ក្រសួងសុខាភិបាលប្រកាសថា មានអ្នកជំងឺកូវីដ១៩ ម្នាក់ថ្មីទៀតបានស្លាប់ ដែលជាអ្នកមិនបានចាក់វ៉ាក់សាំង។ ចំណែកករណីឆ្លងថ្មីវិញ ក្រសួងសុខាភិបាលឱ្យដឹងថា មាន ១៤០នាក់ដែលសុទ្ធតែជាប្រភេទវីរុសបំប្លែងខ្លួនថ្មី អូមីក្រុង (Omicron) ក្នុងនោះជាង ១២៥នាក់ ជាករណីឆ្លងក្នុងសហគមន៍ និងចំនួន ១៥នាក់ទៀត ជាករណីនាំចូលពីក្រៅប្រទេស។
គិតត្រឹមព្រឹកថ្ងៃទី១៦ មីនានេះ កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ជាង ១៣ម៉ឺន ៤ពាន់នាក់ (១៣៤.៤៩២) ក្នុងនោះអ្នកជាសះស្បើយមានជាង ១៣ម៉ឺននាក់ (១៣០.០២៨) និងអ្នកស្លាប់បានកើនឡើងដល់ចំនួន ៣ពាន់ ៤៩នាក់ (៣.០៤៩)។
ចំពោះការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ វិញ ក្រសួងសុខាភិបាលប្រកាសថា គិតត្រឹមថ្ងៃទី១៥ មីនាម្សិលមិញ រដ្ឋាភិបាលចាក់ជូនពលរដ្ឋដែលមានអាយុចាប់ពី ៣ឆ្នាំឡើងបានជាង ១៤លាន ៧សែននាក់ សម្រាប់ដូសទី១ រីឯដូសទី២ ចាក់បានជាង ១៣លាន ៨សែននាក់ ហើយដូសទី៣ និងដូសទី៤ រដ្ឋាភិបាលចាក់ជូនពលរដ្ឋបានជាង ៨លាន ៧សែននាក់៕