ចាស់គ្លីនិកហ្វង់តានីល លោកវេជ្ជបណ្ឌិត នាម លាងឈីម យល់ឃើញថា ប្រជាពលរដ្ឋខ្មែរ នូវមានការយល់ដឹងតិចតួចណាស់ក្នុងការថែទាំសុខភាពរបស់ខ្លួន រួមទាំងការជ្រើសរើសអាហារយកមកបរិភោគថែមទៀត។ លោកបន្ថែមថា បញ្ហាទាំងនេះធ្វើឲ្យប្រជាពលរដ្ឋងាយមានជំងឺប្រចាំកាយ ស្របពេលដែលសេវាកម្មថែទាំសុខភាពកម្ពុជា នៅមានកម្រិតខ្សោយនឹងធ្វើឱ្យបញ្ហាសុខភាពរបស់ពលរដ្ឋកាន់តែធ្ងន់ធ្ងរឡើង។
វេជ្ជបណ្ឌិត នាម លាងឈីម៖ «ទាក់ទងនឹងវិស័យសុខាភិបាលយើងមិនទាន់គេហៅបំពេញតម្រូវការប្រជាពលរដ្ឋបានល្អនៅឡើយទេ ទាក់ទងមណ្ឌលសុខភាព ឬពេទ្យបង្អែកហ្នឹង នៅមានកម្រិតនៅឡើយ មិនទាន់មានសមត្ថភាព ដើម្បីបម្រើប្រជាជននៅតាមជនបទ ឬនៅតាមភូមិឃុំគាត់ឱ្យបាន១រយភាគរយនៅឡើយទេ នៅតែមានការបញ្ជូនជំងឺល្មមៗ ឬជំងឺធ្ងន់មកពេទ្យថ្នាក់ជាតិ»។
របាយការណ៍សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ឱ្យដឹងថា ការនាំចូលសាច់បង្កកពីប្រទេសជិតខាងច្រើនបែបនេះគឺកើតមាន ឡើងតាំងពីខែកញ្ញា ឆ្នាំ២០២២មកម្ល៉េះ ភាគច្រើននាំចូលពីវៀតណាម ថៃ និងពីបណ្ដាប្រទេសផ្សេងៗទៀត។ របាយការណ៍នេះបញ្ជាក់ថា ការនាំចូលសាច់បង្កកទាំងអស់នោះ មានការនាំចូល ស្របច្បាប់និងខុសច្បាប់។ ពួកគាត់លើកឡើងថា ក្រៅពីបំផ្លាញសុខភាពពលរដ្ឋក៏ធ្វើឱ្យកសិករ ចិញ្ចឹមសត្វភាគ ច្រើនមានការខាតបង់ធ្វើឲ្យម្ចាស់កសិដ្ឋានប្រឈមមុខបោះបង់ចោល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។