អ្នក​ជំងឺ​ជាច្រើន​មក​ព្យាបាល​ជំងឺ​ត្រចៀក​ច្រមុះ​បំពង់ក​ដោយ​ឥត​គិត​ថ្លៃ​នៅ​ពេទ្យ​រុស្ស៊ី

មាន​អ្នកជំងឺ​កកកុញ​នាំគ្នា​មក​ទទួល​សេវា​ពិនិត្យ​ព្យាបាល​ជំងឺ​ត្រចៀក ច្រមុះ និង​បំពង់ក ដោយ​ឥត​បង់​ប្រាក់ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត ក្នុង​រយៈពេល ៣​ថ្ងៃ កន្លង​មក​នេះ។

ប្រធាន​ផ្នែក​ជំងឺ​ត្រចៀក ច្រមុះ និង​បំពង់ក នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត លោក​វេជ្ជបណ្ឌិត បាន ចំរ៉ុង ឱ្យ​ដឹង​ថា​អ្នកជំងឺ​លើក​នេះ​ច្រើនជាង​លើក​មុន ដែល​ក្នុង​រយៈពេល ៣ ថ្ងៃ មាន​អ្នកជំងឺ​ជិត ១ ពាន់ ៥ រយ​នាក់ មក​ទទួល​ការពិនិត្យ ព្យាបាល និង​វះកាត់។

លោក​វេជ្ជបណ្ឌិត​មានប្រសាសន៍ថា អ្នកជំងឺ​ភាគ​ច្រើន​គឺ​មាន​ជំងឺ​រ៉ាំរ៉ៃ​នៅ​តាម​ខេត្ត​រាប់​ឆ្នាំ​មក​ហើយ៖ «ភាគច្រើន ជំងឺ​ដុះ​សាច់​ក្នុង​បំពង់ក ជំងឺ​ឫសដូងច្រមុះ ជំងឺ​វៀច​ឆ្អឹងច្រមុះ ហើយ​មាន​ជំងឺ​ត្រចៀក​ដែរ ប៉ុន្តែ​យើង​មិន​វះ​បាន​ភ្លាមៗ​ទេ យើង​ទុក​ទៅ​ពេល​ក្រោយ​ចុង​កម្មវិធី ព្រោះ​អា​ហ្នឹង​ជា​ការ​វះកាត់​ធំ ដាក់​ថ្នាំ​សណ្ដំ ត្រូវ​គ្រូពេទ្យ​ចូល​ម្ដង ៤​នាក់។ អ៊ីចឹង​ចាំ​ចុងក្រោយ ចុង​កម្មវិធី។ ឥឡូវ​យើង​វះ​តែ​ជំងឺ​ល្មម​ស្រាលៗ។ ជំងឺ​ខ្លះ​រ៉ាំរ៉ៃ មិនមែន​ចាប់​ផ្ដើម​ឡើង ១ ខែ​ឬ ២ ខែ​ទេ គឺ​រាប់​ឆ្នាំ​ហើយ ប៉ុន្តែ​វា​កប់​តាម​មូលដ្ឋាន​តាម​ជនបទ​ដាច់ស្រយាល​អ៊ីចឹង​ទៅ ហើយ​ការ​ប្រកូក​ប្រកាស​របស់​យើង​តាម​វិទ្យុ នៅ​ស្រុកស្រែ​គេ​ស្ដាប់។ ស្ដាប់​ទៅ​គេ​ឮ​គេ​មក។ មាន​អ្នកជំងឺ​ខ្លះ​គាត់​ដឹង​ថា​គាត់​ឈឺ តែ​មិន​មាន​លទ្ធភាព​មក។ តែ​ពេលនេះ​ឃើញ​គាត់​ចេញ​មក ហើយ​យើង​វះកាត់​ជូន​គាត់​បាន​ទាំងអស់ ដោយ​មិន​បង់​ប្រាក់ ឬ​បង់​សេវា​អី​អត់​មាន​ទេ»។

អ្នក​ជំងឺ​មួយ​ចំនួន ដែល​មកពី​ខេត្ត​ដូចជា​ខេត្ត​តាកែវ និង​កំពង់ឆ្នាំង ថ្លែង​នៅ​ថ្ងៃ​ទី ២២ ឧសភា​ថា ទោះជា​គាត់​ត្រូវ​ចាំ​តាម​លេខ​រៀង​សម្រាប់​ចូល​វះកាត់​ក្ដី ក៏​ពួកគាត់​សុខចិត្ត​ដែរ ព្រោះ​គាត់​មិន​មាន​លទ្ធភាព​ទៅ​រក​សេវា​ព្យាបាល​បង់លុយ​រាប់​រយ​ដុល្លារ​ទេ។ កម្មវិធី​ពិនិត្យ​ព្យាបាល​ជំងឺ​ត្រចៀក ច្រមុះ និង​បំពង់ក ដោយ​ឥត​បង់​ប្រាក់ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត នឹង​ត្រូវ​បន្ត​រហូតដល់​ថ្ងៃ​ទី ៦ ខែ​មិថុនា ខាងមុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។