ក្រសួងសុខាភិបាល​បង្កើន​ការ​ប្រុងប្រយ័ត្ន​តាមដាន និង​ទប់ស្កាត់​ការ​ចម្លង​ជំងឺ អឹមផក (Mpox)

ដោយ សុ ជីវី
2024.08.29
ក្រសួងសុខាភិបាល​បង្កើន​ការ​ប្រុងប្រយ័ត្ន​តាមដាន និង​ទប់ស្កាត់​ការ​ចម្លង​ជំងឺ អឹមផក (Mpox) មន្ត្រី​ក្រសួង​សុខាភិបាល​​កំពុង​ស្កែន​កម្ដៅខ្លួន​​​អ្នក​ដំណើរ​អន្តរជាតិ​ ដែល​ចូល​មក​កម្ពុជា តាម​រយៈ​វាលយន្តហោះអង្គរសៀមរាប កាល​ពី​ថ្ងៃ​ទី២៧ ខែសីហា ឆ្នាំ២០២៤ ក្នុង​ការ​តាមដាន​ជំងឺអុតស្វា (Mpox)។
រូបពី៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC

ក្រសួង​សុខាភិបាល​បង្កើន​ការ​ប្រុងប្រយ័ត្ន​តាមដាន និង​ទប់ស្កាត់​ការ​ចម្លង​ជំងឺ​អុតស្វា ឬ អឹមផក (Mpox) នៅ​ច្រក​អ្នក​ដំណើរ​អន្តរជាតិ​ចូល​មក​កម្ពុជា។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​សុខាភិបាល និង​មន្ត្រី​ពាក់ព័ន្ធ នៃ​នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺ​ឆ្លង (CDC) កាល​ពី​ថ្ងៃ​ទី២៧ ខែសីហា បាន​ចុះ​ទៅ​ណែនាំ​ដល់​ទីតាំង​ធ្វើ​ចត្តាឡីស័ក នៅ​អាកាសយានដ្ឋាន​អន្តរជាតិ ឱ្យ​ពង្រឹង​ទប់​ស្កាត់​ការ​នាំ​ចូល​ជំងឺ​អឹមផក (Mpox clade 1.B) ចូល​មក​កម្ពុជា​តាម​គ្រប់​ច្រក​ទាំង​អស់។ ជាមួយ​គ្នា​នេះ ក៏​មាន​ការ​ពង្រឹង​យន្តការ​បន្ថែម​ទៀត​ឱ្យ​បាន​ហ្មត់ចត់ តាមដាន​កម្ដៅ ដោយ​ប្រព័ន្ធ​កាមេរ៉ា និង​អង្កេត​តាមដាន​អ្នក​ដំណើរ​គ្រប់​ច្រក​ចេញ​ចូល។ ករណី​មាន​ការ​សង្ស័យ​ក្រុម​មន្ត្រី​ចត្តាឡីស័ក​របស់​ក្រសួង​សុខាភិបាល​នឹង​ចាត់ចែង​អនុវត្ត​តាម​គោលការណ៍​ណែនាំ​ក្នុង​ការ​ទប់ស្កាត់​នឹង​ឆ្លើយតប​ទៅ​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​ឆ្លង​នេះ​ជា​បន្ទាន់។ ក្រសួង​សុខាភិបាល​ថែមទាំង​បាន​ឯកភាព​បន្ថែម ម៉ាស៊ីន​ស្កែន​កម្ដៅ និង​រៀបចំ​ដំឡើង​រូបភាព សារ​ជា​វីដេអូ​អប់រំ និង​វិធានការ​នានា ដល់​គ្រប់​អ្នក​ដំណើរ​ស្ដីពី​ជំងឺ​អឹមផក (Mpox)

កាល​ពី​ថ្ងៃ​ទី២៣ ខែសីហា ក្រសួង​សុខាភិបាល​បាន​ណែនាំ​ឱ្យ​អភិបាល​ខេត្ត​ជាប់​ព្រំដែន​ពង្រឹង​វិធានការ​ចត្តាឡីស័ក ដើម្បី​ទប់​ស្កាត់​នឹង​ការ​ឆ្លង​រាល​ដាល​ជំងឺ​អឹមផក នៅ​តាម​ច្រក​ចេញចូល​ប្រទេស។

ការ​ពង្រឹង​វិធានការ​ទប់​ស្កាត់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ប្រកាស​អាសន្ន​សុខភាព​សាធារណៈ​ក្រោយ​មាន​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​អុតស្វា (Mpox) កាល​ពី​ថ្ងៃ​ទី១៤ ខែសីហា ដែល​ជំងឺ​នេះ​បាន​រាល​ដាល​ចេញ​ពី​ប្រទេស​ក្នុង​ទ្វីបអាហ្វ្រិក និង​ឆ្លង​ចូល​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី ដែល​បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ជា​បន្ត​បន្ទាប់ ។

មក​ដល់​ពេល​នេះ ប្រទេស​កម្ពុជា​មាន​ជំងឺអឹមផក (Mpox) ប្រភេទ​ចាស់ (Clade 2) ចំនួន ២០ករណី ដែល​អ្នក​ជំងឺ​សុទ្ធតែ​ជា​មនុស្ស​ប្រុស និង​បាន​ព្យាបាល​ជា​សះស្បើយ​ទាំង​អស់។ យ៉ាង​នេះ​ក្ដី​នៅ​កម្ពុជា នៅ​មិន​ទាន់​រក​ឃើញ​ថា មាន​មនុស្ស​ឆ្លង​ជំងឺ អឹមផក (Mpox) ប្រភេទថ្មី (Clad 1b) នៅ​ឡើយ​ទេ៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។