អ្នក​ជំងឺ​កូវីដ-១៩ ម្នាក់​ទៀត​បាន​ស្លាប់ និង​អ្នក​ឆ្លង​ថ្មី ១៣៩នាក់

ក្រសួង​សុខាភិបាល​ប្រកាស​​​ថា មាន​អ្នក​ជំងឺ​កូវីដ១៩ ម្នាក់​ថ្មី​ទៀត​បាន​ស្លាប់ ដែល​ជា​អ្នក​បាន​ចាក់​វ៉ាក់​សាំង​រួចរាល់ ប៉ុន្តែ​ក្រសួង​មិន​បាន​បញ្ជាក់​អំពី​អត្ត​សញ្ញាណ​ និង​ទីកន្លែង​អ្នក​ស្លាប់​នោះ​ទេ។ ចំណែក​ករណី​ឆ្លង​ថ្មី​វិញ​ ក្រសួង​សុខាភិបាល​ឱ្យ​ដឹង​ថា មាន ១៣៩នាក់ ដែល​សុទ្ធតែ​ជា​មេរោគ អូមីក្រុង (Omicron) ក្នុង​នោះ​ជាង ១០០នាក់ ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ និង​ចំនួន ២៤នាក់​ទៀត ជា​ករណី​នាំ ចូល​ពី​ក្រៅ​ប្រទេស។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី១៥ មីនា​នេះ កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ ជាង ១៣ម៉ឺន​នាក់ (១៣៤.៣៥២) ក្នុង​នោះ​អ្នក​ជា​សះស្បើយ​មាន​ជិត ១៣ម៉ឺន​នាក់ (១២៩.៧១៩) និង​អ្នក​ស្លាប់​មាន​ចំនួន ៣ពាន់ ៤៨ នាក់ (៣.០៤៨)។

ចំពោះ​ការ​ចាក់​វ៉ាក់សាំង​​បង្ការ​ជំងឺ​កូវីដ១៩ វិញ ក្រសួង​សុខាភិបាល​ប្រកាស​ថា គិត​ត្រឹម​ថ្ងៃ​ទី១៤ មីនា​ម្សិលមិញ រដ្ឋាភិបាល​ចាក់​​ជូន​​ពលរដ្ឋ​ដែល​មាន​អាយុ​ចាប់​ពី ៣ឆ្នាំ​ឡើង​បាន​ជាង ១៤លាន ៧សែន​នាក់ សម្រាប់​ដូស​ទី១ រីឯ​ដូស​ទី​២ ចាក់​បាន​ជាង ១៣លាន ៩សែន​នាក់ ហើយ​ដូស​ទី៣ និង​ដូស​ទី៤ រដ្ឋាភិបាល​ចាក់​ជូន​ពលរដ្ឋ​បាន​ជាង ៨លាន ៧សែន​នាក់៕