លោក ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលហាក់ស្ងៀមស្ងាត់ ប៉ុន្តែធ្វើការងារយ៉ាងសកម្មរឿងបញ្ហាព្រំដែន

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា បើទោះបីជារដ្ឋាភិបាលហាក់ស្ងៀមស្ងាត់ ប៉ុន្តែបានធ្វើការងារយ៉ាងសកម្មដើម្បីដោះស្រាយបញ្ហាព្រំដែន។ ការចេញមកបំភ្លឺនេះ ស្របពេលពលរដ្ឋនិងអ្នកនយោបាយប្រឆាំងបានរិះគន់ការស្ងៀមស្ងាត់និងអត់ធ្មត់ ថាបានធ្វើឱ្យយោធាថៃអាចបំពានលើបូរណភាពទឹកដីកម្ពុជាតាមអំពើចិត្ត។

ហ៊ុន ម៉ាណែត៖ បើទោះជារដ្ឋាភិបាលហាក់ស្ងៀមស្ងាត់ តែធ្វើការយ៉ាងសកម្ម ដើម្បីដោះស្រាយបញ្ហាព្រំដែន លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា បើទោះបីជារដ្ឋាភិបាលហាក់ស្ងៀមស្ងាត់ ប៉ុន្តែបានធ្វើការងារយ៉ាងសកម្ម ដើម្បីដោះស្រាយបញ្ហាព្រំដែន។

លោក ហ៊ុន ម៉ាណែត បាន​សរសេរ​សារ​បង្ហោះ​តាម​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី០៩ ខែកញ្ញា អំពាវនាវ​ឱ្យ​ពលរដ្ឋ​បន្ត​ជឿ​ទុក​ចិត្ត​លើ​រដ្ឋាភិបាល​ដែល​កំពុង​ធ្វើ​ការងារ​យ៉ាង​សកម្ម ដើម្បី​រក​ដំណោះស្រាយ​បញ្ចប់​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​ឱ្យ​បាន​ឆាប់​រហ័ស បើទោះជា​ការងារ​ជាច្រើន​ទាំង​នោះ​មិន​ត្រូវ​បាន​ផ្សព្វផ្សាយ​ជាសាធារណៈ និង​មើល​ទៅ​ហាក់​ដូច​ជា​មាន​ភាព​ស្ងៀមស្ងាត់​ពេក​ក៏ដោយ។

លោក​បាន​បន្ត​ថា មូលហេតុ​រូប​លោក និង​ឥស្សរជន​សំខាន់ៗ មិន​បញ្ចេញ​សារ​តាម​បណ្ដាញ​សង្គម និង​ទូរទស្សន៍​ជា​ប្រចាំ ហើយ​ទុក​ភារកិច្ច​ឱ្យ​អ្នកនាំពាក្យ​រដ្ឋាភិបាល អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ និង​អ្នកនាំពាក្យ​ក្រសួង​ការបរទេស ធ្វើ​សន្និសីទ​សារព័ត៌មាន ដោយសារ​សភាពការ​ប្រែប្រួល​លឿន​និង​មិន​ច្បាស់លាស់ ហើយ​ដើម្បី​ធានា​សុក្រឹតភាព​ព័ត៌មាន កុំ​ឱ្យ​ពលរដ្ឋ​ច្របូកច្របល់​ក្នុង​ផ្លូវ​អារម្មណ៍។

លោក ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ទៀត​ថា ចាត់​តាំង​ពី​មាន​បទ​ឈប់​បាញ់​នៅ​ពាក់​កណ្ដាល​យប់​ថ្ងៃ​ទី២៨ ខែកក្កដា រដ្ឋាភិបាល​មិន​បាន​បញ្ជា​ឱ្យ​កងទ័ព​ជួរ​មុខ​ដក​ថយ​ឡើយ ហើយ​ក៏​គ្មាន​កិច្ច​ប្រជុំ​ទ្វេ​ឬ​ចរចា​ទ្វេ​ភាគី ដែល​មាន​ភ្ជាប់​លក្ខខណ្ឌ​ដោះដូរ​ដី​ជាមួយ​ប្រទេស​ថៃ​នោះ​ដែរ។

ការចេញបកស្រាយរបស់លោក ហ៊ុន ម៉ាណែត នៅពេលនេះ បានធ្វើឡើងស្របពេលពលរដ្ឋ​ និង​មន្ត្រី​គណបក្ស​ប្រឆាំង​បាន​រិះគន់​ថា ការ​ប្រកាស​ឱ្យ​​កងទ័ពកម្ពុជា​ស្ងៀមស្ងាត់ និង​អត់ធ្មត់ បាន​ធ្វើ​ឱ្យ​ទាហាន​ថៃ​ដើរ​រាយ​បន្លាលួស​តាម​អំពើចិត្តតាមព្រំដែន ឈូសឆាយធ្វើផ្លូវ និងជីកធ្វើលេណដ្ឋាន ហើយបាន​ព័ទ្ធយក​ប្រាសាទ​តាមាន់ធំ ភ្នំទ្រព្យ និង​បណ្ដេញ​ពលរដ្ឋ​ខ្មែរ​នៅ​តាម​ព្រំដែន​ចេញ​ពី​លំនៅឋាន​ជាដើម។

អតីត​តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ុំ សំអាន បាន​យល់ឃើញ​ថា ការ​លើកឡើង​របស់​លោក ហ៊ុន ម៉ាណែត នៅ​ពេល​នេះ គ្រាន់​តែ​ជា​លេស​ដោះសា​យក​រួច​ខ្លួន។ លោក​បាន​បន្ត​ថា លោក ហ៊ុន ម៉ាណែត មិន​ហ៊ាន​បញ្ជា​ឱ្យ​កងទ័ព​កម្ពុជា​ទៅ​ដក​បន្លា​លួស​ដែល​ទាហាន​ថៃ​រាយ​តាម​ព្រំដែន ដោយសារ​ខ្លាច​ផ្ទុះ​សង្គ្រាម​ជា​លើក​ទី២ អាច​ធ្វើ​ឱ្យ​ប៉ះពាល់​អំណាច​របស់​ខ្លួន។

បើ​គាត់ (ហ៊ុន ម៉ាណែត) ថា​មិន​ស្ងៀមស្ងាត់ គាត់​គួរ​តែ​មាន​ចំណាត់ការ​ឱ្យ​ប្រជាពលរដ្ឋ​ឃើញ​ជាក់ស្ដែង​ទៅ គឺ​បញ្ជា​ឱ្យ​ទាហាន​ទៅ​រើ​បន្លា​លួស​នៅ​ភូមិ​ជោគជ័យ និង​ភូមព្រៃចាន់ និង​មើល​ការ​ខុសត្រូវ​សួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​តង់​នៅ​ក្នុង​ភូមិ​ទាំង​ពីរ​ហ្នឹង ហើយ​តំបន់​ផ្សេង​ទៀត។ ដូច​ជា​ច្រកអានសេះ ប្រាសាទតាមាន់ធំ និងភ្នំទ្រព្យ ត្រូវ​ទៅ​រើ​បន្លា​លួស​ចេញ យក​ដី​ហ្នឹង​មក​វិញ កុំ​ឱ្យ​បាត់បង់​ទឹក​ដី។

—  លោក អ៊ុំ សំអាន

មន្ត្រី​គណបក្ស​ប្រឆាំង​រូប​នេះ ក៏​បាន​ជំរុញ​ឱ្យ​លោក ហ៊ុន ម៉ាណែត ត្រូវ​ពន្លឿន​យក​សំណុំ​រឿង​ព្រំដែន​នៅ​តំបន់​ប្រាសាទ​តាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និង​តំបន់មុំបី រួម​ទាំង​បញ្ចូន​តំបន់​ភ្នំទ្រព្យ និង​តំបន់​អានសេះ ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដោយ​មិន​ត្រូវ​អូស​បន្លាយ​ពេល​យូរ​ទៀត​នោះ​ទេ។

ទោះជាយ៉ាងណា​លោក ហ៊ុន ម៉ាណែត គ្រាន់​តែ​បញ្ជាក់​ថា កម្ពុជា​បន្ត​ប្រកាន់​យក​ជំហរ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី តាមរយៈ​ការ​ប្រើប្រាស់​យន្តការ​ព្រំដែន​ដែល​មាន​ស្រាប់ គឺ​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា-ថៃ (JBC) និង​ផ្អែក​លើ​មូលដ្ឋាន​នៃ​កិច្ចព្រមព្រៀង​រវាង​កម្ពុជា​និង​ថៃ រួម​ទាំង​សន្ធិ​សញ្ញា​ពាក់ព័ន្ធ និង​ច្បាប់​អន្តរជាតិ ប៉ុន្តែ​មិន​បាន​បញ្ជាក់​រឿង​ដំណើរការ​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។