អាជ្ញាធរចិន មិនអនុញ្ញាតឲ្យយន្តហោះដែលដឹកជនជាតិចិនចំនួន ១៤៦នាក់ ចេញពីទីក្រុងភ្នំពេញចូលក្នុងដែនអាកាសរបស់ខ្លួននោះទេ កាលពីថ្ងៃទី២៩ ខែមីនា ហើយបានបញ្ជាឲ្យយន្តហោះនោះបត់ក្បាលត្រឡប់មកកម្ពុជាវិញភ្លាមៗ។ មន្ត្រីសង្គមស៊ីវិលយល់ថា វិធានការរបស់អាជ្ញាធរចិននេះ ប្រហែលជាដើម្បីបង្ការជំងឺកូវីដកុំឲ្យឆ្លងក្នុងប្រទេសរបស់ខ្លួន និងមិនខ្លាចប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរដូចដែលមេដឹកនាំកម្ពុជា តែងតែលើកឡើងនោះឡើយ។
ជើងហោះហើរពីទីក្រុងភ្នំពេញ ដែលដឹកជនជាតិចិន ១៤៦នាក់ឆ្ពោះទៅកាន់ទីក្រុងឆេងឌូ (Chengdu) ប្រទេសចិន ត្រូវបានបង្ខំចិត្តហោះត្រឡប់មកកម្ពុជាវិញភ្លាមៗ កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ខណៈយន្តហោះកំពុងហោះស្ថិតនៅលើដែនអាកាសប្រទេសឡាវ។
សារព័ត៌មាន ស៊ីអិនអ៊ី (CNE) ដែលចុះផ្សាយជាភាសាអង់គ្លេស នៅព្រឹកថ្ងៃទី៣០ ខែមីនា បានស្រង់សម្ដីអ្នកដំណើរនៅលើយន្តហោះនោះថា មូលហេតុដែលយន្តហោះបង្ខំចិត្តត្រឡប់ក្រោយនេះព្រោះអាជ្ញាធរចិនមិនអនុញ្ញាតឲ្យហោះចូលដែនអាកាសរបស់ខ្លួននោះទេ ដោយសារចិនបានដាក់វិធានការបង្ការ និងទប់ស្កាត់កុំឲ្យមានការនាំចូលជំងឺកូវីដ-១៩។
សារព័ត៌មាននេះចុះផ្សាយថា មានអ្នកដំណើរចំនួន ១៤៦នាក់សុទ្ធតែជាជនជាតិចិន បានធ្វើដំណើរ តាមជើងហោះហើរលេខ QD738A របស់ក្រុមហ៊ុនអាកាសចរណ៍ ជេស៊ី (JC Airline ) ចាកចេញពីភ្នំ ពេញនៅម៉ោង១១ និង ១០នាទីពេលព្រឹកថ្ងៃទី២៩ ខែមីនា។ ក្នុងចំណោមអ្នកដំណើរ ១៤៦នាក់នេះ គឺមានជនជាតិចិនពី ៥០ ទៅ ៦០នាក់ ទើបតែធ្វើដំណើរមកប្រទេសហ្វីលីពីន និងមាននិស្សិតចិន ៣៥នាក់ទៀត មកពីប្រទេសអង់គ្លេស និងជនជាតិចិនមួយចំនួនទៀត គឺជាអ្នកធ្លាប់រស់នៅភ្នំពេញ និងខេត្តព្រះសីហនុ។
អាស៊ីសេរីបានព្យាយាមទូរស័ព្ទទៅអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាននៃអាកាសចរណ៍ស៊ីវិល លោក ជា អូន អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក អាត់ បូនី និងលោក កែវ វណ្ណថន ព្រម ទាំងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ជាច្រើនលើកនៅថ្ងៃទី៣០ ខែមីនា ដើម្បីបញ្ជាក់រឿងនេះ ប៉ុន្តែពុំមានអ្នកទទួលនោះទេ។ រីឯអ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន និងលោក លី សូវ៉ាន់ ព្រមទាំងអ្នកនាំពាក្យក្រសួងបរទេស លោក កុយ គួង ក៏មិនទទួលទូរស័ព្ទ។
ក៏ប៉ុន្តែនៅល្ងាចថ្ងៃទី៣០ មីនា អគ្គនាយករងបច្ចេកទាស និងជាអ្នកនាំពាក្យអាជ្ញាធរអាកាសចរណ៍ស៊ីវិល គឺលោក ស៊ីនចាន់សិរីវត្ថា ត្រូវបានប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន ស្រង់ប្រសាសន៍ថា ការពិតដែលចិនមិនឱ្យយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ ជេស៊ី អ៊ិនធើណេសិនណល អ៊ែរឡាញ (JC International Airline) ចូលប្រទេសនេះ គឺដោយសារតែចិនបានបិទជើងហោះហើរពីកម្ពុជាហើយ ហើយទុកតែមួយជើងទេ ក្នុងមួយសប្ដាហ៍។ ក៏ប៉ុន្តែលោកអះអាងថា យន្តហោះក្រុមហ៊ុន ជេស៊ី អ៊ិនធើណេសិនណល អ៊ែរឡាញ នេះបំពានបម្រាមរបស់អាជ្ញាធរចិន ទើបចិនបញ្ជាឱ្យហោះត្រឡប់វិញ ពេលទៅដល់ពាក់កណ្ដាលផ្លូវ។ លោកអះអាងទៀតថា ការណ៍ដែលចិនមិនឱ្យចូលនេះ គឺមិនមែនដោយសារខ្លាចឆ្លងជំងឺកូវីដ-១៩ ទេ។
គេហទំព័រសារព័ត៌មាន ស៊ីអិនអ៊ី (CNE) សរសេរបន្តថា នៅព្រឹកថ្ងៃទី៣០ ខែមីនា មានអ្នកដំណើរ ៤នាក់ បានស្នើសុំលុយត្រឡប់មកវិញ ដើម្បីរកទិញសំបុត្រយន្តហោះដោយខ្លួនឯង ចំណែក ២១នាក់ទៀត បានធ្វើដំណើរតាមជើងហោះហើរលេខ CZ324 ពីភ្នំពេញទៅក្វាងចូវ (Guangzhou)។ រីឯអ្នកដំណើរ ១២១នាក់ទៀត នៅតែរង់ចាំធ្វើដំណើរជាមួយជើងហោះហើរពីភ្នំពេញទៅទីក្រុងឆេងឌូដដែល។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ ថា ប្រសិនបើករណីនេះ គឺជាការពិត គឺប្រហែលជាអាជ្ញាធរចិន មិនទុកចិត្តអ្នកដំណើរពីកម្ពុជាខ្លាច នាំមេរោគចូលប្រទេសរបស់ខ្លួន។ លោកបន្ថែមថា ករណីនេះ ក៏ជាការជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ប្រឹងប្រែងបន្ថែមទៀតក្នុងវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ និងការធ្វើតេស្តរកជំងឺកូវីដនេះលើ មនុស្សឲ្យបានច្រើនបំផុត ដើម្បីឲ្យប្រទេសនានា មានទំនុកចិត្តឡើងវិញ៖ « ខ្ញុំយល់ថា ការដែលគេព្រួយបារម្ភដោយសារគេអត់ទាន់មានព័ត៌មានគ្រប់គ្រាន់អំពីការរីករាលដាល ឬមិនរីករាលដាល ឬកម្រិតនៃការរីករាលដាលនៃមេរោគ កូវីដនេះច្បាស់លាស់នៅកម្ពុជា។ បើគេដឹងអំពីបញ្ហានេះច្បាស់លាស់នេះប្រហែលមិនមានបញ្ហាទេ។ រឿងទី២ អាចថា ចិនមានអ្នក ដែលនាំចូលមេរោគនោះជាបន្តបន្ទាប់ ដួច្នេះ ហើយប្រហែលជាចិនចង់បិទលែងឲ្យមានការនាំចូលមេរោគនេះ ដើម្បីបង្ហាញថា ចិនលែងមានអ្នកឆ្លងតទៅទៀតហើយ » ។
ដោយឡែកនៅថ្ងៃដដែលនេះ ក្រសួងសុខាភិបាលកម្ពុជា ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤នាក់បន្ថែមទៀត នៅថ្ងៃទី៣០ មីនា។ តួលេខនេះ ធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ ១០៧នាក់ ខណៈអ្នកជាសះស្បើយ បានកើនឡើងដល់ ២៣នាក់។
សេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បញ្ជាក់ថា អ្នកឆ្លងថ្មីទាំង៤នាក់នោះ គឺមានបុរសជនជាតិខ្មែរ អាយុ៣០ឆ្នាំ រស់នៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ជាបុគ្គលិកនៅកាស៊ីណូ និងខារ៉ាអូខេមួយនៅច្រកប៉ោយប៉ែត។ បុរសរូបនេះ ត្រូវបានដាក់ឲ្យព្យាបាលនៅមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ។ ករណីមួយទៀត គឺជាបុរសជនជាតិខ្មែរ អាយុ៣៦ឆ្នាំ នៅឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ដែលជាអ្នកដំណើរត្រឡប់មកពីប្រទេសជប៉ុន មកដល់កម្ពុជា នៅថ្ងៃទី២៨ មីនា ឆ្នាំ២០២០។ បុរសរូបនេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ចំណែកករណីទី៣ គឺជាស្ត្រីខ្មែរអាយុ ២០ឆ្នាំម្នាក់ទៀត នៅសង្កាត់អូរឫស្សី១ ខណ្ឌ៧មករា រាជធានី ភ្នំពេញ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ស្ត្រីរូបនេះ ជានិស្សិត ដែលបានវិលត្រឡប់មកពីប្រទេសអង់គ្លេស ដែលមកដល់កម្ពុជា នៅថ្ងៃទី២៨ មីនា។ ករណីទី៤ គឺជាបុរសជនជាតិបារាំង អាយុ៦១ឆ្នាំ នៅទួលទំពូង ដែលមានប្រវត្តិធ្វើដំណើរទៅប្រទេសហ្គុយយ៉ាណា (Guyana )មកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី២២ ខែមីនា។ បច្ចុប្បន្ន បុរសជនជាតិបារាំងរូបនេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ក្រសួងប្រកាសថា នឹងបន្តថា តាមរកអ្នក ពាក់ព័ន្ធបន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។