អ្នកស្រី ពេជ ចន្ទមុន្នី បានក្លាយជាស្រ្តីទី១ របស់កម្ពុជាក្រោយប្ដីរបស់អ្នកស្រី គឺលោក ហ៊ុន ម៉ាណែត ត្រូវបានឪពុក គឺលោក ហ៊ុន សែន លើកបន្តុបឱ្យបន្តគ្រប់គ្រងតួនាទីជានាយករដ្ឋមន្ត្រី កាលពីខែសីហាឆ្នាំ២០២៣។
តើអ្នកស្រី ពេជ ចន្ទមុន្នី ឬស្ត្រីទី១ រូបនេះមានប្រវត្តិយ៉ាងណា?
អ្វីដែលសាធារណជនបានឃើញនៅចំពោះមុខនៅពេលនេះ គឺស្រ្តីទី១ អ្នកស្រី ពេជ ចន្ទមុន្នី ជាស្ត្រី ដែលមានប្រវត្តិការសិក្សាខ្ពស់មកពីប្រទេសលោកសេរី ជាអ្នកជំនាញធ្វើការងារផ្នែកមនុស្សធម៌ និងសុខាភិបាល។
ករណីនេះក្រុមស្ត្រីសកម្មការងារសង្គម និងនយោបាយចង់ឃើញស្ត្រីទី១ កុំយកគំរូតាមអតីតស្ត្រីទី១ អ្នកស្រី ប៊ុន រ៉ានី ជាម្ដាយក្មេក។
សកម្មជនការពារសិទ្ធិដីធ្លីតំបន់បឹងកក់ និងជាម្ចាស់ពានរង្វាន់ស្ត្រីភាពជាអ្នកដឹកនាំរបស់អង្គការអាមេរិក វ៉ៃថល វ៉យស៊ីស (Vital Voices ) អ្នកស្រី ទេព វន្នី ចង់ឱ្យភរិយាលោក ហ៊ុន ម៉ាណែត ឬស្ត្រីទី១ រក្សាបេះដូងមនុស្សធម៌ពិតប្រាកដ ជួយយកអាសាអ្នករងគ្រោះ ជាពិសេស ស្ត្រី ដោយមិនរើសអើង។ លើសពីនេះ គួរកុំយកគំរូតាមម្ដាយលោក ហ៊ុន ម៉ាណែត ដែលតែងតែមើលរំលងការធ្វើទុក្ខបុកម្នេញក្រុមស្ត្រី ដែលតស៊ូប្រឆាំងការរំលោភសិទ្ធិស្ត្រី និងរឿងដីធ្លី បើទោះបីជារឿងនោះកើតឡើងនៅតាមទីសាធារណៈ និងក្រុមស្ត្រីនាំទាំងនោះគ្នាស្នើសុំជំនួយយ៉ាងណាក្ដី។ វន្នី បន្តថា ប្រសិនបើស្ត្រីទី១ មានបេះដូងសប្បុរសមែន នឹងយល់ដឹងអំពីភាពឈឺចាប់ អំពីទុក្ខសោកជាស្ត្រីដូចគ្នា។
«អ៊ីចឹងខ្ញុំសង្ឃឹមថា ភរិយារបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គាត់មិនធ្វើព្រងើយកន្តើយ ហើយក៏មិនមានចិត្ត ហៅថា ចិត្តខ្មៅទៅចុះ។ កាលណាយើងឃើញស្ត្រីដូចគ្នារងគ្រោះហើយ យើងដឹងយើង ឮហើយ យើងមិនបានជួយគ្នា វាប្រៀបដូចជាចិត្តខ្មៅពេកហើយ វាអមនុស្សធម៌ពេកហើយ ព្រៃផ្សៃពេកហើយ ព្រោះយើងជាស្ត្រីដូចគ្នា យើងដឹងហើយថា ស្ត្រីពេលណារងការប្រមាថ ការវាយដំ ការចាប់ដាក់គុក ឬក៏ការទន្ទ្រានយកផ្ទះដីធ្លី ដែលយើងជាស្ត្រីត្រូវការមានផ្ទះសម្បែង មើលថែកូន មើលថែគ្រួសារដែរនេះ តើវាឈឺចាប់ប៉ុណ្ណា»។
តែយ៉ាងណាក្ដី អ្នកស្រី ទេព វន្នី ថា អាចទទួលយកបានខ្លះដែរនូវការងារមនុស្សធម៌មួយចំនួន ដែលអ្នកស្រី ពេជ ចន្ទមុន្នី បានធ្វើ ជពិសេស ក្នុងដំណាក់កាលផ្ទុះជំងឺកូវីដ-១៩។
ជំងឺកូវីដ - ១៩ (Covid-19) ជាឱកាសលេចធ្លោ
អ្នកស្រី ពេជ ចន្ទមុន្នី បានលេចមុខខ្លាំងនៅពេលជំងឺកូវីដ-១៩ រាតត្បាតខ្លាំងដែរ ហើយក៏ជាពេលដែលលោក ហ៊ុន សែន ឆក់ឱកាសបញ្ចេញលោក ហ៊ុន ម៉ាណែត បង្ហាញឱ្យគេឯងឃើញថា មានស្នាដៃដែរនៅមុនការបោះឆ្នោតជាតិឆ្នាំ២០២៣ ហើយនោះក៏ជាស្ពាន ដែលលោក ហ៊ុន សែន សង់ឱ្យកូនឆ្លងទៅធ្វើនាយករដ្ឋមន្ត្រី។
លោក ហ៊ុន សែន បានជ្រើសរើសឱកាសកម្រនេះ ឱ្យសមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្ដេចតេជោ ដែលលោក ហ៊ុន សែន បានផ្ដួចផ្ដើមបង្កើត និងទំនុកបម្រុងតាំងពីឆ្នាំ២០១២ ឱ្យមានសកម្មភាពធំ។ សមាគមនេះមានលោក ហ៊ុន ម៉ាណែត ជាប្រធានក្រុមប្រឹក្សាភិបាល និងអ្នកស្រី ពេជ ចន្ទមុន្នី ជាអនុប្រធានក្រុមប្រឹក្សាភិបាល។ លោក ហ៊ុន សែន ថែមទាំងបានប្រគល់តួនាទីដ៏មានឥទ្ធិពលមួយទៀតឱ្យអ្នកស្រី ពេជ ចន្ទមុន្នី គឺឱ្យធ្វើជាប្រធានដឹកនាំក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ-១៩ តែម្ដង។ ពេលនោះ លោក ហ៊ុន ម៉ាណែត និងអ្នកស្រី ពេជ ចន្ទមុន្នី មានសិទ្ធិអំណាចអាចចាត់ចែងការងារសព្វបែបយ៉ាង ទាំងក្នុងវិស័យកងទ័ព និងសុខាភិបាលជំនួសមុខឱ្យលោក ហ៊ុន សែន។
ករណីលោក ហ៊ុន សែន យកបញ្ហាជំងឺរាតត្បាតមកប្រើប្រាស់នេះក៏រងការរិះគន់ដែរថា បានជាន់ពន្លិចតួនាទីក្រសួងសុខាភិបាល និងជាការកេងចំណេញនយោបាយសម្រាប់ការកាន់អំណាចតត្រកូល។
កូនមន្ត្រីជាន់ខ្ពស់រៀននៅបរទេស
សៀវភៅ «កូនប្រុសច្បងដ៏មានឥទ្ធិពល» របស់អ្នកនិពន្ធ ពៅ សុខ រៀបរាប់ថា អ្នកស្រី ពេជ ចន្ទមុន្នី ជាកូនរបស់លោក ពេជ សោភ័ន មន្រ្តីសំខាន់មួយរូបនៃគណបក្សប្រជាជនកម្ពុជា ជារដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងម្ដាយឈ្មោះ ម៉ុក ប៉ូប៉ុនរិទ្ធិ។ អ្នកស្រីបានរៀនចប់បរិញ្ញាបត្រផ្នែកឱសថសាស្ត្រនៅសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសុខភាពសាធារណៈនៅសហរដ្ឋអាមេរិក និងថ្នាក់បណ្ឌិតផ្នែកនេះដែរនៅប្រទេសអង់គ្លេស។ ប្រភពដដែលឱ្យដឹងថា អ្នកស្រីមានប្រវត្តិស្នេហានឹងលោក ហ៊ុន ម៉ាណែត តាំងពីនៅជាសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ។ អ្នកទាំង២រៀបការកាលពីឆ្នាំ២០០៦ មានកូន៣នាក់ស្រី២ ប្រុសមួយនាក់ ដែលមានឈ្មោះ ហ៊ុន ពេជមុន្នីវលក្ខណ៍ ហ៊ុន ពេជមុន្នីលីណា និង ហ៊ុន ពេជមុន្នីរិទ្ធិសិទ្ធិ។
កូនប្រុសច្បង ដ៏មានឥទ្ធិពល វគ្គ១០ « ជីវិតស្នេហា និងអាពាហ៍ពិពាហ៍ » - ក្រសួងព័ត៌មាន (information.gov.kh)
ទំនាក់ទំនង និងមុខជំនួញ
ស្ត្រីទី១ ដែលទើបលេចមុខមាត់ក្នុងនយោបាយខ្មែរថ្នាក់កំពូលមិនទាន់បានមួយឆ្នាំពិតមែនក្ដី ប៉ុន្តែអ្នកស្រីមានប្រវត្តិពាក់ព័ន្ធ និងមានមុខជំនួញក្ដាប់ក្នុងដៃច្រើន មិនចាញ់កូនៗ និងសមាជិកគ្រួសារត្រកូលហ៊ុនទាំងឡាយទេ។
អង្គការឃ្លាំមើលពិភពលោក គ្លបល វីនេស (Global Witness) បានចេញរបាយការណ៍ស៊ើបអង្កេតមួយកាលពីឆ្នាំ២០១៦ ដែលនិយាយពីការក្ដោបក្ដាប់ជំនួញនៅកម្ពុជារបស់សែស្រឡាយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលនោះ (អាណាចក្រសាជីវកម្មនៃគ្រួសារអ្នកកាន់អំណាចនៅកម្ពុជា)។ របាយការណ៍នោះបានបង្ហាញថា អ្នកស្រី ពេជ ចន្ទមុន្នី មានក្រុមហ៊ុនចំនួន២ និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនចំនួន៦ ផ្សេងទៀត។ ក្រុមហ៊ុនទាំងនោះរួមមាន៖
១-ក្រុមហ៊ុន ជីហ្គៀគ្រុប (GGEAR GROUP CO) ( https://www.ggear.com.kh/about-ggear/) ជាក្រុមហ៊ុននាំចូលផ្ដាច់មុខផលិតផលគ្រឿងអេឡិចត្រូនិកពីប្រទេសកូរ៉េម៉ាកអិលជី (LG)
២- ក្រុមហ៊ុន ខ្មែរឡាតិច Khmer Latex Coជាក្រុមហ៊ុនផ្នែកកសិកម្ម
៣-ក្រុមហ៊ុន វិនិយោគស៊ីអឹមអិន ស្តារ (CMN Star Investment)
៤-ក្រុមហ៊ុន ឡេឌី ខូសមេទិក សាជីវកម្មអន្តរជាតិ (Lady Cosmetic International Corporation)
៥-ក្រុមហ៊ុន ហ្សេណូទិច សូលូសិន (Zenotiq Solutions Co)
៦-ក្រុមហ៊ុនរោងភាពយន្ត ឡេជិន ស៊ីនេម៉ា (Legend Cinema Co) ( https://www.legend.com.kh/)
៧-ក្រុមហ៊ុន ភីអឹមវី អិនធឺថេនមិន (PMV Entertainment Co)
៨- ក្រុមហ៊ុន Brands Management Co ដែលរួមមានក្រុមហ៊ុនតែគុជ ឆាថាម (Chatime) myBugerLab និងហាងគុយទាវទូកថៃ។
ក្នុងចំណោមក្រុមហ៊ុនទាំងនេះ អ្នកស្រី ពេជ ចន្ទមុន្នី មានសកម្មភាពបង្ហាញជាសាធារណៈច្រើនតែជាមួយក្រុមហ៊ុននាំចូលផ្ដាច់មុខផលិតផលគ្រឿងអេឡិចត្រូនិកពីប្រទេសកូរ៉េ ម៉ាកអិលជី (LG) ដោយក្រុមហ៊ុននេះតែងតែចូលរួមកិច្ចការមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្តរបស់អ្នកស្រី។
ក្រុមហ៊ុនទាំងនេះស្ថិតក្នុងចំណោមក្រុមហ៊ុនជាង១០០ ដែលអង្គការអន្តរជាតិ គ្លូបល វីតណេស ( Global Witness) រកឃើញថា បានកាន់កាប់ ឬមានភាគហ៊ុនដោយសម្ងាត់ ដោយកូនៗ លោក ហ៊ុន សែន និងក្រុមគ្រួសារ សាច់ញាតិរបស់ពួកគេ។ គ្លបល វីនេស បង្ហាញថា ត្រកូលហ៊ុន ក្ដោបក្ដាប់សេដ្ឋកិច្ចធំៗរបស់កម្ពុជាជាបណ្ដាញចាក់ស្រេះគ្នា ដែលអាចពាក់ព័ន្ធនឹងអំពើពុករលួយ រំលោភអំណាច ទំនាស់ផលប្រយោជន៍ និងរំលោភសិទ្ធិមនុស្ស ដើម្បីការពារអំណាចរបស់លោក ហ៊ុន សែន។
វិទ្យុអាស៊ីសេរីនៅមិនទាន់អាចទាក់ទង អ្នកស្រី ពេជ ចន្ទមុន្នី ដើម្បីបញ្ជាក់បន្ថែមពីរឿងនេះបានទេ។
តែទោះជាយ៉ាងណាក្នុងរឿងនេះ លោក ហ៊ុន ម៉ាណែត ធ្លាប់បង្ហោះសារតាមហ្វេសប៊ុកឆ្លើយតបនឹងរបាយការណ៍នេះថា អង្គការ គ្លូបល វីតណេស (Global Witness) បានបង្កើតរឿងប្លែកៗ ដើម្បីចោទប្រកាន់ និងវាយប្រហារឪពុករបស់លោក ព្រមទាំងក្រុមគ្រួសារនៅមុនការបោះឆ្នោត។
ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ក៏ថ្លែងការពារ អ្នកស្រី ពេជ ចន្ទមុន្នី ពីការសង្ស័យថា អាចនឹងជាប់ពាក់ព័ន្ធនឹងទំនាស់ផលប្រយោជន៍រវាងតួនាទីប្រពន្ធនាយករដ្ឋមន្ត្រី និងមានក្រុមហ៊ុនកាន់ក្នុងដៃ។ លោកអះអាងថា គណបក្សប្រជាជនកម្ពុជាមិនលើកទឹកចិត្តឱ្យប្រពន្ធ ឬសាច់ញាតិសមាជិកគណបក្សលូកលាន់ក្នុងការងាររបស់ប្ដី ឬប្រពន្ធជាមន្ត្រី ឬថ្នាក់ដឹកនាំរដ្ឋាភិបាលឡើយ។
«ទេគាត់គោរពតាមតួនាទីរបស់គាត់ជួនណាគាត់មានតែឈ្មោះទេ។ ខ្ញុំមិនដឹងថាគាត់ចូលហ៊ុនប៉ុន្មានអីប៉ុន្មានទេ ប៉ុន្តែគាត់គ្រាន់តែមានភាគហ៊ុន គាត់អត់មានតួនាទីជាសកម្មក្នុងក្រុមប្រឹក្សាភិបាល អាហ្នឹងគាត់ក៏អត់មានសិទ្ធិអីដែរ ការសម្រេចនានា វាអាស្រ័យលើសមូហភាពរបស់ក្រុមប្រឹក្សារបស់ក្រុមហ៊ុន»។
ទាក់ទងនឹងរឿងនេះ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទំនងរៀនតាមឪពុករបស់លោក បានយកវេទិកាសាធារណៈមកអះអាងថា អ្នកស្រី ពេជ ចន្ទមុន្នី មិនដែលលូកលាន់ការងារ ឬចង់ចេញមុខមាត់អ្វីទេនៅពេលមានការចោទប្រកាន់ថា អ្នកស្រីជាប់ពាក់ព័ន្ធនឹងអំពើសូកប៉ាន់ពន្យារអាយុចូលនិវត្តរបស់មន្ត្រីសំខាន់ៗ មួយចំនួនស្និទនឹងលោក ហ៊ុន សែន ដូចជា លោក គុណ ញឹម ជាអគ្គនាយកគយ និងរដ្ឋាករ និងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
«គាត់មិនចង់ឱ្យឃើញរូបភាពថា ខ្ញុំត្រូវទៅកន្លែងបងគ្រប់ពេលវេលាទេ ខ្ញុំមានការងារ ខ្ញុំសុំ។ គាត់មិនងាយចូលទេ កុំថាឡើយអន្តរាគមន៍មនុស្ស ឱ្យខ្ញុំស៊ីញ៉េ»។
ទោះជាយ៉ាងណាក៏ដោយ ទាំងនេះគ្រាន់តែជាការលើកឡើងរបស់នាយករដ្ឋមន្ត្រី ដែលនៅក្នុងអំណាច ដោយពុំមានស្ថាប័នឯករាជ្យណាមួយអាចបញ្ជាក់ថា នេះជាការពិតនៅឡើយទេ ស្របពេលដែលរបាយការណ៍របស់អង្គការអន្តរជាតិនៅតែរកឃើញថា អំពើពុករលួយ និងបក្សពួកគ្រួសារនិយមនៅកម្ពុជាកាន់តែអាក្រក់ពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងនោះ មូលហេតុចម្បងគឺ រដ្ឋាភិបាលពុំមានឆន្ទៈប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងខ្វះប្រសិទ្ធភាពផ្ដន្ទាទោសមន្ត្រីប្រព្រឹត្តអំពើពុករលួយ។
Transparency International Cambodia » សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយប្រចាំឆ្នាំ២០២៣ (ticambodia.org)
បន្ថែមពីនេះ អ្នកស្រី ពេជ ចន្ទមុន្នី ក៏មានតួនាទីនៅក្នុងអង្គការសមាគមមនុស្សធម៌មួយចំនួនទៀត ដូចជា ប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា និងជាអគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា។ បច្ចុប្បន្នអ្នកស្រីជាអនុប្រធានអចិន្ត្រៃយ៍នៃកាកបាទក្រហមកម្ពុជា ដែលតាមទម្លាប់ទៅថ្ងៃមុខអ្នកស្រីនឹងស្នងតំណែងនេះពីម្ដាយក្មេក អ្នកស្រី ប៊ុន រ៉ានី។

កាលពីទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា កន្លងទៅនេះ ស្រ្តីទី១ បានថ្លែងពីការលើកកម្ពស់ការអប់រំសម្រាប់ស្ត្រី និងកុមារីលើគ្រប់វិស័យ ពិសេសក្នុងផ្នែកបច្ចេកវិទ្យា ឌីជីថល។
«យើងទាំងអស់គ្នាលើកកម្ពស់ការចូលរួមរបស់ស្ត្រី និងក្មេងស្រីក្នុងវិស័យឌីជីថលការប្រើប្រាស់បច្ចេកវិទ្យា ការអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ ច្នៃប្រឌិត និងគណិតវិទ្យា»។
បើទោះជាយ៉ាងណាអ្នកតាមដានសង្គមកម្ពុជា នៅតែមើលឃើញថា ការអនុវត្តគោលនយោបាយដោយរើសអើង មិនបើកឱកាសពេញលេញឱ្យពលរដ្ឋ រួមទាំងក្មេងស្រីអនុវត្តសិទ្ធិសេរីភាពមូលដ្ឋាន សេរីភាពបញ្ចេញមតិ សិទ្ធិចូលរួមកិច្ចការសង្គមនឹងនយោបាយ ដូចអ្វីដែលរដ្ឋាភិបាលកំពុងធ្វើនេះ ស្ត្រី និងក្មេងស្រីនឹងមានឱកាសតិចតួចទទួលអត្ថប្រយោជន៍ពីគោលនយោបាយនេះ។
ប្រធានអង្គការចលនាខ្មែរ ដើម្បីប្រជាធិបតេយ្យ អ្នកស្រី មូរ សុខហួរ ដែលធ្លាប់ជារដ្ឋមន្ត្រីក្រសួងកិច្ចការនារីលើកឡើងថា ស្ត្រីទី១នឹងទទួលបានការគោរពលើកតម្កើងនៅពេលគាត់ប្រើប្រាស់តួនាទីរបស់ខ្លួន ដើម្បីផលប្រយោជន៍របស់ពលរដ្ឋទូទៅ ជាពិសេសស្ត្រីគ្រប់រូបដោយមិនរើសអើង។
«ជាស្ត្រី ដែលបង្ហាញឱ្យឃើញថា មិនត្រឹមតែនៅជិតស្វាមី ជានាយករដ្ឋមន្ត្រីទេ គឺជាស្ត្រី ដែលនៅជាមួយពលរដ្ឋ។ និយាយអំពីជាទូទៅ យើងឃើញស្ត្រីទី១ ខ្លះមានពាក់ព័ន្ធនឹងអំពើពុករលួយ ដូចជាប្រទេសម៉ាឡេស៊ី ប្រទេសហ្វីលីពីន ហ្នឹងធ្វើឱ្យស្រ្តីយើងបាក់មុខខ្លាំងណាស់»។
ទាំងស្ត្រីរងគ្រោះក្នុងជម្លោះដីធ្លី និងអ្នកតាមដានសង្គម នៅតែមានក្ដីរំពឹងថា ទៅថ្ងៃមុខស្ត្រីទី១ អ្នកស្រី ពេជ ចន្ទមុន្នី ដែលបានរៀនសូត្រខ្ពង់ខ្ពស់ពីប្រទេសលោកសេរីនឹងប្រើប្រាស់ចំណេះដឹង និងឥទ្ធិពល ដែលមានក្នុងនយោបាយកម្ពុជានេះ ជួយដោះស្រាយទុក្ខលំបាក ដែលពលរដ្ឋជួបប្រទះ ហើយដែលរដ្ឋាភិបាលខកខានមិនបានយកចិត្តទុកដាក់ដោះស្រាយ ឬដោះស្រាយពុំមានប្រសិទ្ធភាពកន្លងមកនោះ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។