ពលរដ្ឋ​ជំរុញ​ឱ្យ​កម្ពុជា​ពង្រឹង​គុណភាព​សុខាភិបាល ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​របស់​ពលរដ្ឋ​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស

ដោយ ទីន ហ្សាការីយ៉ា
2024.09.17
ពលរដ្ឋ​ជំរុញ​ឱ្យ​កម្ពុជា​ពង្រឹង​គុណភាព​សុខាភិបាល ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​របស់​ពលរដ្ឋ​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស ទិដ្ឋភាព​មនុស្ស​ទៅព្យាបាលជំងឺ​នៅ​មន្ទីរពេទ្យ​ នា​ទីក្រុង​បាងកក ប្រទេស​ថៃ កាល​ពីថ្ងៃទី១៥ កញ្ញា ២០២៤។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ពលរដ្ឋ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពង្រឹង​គុណភាព​ សេវា​សុខាភិបាល​ក្នុង​ស្រុក​ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ របស់​ពលរដ្ឋ​ទៅ​ព្យាបាល​ជំងឺ​​នៅ​ក្រៅ​ប្រទេស​។ ពួក​គាត់​ថា ជា​ច្រើន​ឆ្នាំ​មក​នេះ​ វិស័យ​សុខាភិបាល​​នៅ​កម្ពុជា ពុំ​សូវ​មាន​គុណភាព​ក្នុង​ការ​ព្យាបាល​ឱ្យ​បាន​​ត្រឹម​ត្រូវ​ ​​ករណី​នេះ​ ឱ្យ​ពលរដ្ឋ​ភាគ​ច្រើន​ ខ្លាច​រអា និង​ អស់​ជំនឿ​ចិត្ត។ ជា​ពិសេស​ ​បញ្ហា​កង្វះ​ក្រម​សីល​ធម៌​វិជ្ជាជីវៈ​ របស់​បុគ្គលិក​ពេទ្យ​ ចំពោះ​អ្នក​​ជំងឺ។

កង្វះ​គុណភាព ​ព្យាបាល​ជំងឺ​ ពុំ​បាន​ត្រឹម​ត្រូវ​​ នៅ​ក្នុង​ស្រុក​ បាន​ជំរុញ​ឱ្យ​ពលរដ្ឋ​​ភាគ​ច្រើន​ ដែល​មាន​ជីវភាព​សមរម្យ ​រាប់​ចាប់​តាំង​ពី​មន្ត្រី​រាជការ​ អ្នក​ជំនួញ​ អ្នក​នយោបាយ និង​ពលរដ្ឋ​ធម្មតា​ បាន​ជ្រើសរើស​ សេវា​ព្យាបាល​នៅ​ក្រៅ​ប្រទេស រួច​មាន​ប្រទេស​ថៃ វៀតណាម និង​សិង្ហបុរី​ ជាដើម។ ពួក​គាត់​ថា បើ​ទោះ​បី​ ជា​ការ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​ចំណាយ​ច្រើន លើ​​ការ​ធ្វើ​ដំណើរ ការ​ស្នាក់​នៅ​ និង​ថ្លៃ​ព្យាបាល​ជំងឺ​ក្ដី ​​ តែ​មាន​សុវត្ថិភាព ជាង​ព្យាបាល​នៅ​កម្ពុជា។

អ្នក​បក​ប្រែ​ភាសា និង​​នាំ​ប្រជា​ពលរដ្ឋ​ខ្មែរ​ មក​​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ​ លោក នរៈ ប៊ុនអេម ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា​​ ជា​រៀង​​រាល់​ថ្ងៃ​ លោក​សង្កេត​ឃើញ​ថា​ មាន​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ រួម​មាន​ មន្ត្រី​រាជការ អ្នក​ជំនួញ និង​ពលរដ្ឋ​ធម្មតា ចន្លោះ​ពី​ ៥០០​នាក់​ ទៅ​១ពាន់​នាក់​ មក​ទទួល​សេវា​ព្យាបាល​ជំងឺ​ ​នៅ​ប្រទេស​ថៃ។ លោក​ថា​តំបន់​ដែល​ពលរដ្ឋ​ខ្មែរ​ ចូល​ចិត្ត​ទៅ​ព្យាបាល​ជំងឺ​​ គឺ​នៅ​ទីក្រុង​បាងកក ​និង​ខេត្ត​សុរិន្ទ។

លោក​បញ្ជាក់​ថា​​ ការណ៍​ដែល​ពលរដ្ឋ​ខ្មែរ​ចូល​ចិត្ត​មក​ព្យាបាល​នៅ​​ប្រទេស​ថៃ​​​ ដោយ​សារ​តែ​ មាន​គុណភាព​ល្អ​ ជា​ង​នៅ​កម្ពុជា។ ជា​ឧទាហរណ៍ លោក​ថា​ ជំងឺ​ខ្លះ ពិនិត្យ ​នៅ​ខ្មែរ​ តម្រូវ​ឱ្យ​វះកាត់ ដែល​ត្រូវ​ចំណាយ​ថវិកា​ ចន្លោះ​ពី​​ ៤​ពាន់​ ដុល្លារ ទៅ​៥ដុល្លារ ក៏​ប៉ុន្តែ​ នៅ​ប្រទេស​ថៃ​ មិន​ត្រូវ​វះកាត់​នោះ​ទេ​ គ្រាន់​តែ​ឱ្យ​ថ្នាំ​លេប​ និង​តាម​ដាន​ជំងឺ​ប្រចាំ​ថ្ងៃ។ បន្ថែម​ពី​នោះ លោក​ថា​ បុគ្គលិក​ពេទ្យ​ថៃ ភាគ​ច្រើន​​និយាយ​ស្ដី​គោរព និង​ ផ្ដល់​តម្លៃ​ដល់​អ្នក​ជំងឺ​ បូក​រួម​នឹង​បរិវេណ​ក្នុង​មន្ទីរ​ពេទ្យ​មាន​អនាម័យ​ល្អ ដែល​ធ្វើ​ឱ្យ​ អ្នក​ជំងឺ​ភាគ​ច្រើន​​មាន​អារម្មណ៍​ល្អ ក្នុង​ការ​សម្រាក​ព្យាបាល។

លោក នរៈ ប៊ុនអេម៖ «ទាក់ទង​ឆ្អឹង​ ឬ​ទាក់ទង​វះកាត់ ពេទ្យ​ធំ​ៗ នៅ​ភ្នំពេញ​វះ​ហើយ​អត់​ជោគជ័យ​ហើយ​ប៉ះពាល់​សុខភាព​អី​ផ្សេង​ៗ​ទៀត ហើយ​ក៏​បញ្ជូន​មក​ប្រទេស​ថៃ ដើម្បី​វះកាត់​ កែសម្រួល​ឱ្យ​ស្អាត​វិញ​អ៊ីចឹង​ទៅ​។ អ៊ីចឹង ប្រព័ន្ធ​ពេទ្យ​ស្រុក​យើង​ខ្វះខាត​ច្រើន​។ បើ​ពេទ្យ​តាម​ខេត្ត​គឺ​ចប់​ហ្មង ឧបករណ៍​អត់​មាន​ រហូត​ដល់​ថ្នាំ​ពេទ្យ​អត់​សូវ​មាន​ទៀត»

រីឯ​ពលរដ្ឋ​ម្នាក់​ទៀត រស់នៅ​ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ​​ លោកស្រី ឈឿន ស្រីនុត ថា នៅ​ពេល​ដែល​លោក​ស្រី​​ ធ្វើ​ដំណើរ​​មក​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ​ តាម​​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ អូរស្មាច់ ខេត្ត​ឧត្តរមានជ័យ លោកស្រី​សង្កេត​ឃើញ​ថា​ មាន​​ពលរដ្ឋ​ខ្មែរ​ រាប​រយ​នាក់​ ​មក​ព្យាបាល​ជំងឺ​​នៅ​ខេត្ត​សុរិន្ទ​​ ​។ ​លោក​ស្រី​សម្រាក​​ ព្យាបាល​ជំងឺ ​នៅ​មន្ទីរ​ពេទ្យ​​ឈ្មោះ​ថា​«មន្ទីរពេទ្យ រួម​ផែត ម៉អាណាន់»ស្ថិត​នៅ​ក្រុង​សុរិន្ទ។ លោក​ស្រី ​ឱ្យ​ដឹង​ថា ​អ្នក​ជំងឺ​ភាគ​ច្រើន​នៅ​ទី​នេះ​ សម្បូរ​​​​ពលរដ្ឋ​​​ខ្មែរ​ ​​មក​ពី​ភ្នំពេញ​ បាត់ដំបង ពោធិ៍សាត់ និង​ខេត្ត​សៀមរាប​ជា​ដើម។

លោកស្រី​សម្រេច​មក​ព្យាបាល​ជំងឺ​នៅ​ខេត្ត​សុរិន្ទ ដោយ​សារ​តែ​មាន ​ជំងឺ​ស្ត្រី​រាំ​រ៉ៃ​ ​៣​ឆ្នាំ​ មក​ហើយ បាន​ព្យាបាល​នៅ​ខ្មែរ​​ ​អស់​ជិត​១​ម៉ឺន​ដុល្លារ​ តែ​ពុំ​ជា​សះស្បើយ​។​ ក្រោយ​មក​នៅ​​ដើម​ ឆ្នាំ​២០២៤​ លោកស្រី ​ ទៅ​ព្យាបាល​នៅ​សុរិន្ទ ​រហូត​ដល់​មក​ដល់​ពេល​នេះ​ លោកស្រី អាច​ហូប​បាយ​បាន​ច្រើន​ និង​​មាន​កម្លាំង​ ល្អ​ជាង​មុន​​។ ​លោកស្រី ស្នើ​ឱ្យ​រដ្ឋាភិបាល ពង្រឹង​ គុណ​ភាព​ សុខាភិបាល​ នៅ​ក្នុង​ស្រុក​ឱ្យ​បាន​ល្អ ដើម្បី​ផ្ដល់​ ទំនុក​ចិត្ត​ដល់​ពលរដ្ឋ​ទូទៅ ​ហើយ​ជួយ​​កាត់​បន្ថយ​ការ​ចំណាយ​របស់​ពលរដ្ឋ​ មិន​ចាំ​បាច់​​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស។

លោកស្រី ឈឿន ស្រីនុត៖ «ឃើញ​គេ​និយម​មក​ច្រើន គេ​និយម​មក​តាម​គ្នីគ្នា​។ ឃើញ​បងប្អូន​នៅ​ខាង​សៀមរាប​នោះ​ គាត់​មក​ព្យាបាល​១​យប់​១ម៉ឺន​បាត​ជាង​(​ជាង​៣០០​ដុល្លារ​) ហើយ​ពេល​គេ​វះកាត់ ​ប្រមាណ​៣ ​ទៅ​៤​​សែន​ (៤ ទៅ​៥ ពាន់​ដុល្លារ)​។ ចង់​ឱ្យ​ព្យាបាល​ នៅ​ស្រុក​ខ្មែរ​ជាង​ មិន​ចង់​ឱ្យ​មក​ស្រុក​គេ ​ ព្រោះ​មក​ព្យាបាល​នេះ​ល្បី​តាម​គ្នា។​ ​ថ្ងៃ​ខ្លះ​ (ពលរដ្ឋ​ខ្មែរ)​ ​មក​ដល់​យប់​ពេញ​ៗ​ (មន្ទីរពេទ្យ»

វិទ្យុអាស៊ី​សេរី​ ពុំ​អាច​ទាក់ទង​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ លោក ឈាង រ៉ា និង​ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ​ដើម្បី​ឆ្លើយ​​តប​​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១២ ខែ​ កញ្ញា ដោយ​ហៅ​ទូរស័ព្ទ​ ចូល​តែ​គ្មាន​ អ្នក​ទទួល។

កាល​ពី​ថ្ងៃ​ទី​១១ កញ្ញា រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល លោក ឈាង រ៉ា លើក​ឡើង​ថា ​ កាល​ពី​ឆ្នាំ​២០២៣​ មាន​ ប្រជា​ពលរដ្ឋ​ខ្មែរ​បាន​ ​ទៅ​រក​សេវា​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ជិត​ខាង​ចន្លោះ​ពី ​២០ម៉ឺន ទៅ២៥ម៉ឺន​នាក់។ លោក​ថា​ ករណី​នេះ​ ប្រហែល​ជា​ពលរដ្ឋ​ពេញ​ចិត្ត​ទៅ​លើ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បុគ្គលិក​ពេទ្យ ឬ​អាច​ពួក​គាត់​ចង់​បាន​បទពិសោធន៍​ថ្មី​ក្នុង​ការ​ព្យាបាល។ ទោះ​ជា​យ៉ាង​ណា​ លោក​មិន​បាន​បញ្ជាក់​នោះ​ទេ​ថា​ តើ​ប្រទេស​ណា​ខ្លះ​ដែល​ប្រជាពលរដ្ឋ​និយម​ទៅ​ ប្រើ​ប្រាស់​សេវា​ព្យាបាល​ជំងឺ​ច្រើន​ជាង​គេ​នោះ​ទេ។

បុគ្គលិក​ពេទ្យ​​​ឯកជន​មួយ​កន្លែង​ នៅ​ភ្នំពេញ​ កញ្ញា​ សំ ស្រីណែត លើក​ឡើង​ថា​ បើ​ប្រៀបធៀប​​ គុណភាព​ព្យាបាល​ជំងឺ​ ​រវាង​ខ្មែរ​ និង​ ប្រទេស​ជាតិ​ខាង​ ដូច​ជា​ថៃ​ ឬ​វៀតណាម ជា​ដើម​នោះ​ គឺ​សេវា​ព្យាបាល​នៅ​ក្នុង​ស្រុក​យើង ពុំ​អាច​ប្រៀបធៀប​បាន​នោះ​ទេ​ ព្រោះ​សេវា​ព្យាបាល​នៅ​​ក្នុង​ស្រុក​ ​ នៅ​មាន​កម្រិត​នៅ​ឡើយ​​ ជា​ពិសេស​ឧបករណ៍​ទំនើប​ៗ​ពុំ​សូវ​មាន។

កញ្ញា​ថា ករណី​នេះ​ គឺ ​ជា​ហេតុ​ដែល​ពលរដ្ឋ​ខ្លះ​​ គ្មាន​ជំនឿ​ចិត្ត​ ក្នុង​ការពារ​ព្យាបាល​ក្នុងស្រុក ហើយ​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស ​​ជា​ពិសេស​ ប្រភេទ​ជំងឺ​ធំ​ៗ ដែល​ត្រូវ​វះកាត់ និង​ជំងឺ​ប្រចាំ​កាយ​រ៉ាំរ៉ៃ​ ជា​ដើម​ ​​ត្រូវ​ការ​ចំណាយ​ ថវិកា​ច្រើន។

កញ្ញា សំ ស្រីណែត៖ «នៅ​ខាង​ក្នុង​យើង​ ការ​ព្យាបាល​អី​ល្អ​ដូច​គ្នា​ គ្រាន់​ថា សេវាកម្ម យើង​មិន​សូវ​បាន​ ល្អ​ដូច​នៅ​ក្រៅ​ប្រទេស​ទេ​ ទោះ​ជា​នៅ​ ខាង​ឯកជន​ក៏​ដោយ»

អ្នក​ជំនាញ​ផ្នែក​សុខភាព លោក​វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា មូលហេតុ​ដែល​ មន្ទីរពេទ្យ​នៅ​ប្រទេស​ជិត​ខាង នៅ​តែ​ស្រូប​ទាញ​អ្នកជំងឺ​ពី​កម្ពុជា ដោយសារ​គ្រូពេទ្យ​នៅ​ក្រៅ​ប្រទេស ផ្ដល់​សេវាកម្ម​បែប​ទន់ភ្លន់ រួសរាយ ប្រើប្រាស់​សម្ភារៈ​ទំនើប និង​មាន​អនាម័យ រួម​ទាំង​មាន​បច្ចេកទេស​ព្យាបាល​ច្បាស់លាស់។

លោក​យល់​ឃើញ​ថា ដើម្បី​ឱ្យ​ការ​ព្យាបាល​នៅ​ក្នុង​ស្រុក​មាន​ជំនឿ​ទុកចិត្ត​ពី​ពលរដ្ឋ គឺ​ត្រូវការ​ពេល​ច្រើន​បន្ថែម​ទៀត ទាំង​ការ​អប់រំ និង​ការ​សាងសង់​ឱ្យ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ ឬ​មន្ទីរពេទ្យ​ដែល​មាន​បំពាក់​ឧបករណ៍​ទំនើប។

វេជ្ជបណ្ឌិត គួច ម៉េងលី៖ «បើ​យើង​មាន​ពេទ្យ​ល្អ​ច្រើន នៅ​ក្នុង​ប្រទេស​ខ្លួនឯង ហើយ​មាន​ជំនាញ​គ្រប់មុខ ហើយ​សេវាកម្ម មាន​វិជ្ជាជីវៈ​ច្បាស់លាស់ គេ​នឹង​នៅ​។ ប៉ុន្តែ យើង​នៅ​មាន​កម្រិត គេ​ហៅថា តាំងពី​វិជ្ជាជីវៈ សេវាកម្ម​ថ្លៃថ្នូរ អនាម័យ ហើយ​អ្នកឯកទេស​ច្បាស់លាស់ យើង​នៅ​មាន​កម្រិត​។ ដូច្នេះ​ហើយ​ធ្វើ​ឱ្យ​អ្នកមាន​ថវិកា អ្នកមាន​ជម្រើស គេ​នៅតែ​ទៅ​(​ព្យាបាល​)​ប្រទេសក្រៅ​អ៊ីចឹង»

មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គួរតែ​កែប្រែ​វិស័យ​សុខភាព​សាធារណៈ និង​ពង្រឹង​ក្រមសីលធម៌​របស់​បុគ្គលិក​សុខាភិបាល​ឲ្យ​ល្អ​ថែម​ទៀត ព្រោះ​​មាន​ពលរដ្ឋ​ច្រើន ​រិះគន់​លើ​ប្រព័ន្ធ​ព្យាបាល​សុខភាព​របស់​បុគ្គលិក​ពេទ្យ ដែល​ប្រើ​អាកប្បកិរិយា​មិន​ល្អ កន្លែង​ខ្លះ​គុណភាព​ព្យាបាល​ក៏​មិនទាន់​ប្រសើរ។ ពួក​គាត់​ថា​ ករណី​នេះ គឺ​ជា​ក្ដី​បារម្ភ​ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ច្រើន​ ហើយ​ចំណែក​ ពលរដ្ឋ​ដែល​ ពុំ​មាន​លទ្ធភាព បែរ​ជា​យក​ជីវិត​ទៅ​ប្រថុយ​​ជាមួយ​នឹង​ពេទ្យ​ក្នុង​ស្រុក​ ដែល​ពុំ​សូវ​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។