ក្មេងប្រុសម្នាក់ទៀតឆ្លងជំងឺគ្រុនផ្ដាសាយបក្សី ប្រភេទហាស់៥អ៊ិន១ (H5N1) ស្លាប់នៅភូមិកាប៉ូ១ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ កាលពីថ្ងៃទី១១ ខែកុម្ភៈ។
សេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី១២ កុម្ភៈឱ្យដឹងថា ក្មេងប្រុសដែលស្លាប់នេះមិនមានរោគសញ្ញាផ្លូវដង្ហើមទេ និងត្រូវជាបងបង្កើតរបស់ក្មេងប្រុសដែលបានស្លាប់កាលពីថ្ងៃទី៨ កុម្ភៈ ដោយសារគ្រុនផ្ដាសាយបក្សីH5N1។ ក្រសួងសុខាភិបាលអះអាងថា ក្រសួង និងអាជ្ញាធរពាក់ព័ន្ធកំពុងចុះស្រាវជ្រាវលើការឆ្លងជំងឺគ្រុនផ្ដាសាយបក្សីនេះហើយ។
ចាប់តាំងពីឆ្នាំ២០០៥ រហូតដល់ពេលនេះ កម្ពុជាបានរកឃើញករណីជំងឺផ្ដាសាយបក្សី H5N1 ឆ្លងលើមនុស្សចំនួន ៦០នាក់ហើយ ក្នុងនោះអ្នកស្លាប់មានចំនួន ៤១នាក់។
ក្រសួងសុខាភិបាលក្រើនរំឭកដល់ពលរដ្ឋឱ្យប្រុងប្រយ័ត្នជានិច្ច ចំពោះជំងឺផ្ដាសាយបក្សី ព្រោះជំងឺនេះនៅតែបន្តគំរាមកំហែងដល់សុខភាពពលរដ្ឋ។ ដើម្បីបង្ការជំងឺនេះ ក្រសួងណែនាំឱ្យពលរដ្ឋលាងដៃជាមួយសាប៊ូមុនពេលបរិភោគ និងក្រោយពីប៉ះពាល់បក្សី ដាក់កុមារនៅឆ្ងាយពីសត្វបក្សី និងដាក់សត្វបក្សី នៅឱ្យឆ្ងាយពីកន្លែងរស់នៅ កុំបរិភោគសត្វបក្សីឈឺ ឬងាប់ ហើយរាល់បក្សីដែលធ្វើសម្រាប់បរិភោគត្រូវចម្អិនឱ្យឆ្អិនល្អ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
