ក្រសួង​សុខាភិបាល​រកឃើញ​ក្មេងស្រី​ម្នាក់​ទៀត អាយុ​១៧​ឆ្នាំ កើត​ជំងឺ​ផ្ដាសាយ​បក្សី

ដោយ ម៉ៅ សុធានី
2024.02.22
ក្រសួង​សុខាភិបាល​រកឃើញ​ក្មេងស្រី​ម្នាក់​ទៀត អាយុ​១៧​ឆ្នាំ កើត​ជំងឺ​ផ្ដាសាយ​បក្សី រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ឈាង រ៉ា (រូបកណ្ដាល) កាលពីថ្ងៃទី២២ កុម្ភៈ ២០២៤។
រូប៖ ហ្វេសប៊ុកក្រសួង​សុខាភិបាល

ក្រសួង​សុខាភិបាល​ប្រកាស​នៅ​ថ្ងៃទី​២១ ខែ​កុម្ភៈ ក្រោយពី​រក​ឃើញ​ក្មេងស្រី​ម្នាក់​អាយុ ១៧​ឆ្នាំ ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី ប្រភេទ​ហាស់​៥ អ៊ិន​១ (H5N1) នៅ​ស្រុក​ឈូក ខេត្ត​កំពត។

ក្រសួង​សុខាភិបាល​ឲ្យ​ដឹង​ថា ក្មេងស្រី​នេះ មាន​អាការៈ​គ្រុនក្តៅ ក្អក ហត់ និង​ពិបាក​ដក​ដង្ហើម។ បច្ចុប្បន្ន​ស្ថានភាព​អ្នកជំងឺ​បាន​ធូរស្រាល និង​កំពុង​ទទួល​បាន​ការថែទាំ ពី​សំណាក់​ក្រុម​គ្រូពេទ្យ​។ ក្រសួង​ថា មុន​ចាប់​ផ្ដើម​ឈឺ​នៅផ្ទះ​ក្មេងស្រី​រូប​នោះ មាន​សត្វ​មាន់​ងាប់​ចំនួន ៧​ក្បាល។

កាលពី​ថ្ងៃទី៨ និង​ទី១១ កុម្ភៈ មាន​ក្មេងប្រុស​២​នាក់​បងប្អូន បាន​ស្លាប់​ដោយសារ​ឆ្លង​ជំងឺ​គ្រុនផ្ដាសាយ​បក្សី H5N1 នៅ​ភូមិ​កាប៉ូ​១ សង្កាត់​អូរឫស្សី ក្រុង​ក្រចេះ ខេត្ត​ក្រចេះ។

ចាប់​តាំង​ពី​ឆ្នាំ​២០០៥ រហូតដល់​ពេលនេះ កម្ពុជា​បាន​រក​ឃើញ​ករណី​ជំងឺផ្ដាសាយបក្សី H5N1 ឆ្លង​លើ​មនុស្ស​ចំនួន ៦១​នាក់​ហើយ ក្នុង​នោះ​អ្នក​ស្លាប់​មាន​ចំនួន ៤១​នាក់។ សំរាប់​ខែ​កុម្ភៈ ឆ្នាំ​២០២៤​នេះ មាន​ករណី​ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី ៣​នាក់​ហើយ ក្នុង​នោះ ២​នាក់​បាន​ស្លាប់។

ក្រសួង​សុខាភិបាល​ក្រើន​រំឭក​ដល់​ពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​ជានិច្ច ចំពោះ​ជំងឺផ្ដាសាយបក្សី ព្រោះ​ជំងឺ​នេះ​នៅតែ​បន្ត​គំរាមកំហែង​ដល់​សុខភាព​ពលរដ្ឋ។ ដើម្បី​បង្ការ​ជំងឺ​នេះ ក្រសួង​ណែនាំ​ឱ្យ​ពលរដ្ឋ​លាងដៃ​ជាមួយ​សាប៊ូ​មុន​ពេល​បរិភោគ និង​ក្រោយពី​ប៉ះពាល់​បក្សី ដាក់​កុមារ​នៅ​ឆ្ងាយ​ពី​សត្វ​បក្សី និង​ដាក់​សត្វ​បក្សី នៅ​ឱ្យ​ឆ្ងាយ​ពី​កន្លែង​រស់នៅ កុំ​បរិភោគ​សត្វ​បក្សី​ឈឺ ឬ​ងាប់ ហើយ​រាល់​បក្សី​ដែល​ធ្វើ​សម្រាប់​បរិភោគ​ត្រូវ​ចម្អិន​ឱ្យ​ឆ្អិន​ល្អ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។