បន្ទាប់ពីការស៊ើបអង្កេត សមត្ថកិច្ចប៉ូលិសស្រុកស្វាយអន្ទរ បានសន្និដ្ឋានថា ជនសង្ស័យមានគ្នាប្រមាណ ៣នាក់ ប្រើដំបងវាយសំពងទៅលើជនរងគ្រោះ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែង។
ជនរងគ្រោះឈ្មោះ លោក សំ ខន អាយុ ៤៧ឆ្នាំ រស់នៅភូមិមេនងក្រោម ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
អធិការស្រុកស្វាយអន្ទរ លោក ទុំ សាន់មុនី មានប្រសាសន៍នៅថ្ងៃទី២២ តុលា ថា គូភាគីទាំងសងខាង បន្ទាប់ពីត្រឡប់ពីការចូលរួមឆ្លងក្នុងពិធីភ្ជាប់ពាក្យរួចមក អ្នកទាំងពីរមានអាការៈស្រវឹងស្រឿង បានឈ្លោះប្រកែកបោះសម្ដីដាក់គ្នាទៅវិញទៅមក បណ្ដាលឲ្យមានការប្រើអំពើហិង្សាដាក់គ្នាតែម្ដង។
លោកថា ជនសង្ស័យ និងជនរងគ្រោះជាប់សែស្រឡាយសាច់ញាតិនឹងគ្នា ក្នុងលក្ខណៈជាមា និងក្មួយ។ អាជ្ញាធរប៉ូលិស បានឃាត់ជនសង្ស័យចំនួន ២រូប ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ជនសង្ស័យទាំង ២រូបនោះ រួមមាន ទី១ លោក ខេង សុខា និងជនសង្ស័យម្នាក់ទៀតឈ្មោះ លោក កៅ សក។ អ្នកទាំង២ មានទីលំនៅក្បែរខាងគ្នានឹងជនរងគ្រោះ នៅភូមិមេនងក្រោម ឃុំជ្រៃ ស្រុកស្វាយអន្ទរ។ ចំពោះជនសង្ស័យម្នាក់ទៀត ត្រូវបានរត់គេចខ្លួននៅយប់ថ្ងៃកើតហេតុ។ ប៉ូលិសអះអាងថា ជនសង្ស័យ ២រូប ដែលប៉ូលិសឃាត់ខ្លួន ជាមុខសញ្ញាជនដៃដល់ ស្ថិតនៅក្នុងហេតុការណ៍។
រីឯសាក្សីស្ថិតនៅក្នុងហេតុការណ៍ លោក កែន វៃ ឲ្យដឹងថា ជនសង្ស័យ ២រូប ដែលអាជ្ញាធរប៉ូលិសបានឃាត់ខ្លួននោះ ពុំមែនជនដៃដល់ស្ថិតនៅក្នុងហេតុការណ៍ឡើយ។
លោកថា ឃាតកដៃដល់ពិតប្រាកដនោះ ពួកគេបានរត់គេចបាត់ស្រមោលតាំងពីយប់ថ្ងៃកើតហេតុមកម្ល៉េះ។
ជនរងគ្រោះត្រូវឃាតកវាយនឹងព្រនង់សម្លាប់នៅយប់ថ្ងៃទី២១ តុលា ក្នុងដំណើរត្រឡប់ពីចូលរួមក្នុងពិធីភ្ជាប់ពាក្យសាច់ញាតិផ្ទះក្បែរខាង។ អ្នកភូមិអះអាងថា ជនរងគ្រោះជាសកម្មជនគណបក្សសង្គ្រោះជាតិ សំខាន់នៅភូមិមេនងក្រោម ឃុំជ្រៃ។ ចំណែកឯជនសង្ស័យជាក្រុមបក្ខពួករបស់សកម្មជនគណបក្សកាន់អំណាចនៅភូមិជាមួយជនរងគ្រោះ។ អ្នកភូមិថា លោក យ៉េន ចាន់អេង ហៅ ញ៉ាញ និងលោក ខេង សុគុណ ហៅ លក ជាជនសង្ស័យបង្កបញ្ហាសម្លាប់ជនរងគ្រោះ។ ភរិយាជនរងគ្រោះ ទទូចសុំឲ្យអាជ្ញាធរប៉ូលិស និងមន្ត្រីដែលមានការពាក់ព័ន្ធ ធ្វើយ៉ាងណាស៊ើបអង្កេតតាមចាប់ឃាតកពិតប្រាកដ មកផ្ដន្ទាទោសតាមផ្លូវច្បាប់ឲ្យបានឆាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។