មន្ត្រីរដ្ឋាភិបាលកម្ពុជា បើកយុទ្ធនាការផ្សព្វផ្សាយសារាចរលេខ០០៣ របស់ក្រសួងសុខាភិបាល ស្ដីពីការហាមជក់បារីនៅកន្លែងធ្វើការ និងកន្លែងប្រកបអាជីវកម្មផ្សេងៗ។ ក្រុមអ្នកពាក់ព័ន្ធ បានសាទរចំពោះសារាចរទប់ស្កាត់ការជក់បារីរបស់ក្រសួងសុខាភិបាល ពេលនេះ។
ក្រុមមន្ត្រីនៃក្រសួងសុខាភិបាល សាលារាជធានីភ្នំពេញ សហការជាមួយអង្គការសុខភាពពិភពលោក ចុះផ្សព្វផ្សាយដើម្បីកាត់បន្ថយការជក់បារីតាមទីសាធារណៈ ទៅតាមគោលការណ៍ណែនាំដែលមានក្នុងសារាចរស្ដីពីការហាមជក់បារីតាមទីសាធារណៈ។
លោក ខ្លូត សាផុន ប្រធានការិយាល័យផ្សព្វផ្សាយពាណិជ្ជកម្ម សាលារាជធានីភ្នំពេញ ដែលបានសហការដឹកនាំក្រុមការងារចុះផ្សព្វផ្សាយសារាចរលេខ០០៣ ហាមជក់បារីទីសាធារណៈ ព្រឹកថ្ងៃសុក្រ ទី៦ ខែមិថុនា។ លោកឲ្យដឹងថា ជំហានដំបូងនៃយុទ្ធនាការនេះ សាលាក្រុង និងក្រសួងសុខាភិបាល បានសហការជាមួយអង្គការសុខភាពពិភពលោក បង្កើតក្រុមការងារចុះផ្សព្វផ្សាយនៅតាមផ្លូវសាធារណៈ និងតាមទីផ្សារនានា ក្នុងក្រុងភ្នំពេញ។ លោកបន្តថា គោលបំណងនៃការផ្សព្វផ្សាយនេះ ដើម្បីកាត់បន្ថយការជក់បារីគ្មានរបៀប និងចូលរួមថែរក្សាសុខភាពមនុស្ស។
លោក ខ្លូត សាផុន៖ «ការជក់បារីរបស់យើងនៅក្នុងបន្ទប់ហ្នឹង ត្រូវបានហាមឃាត់។ ហើយបើចង់ជក់បារីវិញ យើងអាចទៅជក់នៅក្រៅ។ ឧបមាថា យើងជិះឡានក្រុង បើយើងចង់ជក់បារី ពេលណាឡានឈប់នៅតាមបេនឡានណាមួយ យើងចេញមកក្រៅយើងជក់។ អាហ្នឹងអត់ហាមឃាត់ទេ។ ប៉ុន្តែចំពោះយើងទៅញ៉ាំអីនៅតាមហាង ឬនៅផ្ទះសំណាក់ដែលមានគ្នាច្រើន បន្ទប់តែមួយ ឬកន្លែងធ្វើការអីក៏ដោយ បើកាលណាយើងជក់ សារាចរហ្នឹងបានហាមឃាត់។ ម្យ៉ាងទៀត ការជក់បារីហ្នឹង វាខូចសុខភាព។ ឧទាហរណ៍យើងជក់ទៅ វាមិនត្រឹមតែខូចសុខភាពអ្នកជក់ទេ អ្នកដែលមិនជក់ហ្នឹង ពិសេសស្ត្រីមានផ្ទៃពោះ ក៏ត្រូវខូចសុខភាពដែរ»។
មន្ត្រីសាលារាជធានី ឲ្យដឹងថា ក្រសួងសុខាភិបាល និងដៃគូពាក់ព័ន្ធ បានបោះពុម្ពជាខិត្តប័ណ្ណណែនាំរាប់ម៉ឺនសន្លឹក សម្រាប់ចែកជូនសាធារណជន និងបិទតាមទីសាធារណៈផ្សេងៗ។
សារាចរណែនាំលេខ០០៣ របស់ក្រសួងសុខាភិបាល ដែលហាមមិនឲ្យជក់បារីនៅតាមទីកន្លែងសាធារណៈ រួមមាន ភោជនីយដ្ឋាន អាហារដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ក្លឹបកម្សាន្ត រថយន្តឈ្នួលគ្រប់ប្រភេទ និងកន្លែងប្រកបអាជីវដទៃទៀត។
សារាចរដដែលនេះ ក៏បានណែនាំដល់អ្នកគ្រប់គ្រងនៅតាមទីកន្លែងនានា ត្រូវបិទសញ្ញាហាមជក់បារីនៅកន្លែងរបស់ខ្លួន និងមិនត្រូវដាក់បង្ហាញចានគោះបារីនោះទេ។ ប៉ុន្តែក្នុងករណីមានអ្នកជក់បារីនៅកន្លែង ឬទីតាំងរបស់ខ្លួន ម្ចាស់គ្រប់គ្រងកន្លែងទាំងនេះត្រូវប្រាប់អ្នកជក់ឲ្យឈប់ ឬចេញទៅជក់នៅខាងក្រៅ។ ជាងនេះ សារាចរណែនាំក៏បានព្រមានថា ក្នុងករណីអ្នកជក់បារីមិនអនុវត្តតាមការណែនាំ ម្ចាស់ ឬអ្នកគ្រប់គ្រងទីកន្លែងផ្សេងៗ ត្រូវសហការជាមួយអាជ្ញាធរ ដើម្បីអប់រំដល់អ្នកល្មើសទាំងនោះ។
លោកបណ្ឌិត តាំង ណាំស្រ៊ុន អគ្គនាយកមន្ទីរព្យាបាលធ្មេញ ហង្សនាគ បានគាំទ្រសារាចរលេខ០០៣ របស់ក្រសួងសុខាភិបាល ដែលហាមជក់បារីនៅទីកន្លែងសាធារណៈ។ លោកចាត់ទុកសារាចរនេះថា ជាផ្នែកមួយក្នុងការចូលរួមថែរក្សាសុខភាពមនុស្ស៖ «បញ្ហាហ្នឹងខ្ញុំអបអរសាទរ ដើម្បីសុខភាពប្រជាជនយើងទាំងអស់គ្នា។ ហើយអាជីវកម្មរបស់ខ្ញុំមានហង្សនាគសណ្ឋាគារ និងភោជនីយដ្ឋាន ហើយហង្សនាគមន្ទីរព្យាបាលធ្មេញ និងហង្សនាគវីដេអូ។ ទាក់ទងការពិសារបារី វាធ្វើឲ្យរំខានដល់អតិថិជនយើងដែរ។ អ៊ីចឹងខ្ញុំអបអរសាទរមែនទែន។ ជាទូទៅ ប្រទេសជិតខាងគេ ធ្វើអស់នៅតែកម្ពុជា យើង។ ឥឡូវពេលនេះយើងចាប់ផ្តើមហើយ។ នេះ គឺជាទិសដៅមួយដ៏ល្អ»។
ចំណែក លោក ខឹម សុខេន មានលំនៅឋានក្នុងខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ មានរបរជាអ្នកបើកបររថយន្តឈ្នួល ក៏ថ្លែងគាំទ្រសារាចរហាមជក់បារីតាមទីសាធារណៈនេះដែរ៖ «ជក់បារីនៅតាមទីប្រជុំជនគេថាប៉ះពាល់សុខភាពគេ។ ឥឡូវខ្ញុំនិយាយដោយខ្លី បើចង់ជក់ត្រូវនៅឲ្យឆ្ងាយពីគេឯង»។
បញ្ហានេះ លោក ខ្លូត សាផុន មន្ត្រីសាលារាជធានីភ្នំពេញ បានដល់ម្ចាស់ធ្វើអាជីវកម្មផ្សេងៗឲ្យចូលរួមសហការ និងអនុវត្តសារាចរហាមជក់បារីតាមទីសាធារណៈឲ្យមានប្រសិទ្ធភាព ពិសេសអ្នកនិយមជក់បារី ក៏ត្រូវចូលរួមមិនឲ្យមានផ្សែងបារីនៅតាមសង្គមគ្រួសាររៀងៗខ្លួន។
ទាក់ទិនបញ្ហានេះ កាលពីខែកុម្ភៈ ឆ្នាំ២០១១ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្ដីពីវិធានការហាមឃាត់ ចំពោះការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់។ អនុក្រឹត្យនេះមានគោលដៅកំណត់អំពីវិធានការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់។ បន្ថែមលើនេះ ក៏មានគោលបំណងចូលរួមក្នុងការការពារសុខមាលភាពរបស់ប្រជាពលរដ្ឋ បង្កើនប្រសិទ្ធភាពត្រួតពិនិត្យលើការផ្សព្វផ្សាយផលិតផលថ្នាំជក់។ ទប់ស្កាត់រាល់មធ្យោបាយផ្សព្វផ្សាយដែលទាក់ទាញអតិថិជន ឲ្យប្រើប្រាស់ផលិតផលថ្នាំជក់។ ការបន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់ និងកាត់បន្ថយផលប៉ះពាល់នៃការប្រើប្រាស់ផលិតផលថ្នាំជក់ទៅលើសុខភាព បរិស្ថាន សេដ្ឋកិច្ច និងសង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។