អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ២នាក់​ស្លាប់ និង​អ្នក​ឆ្លង​ថ្មី​ជិត ៦រយ​នាក់

ក្រសួង​សុខាភិបាល​ប្រកាស​​ថា មាន​អ្នក​ជំងឺ​កូវីដ១៩ ចំនួន ២នាក់​ថ្មី​ទៀត​បាន​ស្លាប់ ដែល​សុទ្ធតែ​ជា​អ្នក​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ ប៉ុន្តែ​ក្រសួង​មិន​បាន​បញ្ជាក់​អំពី​អត្ត​សញ្ញាណ និង​ទីកន្លែង​អ្នក​ស្លាប់​នោះ​ទេ។ ចំណែក​ករណី​ឆ្លង​ថ្មី​វិញ ក្រសួង​សុខាភិបាល​ឱ្យ​ដឹង​ថា មាន ៥៩៨រយ​នាក់ ដែល​សុទ្ធតែ​ជា​មេរោគ​បំប្លែង​ខ្លួន​ថ្មី អូមីក្រុង (Omicron) ក្នុង​នោះ​ចំនួន ៥៧២នាក់ ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​និង​២៦នាក់​ទៀត ជា​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស។ ករណី​ឆ្លង​ថ្មី​នេះ​ចាប់​ផ្ដើម​ហក់​ឡើង​វិញ​រយៈពេល​ប្រមាណ ២សប្តាហ៍​ចុងក្រោយ​នេះ។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី២២ ខែកុម្ភៈ​នេះ កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ ប្រមាណ ១២ម៉ឺន​នាក់ (១២៧.៥៧៥) ក្នុង​នោះ​អ្នក​ជា​សះស្បើយ​មាន​ជាង ១២ម៉ឺន​នាក់ (១២១.១២៥) និង​អ្នក​ស្លាប់​កើន​ឡើង​ដល់​ចំនួន ៣.០២២នាក់៕