ក្រសួងសុខាភិបាលប្រកាសនៅថ្ងៃទី២១ ខែកុម្ភៈ ក្រោយពីរកឃើញក្មេងស្រីម្នាក់អាយុ ១៧ឆ្នាំ ឆ្លងជំងឺផ្ដាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) នៅស្រុកឈូក ខេត្តកំពត។
ក្រសួងសុខាភិបាលឲ្យដឹងថា ក្មេងស្រីនេះ មានអាការៈគ្រុនក្តៅ ក្អក ហត់ និងពិបាកដកដង្ហើម។ បច្ចុប្បន្នស្ថានភាពអ្នកជំងឺបានធូរស្រាល និងកំពុងទទួលបានការថែទាំ ពីសំណាក់ក្រុមគ្រូពេទ្យ។ ក្រសួងថា មុនចាប់ផ្ដើមឈឺនៅផ្ទះក្មេងស្រីរូបនោះ មានសត្វមាន់ងាប់ចំនួន ៧ក្បាល។
កាលពីថ្ងៃទី៨ និងទី១១ កុម្ភៈ មានក្មេងប្រុស២នាក់បងប្អូន បានស្លាប់ដោយសារឆ្លងជំងឺគ្រុនផ្ដាសាយបក្សី H5N1 នៅភូមិកាប៉ូ១ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។
ចាប់តាំងពីឆ្នាំ២០០៥ រហូតដល់ពេលនេះ កម្ពុជាបានរកឃើញករណីជំងឺផ្ដាសាយបក្សី H5N1 ឆ្លងលើមនុស្សចំនួន ៦១នាក់ហើយ ក្នុងនោះអ្នកស្លាប់មានចំនួន ៤១នាក់។ សំរាប់ខែកុម្ភៈ ឆ្នាំ២០២៤នេះ មានករណីឆ្លងជំងឺផ្ដាសាយបក្សី ៣នាក់ហើយ ក្នុងនោះ ២នាក់បានស្លាប់។
ក្រសួងសុខាភិបាលក្រើនរំឭកដល់ពលរដ្ឋឱ្យប្រុងប្រយ័ត្នជានិច្ច ចំពោះជំងឺផ្ដាសាយបក្សី ព្រោះជំងឺនេះនៅតែបន្តគំរាមកំហែងដល់សុខភាពពលរដ្ឋ។ ដើម្បីបង្ការជំងឺនេះ ក្រសួងណែនាំឱ្យពលរដ្ឋលាងដៃជាមួយសាប៊ូមុនពេលបរិភោគ និងក្រោយពីប៉ះពាល់បក្សី ដាក់កុមារនៅឆ្ងាយពីសត្វបក្សី និងដាក់សត្វបក្សី នៅឱ្យឆ្ងាយពីកន្លែងរស់នៅ កុំបរិភោគសត្វបក្សីឈឺ ឬងាប់ ហើយរាល់បក្សីដែលធ្វើសម្រាប់បរិភោគត្រូវចម្អិនឱ្យឆ្អិនល្អ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
