អនុប្រធានប្រចាំការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោក លី ប៉ូរ បានបង្ហាញនូវគោលបំណងនៃការប្រារព្ធពិធីនេះថា ជាការជំរុញដល់សហគមន៍ទាំងមូល ដើម្បីឲ្យមានការផ្លាស់ប្ដូរការប្រព្រឹត្ត ជាការបញ្ចៀសនូវការឆ្លងមេរោគអេដស៍ និងជំងឺអេដស៍ បង្កើនការយល់ដឹងអំពីមេរោគអេដស៍។
លោកថា ទាំងបុគ្គល គ្រួសារ និងសហគមន៍ទាំងមូល គួរតែធ្វើការប្ដេជ្ញាចិត្តខ្ពស់ក្នុងការលុបបំបាត់ការរើសអើង មាក់ងាយដល់អ្នកផ្ទុកមេរោគអេដស៍ ហើយងាកមកផ្ដល់ក្ដីអាណិតអាសូរ និងជួយលើកទឹកចិត្តវិញ។
ទិវារំឭកដល់ការស្លាប់ដោយសារជំងឺអេដស៍ជាតិលើកទី១១ បានធ្វើឡើងនៅថ្ងៃអង្គារ ទី២៥ ខែឧសភា នៅក្នុងទីធ្លាវត្តនន្ទមនី ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្រោមប្រធានបទរួមគ្នាដើម្បីរស្មីនៃជីវិត។
អ្នកសម្របសម្រួលថ្នាក់ជាតិនៃបណ្ដាញអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ លោក កែវ ចេន មានប្រសាសន៍ដូច្នេះ ៖ «អ្នកដែលកើតហើយ គឺឲ្យមានសេចក្ដីសង្ឃឹមរស់ ហើយឲ្យមានការគាំទ្របន្ថែមទៀត ឲ្យគាត់អាចរស់រានមានជីវិតដោយសេចក្ដីថ្លៃថ្នូរ ហើយក្មេងកំព្រាបានចូលសាលារៀន»។
បើទោះបីជាមានការលើកឡើង និងគាំទ្រដល់អ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ថា យ៉ាងនេះក្តី បុរសអ្នកផ្ទុកមេរោគអេដស៍ម្នាក់ ដែលបច្ចុប្បន្នជាអ្នកផ្ដល់ប្រឹក្សាផ្លូវចិត្ត និងសង្គម ដល់អ្នកផ្ទុកមេរោគអេដស៍ដទៃទៀត នៅមន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថា បច្ចុប្បន្នបញ្ហាថ្នាំពន្យារជីវិតដំណាក់កាលទី៣ នៅពេលដែលអ្នកជំងឺអេដស៍មានភាពស៊ាំទៅនឹងថ្នាំពន្យារជីវិតដំណាក់កាលទី២នោះ នៅតែជាក្ដីកង្វល់ដ៏ធំរបស់ពួកគាត់ នៅគ្រាដែលកម្ពុជាពុំទាន់មានថ្នាំពន្យារជីវិតដំណាក់កាលទី៣នោះ ប្រើប្រាស់នៅឡើយ។
បុរសដដែលបានបញ្ជាក់ថា ៖ «...ព្រោះថ្នាំវាមានលីងទី១ លីងទី២ លីងទី៣ ឥឡូវអ្នកខ្លះគាត់ក៏ស៊ាំថ្នាំ។ ឥឡូវលីងទី២ហ្នឹង ត្រឹមតែថ្នាក់ជាតិយើងអត់ចង់មានគ្រប់គ្នាផង! ឥឡូវហ្នឹងបងប្អូនខ្លះគាត់ប្រើអាលីងទី២ហ្នឹង ស៊ាំហើយ ចូលដល់លីងទី៣ហ្នឹង គាត់អត់មាន ព្រោះថ្នាក់ជាតិអត់បានធ្វើគម្រោងលីងទី៣ហ្នឹងឲ្យគាត់ ហើយមានអ្នកខ្លះគាត់ស៊ាំថ្នាំហ្នឹងអស់ រង់ចាំថ្នាំលីងទី៣ហ្នឹង មានអ្នកខ្លះស្លាប់ដោយសាររង់ចាំថ្នាំហ្នឹង ស្លាប់បណ្ដើរៗហើយ»។
ប្រភពពីបណ្ដាញអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឲ្យដឹងថា របាយការណ៍ឆ្នាំ២០០៦ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ធ្លាប់បានបង្ហាញថា ប្រទេសកម្ពុជាមានអ្នកផ្ទុកមេរោគចំនួន ៦៧.២០០នាក់ ក្នុងនោះមានប្រមាណជាង ៥ម៉ឺននាក់ ដែលត្រូវការព្យាបាលជំងឺឱកាសនិយម និងថ្នាំពន្យារជីវិត។ នៅក្នុងនោះដែរ អ្នកជំងឺប្រមាណ ៣ម៉ឺននាក់ទទួលបានការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ និងជំងឺឱកាសនិយម ពីក្រសួងសុខាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន។
ប្រទេសកម្ពុជាតាមរយៈជំនួយសហប្រតិបត្តិការ បានចំណាយប្រាក់ក្នុងការផ្ដល់ថ្នាំជំងឺឱកាសនិយម សេវាដឹកជញ្ជូន ការឧបត្ថម្ភអាហារ និងថ្នាំប្រឆាំងមេរោគអេដស៍ ដល់អ្នកជំងឺអេដស៍ ចំនួន ៥០លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំៗ៕
