ការ​និយម​ទទួលទាន​មី​កញ្ចប់​ញឹកញាប់​ពេក​នាំ​ឲ្យ​ខូច​សុខភាព

ដោយ សេក បណ្ឌិត
2018.02.05
ផលិតផល មី ៣០៥ ១៦-មិថុនា-២០១១៖ កម្មករ​ក្រុមហ៊ុន ម៉ែន សារុន វេច​ខ្ចប់​ផលិតផល​មី​កញ្ចប់ នៅ​ក្នុង​រោងចក្រ នា​ជាយ​រាជធានី​ភ្នំពេញ។
Photo: RFA

បញ្ហា​សុខភាព​ជា​បន្ទុក​ធ្ងន់ធ្ងរ​មួយ​ក្នុងចំណោម​បន្ទុក​ជាច្រើន​ទៀត ចំពោះ​ពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន។ បន្ទុក​នេះ គឺ​ក្នុង​ពេល​ដែល​សេវា​ថែទាំ​សុខភាព​នៅ​ទន់ខ្សោយ​នៅឡើយ។ ទន្ទឹមគ្នា​នឹង​ភាព​ទន់ខ្សោយ​នៃ​សេវា​ថែទាំ​សុខភាព ដែល​ជា​កត្តា​សង្គម ក៏​មាន​បញ្ហា​ផ្ទាល់ខ្លួន​ដែរ គឺ​ទាក់ទង​នឹង​ការ​បរិភោគ​ចំណីអាហារ។

អាហារ​កញ្ចប់​ដែល​ឆ្អិន​ស្រាប់ គឺជា​អាហារ​ដែល​ពេញ​និយម​សម្រាប់​មនុស្ស​ភាគច្រើន​នៅ​លើ​ពិភពលោក។ ជា​ពិសេស អ្នក​ដែល​រវល់​ការងារ​ខ្លាំង ដូចជា​សិស្សសាលា និង​អ្នក​ដែល​មិន​សូវ​មាន​ពេលវេលា​ចម្អិន​ជា​អាហារ​ជាច្រើន​ទៀត។

មូលហេតុ​សាមញ្ញ ដែល​យើង​ត្រូវ​ជ្រើស​រើស​យក​ចំណី​អាហារ​កញ្ចប់ ដែល​ឆ្អិន​ស្រាប់ ព្រោះ​វា​ជា​ប្រភព​អាហារ​សហ័ស​ទាន់​ចិត្ត នៅ​ពេល​ឃ្លាន។ ទោះ​ជា​ងាយស្រួល​សម្រាប់​ទទួលទាន​បំបាត់​ភាព​ស្រេកឃ្លាន​បាន​រហ័ស​ទាន់​ចិត្ត​យ៉ាង​នេះ​ក្ដី អាហារ​កញ្ចប់​ក៏​ផ្ដល់​ផលវិបាក​ដល់​រាងកាយ​យើង​ដែរ ព្រោះ​អាហារ​កញ្ចប់ ដែល​ត្រូវ​បាន​ផលិត និង​វេច​ខ្ចប់​ដោយ​រោងចក្រ​ទាំងនេះ សុទ្ធតែ​ផលិត​ឡើង​ដោយ​កម្ដៅ​ខ្លាំង ខ្លាញ់ បរិមាណ​គ្រឿងផ្សំ​ច្រើន និង​មាន​ផ្ទុក​សារធាតុ​គីមី​សម្រាប់​ថែរក្សា​គុណភាព​ទុក​ឲ្យ​បាន​រយៈពេល​យូរ​ទៀត​ផង។

ក្នុង​ចំណោម​អាហារ​កញ្ចប់​ដែល​ឆ្អិន​ស្រាប់​រាប់​មិនអស់ មី​ក្រៀម ឬ​មី​កញ្ចប់ គឺជា​ឧទាហរណ៍​មួយ នៃ​អាហារ​ដែល​មនុស្ស​រាប់​លាន​នាក់​ចូលចិត្ត និង​ជ្រើសរើស​ជា​អាហារ​បម្រុង​ទុក​នៅ​ក្នុង​ផ្ទះ ឬ​ពេល​ធ្វើ​ដំណើរ ពីព្រោះ​មី​កញ្ចប់​អាច​ទទួលទាន​ដោយ​ស្រុះ​ទឹក​ក្ដៅ​ក៏បាន ឬ​ទទួលទាន​ក្រៀម​ដោយ​មិនបាច់​ស្រុះ​ទឹក​ក្ដៅ​ក៏បាន។ មី​កញ្ចប់ ត្រូវ​បាន​ទទួល​ជា​អាហារ​ពេលព្រឹក អាហារ​ថ្ងៃត្រង់ អាហារ​ពេល​ល្ងាច ហើយ​ពេលខ្លះ ក៏​ជា​អាហារ​ទទួលទាន​លេង​ដែរ។ សំខាន់​មួយទៀត គឺ មី​កញ្ចប់ មាន​តម្លៃ​ថោក។ ហេតុ​នេះ​ហើយ​បានជា​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​និយាយ​លេង​បែប​កំប្លែង​ថា នៅ​ដើមខែ សេរីមេ ចុង​ខែ​សារ៉េមី ព្រោះ​នៅ​ដើមខែ​ប្រាក់ខែ​ទើបនឹង​បើក​ថ្មីៗ គេ​អាច​ជប់លៀង​ទទួលទាន​អាហារ​ថ្លៃ​បន្តិច មិន​ចាញ់​សេរី​មេ​កើយ​របស់​គេ​ប៉ុន្មាន​ឡើយ។ ប៉ុន្តែ​ដល់​ថ្ងៃ​ចុងខែ​លុយ​ប្រាក់ខែ​ស្បើយ មិន​អាច​ហៅ​ម្ហូប​អាហារ​ថ្លៃ​មក​ទទួលទាន​ដូច​សេរី​មេៗ ទៀត​ឡើយ គឺ​មាន​តែ​សារ៉េ​រកមី​កញ្ចប់​អី​ឆុង​ទទួលទាន​ទៅ ព្រោះ​វា​មានតម្លៃ​ថោក។

ដូច្នេះ បើ​នៅ​ចុងខែ​សារ៉េមី​មែន តើ​លោកអ្នក​ទទួលទាន​មី​កញ្ចប់​ប៉ុន្មាន​ដង​ក្នុង​មួយថ្ងៃ ហើយ​ម្ដង​ប៉ុន្មាន​កញ្ចប់? ឆ្ងាញ់​ទេ​? ឆ្អែត​ទេ? ចម្លើយ​ប្រាកដ​ណាស់ គឺ​ឆ្ងាញ់​ដែរ ទទួល​ហើយ​ប្រាកដជា​ឆ្អែត បាត់​ឃ្លាន ក្រពើ​ក៏​លែងរះ (ក្រពះ​ក៏​លែង​រើ)។ ដូច្នេះ មី​កញ្ចប់ ពិត​ជា​អាហារ​មាន​ប្រយោជន៍ ដែល​ជួយ​ឲ្យ​យើង​បាន​បំពេញ​ក្រពះ​ដែរ។

មួយ​ចំណែក​ទៀត មី​កញ្ចប់ មាន​គុណ​ប្រយោជន៍ ជួយ​សន្សំ​ពេល​វេលា និង​ថវិកា ព្រោះ​តម្លៃ​ថោក។ នៅ​កម្ពុជា មី ៥​កញ្ចប់ អស់​ត្រឹមតែ ១​ដុល្លារ​ប៉ុណ្ណោះ។ បើ​ដូច្នេះ​មែន តើ​មី​កញ្ចប់​មានគុណ​វិបត្តិ​អ្វី​ទេ​?

សំណួរ​នេះ នៅ​តែ​ជា​ចំណោទ​ឆ្លងឆ្លើយ​គ្នា​រវាង​អ្នក​ចូលចិត្ត​ទទួលទាន​មី​កញ្ចប់ និង​អ្នក​ដែល​មិន​ចូលចិត្ត​មី។ ទស្សនៈ​មួយ​ចំនួន​គិត​ថា ការ​ទទួល​ទាន មី​កញ្ចប់ នាំ​ឲ្យ​ប៉ះពាល់​សុខភាព។ រីឯ​មនុស្ស​មួយ​ចំនួន​ទៀត​បញ្ចេញ​ទស្សនៈ​ថា ពួកគេ​ទទួលទាន​មី​កញ្ចប់​ច្រើន​ឆ្នាំ​ហើយ ប៉ុន្តែ​មិនទាន់​មាន​បញ្ហា​អ្វី​នៅឡើយ​ទេ។

ទោះជា​យ៉ាង​នេះ​ក្ដី អ្នកស្រាវជ្រាវ​អំពី​បញ្ហា​នេះ ផ្ដល់​ដំបូន្មាន​ថា លោក​អ្នក​គួរតែ​ពិចារណា​ឡើងវិញ ចំពោះ​ការ​ទទួល​ទាន មី​កញ្ចប់។

តាម​ការ​ពិសោធន៍​បង្ហាញ​ថា សរសៃ​មី​កញ្ចប់ ដែល​ផលិត​ពី​រោងចក្រ ក្រពះ​ពិបាក​កិន​រំលាយ​ជាង​សរសៃ​មី​ស្រស់ ដែល​ធ្វើ​ភ្លាមៗ ពីព្រោះ​មី​កញ្ចប់​ស្វិត​ជាង។ មី​កញ្ចប់ ត្រូវ​បាន​គេ​ដាក់​សារធាតុ​គីមី​ម្យ៉ាង​ឈ្មោះ​កាត់​ថា ធី.ប៊ី.អេច្ឆ.ឃ្យូ (TBHQ) ដើម​រក្សា​គុណភាព​សរសៃ​មី​ឲ្យ​នៅ​បាន​យូរ កុំ​ឲ្យ​ប្រតិកម្ម​ទៅ​នឹង​គ្រឿង​ល្បាយ​ផ្សេងទៀត។ សារធាតុ​គីមី​ធី.ប៊ី.អេច្ឆ.ឃ្យូ គេ​សម្រាប់​ដាក់​ក្នុង​អាហារ​ក្រៀមៗ ក្នុង​កម្រិត​មិន​លើស​ពី ០.៥​មីលីក្រាម​ទេ ក្នុង​ទម្ងន់​ខ្លួន​យើង​មួយ​គីឡូក្រាម។ បើ​បរិមាណ​គីមី​នេះ​ច្រើន​ពេក វា​បណ្ដាល​ឲ្យ​មាន​អាការៈ​ក្អួតចង្អោរ ហ៊ឹង​ត្រចៀក រវើរវាយ រាង​ថប់ៗ ដង្ហើម និង​ដួល​សន្លប់ ឬ​ខ្យល់​គ។

ក្រៅ​ពី​នេះ យើង​មិន​បាន​ដឹង​ទេ​ថា សរសៃ​មី​កញ្ចប់​នៅ​ក្នុង​ក្រពះ​របស់​យើង​យ៉ាងណា​នោះ​ទេ។

ក៏ប៉ុន្តែ ការ​ធ្វើ​ពិសោធន៍​មួយ​ផ្នែក​របស់​អ្នក​ជំនាញ​ផ្នែក​ប្រព័ន្ធ​រំលាយ​អាហារ នៅ​មន្ទីរពេទ្យ​ម៉ាសាជូសេត សហរដ្ឋអាមេរិក លោក​វេជ្ជបណ្ឌិត ប្រ៊េដិន ខ្វូ (Dr. Braden Kuo of Massachusetts General Hospital) ដែល​បាន​ដាក់​កាមេរ៉ា​វីដេអូ​ស្រាវជ្រាវ​មួយ​ប៉ុន​គ្រាប់​ថ្នាំ​ចូល​ទៅ​ក្នុង​ក្រពះ​អ្នកទទួល​ទាន​មី​កញ្ចប់ គឺ​បាន​បង្ហាញ​ថា មី​កញ្ចប់​នៅ​ក្នុង​ក្រពះ​ក្រ​រលាយ៖ «អ្វី​ដែល​យើង​ឃើញ​នៅ​ពេល​នេះ គឺ​ក្រពះ​របស់​យើង​ច្របាច់​កិន​សរសៃ​មី​ត្រឡប់​ទៅ​ត្រឡប់​មក សាចុះសាឡើង ដើម្បី​កិន​បំបែក​រំលាយ​សរសៃ​មី​កញ្ចប់»

ពី​បី​ថ្ងៃ​ក្រោយ​មក លោក​បាន​ពិសោធន៍​ម្ដងទៀត ដោយ​ឲ្យ​អ្នក​ដែល​លោក​ពិសោធន៍​នោះ ទទួលទាន​មី​ស្រស់ ដែល​គេ​ធ្វើ​ភ្លាមៗ វិញ​ម្ដង។ លោក​ប្រៀបធៀប​ការ​កិន​របស់​ក្រពះ​រំលាយ​សរសៃ​មី​ទាំងពីរ​នេះ ក្នុង​រយៈពេល​ដូចគ្នា គឺ ២០​នាទី​ម្ដង និង ២​ម៉ោង​ម្ដង។ ក្នុង​វីដេអូ​បង្ហាញ​ថា ការ​កិនបំបែក​សរសៃ​មី​កញ្ចប់​យូរ​ជាង​មី​ស្រស់៖ «ពេល​ដែល​យើង​មើល​ការពិសោធន៍​របស់​យើង​ឲ្យ​ដិត​ដល់ អំពី​ការ​កិន​របស់​ក្រពះ​ក្នុង​រយៈពេល ១​ម៉ោង និង ២​ម៉ោង​ដូចគ្នា យើង​ឃើញ​ថា សរសៃ​មី​កញ្ចប់​បែក​តិច​ជាង​សរសៃ​មី​ស្រស់ ដែល​គេ​ធ្វើ​ភ្លាមៗ»

លោក​វេជ្ជបណ្ឌិត​មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​រក​ឃើញ​នេះ​មិន​អាច​យក​មក​ធ្វើ​សេចក្ដី​សន្និដ្ឋាន​សរុប​អ្វី​បាន​នៅឡើយ​ទេ។ វីដេអូ ដែល​លោក​បាន​បង្ហាញ គឺ​គ្រាន់តែ​ជា​ការ​ចាប់ផ្ដើម​សិក្សា ហើយ​លោក​នឹង​ស្រាវជ្រាវ​បន្ថែម​ទៀត ដែល​និយាយ​បាន​ថា ការ​កិនបំបែក​សរសៃ​មី​កញ្ចប់​យឺត អាច​ប៉ះពាល់​ដល់​ការ​ស្រូប​យក​ជីវជាតិ​ចិញ្ចឹម​របស់​រាងកាយ៖ «វា​នៅតែ​មិនទាន់​ច្បាស់​ទេ​ថា វា​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ។ មាន​គុណ​ប្រយោជន៍​ល្អ​ដែរ​ក្នុង​ការ​ទទួលទាន​ល្មមៗ។ ខ្ញុំ​គិត​ថា យើង​ត្រូវការ​ស៊ើបអង្កេត​បន្ថែម​ទៀត​លើ​អាហារ​កញ្ចប់​ទាំងនេះ»

បើ​ទោះ​ជា​លោក​បាន​ឃើញ​វីដេអូ​ដែល​លោក​ពិសោធន៍​នេះ​ក្ដី រូបលោក​ផ្ទាល់​នៅតែ​ទទួល​ទាន​មី​កញ្ចប់​ដដែល ប៉ុន្តែ​មិន​ច្រើនពេក។

មូលហេតុ​ដែល​មិន​ត្រូវ​ទទួលទាន​ច្រើនពេក​នេះ គឺ​ព្រោះតែ​នៅ​ក្នុង​មី​កញ្ចប់ ត្រូវ​បាន​ផ្សំ​ឡើង​ដោយ​ម្សៅ​ស្រូវ​សាឡី អំបិល និង​ប្រេងដូង ឬ​ខ្លាញ់​ច្រើន។ ក៏ប៉ុន្តែ​ធ្វើ​ឲ្យ​ការ​បឺត​យក​ជីវជាតិ​ប្រូតេអ៊ីន វីតាមីន និង​រ៉ែ​តិច​វិញ។

ជាទូទៅ នៅ​ក្នុង​មី​មួយ​កញ្ចប់ មាន​អំបិល ៨៦១​មីលីក្រាម ប្រេង ឬ​ខ្លាញ់ ១០​ក្រាម វីតាមីន អា ១៥% វីតាមីន បេ​១ (B1) ៤៣% វីតាមីន បេ​២ ១២% វីតាមីន បេ​៣ (Vit. 3) % និង​កាល់ស្យូម ៧% ប្រូតេអ៊ីន ៤​ក្រាម អាហារ​សរសៃ ០.៩​ក្រាម ជាតិ​ដែក ១០% កាបូអ៊ីដ្រាត ឬ​ស្ករ (Carbohydrate) ២៧​ក្រាម សារធាតុ​រ៉ែ ម៉ាញ៉េស្យូម ១១%

ព្រឹត្តិ​ព័ត៌មាន​របស់​គេហទំព័រ ហៀលឡាញ (healthline) បង្ហាញ​ថា មី​ក្រៀម មាន​រសជាតិ​ប្លែក​គ្នា​ទៅ​តាម​ម៉ាក ហើយ​ភាគច្រើន​មាន​ជីវជាតិ​ចិញ្ចឹម​ខ្លះ។ មី​កញ្ចប់​ភាគច្រើន​មិន​សូវ​មាន​កាឡូរី (Calories) ជាតិ​សរសៃ (Fiber) និង​ប្រូតេអ៊ីន (Protein) ច្រើន​ទេ។ ដូច្នេះ​ការ​មាន​កាឡូរី ជាតិ​សរសៃ និង​ប្រូតេអ៊ីន​ទាប មិន​បាន​ធ្វើ​ឲ្យ​ស្រក​ទម្ងន់​ទេ។ ប៉ុន្តែ មី​កញ្ចប់​ខ្លះ ត្រូវ​បាន​បន្ថែម​វីតាមីន និង​រ៉ែ​បន្ថែម​ដែរ។ ធាតុ​ផ្សំ​នៃ​មី​មាន​ខ្លាញ់ កាបូអ៊ីដ្រា​ត (Carbohydrate) និង​អំបិល (Sodium) ច្រើន ព្រមទាំង​ជីវជាតិ​អាហារ​ចិញ្ចឹម​ខ្លះ ដូចជា​ជាតិ​ដែក (iron) ម៉ាញ៉េស្យូម (Magnesium) និង​វីតាមីន បេ (Vitamin B)

ការសិក្សា​មួយ​លើ​មនុស្ស ជាង ៦​ពាន់​នាក់ (.៤៤០) រវាង​អ្នក​ទទួលទាន​មី និង​អ្នក​មិន​ទទួលទាន​មី​កញ្ចប់ បាន​បង្ហាញ​ថា អ្នកទទួល​ទាន​មី​កញ្ចប់ មាន​វីតាមីន បេអង (B1) និង បេឌើ (B2) ខ្ពស់​ជាង​អ្នក​មិន​ទទួល​ទាន​មី។

ក្រៅ​ពី​នេះ មី​កញ្ចប់​ភាគច្រើន​បំផុត​មាន​គ្រឿងទេស ដើម្បី​បង្កើន​រសជាតិ ដូចជា ម្រេច ខ្ទឹម និង​ប៊ីចេង ឬ​ម្សៅ​ស៊ុប (MSG)​។ ម្សៅ​ស៊ុប ឬ​ប៊ីចេង ជា​សារធាតុ​ញៀន ដែល​គេ​ប្រើ​នៅ​ក្នុង​ការផលិត​ចំណីអាហារ។ ប៊ីចេង ត្រូវ​បាន​គេ​រក​ឃើញ​ពី​ធម្មជាតិ​នៅ​ក្នុង​បន្លែ​ប្រូតេអ៊ីន មេ​អាហារ (yeast extract) អាហារ​យកចេញ​ពី​សណ្ដែក​សៀង (soy extract) ប៉េងប៉ោះ និង​ឈីស (Cheese)។ បើ ទោះជា រដ្ឋបាល​អាហារ និង​ឱសថ​ទទួល​ស្គាល់​ថា ការប្រើប្រាស់ ប៊ីចេង មាន​សុវត្ថិភាព​ក្ដី ក៏​កត្តា​ប៉ះពាល់​សុខភាព​នៅតែ​ជជែក​គ្នា​មិនទាន់​ដាច់ស្រេច។ ការ​សិក្សា​ខ្លះ​បង្ហាញ​ថា ការ​ឡើង​ទម្ងន់ ឡើង​សម្ពាធ​ឈាម ឬ​លើសឈាម ឈឺក្បាល និង​ក្អួតចង្អោរ គឺ​ពាក់ព័ន្ធ​ខ្លាំង​ទៅ​នឹង​ការ​ប្រើ​ប៊ីចេង​ច្រើន។ អ្នក​ដែល​ចាញ់​ប៊ីចេង មាន​អាការៈ​ឈឺ​ក្បាល តឹង​សាច់ដុំ និង​ញ័រ​ដៃ​ញ័រ​ជើង។ ហេតុ​នេះ មី​កញ្ចប់ ដែល​មាន​ប៊ីចេង​ច្រើន អាច​នាំ​ឲ្យ​មាន​អាការៈ​ទាំង​នេះ។

បញ្ហា​មួយ​ទៀត គឺ​អំបិល។ មី​កញ្ចប់​ខ្លះ មួយ​កញ្ចប់​មាន​អំបិល​រហូត​ទៅដល់ ៨៦១​មីលីក្រាម។ ដូច្នេះ នៅ​ក្នុង​មី​កញ្ចប់​មាន​អំបិល​ច្រើន។ កាលណា​យើង​ទទួលទាន​មី​ច្រើន យើង​ក៏​ទទួលទាន​អំបិល​ច្រើន​ដែរ។ ការ​ទទួល​ទាន​អំបិល​ច្រើន វា​បណ្ដាល​ឲ្យ​យើង​កើត​ជំងឺ​បេះដូង ស្ត្រូក (​ដាច់​សរសៃឈាម​) លើសឈាម ខូច​តម្រងនោម និង​ពាក់ព័ន្ធ​នឹង​ជំងឺ​ទឹកនោមផ្អែម។ ជាពិសេស អ្នក​ដែល​ចាញ់​ប្រៃ។

ការ​ទទួល​ទាន​មី​ច្រើន នាំ​ឲ្យ​ថយ​ចុះ​ប្រូតេអ៊ីន (Protein) កាល់ស្យូម (Calcium) វីតាមីន​សេ (Vit. C) ជាតិ​ផូស្ព័រ (Phosphorus) ជាតិ​ដែក (iron) វីតាមីន អា (Vitamin A) និង​ថយ​កម្រិត​វីតាមីន ដេ (Vit. D) ដែរ។

ទោះជា​យ៉ាង​នេះ​ក្ដី មី​កញ្ចប់ ដែល​ដាក់​លក់​ក្នុង​ទីផ្សារ​ប្រភេទ​ខ្លះ ក៏​មិន​ប៉ះពាល់​សុខភាព​ដែរ ជាពិសេស មី ដែល​ផលិត​ដោយ​គ្រាប់​ធញ្ញជាតិ​ទាំងមូល មាន​ខ្លាញ់ និង​អំបិល​តិច។ លើស​ពី​នេះ​ទៀត ដើម្បី​ធ្វើ​មិន​ឲ្យ​ប៉ះពាល់​សុខភាព ពេល​ទទួលទាន​មី ត្រូវ​ដាក់​បន្ថែម​បន្លែ និង​អាហារ​ណា​ដែល​មាន​ជីវជាតិ​ប្រូតេអ៊ីន​ផង ដូចជា​ត្រី និង​សាច់​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។