សមាគម​បណ្ដាញ​យុវជន​កម្ពុជា​ចេញផ្សាយ​របាយការណ៍​ពី​ផល​ប៉ះពាល់​យុវជន​ក្នុង​ពេល​វិបត្តិ​ជំងឺ​កូវីដ១៩

សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) កាលពី​ថ្ងៃទី​០២ ខែ​មិថុនា ចេញផ្សាយ​របាយការណ៍​មួយ ស្ដីពី​យុវជន​ក្នុងអំឡុងពេល​ជំងឺ​កូវីត​១៩ ដោយ​បង្ហាញ​ពី​ផល​ប៉ះពាល់​យុវជន​ដល់​មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ និង​យុវជន​នៅ​ជុំវិញ​តំបន់​ព្រៃ​ឡង់​។​របាយការណ៍​នេះ​ផ្ដោត​លើ​ផល​ប៉ះពាល់​ដូចជា ការអប់រំ សិទ្ធិ​ការងារ ការចូលរួម​ការពារ​ធនធានធម្មជាតិ និង​ការ​លើក​កម្ពស់​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ។

មន្ត្រី​ផ្នែក​កម្មវិធី​ស្រាវជ្រាវ និង​តស៊ូ​មតិ នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា ស៊ី​ហៅ​កាត់​ថា (CYN) លោក ហេង គឹមហុង ថ្លែង​ថា របាយការណ៍​ស្រាវជ្រាវ​នេះ​គឺ​ផ្ដោត​សំខាន់​ទៅ​លើ​យុវជន​រស់​នៅ​រាជធានី​ភ្នំពេញ និង​យុវជន​រស់នៅ​ជុំវិញ​តំបន់​ព្រៃ​ឡង់​ដែល​រង​ពាល់​ប៉ះពាល់​កំឡុង​ពេល​កូវីដ​១៩ ពាក់ព័ន្ធ​នឹង ការអប់រំ ការ​បំពេញ​ការងារ ការចូលរួម​កិច្ចការពារ​ធនធាន​ធម្មជាតិ ការ​លើក​កម្ពស់​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ។ លោក​បន្ត​ថា បញ្ហា​ប្រឈម​ក្នុង​ពេល​រីករាល​ដាល​ជំងឺ​កូវីដ គឺ​យុវជន​មួយ​ចំនួន​នៅ​តំបន់​ដាច់ស្រយាល​ពុំ​មាន​សេវា​ទូរស័ព្ទ​សម្រាប់​សិក្សា​តាម​ប្រព័ន្ធ​អនឡាយ (online) ដែល​ធ្វើ​ឱ្យ​ពួកគាត់​មួយ​ចំនួន​បោះបង់​ការសិក្សា ការរំលោភ​សិទ្ធិមនុស្ស​ដោយ​មិន​ឱ្យ​ពលរដ្ឋ​ចូល​ល្បាត​ព្រៃ និង​អំពើពុករលួយ​នៅតែ​បន្ត​កើតឡើង បើទោះបី​ជា​មាន​រីករាលដាល​បញ្ហា​កូវីដ​យ៉ាងណាក្ដី​។ លើសពី​នេះ លោក ហេង គឹមហុង បន្ថែម​ថា កត្តា​ចម្បង​ដែល​ធ្វើ​ឱ្យ​មាន​យុវជន​បោះបង់​ការសិក្សា ការងារ និង​ធ្វើ​ឱ្យ​បាត់បង់​ធនធានធម្មជាតិ​នោះ គឺ​ដោយសារ​រដ្ឋាភិបាល​បាន​ចេញ​វិធានការ​មួយ​ចំនួន​ប៉ះពាល់​ដល់​ការអនុវត្ត​សិទ្ធិ​សេរីភាព​របស់​ពួកគាត់ និង​កង្វះ​ការ​យក​ចិត្តទុក​ដាក់​ចំពោះ​យុវជន។

​លោក ហេង គឹមហុង៖ «យើង​សង្ឃឹម​ថា ភាគី​ពាក់ព័ន្ធ​ជាពិសេស​អង្គការ​រដ្ឋ​នឹង​ពិនិត្យ​ទៅ​លើ​អនុសាសន៍​របស់​យើង​អាច​ជំរុញ​ឱ្យ​មាន​ការ​បង្ក​លក្ខណៈ​ឱ្យ​ងាយស្រួល​បន្ថែម​ទៀត បើ​ពេល​ខាងមុខ​មាន​វិបត្តិ​ស្រដៀង​គ្នា​នេះ​ហើយ​នៅ​ពេល​អនាគត ហើយ​មួយទៀត​យើង​ឃើញ​ថា ពាក់ព័ន្ធ​សិទ្ធិ​មួយចំនួន​ហ្នឹង​ក៏​គួរតែ​បង្ក​លក្ខណៈ​ងាយស្រួល​ដែរ កុំឱ្យ​មានការ​យក​ហេតុផល​មួយចំនួន​ទៅ​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ»។

របាយការណ៍​ស្រាវជ្រាវ​ស្ដីពី យុវជន​ក្នុងអំឡុងពេល​ជំងឺ​កូវីដ​១៩ ចេញផ្សាយ​នៅ​ថ្ងៃទី២ មិថុនា ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ ។ កម្មវិធី​រយៈពេល​មួយ​ព្រឹក​នេះ​មានការ​ចូលរួម​ពី​យុវជន​ចំនួន ៣០​នាក់ និង​មាន​អ្នកចូលរួម​មួយ​ចំនួន បាន​សួរ​សំណួរ និង​បញ្ចេញ​មតិយោបល់​បន្ថែម​ទៅ​លើ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ​ដែរ។

លទ្ធផល​ស្រាវជ្រាវ​នេះ​បង្ហាញ​ថា យុវជន​និង​ការ​អប់រំ យុវជន​និង​សិទ្ធិ​ការងារ ការ​លើក​កម្ពស់​យុវជន​ជា​ស្ត្រី​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ គឺ​រឿង​ចាំបាច់​ពីព្រោះ​យុវជន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​សង្គម។ សមាគម​បណ្ដាញ​យុវជន​កម្ពុជា​បាន​ផ្សា​ភ្ជាប់​នឹង​ដំណោះស្រាយ​ផង​ដែរ ដោយ​ស្នើ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​គួរតែ​បង្កើន​ការ​យកចិត្ត​ចំពោះ​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស ការ​ផ្សព្វផ្សាយ​ពី​ការ​ថែរក្សា​សម្បត្តិ​ធម្មជាតិ ការ​លើក​កម្ពស់​ស្ត្រី និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ដើម្បី​ទប់ស្កាត់​អំពើពុករលួយ​ជាដើម។

យុវតី​មួយ​រូប ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី កញ្ញា អន ស្រីឡែន យល់ឃើញ​ថា របាយការណ៍​នេះ​បង្ហាញ​ឱ្យ​កញ្ញា បាន​សិក្សា​កាន់តែ​ស៊ី​ជម្រៅ​ពី​ស្ថានភាព​របស់​យុវជន​នៅ​ក្នុង​សង្គម ជាពិសេស​ផ្ដល់​ឱ្យ​យុវជន​បាន​ស្វែងយល់​អំពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់។ កញ្ញា​រំពឹង​ថា កញ្ញា​នឹង​បាន​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ និង​បញ្ហា​ពាក់ព័ន្ធ​នឹង​ជីវភាព​របស់​ពលរដ្ឋ​រស់នៅ​តំបន់​ព្រៃ​ឡង់។

កញ្ញា អន ស្រីឡែន៖ «ជា​ចុងក្រោយ​ខ្ញុំ​សូម​អំពាវនាវ​ដល់​យុវជន​ទាំងអស់គ្នា​ជួយ​យកចិត្តទុកដាក់​លើ​ធនធាន​ធម្មជាតិ និង​បញ្ហា​បរិស្ថាន​របស់​យើង​ផង ពីព្រោះ​យើង​ជំនាន់​ក្រោយ​នេះ បើសិន​ជា​បញ្ហា​បរិស្ថាន​ធម្មជាតិ​ហ្នឹង​វា​ចាប់​ផ្ដើម​ឡើង​កម្ដៅ​អី​ផ្សេងៗ យើង​ជំនាន់​ក្រោយ​គឺ​ទទួល​រង​ទាំងអស់គ្នា​គ្មាន​នរណា​គេច​ផុត​ទេ ខ្ញុំ​សូម​ទទូច​ហើយ​ទទូច​ទៀត​សូម​ឱ្យ​យុវជន​ទាំងអស់​យកចិត្ត​ទុក​ដាក់​តាមដាន​នូវ​ព័ត៌មាន​ផ្សេង​ទាក់ទង​ហ្នឹង​បញ្ហា​ព្រៃឈើ និង​បញ្ហា​បរិស្ថាន​របស់​យើង»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក កត្តា អ៊ន និង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភត្រា ដើម្បី​អធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី២ មិថុនា។

ក្រៅពី​ចេញ​របាយការណ៍​ពាក់ព័ន្ធ​ស្ថានភាព​យុវជន​ក្នុងអំឡុងពេល​កូ​វីត​១៩ សមាគម បណ្ដាញ​យុវជន​កម្ពុជា​ក៏​ធ្លាប់​ចេញ​របាយការណ៍​ទាក់ទង​នឹង​សិទ្ធិមនុស្ស ការ​កាប់​បំផ្លាញ​ព្រៃឈើ តំបន់​អភិរក្ស​ព្រៃ​លិច​ទឹក និង​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​នៅក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ​ជាដើម​។ មន្ត្រី​សង្គម​ស៊ីវិល និង​យុវជន​រំពឹង​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​នឹង​ចូលរួម​សហការ​ជាមួយ​ក្រុម​យុវជន​ដើម្បី​លើកកម្ពស់​ការអនុវត្ត​សិទ្ធិ​សេរីភាព​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។