ក្មេងប្រុស​ម្នាក់​ទៀត​ឆ្លង​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី​ស្លាប់​នៅ​ខេត្តក្រចេះ

ដោយ ហ៊ុំ ចំរើន
2024.02.13
ក្មេងប្រុស​ម្នាក់​ទៀត​ឆ្លង​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី​ស្លាប់​នៅ​ខេត្តក្រចេះ មន្ត្រីចុះទៅផ្ទះកុមាររងគ្រោះ និងស្លាប់ដោយសារ​ជំងឺ​គ្រុនផ្ដាសាយបក្សី ស្ថិតនៅភូមិកាប៉ូ១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។
រូប៖ ហ្វេសប៊ុកអ្នកខេត្តក្រចេះ

ក្មេងប្រុស​ម្នាក់ទៀត​ឆ្លង​ជំងឺ​គ្រុនផ្ដាសាយ​បក្សី ប្រភេទ​ហាស់៥អ៊ិន១ (H5N1) ស្លាប់​នៅ​ភូមិ​កាប៉ូ១ សង្កាត់​អូរឫស្សី ក្រុង​ក្រចេះ ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃទី​១១ ខែ​កុម្ភៈ។

សេចក្ដីប្រកាស​របស់​ក្រសួង​សុខាភិបាល​ចុះ​ថ្ងៃទី​១២ កុម្ភៈ​ឱ្យ​ដឹង​ថា ក្មេងប្រុស​ដែល​ស្លាប់​នេះ​មិន​មាន​រោគសញ្ញា​ផ្លូវដង្ហើម​ទេ និង​ត្រូវ​ជា​បង​បង្កើត​របស់​ក្មេងប្រុស​ដែល​បាន​ស្លាប់​កាល​ពី​ថ្ងៃទី​៨ កុម្ភៈ ដោយសារ​គ្រុនផ្ដាសាយ​បក្សី​H5N1។ ក្រសួង​សុខាភិបាល​អះអាង​ថា ក្រសួង និង​អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​ចុះ​ស្រាវជ្រាវ​លើ​ការ​ឆ្លង​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី​នេះ​ហើយ។

ចាប់​តាំង​ពី​ឆ្នាំ​២០០៥ រហូត​ដល់​ពេល​នេះ កម្ពុជា​បាន​រក​ឃើញ​ករណី​ជំងឺ​ផ្ដាសាយ​បក្សី H5N1 ឆ្លង​លើ​មនុស្ស​ចំនួន ៦០​នាក់​ហើយ ក្នុង​នោះ​អ្នក​ស្លាប់​មាន​ចំនួន ៤១​នាក់។

ក្រសួង​សុខាភិបាល​ក្រើន​រំឭក​ដល់​ពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​ជានិច្ច ចំពោះ​ជំងឺ​ផ្ដាសាយបក្សី ព្រោះ​ជំងឺ​នេះ​នៅតែ​បន្ត​គំរាមកំហែង​ដល់​សុខភាព​ពលរដ្ឋ។ ដើម្បី​បង្ការ​ជំងឺ​នេះ ក្រសួង​ណែនាំ​ឱ្យ​ពលរដ្ឋ​លាងដៃ​ជាមួយ​សាប៊ូ​មុន​ពេល​បរិភោគ និង​ក្រោយ​ពី​ប៉ះពាល់​បក្សី ដាក់​កុមារ​នៅ​ឆ្ងាយ​ពី​សត្វ​បក្សី និង​ដាក់​សត្វ​បក្សី នៅ​ឱ្យ​ឆ្ងាយ​ពី​កន្លែង​រស់​នៅ កុំ​បរិភោគ​សត្វ​បក្សី​ឈឺ ឬ​ងាប់ ហើយ​រាល់​បក្សី​ដែល​ធ្វើ​សម្រាប់​បរិភោគ​ត្រូវ​ចម្អិន​ឱ្យ​ឆ្អិន​ល្អ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។ 

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។