ពលរដ្ឋខ្មែរក្នុងប្រទេសកម្ពុជាចំនួនច្រើន ចាប់អារម្មណ៍នឹងការបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ២០២៤
2024.11.06
ពលរដ្ឋខ្មែរមួយចំនួននៅកម្ពុជា ចាប់អារម្មណ៍និងតាមដានការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីនៅសហរដ្ឋអាមេរិកនៅថ្ងៃទី៥ ខែវិច្ឆិកា ខណៈពលរដ្ឋខ្លះទៀតថា មិនខ្វល់នឹងការបោះឆ្នោតនេះទេ ដោយសាររវល់រកប្រាក់ដោះស្រាយបញ្ហាជីវភាពគ្រួសារ។ អ្នកឃ្លាំមើលយល់ថា ទោះបីជាបេក្ខជនណាឈ្នះ ដណ្ដើមបានកៅអីប្រធានាធិបតីអាមេរិក ក៏មានឥទ្ធិពលលើពិភពលោកដូចគ្នា។
ស្របពេលទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក កំពុងជួបភាពរកាំរកូស ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៃប្រទេសមហាអំណាចសហរដ្ឋអាមេរិក បានទាញការយកចិត្តទុកដាក់តាមដានពីប្រជាពលរដ្ឋខ្មែរចំនួន និងពីអ្នកតាមដានស្ថានការណ៍នយោបាយគ្រប់មជ្ឈដ្ឋាន ទោះបីជាមានពលរដ្ឋខ្មែរខ្លះ មិនចង់ដឹង ចង់ឮ ព្រោះតែបញ្ហាជីវភាព និងប្រឹងតែរកប្រាក់ផ្គត់ផ្គង់គ្រួសារ។ ពលរដ្ឋខ្មែរភាគច្រើន ដែលវិទ្យុអាស៊ីសេរីបានធ្វើសម្ភាសន៍ បង្ហាញការចាប់អារម្មណ៍នឹងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកនៅឆ្នាំ២០២៤ នេះ។
ពលរដ្ឋខ្មែរដែលតាមដានការបោះឆ្នោតប្រធានាធិបតីអាមេរិក និយាយហេតុផលថា ពួកគាត់ចាប់អារម្មណ៍លើការបោះឆ្នោតនេះ ពីព្រោះសហរដ្ឋអាមេរិកជាមហាអំណាច ដែលមានសក្ដានុពលកាច់ចង្កូតពិភពលោក និងម្យ៉ាងទៀត ដោយសារតែដំណើរការនៃការបោះឆ្នោតអាមេរិក មានលក្ខណៈប្រជាធិបតេយ្យពេញលេញ ដែលពលរដ្ឋខ្មែរទូទៅ ស្រមៃចង់ឱ្យកើតមានឡើងបែបនេះ នៅប្រទេសកម្ពុជាដែរ
ពលរដ្ឋខ្មែរនៅរាជធានីភ្នំពេញ លោក ស៊ឹម សារិត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៥ ខែវិច្ឆិកាថា ការបោះឆ្នោតនៅសហរដ្ឋអាមេរិក អនុវត្តតាមច្បាប់ត្រឹមត្រូវ និងបើកចំហសេរីភាពប្រកួតប្រជែង ហើយគោលនយោបាយរបស់គណបក្សនីមួយៗ ធ្វើដើម្បីការរីកចម្រើនរបស់ប្រជាពលរដ្ឋ ដែលផ្ទុយស្រឡះពីស្ថានភាពនៅប្រទេសកម្ពុជា។
លោក ស៊ឹម សារិត៖ «ចង់បានជម្រើសរើសដូចស្រុកគ្នា ព្រោះរស់លើពិភពលោក តែមួយទេ។ អ៊ីចឹងយើងត្រូវធ្វើអ្វីតាមគេខ្លះទៅ បានជឿនលឿនរីកចម្រើនបើមិនធ្វើ តាមប្រទេសអ្នកមានធំៗ ទេ គឺមិនរីកចម្រើនទេ ចង់បានយុត្តិធម៌ អព្យាក្រឹត ត្រឹមត្រូវ មិនរំលោភបំពានប្រជាពលរដ្ឋ»។
ចំណែកឯពលរដ្ឋនៅខេត្តសៀមរាប លោកស្រី គីម សុខលាង ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៦ ខែវិច្ឆិកា ថា លោកស្រីផ្ដោតចំណាប់អារម្មណ៍លើការបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ២០២៤ ដោយសារការបោះឆ្នោតលើកនេះ មានបេក្ខជនស្ត្រីចូលរួមប្រកួតដែរ។ លោកស្រីសរសើរការបោះឆ្នោតនៅសហរដ្ឋអាមេរិកថា មានភាពសុក្រឹត និងយុត្តិធម៌ ដែលលោកស្រីចង់ឃើញការប្រកួតប្រជែងបែបនេះ នៅប្រទេសកម្ពុជាដែរ។
លោកស្រី គីម សុខលាង៖ «ខ្ញុំគាំទ្រទៅលើការបោះឆ្នោតសុក្រឹត ហើយសូមឱ្យតាមដានមើលគេ កុំឱ្យមានការដូរស្លឹកឆ្នោត ហើយទិញទឹកចិត្តប្រជាជន វាអត់សុក្រឹតទេ តាំងពីបោះឆ្នោតមករហូត តាំងពីខ្ញុំចេះបោះឆ្នោតមក។ ខ្ញុំលែងចង់ចូលរួមបោះឆ្នោតហើយ ព្រោះវាអត់សុក្រឹត វាប្ដូរស្លឹកឆ្នោតទាំងអស់ហ្នឹង។ បើនិយាយទៅរដ្ឋាភិបាលធ្វើការ ដើម្បីបក្ខពួកនិយមហ្នឹង បើកចំហតែម្ដង»។
យ៉ាងណាពលរដ្ឋនៅរាជធានីភ្នំពេញលោក ជី សាវី ថា លោកមិនបានតាមដាន ការបោះឆ្នោតនៅសហរដ្ឋអាមេរិកទេ ព្រោះជាប់រវល់ប្រកបរបររកប្រាក់ដោះស្រាយ បញ្ហាគ្រួសារ។
លោក ជី សាវី៖ «អាល័យជាប់រវល់រកស៊ីនិយាយឱ្យចំមិនដែលដឹង មិនដែលសូវតាមដានមើល។ ដល់ពេលអ៊ីចឹងមិនសូវដឹង។ និយាយឱ្យចំ មិនសូវបានមើលទូរស័ព្ទ»។
ចំណែកមេដឹកនាំកម្ពុជា ក៏បានបញ្ចេញសារយល់ឃើញរបស់ខ្លួន ចំពោះការបោះឆ្នោតនៅសហរដ្ឋអាមេរិកនេះដែរ។ ក្នុងលិខិតចុះថ្ងៃទី៦ ខែវិច្ឆិកា ផ្ញើជូនលោក ដូណាល់ ត្រាំ ដែលត្រូវបានប្រកាសមិនទាន់ផ្លូវការថា ជាអ្នកឈ្នះការបោះឆ្នោត ជាប្រវត្តិសាស្ត្រនេះ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានសម្ដែងការអបអរសាទរចំពោះការវិលត្រឡប់មកកាន់កាប់សិតវិមានរបស់លោកជាលើកទីពីរ។
រីឯប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន វិញ បានសរសេរលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី៦ ខែវិច្ឆិកាថា «សង្គមរបស់សហរដ្ឋអាមេរិក មិនទាន់ត្រៀមខ្លួន ដើម្បីយកស្ត្រីធ្វើជាមេដឹកនាំរបស់ខ្លួនទេ បើទោះបីសហរដ្ឋ អាមេរិកជាបិតាប្រជាធិបតេយ្យផ្នែកយេនឌ័រក៏ដោយ។ ដែលចំណុចនេះបង្ហាញថាអាមេរិកដើរក្រោយអាស៊ាន ដែលធ្លាប់មាននិងកំពុងមានមេដឹកនាំជាស្រ្តី ដូចជានៅប្រទេសថៃ ហ្វីលីពីន និងឥណ្ឌូនេស៊ី»។ លោក ហ៊ុន សែន ក៏មិនភ្លេចបន្ថែមថា មុនការបោះឆ្នោតលោក ដូណាល់ ត្រាំ បានផ្ញើសារជូនពលរដ្ឋអាមេរិក និងជុំវិញពិភពលោកអំពីការស្រឡាញ់ សន្តិភាព ស្អប់ខ្ពើមសង្គ្រាម ដែលហៅថា «សន្តិភាពនិយម» ទើបសន្លឹករបស់លោក ត្រាំ ទទួលបានជោគជ័យ។
ការបោះឆ្នោតនៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី៥ ខែវិច្ឆិកា មានបេក្ខជនសំខាន់ ពីររូបលោក ដូណាល់ ត្រាំ (Donald Trump) មកពីគណបក្សសាធារណរដ្ឋ និងអ្នកស្រី កាម៉ាឡា ហារីស៍ (Kamala Harris) នៃគណបក្សប្រជាធិបតេយ្យចូលរួមប្រកួតប្រជែងគ្នា ដណ្ដើមតំណែងប្រធានាធិបតីលើកទី៤៧ នៃប្រទេស មហាអំណាចទី១លើពិភពលោកនេះ។
លទ្ធផលក្រៅផ្លូវការ នៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ២០២៤ គឺអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ជាអ្នកដណ្ដើមបានជ័យ ជម្នះ។ អ្នកឃ្លាំមើលយល់ថា ទោះបីជាគណបក្សណាឈ្នះការបោះឆ្នោត ដឹកនាំសហរដ្ឋអាមេរិកក៏ដោយ ក៏នៅតែមានឥទ្ធិពលលើពិភពលោក និងផ្ដោតលើការជំរុញប្រជាធិបតេយ្យដូចគ្នា។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិលោក ឯម សុវណ្ណារ៉ា លើកឡើងថា គណបក្សសាធារណរដ្ឋ មិនផ្ដោតសំខាន់លើគោលនយោបាយការបរទេសទេ ពោលគឺផលប្រយោជន៍ពលរដ្ឋអាមេរិក ហើយឥទ្ធិពលអាមេរិក ក៏ថយចុះ ដោយអាមេរិកមិនសូវយកចិត្តទុកដាក់លើបញ្ហាសកលលោក និងប្រទេសតូចៗ ឡើយ។
យ៉ាងណាក៏ដោយ លោកយល់ថា ទោះបីជាគណបក្សណាឈ្នះក៏ដោយ យន្តការរបស់ សហរដ្ឋអាមេរិក គឺជំរុញប្រជាធិបតេយ្យដូចគ្នា ហើយសហរដ្ឋអាមេរិកយកចិត្តទុកដាក់នឹងបញ្ហាប្រជាធិបតេយ្យកម្ពុជា និងសហរដ្ឋអាមេរិក សុទ្ធតែជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
លោក ឯម សុវណ្ណារ៉ា៖ «ខ្ញុំគិតថា សហរដ្ឋអាមេរិកបក្សណាឈ្នះក៏ដោយយន្តការជំរុញឱ្យបណ្ដារដ្ឋអនុវត្តគោលការណ៍ប្រជាធិបតេយ្យមានហើយ ក៏ប៉ុន្តែគណបក្សសាធារណរដ្ឋហាក់ដូចមិនសូវយកចិត្តទុកដាក់ខ្លាំង ប្រទេសតូចៗដូចកម្ពុជា។ គណបក្សប្រជាធិបតេយ្យ ហាក់ដូចជាមានការឈឺឆ្អាលយកចិត្តទុកដាក់ច្រើនជាង។គ្រាន់តែខ្ញុំគិតថា បញ្ហាដែលកើតឡើងគណបក្សណាជាប់ លោក ដូ ណាល់ត្រំា ជាប់ឬក៏អ្នកស្រី កាម៉ាឡា ហារីស៍ ជាប់ក៏ដោយ យន្តការប្រជាធិបតេយ្យអាចនឹងកើតមានដោយសារតែកម្ពុជាជារដ្ឋហត្ថលេខីមួយ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយសហរដ្ឋអាមេរិកក៏ជារដ្ឋភាគីហត្ថលេខីមួយដែរ ហើយជាមហាអំណាច ជាប្រទេសគំរូមួយខាងប្រជាធិបតេយ្យបណ្ដាពលរដ្ឋនៅលើសកលលោកសង្ឃឹម»។
ចំណែកឯអ្នកតាមដានភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិកលោក សេង វ៉ាន់លី លើកឡើងថា គណបក្សណាមួយឈ្នះ ក៏គោលនយោបាយរបស់ សហរដ្ឋអាមេរិកប្រឆាំងនឹងចិន នៅតែប្រហាក់ប្រហែលគ្នា។
លោក សេង វ៉ាន់លី៖ «ត្រាំផ្ដោតទៅលើសំខាន់ទៅលើការទប់ចិន ពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ច។ ដូច្នេះ រាល់ក្រុមហ៊ុនបរទេសមិនថា ក្រុមហ៊ុនណាទេ ដែលរកស៊ីជាមួយចិន នឹងរងហានិភ័យរឹតត្បិតនាំទីផ្សារខ្លួនទៅលក់នៅអាមេរិក។ ដោយឡែកកិច្ចសហប្រតិបត្តិការចិនជាមួយប្រទេសដទៃដូចជាកម្ពុជា ដែលមានភាពជិតដិតហ្នឹង អាមេរិកនឹងកាន់តែដាក់សម្ពាធបន្ថែម។ ក៏ប៉ុន្តែ ការដាក់សម្ពាធនេះ គឺផ្ដោតសំខាន់ លើផ្នែកលើសេដ្ឋកិច្ចមិនមែនជាការដាក់សម្ពាធទៅសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដោយសារគណបក្សសាធារណរដ្ឋហាក់មិនសូវចាប់អារម្មណ៍ស្ថានភាពការរំលោភសិទ្ធិមនុស្ស»។
លោក សេង វ៉ាន់លី យល់ថា កាលណាជ័យជម្នះជារបស់គណបក្សសាធារណរដ្ឋ នោះសង្គ្រាមពាណិជ្ជកម្មអាមេរិក និងចិននឹងកើនឡើង ដោយសារគោលនយោបាយសំខាន់របស់គណបក្សសាធារណរដ្ឋ គឺការគាំពារនិយម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។