សង្គមស៊ីវិល សង្ស័យលើសមត្ថភាព និងតម្លាភាពរបស់ក្រសួងសុខាភិបាល ពាក់ព័ន្ធនឹងករណីឆ្លងមេរោគវីរុសកូរ៉ូណានៅកម្ពុជា។ ការសង្ស័យនេះ បន្ទាប់ពីមានជនជាតិចិន ៣នាក់ រកឃើញថា ឆ្លងមេរោគកូរ៉ូណា ក្រោយពួកគេចាកចេញពីកម្ពុជារយៈពេល ៤ថ្ងៃ។
មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋមួយចំនួន នៅតែមិនអស់ចិត្តចំពោះការបកស្រាយរបស់ក្រសួងសុខាភិបាលដែលថា ជនជាតិចិន ៣នាក់ មិនបានឆ្លងវីរុសកូរ៉ូណានៅកម្ពុជានោះទេ ប៉ុន្តែ ពួកគេទំនងជាឆ្លង ពេលធ្វើដំណើរនៅលើយន្តហោះ ឬពេលទៅដល់ និងស្នាក់នៅក្នុងប្រទេសចិនវិញ។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា លោកមានការសង្ស័យច្រើន ចំពោះការរកឃើញផ្ទុយគ្នារវាងក្រុមគ្រូពេទ្យកម្ពុជា និងក្រុមគ្រូពេទ្យ ចិន លើជនជាតិចិន ៣នាក់ ដែលឆ្លងវីរុសកូរ៉ូណានោះ។ លោកយល់ថា ក្រសួងសុខាភិបាលកម្ពុជា គួរតែពិនិត្យ និងស្រាវជ្រាវករណីនេះឡើងវិញឲ្យបានច្បាស់លាស់ ព្រោះមិនអាចទៅរួចនោះទេ ដែលថា ជនជាតិចិន ៣នាក់ អាចឆ្លងវីរុសកូរ៉ូណានៅលើយន្តហោះ៖ « យើងមានការមន្ទិលទី១ ទៅលើសមត្ថភាពក្នុងការបញ្ជាក់ទៅលើការរករោគសញ្ញា។ ទី២ អាចហៅថាជាការធ្វេសប្រហែស ដែលទាំងនេះជាប្រភេទរូបភាពមួយធ្វើ ឲ្យយើងមានការមន្ទិលសង្ស័យកាន់តែខ្លាំងទៅលើជនជាតិចិនដទៃទៀតដែលចូលមកដល់កម្ពុជា ជាពិសេស មុនពេលនៃការផ្ទុះកក្រើកនៃវីរុសកូរ៉ូណានេះ » ។
ការលើកឡើងនេះ បន្ទាប់ពីសារព័ត៌មានចិនចុះផ្សាយ កាលពីថ្ងៃទី៣ ខែកុម្ភៈថា មានជនជាតិ ៣នាក់ ដែលទើបតែចាកចេញពីកម្ពុជាកាលពីថ្ងៃទី២៩ ខែមករា ត្រូវបានរកឃើញថា ពួកគេបានផ្ទុកវីរុសកូរ៉ូណា នៅពេលទៅដល់ប្រទេសចិនវិញរយៈពេល ៤ថ្ងៃ។ ជនជាតិចិនទាំង ៣នាក់នេះ មានប្រុសម្នាក់អាយុ ៦២ឆ្នាំ និងស្រី ២នាក់ ដោយម្នាក់អាយុ ៦២ឆ្នាំ និងម្នាក់ទៀត អាយុ ៥៨ឆ្នាំ។ ពួកគេទាំង ៣នាក់នេះ ស្ថិតក្នុងចំណោមជនជាតិចិនជិត ៨០នាក់ ដែលបានជិះយន្តហោះជាមួយបុរសចិនម្នាក់ទៀត ដែលផ្ទុកមេរោគកូរ៉ូណា ចេញពីទីក្រុងវូហាន មកកាន់ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។
អ្នកនាំពាក្យក្រសួងសុខាភិបាល វេជ្ជបណ្ឌិត លី សូវ៉ាន់ បានប្រាប់អាស៊ីសេរី កាលពីថ្ងៃទី៣ ខែកុម្ភៈថា ជនជាតិចិនទាំង ៣នាក់នោះ អាចប្រហែលឆ្លងពីជនជាតិចិនដូចគ្នាពេលធ្វើដំណើរតាមយន្តហោះ ឫ ពេលទៅដល់ប្រទេសចិនវិញ មិនមែនឆ្លងក្នុងអំឡុងពេលពួកគេស្នាក់នៅកម្ពុជាឡើយ។ លោកអះអាងថា ជនជាតិចិនទាំង ៣នាក់នេះ មុនពេលត្រឡប់ទៅប្រទេសចិនវិញនោះ គឺពួកគេស្នាក់នៅសណ្ឋាគារមួយ ក្នុងខែត្រព្រះសីហនុ ហើយគ្រូពេទ្យកម្ពុជា ក៏បានពិនិត្យសុខភាព របស់ពួកគេដែរ ប៉ុន្តែរកមិនឃើញមានរោគសញ្ញាវិជ្ជមាននោះទេ។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋមួយចំនួន បង្ហោះសារនៅលើហ្វេសប៊ុកបង្ហាញការព្រួយបារម្ភ និង ដាក់ការសង្ស័យទៅលើសមត្ថភាពរបស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការពិនិត្យរកមេរោគកូរ៉ូណានេះ ឬអាចថា ក្រសួងសុខាភិបាលលាក់បាំងព័ត៌មាន។ អ្នកខ្លះចោទជាសំណួរថា យោងតាមការ ប្រកាសរបស់ក្រសួងសុខាភិបាលកន្លងមក គឺអ្នកឆ្លងវីរុសនេះ នឹងចេញរោគសញ្ញាក្នុងរយៈពេល ១៤ថ្ងៃ ឬពីរសប្តាហ៍ ដូច្នេះមានន័យថា ប្រសិនបើជនជាតិចិនទាំង ៣នាក់នេះ ទើបតែទៅដល់ប្រទេសចិនក្នុងរយៈពេល៣ទៅ៤ថ្ងៃនេះ ហើយរកឃើញរោគសញ្ញាភ្លាម គឺមានន័យថា ពួកគេមាន វីរុសកូរ៉ូណាក្នុងខ្លួនតាំងពីនៅស្រុកខ្មែររួចទៅហើយ ហើយក៏មានលទ្ធភាពខ្ពស់ក្នុងចម្លងទៅមនុស្ស ផ្សេងទៀតដែរ។
ទាក់ទងនឹងករណីនេះ អគ្គនាយកក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (J.Quach Education) លោកវេជ្ជបណ្ឌិត គួច ម៉េងលី មានប្រសាសន៍ថា លោកមិនជំទាស់ចំពោះការបកស្រាយរបស់ក្រសួងសុខាភិបាលនោះទេ ប៉ុន្តែលោកបញ្ជាក់ថា នៅពេលមេរោគអ្វីមួយឆ្លងចូលក្នុងខ្លួនមនុស្ស គឺមិនអាចចេញរោគសញ្ញាភ្លាមៗ នោះទេ។ លោកអះអាងថា ការចេញរោគសញ្ញា គឺអាចចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី១៤ បន្ទាប់ពីការឆ្លងមេរោគពីមនុស្សម្នាក់ទៅមនុស្សម្នាក់៖ « ពេលវេលាយ៉ាងហោចណាស់ក៏មួយថ្ងៃដល់ ១៤ថ្ងៃដែរ ឬពីរសប្ដាហ៍ ដើម្បីវីរុសចេញសញ្ញា។ ដូច្នេះការចេញសញ្ញានេះ អាចចេញនៅពេលយូរ។ ដូច្នេះហើយយើងអត់ ដឹងថា វាពិតប្រាកដវាកើតឡើងនៅលើស្រុកចិន ឬស្រុកខ្មែរទេ ឬនៅកន្លែងណាយើងអត់ដឹងពិតប្រាកដ។ តាមខ្ញុំដឹងតាមក្រសួងសុខាភិបាលប្រកាសមកវាត្រូវម្យ៉ាងដែរ ព្រោះក្រែងលោគាត់ មានឆ្លងរោគនេះ ពីស្រុកចិនក៏មិនដឹង»។
អាស៊ីសេរី បានព្យាយាមសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងសុខាភិបាលពីររូប គឺអ្នកស្រី ឱ វណ្ណឌីន និងលោក លី សូវ៉ាន់ ប៉ុន្តែពុំមានអ្នកទទួលទូរស័ព្ទនៅថ្ងៃទី៤ ខែកុម្ភៈ។
ជំងឺរលាកប្រព័ន្ធដង្ហើម ដែលបង្កដោយវីរុសកូរ៉ូណាថ្មីនេះ បានផ្ទុះឡើងនៅទីក្រុងវូហាន ខេត្តហ៊ូបេ (Hubei) ប្រទេសចិន ចាប់តាំងពីចុងខែធ្នូ ឆ្នាំ២០១៩។ គិតត្រឹមថ្ងៃទី៤ ខែកុម្ភៈ វីរុសកូរ៉ូណា បានសម្លាប់មនុស្ស ៤២៧នាក់ក្នុងប្រទេសចិន និងម្នាក់ទៀតនៅប្រទេសហ្វីលីពីន ហើយអ្នកឆ្លងវីរុសនេះ បានកើនដល់ជាង ២ម៉ឺនាក់ហើយ ។ រួមទាំងក្នុងប្រទេសចិនផង ករណីឆ្លងមេរោគនេះ បានរីករាលដាលដល់ប្រទេសចំនួន២៦។
រដ្ឋាភិបាលលោក ហ៊ុន សែន ពុំមានវិធានការបិទជើងហោះហើរ និងជម្លៀសនិស្សិតខ្មែរពីប្រទេស ចិន ដូចអ្វីដែលរដ្ឋាភិបាលប្រទេសមួយចំនួនកំពុងតែធ្វើនោះទេ ទោះបីជាអង្គការសុខភាពពិភពលោក ប្រកាសដាក់ករណីផ្ទុះរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមបង្កឡើងដោយមេរោគវីរុសកូរ៉ូណាប្រភេទថ្មីនេះ ជាបញ្ហាអាសន្នសាកលផ្នែកសុខភាពក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។