លោក ហ៊ុន សែន អះអាង​ថា ប្រពន្ធ​លោក​កំពុង​ព្យាបាល​ជំងឺ​បន្ទាប់​ពី​ដួល

0:00 / 0:00

អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន ចេញ​មុខ​បំភ្លឺ​ថា ភរិយា​របស់​លោក​គឺ អ្នកស្រី ប៊ុន រ៉ានី ពិត​ជា​ដួល​សន្លប់ និង​កំពុង​ព្យាបាល​ជំងឺ។

អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ឱ្យ​ដឹង​តាមរយៈ​ទំព័រ​ហ្វេសប៊ុក នៅ​ថ្ងៃទី​០២ ខែ​កុម្ភៈ​ថា កាល​ពី​៤​ថ្ងៃ​មុន ភរិយា​របស់​លោក​ដួល​ក្នុង​បន្ទប់​សម្រាក ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ក្បាល​ដែល​ចាំបាច់​ត្រូវ​យក​ទៅ​ពិនិត្យ និង​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល​ម៉ែត្រ។ លោក ហ៊ុន សែន ឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ពិនិត្យ​ព្យាបាល ពី​គ្រូពេទ្យ​សុខភាព​ភរិយា​របស់​លោក​បាន​ល្អ​ប្រសើរ​វិញ​ហើយ តែ​មិនទាន់​អាច​ចាក​ចេញ​ពី​មន្ទីរពេទ្យ​នៅ​ឡើយ​ទេ ព្រោះ​ត្រូវ​រង់ចាំ​ការ​ថត​ក្បាល​ជា​លើក​ទី​៣ ដើម្បី​មើល​សរសៃ​ដែល​រង​ការ​ប៉ះទង្គិច​នោះ​។

អតីត​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្សកាន់អំណាច​រូប​នេះ​ឱ្យ​ដឹង​ថា គិត​មកដល់​មក​ត្រឹម​ថ្ងៃទី​០២ ខែកុម្ភៈ ភរិយា​របស់​លោក ហ៊ុន សែន កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ដោយ​មិន​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ក្រៅ​ប្រទេស​នោះ​ឡើយ​។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក។

ទោះ​យ៉ាងណា លោក ហ៊ុន សែន មិនទាន់​បង្ហាញ​រូបភាព​ភរិយា​របស់​លោក​ដែល​បាន​ធូរស្រាល​ពី​របួស​វិញ នៅ​ពេល​នេះ​នៅឡើយ​ទេ។ លោក​ត្រឹម​បង្ហោះ​រូបភាព​ចាស់​មួយ​សន្លឹក​របស់​លោក​ជាមួយ​ភរិយា​លោក​ប៉ុណ្ណោះ​។ ការ​ចេញ​មុខ​បកស្រាយ​ពី​បញ្ហា​សុខភាព​ភរិយា​របស់​លោក​នៅពេល​នេះ បន្ទាប់​លោក ហ៊ុន សែន និង​កូនៗ​របស់​លោក បាន​រក្សា​ភាព​ស្ងៀមស្ងាត់ មិន​បកស្រាយ​ពី​បញ្ហា​សុខភាព​អ្នកស្រី ប៊ុន រ៉ានី ទោះ​ជា​មាន​សារព័ត៌មាន និង​បណ្ដាញ​សង្គម​មួយចំនួន​បាន​ផ្សព្វផ្សាយ​ពី​បញ្ហា​សុខភាព​របស់ អ្នកស្រី ប៊ុន រ៉ានី។ លោក ហ៊ុន សែន ក៏​អរព្រះគុណ ព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ដែល​យាង​ទៅ​សួរ​សុខទុក្ខ​ភរិយា​របស់​លោក​ដល់​មន្ទីរពេទ្យ​ផង​ដែរ។

លោក ហ៊ុន សែន ក៏​ឆ្លៀតឱកាស​នេះ ស្នើ​ទៅ​អ្នក​រិះគន់ ដែល​លោក​ហៅថា ពួក​អាក្រក់​ឱ្យ​បញ្ឈប់​នូវ​ការ​បំពុល​ព័ត៌មាន រឿង​បញ្ហា​សុខភាព​ភរិយា​របស់​លោក។

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​បកស្រាយ​ពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា អ្នកនាំពាក្យ​នាយករដ្ឋមន្ត្រី លោក មាស សុភ័ណ្ឌ និង​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ទេ​នៅ​ថ្ងៃ​ទី២ ខែកុម្ភៈ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។