អាជ្ញាធរ​​​នឹង​​ចុះ​រុះរើ​​បែ​ចិញ្ចឹម​ត្រី​ ​​ផ្ទះ​បណ្ដែតទឹក​ និង​សំណង់​មិន​រៀបរយ​​លើ​ផ្ទៃ​ទន្លេ​​នៅ​ថ្ងៃ​ទី​១២មិថុនា​​

0:00 / 0:00

អាជ្ញាធរ​​​ខណ្ឌ​ទាំង​៧ ដែល​នៅ​ជាប់​ទន្លេ​​​​បាន​​​​​ចាប់​ផ្ដើម​​​​​ចុះ​ណែនាំ​អ្នក​រស់​នៅ​​តាម​បែ​ចិញ្ចឹម​ត្រី​​ ​​ផ្ទះ​បណ្ដែតទឹក និង​សំណង់​មិន​រៀបរយ​នៅលើ​ផ្ទៃ​​​​ទឹក​ឱ្យ​ស្ម័គ្រចិត្ត​​រុះរើ​ចេញ​​មុន​​ថ្ងៃ​កំណត់​នៃ​ឱសានវាទ​របស់​អាជ្ញាធរ​​រាជធានី​ភ្នំពេញ​។ ក្នុង​​ករណី​មិន​ព្រម​រើ​ចេញ​ទេ​ អាជ្ញាធរ​​នឹង​ប្រើ​​កម្លាំង​សមត្ថកិច្ច​មក​រុះរើ​ និង​​អនុវត្ត​វិធានការ​ផ្លូវច្បាប់​​។​

អ្នករត់​​រ៉ឺម៉កម៉ូតូ​​ម្នាក់​​ នៅ​ម្ដុំ​​ខណ្ឌ​ឫស្សីកែវលោក ញៀវ ចាន់ និយាយ​ថា​ លោក​​ឃើញ​​ផ្ទះ​បណ្ដែត​ទឹក​នៅ​តែ​ច្រើន​ពេញ​ទន្លេ​សាប​ដដែល និង​មិន​បាន​ឃើញ​​មាន​ការ​រុះរើ​​គួរ​​ឲ្យ​កត់​សម្គាល់​​ណា​មួយទេ គិតត្រឹម​ថ្ងៃ​ទី​០៩ ​ខែមិថុនា ម្សិលមិញ៖ «ឃើញអត់ទាន់រុះរើទេមើល​ទៅ។ ឃើញកាណូតគេជិះផ្សាយ​ដល់​ពិត​ប្រាកដ​មិន​ដឹង​ដែរ។​មើល​ឃើញ​គេដាក់ទូក​មេក្រូ​ជិះផ្សាយ​ គ្រាន់តែមើល​ឲ្យតែ​ឃើញៗ​ទៅ»។

​ទោះ​យ៉ាង​ណា​ គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​០៨​ ខែមិថុនា​ថា ​អាជ្ញាធរ​ខណ្ឌ​ជាប់​ទន្លេ​​​​ទាំង​អស់ក្នុងភូមិរាជធានាភ្នំពេញ ​បាន​​ចុះ​ផ្សព្វផ្សាយ​អប់រំ​​អ្នក​រស់នៅ​ និង​ប្រកប​របរ​លើ​ផ្ទៃ​ទឹកទន្លេ​​ឲ្យ​រើ​ចេញ​​ខ្លួន​ឯង​ឲ្យ​បាន​លឿន​បំផុត។

ប្រភព​ដដែល​បញ្ជាក់​ថា ក្នុង​ករណី​មិន​មាន​ការ​រុះរើ​ចេញនោះ​ទេ​​ នៅ​​​ថ្ងៃ​ទី​១២ ខែ​​មិថុនា​ខាង​មុខ​​ ​​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​ នឹង​ចុះ​អនុវត្ត​ចាត់វិធានការ​រុះរើ​ ផ្ទះ​បណ្ដែត​ទឹក​ ​បែ​ចិញ្ចឹម​ត្រី​ និង​សំណង់​មិន​រៀបរយ​ទាំងនោះ​ហើយ​។​

Vietname_in_Cambodia_vs_Police_09_06_2021_02.jpg
ពលរដ្ឋវៀតណាមរស់នៅលើផ្ទះបណ្តែតទឹកទន្លេសាបចាប់ផ្តើមរុះរើផ្ទះបណ្តែតទឹក ក្រោយពីអាជ្ញាធររាជធានីភ្នំពេញបានជូនដំណឹងឱ្យចាកចេញ ត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១។ (រូប៖ ស្នងការដ្ឋាននគរបាលជាតិ)

អធិការ​ខណ្ឌ​ឫស្សីកែវលោក ហ៊ាង ផារ៉េត ឲ្យ​​អាស៊ី​សេរី​ដឹង​ថា​​​ នគរបាល​ពិត​ជា​បាន​ចុះ​ទៅ​អម​ជាមួយ​រដ្ឋបាល​​ខណ្ឌ ដើម្បី​ផ្សព្វផ្សាយ​​បទ​បញ្ជា​នេះ​មែន​​។ អាស៊ី​សេរី​មិន​​អាច​​សុំ​ការ​បញ្ជាក់​ពី​អភិបាល​ខណ្ឌ​ឫស្សីកែវលោក ជា ពិសី និង​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក ម៉េត មាស​ភក្ដី បាន​ទេ​នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា។

ទោះជា​យ៉ាង​ណាលោក ជា ពិសី ប្រាប់​សារព័ត៌មាន​កម្ពុជា​ថ្មី​ថា​ មាន​​អ្នក​ស្នាក់​នៅ​លើ​ផ្ទៃ​ទឹក​ខ្លះ​ ស្ម័គ្រចិត្ត​រុះរើ​ចេញ​ហើយ តែ​ក៏​មាន​អ្នក​ស្នើសុំ​ពន្យារ​ពេល​ប្រមូល​ផល​ត្រី​រួច​រាល់​​សិន។

ជុំវិញ​​ករណី​​​នេះ ទាំង​ស្ថានទូត​វៀតណាម​ សមាគម​​វៀតណាម​​​នៅ​​កម្ពុជា និង​​សមាគម​​ខ្មែរ​​ឥស្លាមបាន​​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ពន្យារ​ពេល​​ដែរ តែ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​អាជ្ញាធរ​ទេ​។ ​​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​​(facebook)​​មួយ​ចំនួន​​មិន​​​ជឿ​​ថា ​អាជ្ញាធរ​ហ៊ាន​បណ្ដេញ​ជនជាតិ​វៀតណាម ដែល​កំពុង​រស់​នៅ​លើ​បែ​ និង​ផ្ទះ​បណ្ដែត​​ទឹក​​ទេ។​ អ្នក​ខ្លះ​រិះគន់​អាជ្ញាធរ​ថា​ ហ៊ាន​​​​តែ​ជាមួយ​ជនជាតិ​​​ខ្មែរ​គ្នា​ឯង​​ទេ។​​​

ទោះ​​ជា​យ៉ាង​ណា សង្គម​ស៊ីវិល ​​យល់​ថា​អាជ្ញាធរ​រាជធានី​ភ្នំពេញ​​ គួរ​សិក្សា​​បទ​ពិសោធន៍​ខ្លះៗ​​នៃ​ការ​បណ្ដេញ​បែ​ចិញ្ចឹម​ត្រី និង​ផ្ទះ​បណ្ដែត​ទឹក​​ពី​​​ខេត្ត​កំពង់ឆ្នាំង​។

តំណាង​​អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​​​សាខា​ខេត្ត​កំពង់ឆ្នាំង​លោក ទត គឹម​ស្រួយ គាំទ្រ​វិធានការ​ឆាប់​បណ្ដេញ​​បែ​ចិញ្ចឹម​ត្រី និង​ផ្ទះ​បណ្ដែត​ទឹក​ចេញ​ពី​ភ្នំពេញ ព្រោះ​​ស្ថានភាព​ទន្លេ​សាប​​​នៅ​ភ្នំពេញ​តូច​​ជាង​ផ្ទៃ​​ទន្លេ​សាប​នៅ​ខេត្ត​កំពង់ឆ្នាំង​។ ​តែ​យ៉ាង​ណា លោក​ថា​ រយៈ​ពេល ​១ ​សប្ដាហ៍​ទំនង​ជា​អ្នក​ចិញ្ចឹម​ត្រី​ត្រៀម​ខ្លួន​មិន​ទាន់​ទេ។

Vietname_in_Cambodia_vs_Police_09_06_2021_03.jpg
អាជ្ញាធររាជធានីភ្នំពេញបានចុះផ្សព្វផ្សាយនៅតាមដងទន្លេឱ្យពលរដ្ឋដែលរស់នៅលើផ្ទះបណ្តែតទឹកទាំងអស់រុះរើចេញពីលើផ្ទៃទឹក កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១។ (រូប៖ ស្នងការដ្ឋាននគរបាលជាតិ)

​បន្ថែម​ពី​នេះ លោកក៏​ជំរុញ​ឲ្យ​អាជ្ញាធរ​រក​ទីតាំង​ដែល​​អាច​​ឲ្យ​ពលរដ្ឋ​ស្រប​ច្បាប់​​មាន​លទ្ធភាព​ជួល​ដី​​ដើម្បី​បន្ត​មុខ​របរ​ចិញ្ចឹម​ត្រី។ ឯ​អ្នក​ស្នាក់នៅ​​​​ខុស​ច្បាប់ លោក ជំរុញ​ឲ្យ​អនុវត្ត​ច្បាប់​អន្តោប្រវេសន្ត៖ « សូម​សំណូមពរ​ជាចុងក្រោយ គួរ​តែលោក​អភិបាល​ក្រុង​ធ្វើ​សេចក្ដីណែនាំ​ឲ្យច្បាស់ ឲ្យគាត់​ឡើងគោក​ហ្នឹង​ គឺ​កំណត់​រយៈពេល​ហ្នឹង ឃើញ​ថា ​គាត់​កំណត់​រយៈពេល​ហ្នឹង​វា​ឆាប់ពេក​។​ ប៉ុន្តែ​គួរ​តែ​មាន​បទ​បញ្ជា​ឲ្យច្បាស់​លាស់​ថា​ ឲ្យ​គាត់​រក​ដីធ្លី ឬ​ឲ្យ​ដោះស្រាយ​ដោយ​ខ្លួន​ឯង​។​ អា​ហ្នឹង​បាន​វា​ត្រឹមត្រូវ​»។

មក​ដល់​ពេល​នេះ​ អាជ្ញាធរ​មិន​ទាន់​បង្ហាញ​​ចំនួនតួលេខ​​អ្នក​ស្នាក់នៅ​លើ​​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្ដែត​ទឹក​​​​ និង​សំណង់​មិន​រៀបរយ​ទាំងអស់​នៅឡើយទេ។តែ​​​សមាគម​វៀតណាម​នៅ​កម្ពុជា​ អះអាង​​​ជនជាតិ​វៀតណាម​​ជាង​​មួយ​ពាន់ ​​(១.០០០)​​ នាក់ ​ស្នាក់​នៅ​​លើ​ផ្ទៃ​ទឹក​នៅ​ក្រុង​ភ្នំពេញ​យូរ​ឆ្នាំ​ហើយ ខណៈ​មាន​ជនជាតិ​វៀតណាម​ជាង​មួយ​រយ​​ (១០០)​ ផ្ទះ បាន​បណ្ដែត​ពី​ខេត្ត​កំពង់ឆ្នាំង​ចូល​មក។​ ក្រៅពី​នេះ​មាន​មួយ​ចំនួន​ទៀត គឺ​ជា​ជន​ជាតិ​ចាម៕​​​​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។