អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើង ៩៨៦នាក់ហើយ គិតមកដល់ថ្ងៃទី១៣ ខែកក្កដា បន្ទាប់ពីអ្នកជំងឺ ៣៣នាក់បន្ថែមទៀតបានស្លាប់។ ចំណែកករណីឆ្លងថ្មីវិញ ក្រសួងសុខាភិបាលរកឃើញមាន ៩១៥នាក់ ក្នុងនោះភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ និងមានករណីនាំចូលពីក្រៅប្រទេសចំនួន ២៥៧នាក់។
នៅថ្ងៃដដែលនេះក្រសួងអះអាងថា មានអ្នកជាសះស្បើយ មានជិត ៩រយនាក់។ ជាមួយគ្នានេះ ខេត្តមួយចំនួន នៅតែមានអ្នកឆ្លងថ្មីច្រើនដដែល រួមមានខេត្តបន្ទាយមានជ័យ ត្បូងឃ្មុំ និងខេត្តកំពង់ចាម ជាដើម មានអ្នកកើតជំងឺកាចសាហាវនេះចន្លោះ ៦៥នាក់ ទៅជិត ១០០នាក់ នៅថ្ងៃទី១៤ ខែកក្កដានេះ។
គិតត្រឹមព្រឹកថ្ងៃទី១៤ ខែកក្កដា កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ជាង ៦ម៉ឺន៣ពាន់ (៦៣,៦១៥) នាក់ ក្នុងនោះ អ្នកជាសះស្បើយមានជាង ៥ម៉ឺន៥ពាន់(៥៥.៣៦៥) នាក់។ ចំពោះចំនួនអ្នកដែលបានចាក់វ៉ាក់សាំងវិញ ក្រសួងសុខាភិបាលអះអាងថា គិតត្រឹមថ្ងៃទី១៣ ខែកក្កដា មានចំនួនជាង ៥លាន ១សែននាក់ ឬស្មើនឹងជាង ៥១ភាគរយក្នុងចំណោមប្រជាជន ដែលត្រូវចាក់វ៉ាក់សាំងចំនួន ១០លាននាក់។
ក្រសួងសុខាភិបាលនៅមិនទាន់អាចវាយតម្លៃអំពីគុណភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំងចិនស៊ីណូហ្វាម (Sinopharm) និងស៊ីណូវ៉ាក់ (Sinovac) ដែលកម្ពុជាបានបញ្ជាទិញពីចិនប្រមាណ ១៥លានដូស នៅឡើយទេ។ រហូតមកដល់ពេលនេះ មិត្តដែកថែបចិនរបស់លោក ហ៊ុន សែន បានបូមយកលុយពីកម្ពុជាអស់ប្រមាណ ១៧០លានដុល្លារ តាមរយៈការលក់វ៉ាក់សាំងទាំងនេះ។
ទោះបីជារដ្ឋាភិបាល សម្រុកចាក់វ៉ាក់សាំងបានជាង ៥១ភាគ យ៉ាងនេះក្ដី ក៏អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ និងករណីឆ្លងថ្មី នៅតែស្ថិតក្នុងកម្រិតខ្ពស់ដដែល។ ក្នុងរយៈពេលមួយសប្ដាហ៍ចុងក្រោយនេះអ្នកឆ្លងថ្មីមានចន្លោះពីជិត ៩រយនាក់ ដល់ជាង ១ពាន់នាក់ ខណៈអ្នកស្លាប់វិញ មានចន្លោះពី ជាង ២០នាក់ រហូតដល់ជិត ៤០នាក់ ក្នុងមួយថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។