តុលាការអូស្ត្រាលីកាត់ទោសកូនមន្ត្រីជាន់ខ្ពស់ខ្មែរម្នាក់ ឱ្យជាប់គុក ១២ឆ្នាំ រឿងបើកឡានបុកមនុស្សពីរនាក់ស្លាប់
2024.09.21
តុលាការអូស្ត្រាលី កាត់ទោសកូនប្រុសរបស់មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃម្នាក់ ឲ្យជាប់ពន្ធនាគារ ១២ឆ្នាំ ពាក់ព័ន្ធនឹងករណីបើកឡានក្នុងល្បឿនលឿនបំពានភ្លើងស្តុបក្រហម បណ្ដាលឲ្យបុកប្តីប្រពន្ធមួយគូស្លាប់យ៉ាងរន្ធត់នៅទីក្រុងម៉ែលប៊ន (Melbourne)។
កូនប្រុសរបស់អ្នកមានអំណាចខ្មែរម្នាក់ ឈ្មោះ ឌឿន ឧត្តមសេនីយ៍ ដែលបើករថយន្តទំនើបក្នុងល្បឿនលឿនឆ្លងកាត់ភ្លើងស្តុបពណ៌ក្រហម បោលទៅបុករថយន្តប្តីប្រពន្ធមួយគូបណ្ដាលឲ្យពួកគេទាំងពីរស្លាប់យ៉ាងរន្ធត់ កាលពីឆ្នាំមុននោះ ពេលនេះតុលាការប្រទេសអូស្ត្រាលី បានសម្រេចកាត់ទោសឲ្យជាប់ពន្ធនាគារ ១២ឆ្នាំ។
របាយការណ៍ប៉ូលិសរដ្ឋវិចតូរីយ៉ា (Victoria) ឲ្យដឹងថា កាលពីព្រលប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ លោក ឌឿន ឧត្តមសេនីយ៍ អាយុ ២៥ឆ្នាំ និងអ្នករួមដំណើរម្នាក់ បានផឹកស្រាក្រហមស្រវឹង រួចបើកឡានប្រភេទ BMW ក្នុងល្បឿនជាង ២០០គីឡូម៉ែត្រក្នុងមួយម៉ោង (២១៣km/h) តាមបណ្ដោយផ្លូវ ដែលកំណត់ល្បឿនត្រឹម ៧០គីឡូម៉ែត្រក្នុងមួយម៉ោង (70km/h) ឆ្លងបំពានភ្លើងស្តុបក្រហម នៅចំណុចផ្លូវប្រសព្វតំបន់ខៅហ្វៀល សៅ (Caufield South) ក្រុងម៉ែលប៊ន (Melbourne) បណ្ដាលឲ្យបុកឡានប្ដីប្រពន្ធមួយគូក្រឡាប់ជាច្រើនដង។ គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឲ្យប្ដីប្រពន្ធវ័យក្មេងទាំងពីរនាក់ ដែលមានកំណើតជាជនជាតិនេប៉ាល់បានស្លាប់ភ្លាមៗ ក្នុងរថយន្ត។ លោក ឌឿន ឧត្តមសេនីយ៍ និងមិត្តភ័ក្ដិ ក៏រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់ដែរ ប៉ុន្តែ ស្ថិតក្រោមការគ្រប់គ្រងរបស់ប៉ូលិស។ របាយការណ៍ប៉ូលិសបន្តថា តាមចម្លើយរបស់អ្នករួមដំណើរក្នុងរថយន្តរបស់ជនបង្កឲ្យដឹងថា គាត់ បានព្យាយាមស្រែកប្រាប់លោក ឌឿន ឧត្តម ឲ្យឈប់រថយន្តដែរ នៅពេលភ្លើងសញ្ញាស្តុបចរាចរណ៍ប្ដូរទៅពណ៌ក្រហម ប៉ុន្តែ ជនបង្កមិនស្ដាប់តាមនោះទេ ដោយកាន់តែជាន់បន្ថែមល្បឿនថែមទៀត។
ចៅក្រមនៃតុលាការរដ្ឋវិចតូរីយ៉ា អ្នកស្រី ជៀនេត ម៉ូរីស (Jeanette Morrish ) កាលពីសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ បានអានសេចក្ដីថ្លែងការណ៍ពីផលប៉ះពាល់របស់ជនរងគ្រោះថា ការស្លាប់របស់ប្ដីប្រពន្ធមួយគូនេះ បានធ្វើឲ្យគ្រួសាររបស់ពួកគេឯកោ ហើយម្ដាយជនរងគ្រោះ តែងតែយំរាល់ថ្ងៃរហូតដល់គាត់សន្លប់បាត់ស្មារតី។ អ្នកស្រីចៅក្រមបន្តថា ការបើកបរដោយជាន់ល្បឿនពេញទំហឹងរបស់លោក ឌឿន ឧត្តមសេនីយ៍ គឺជាហេតុផលតែមួយគត់ នៃការស្លាប់របស់ជនរងគ្រោះទាំងពីរនាក់។ អ្នកស្រីចៅក្រម បន្ថែមថា ជនបង្កបានផឹកស្រាក្រហមក្នុងពេលជួបជុំអាហារពេលល្ងាចជាមួយមិត្តភ័ក្ដិ ដោយប៉ូលិសពិនិត្យឃើញមានជាតិអាល់កុលក្នុងឈាមកម្រិត ០.០១៦ និងគ្មានប័ណ្ណបើកបរអូស្ត្រាលីនោះទេ។ ចៅក្រម ជៀនេត ម៉ូរីស សម្រេចឲ្យលោក ឌឿន ឧត្តម មានទោសជាប់ពន្ធនាគារ ១២ឆ្នាំ និង ៩ខែ ប៉ុន្តែ ក្រោយពីជាប់ពន្ធនាគារ ៨ឆ្នាំរួច គាត់អាចស្នើសុំទៅតុលាការពិចារណាដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។
ក្នុងពេលតុលាការសម្រេចក្តីរឿងនេះ សាច់ញាតិរបស់ជនរងគ្រោះ ពោរពេញដោយទឹកមុខក្រៀមក្រំ។ ចំណែកសាច់ញាតិរបស់លោក ឌឿន ឧត្ដមសេនីយ៍ ដែលបានចូលស្ដាប់ការប្រកាសសាលក្រមរបស់តុលាការដែរនោះ ពួកគេនាំគ្នានិយាយសើចសប្បាយ ហាក់គ្មានវិប្បដិសារី ឬហាក់មិនខ្វាយខ្វល់ ចំពោះអារម្មណ៍របស់គ្រួសារជនរងគ្រោះនោះទេ។ នៅឯមុខតុលាការ អ្នកកាសែតអូស្ត្រាលី បានចោទសួរសាច់ញាតិរបស់លោក ឌឿន ឧត្ដមសេនីយ៍ ថា ហេតុអ្វីបានជាពួកគេ សើចសប្បាយនៅពេលលោក ឌឿន ឧត្ដមសេនីយ៍ បានសម្លាប់មនុស្សដល់ទៅពីរនាក់ ប៉ុន្តែ ពួកគេឆ្លើយបដិសេធហើយដើរចេញ។
លោក ឌឿន ឧត្តមសេនីយ៍ អាយុ ២៥ឆ្នាំ គឺជាកូនប្រុសរបស់រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ឌឿន សុវណ្ណ ដែលគេដឹងថា ជាបុគ្គលម្នាក់មានទាំងលុយមានទាំងអំណាច នៅក្នុងក្រសួងមហាផ្ទៃ។
ទាក់ទងរឿងនេះ វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបបន្ថែមពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បាននៅឡើយទេ។
ឯកសាររបស់តុលាការអូស្ត្រាលីបង្ហាញថា លោក ឌឿន ឧត្ដមសេនីយ៍ ធ្លាប់រៀននៅសាលាអន្តរជាតិដ៏មានកេរ្តិ៍ឈ្មោះមួយនៅស្រុកខ្មែរ ហើយបន្ទាប់មក ត្រូវបានឪពុកម្ដាយបញ្ជូនឲ្យមករៀនបន្ត នៅអូស្ត្រាលីតាំងពីអាយុ ១៦ឆ្នាំ។
អ្នកឃ្លាំមើលសិទ្ធិមនុស្ស និងសង្គម លោក ស៊ឹង សែនករុណា លើកឡើងថា ករណីនេះ គឺជារឿងអាម៉ាស់មួយសម្រាប់ជាតិសាសន៍ខ្មែរ ហើយករណីនេះ ក៏ជាមេរៀនមួយសម្រាប់កូនចៅអ្នកមានលុយមានអំណាច គឺពួកគេ មិនអាចអាងអំណាចឪពុកម្ដាយ ហើយចេះតែធ្វើអ្វីតាមអំពើចិត្ត នៅលើទឹកដីប្រទេស ដែលមានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេ។ លោក ក៏ជំរុញក្រសួងមហាផ្ទៃឱ្យស៊ើបអង្កេត និងដកតួនាទីរបស់លោក ឌឿន ឧត្ដមសេនីយ៍ ផងដែរ ប្រសិនបើលោកពិតជាមានតួនាទីក្នុងក្រសួងមហាផ្ទៃជាមួយឪពុក។
លោក ស៊ឹង សែនករុណា៖ «វាជាករណីកម្រ ស្ទើរតែមិនមានតែម្ដង នៅក្នុងប្រទេសអូស្ត្រាលី ហើយមានមួយករណីនេះ បង្កឡើងដោយជនជាតិខ្មែរយើងទៅទៀត។ អ៊ីចឹង កូនអ្នកមានអ្នកធំ យើងដឹងហើយ តែងតែធ្វើព្យុះភ្លៀង នៅក្នុងប្រទេសកម្ពុជាយើង បានតាមអំពើចិត្ត ហើយមកប្រព្រឹត្តអំពើនេះនៅប្រទេសអូស្ត្រាលី យើងឃើញថា មិនអាចរួចពីសំណាញ់ច្បាប់ទេ។ ប៉ុន្តែ បើថាប្រទេសយើងវិញ គឺមានការពិបាក ដោយសារតែបក្សពួកនិយម ដោយសារតែសែស្រឡាយអ្នកមានអំណាចអីហ្នឹង គឺតែងតែគេចវេះបានពីសំណាញ់ច្បាប់ ឬក៏អនុវត្តច្បាប់បានតែមួយប្រាវ មួយភ្លែតអ៊ីចឹងទៅ រួចក៏រួចខ្លួនក្រៅសំណាច់ច្បាប់អ៊ីចឹងទៅ។ អ៊ីចឹង ធ្វើឱ្យអ្នកទាំងអស់នោះបានចិត្ត»។
កន្លងមក ក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជា ដែលអួតអំពីស្រុកសន្តិភាព និងជឿនលឿនមិនចាញ់បរទេសនោះ តែងចំណាយលុយបញ្ជូនកូនចៅឲ្យមករស់នៅ និងរៀនសូត្រក្នុងប្រទេសអូស្ត្រាលី។ ក្រុមកូនចៅរបស់មន្ត្រីទាំងនោះភាគច្រើន តែងប្រើជីវិតរស់នៅយ៉ាងហ៊ឺហា ទិញផ្ទះធំៗ និងឡានទំនើបៗ ទោះបីជាឪពុកម្ដាយរបស់ពួកគេ ជាមន្ត្រីរាជការក្នុងប្រទេសក្រីក្រ និងមានប្រាក់ខែបន្តិចបន្តួចក៏ដោយ។
ងាកទៅករណីលោក ឌឿន ឧត្តមសេនីយ៍ វិញ លោកនឹងចំណាយពេលជាប់ឃុំក្នុងពន្ធនាគារប្រទេសអូស្ត្រាលីរយៈពេល ១២ឆ្នាំ ហើយបន្ទាប់មកកូនប្រុសរបស់រដ្ឋលេខាធិការក្រសួងមហាផ្ទៃរូបនេះ នឹងប្រឈមអាជ្ញាធរអូស្ត្រាលី បញ្ជូនទៅប្រទេសកម្ពុជាវិញ បន្ទាប់ពីជាប់ទោសរួច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។