មន្ត្រី​រដ្ឋាភិបាល​ទុកចិត្ត​ការ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​ជាង​ការ​ព្យាបាល​នៅ​ស្រុក

0:00 / 0:00

ថ្នាក់ដឹកនាំ និង​ក្រុម​មន្ត្រី​ជាន់ខ្ពស់រដ្ឋាភិបាល​ហាក់​នៅតែ​មិន​មាន​ជំនឿ​លើ​ប្រព័ន្ធ​សុខាភិបាល​ក្នុងស្រុក ដោយ​ពួកគេ​បន្ត​ជ្រើសរើស​ទៅ​ពិនិត្យ​សុខភាព និង​ព្យាបាល​ជំងឺ​ធ្ងន់​ស្រាល ឬ​ការ​សម្រាលកូន​នៅ​ក្រៅ​ប្រទេស។ អ្នកជំនាញ​ថា មន្ត្រី​រដ្ឋាភិបាល​គួរ​ធ្វើ​គំរូ ព្រោះ​ខ្លួន​ធ្លាប់​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ងាក​មក​ទទួល​សេវា​ព្យាបាល​នៅក្នុង​ស្រុក ព្រោះ​មាន​ស្ដង់ដារ​ខ្ពស់​មិន​ចាញ់​ប្រទេសជិតខាង។

អ្នកជំនាញ​ខាង​វិស័យ​សុខាភិបាល​មើល​ឃើញ​ថា មូលហេតុ​ដែល​នៅតែ​មាន​ការ​បញ្ជូន​អ្នក​ជំងឺ​ទៅ​រក​ការ​ព្យាបាល​នៅ​ក្រៅ​ប្រទេស ជាពិសេស​នៅក្នុង​ប្រទេស​ថៃ អាច​ដោយសារ​សាច់ញាតិ​ភ័យ​ស្លន់ស្លោ ឬ​អ្នកជំងឺ​ខ្លួន​ផ្ទាល់ មិន​មាន​ជំនឿ​ចិត្ត​លើ​ប្រព័ន្ធ​សុខាភិបាល​នៅក្នុង​ស្រុក។

ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា​លោក អ៊ូច វុទ្ធី ប្រាប់​អាស៊ីសេរី​ថា ស្រប​ពេល​មន្ត្រី​រដ្ឋាភិបាល​មិន​បាន​បង្ហាញ​ភាព​គំរូ​ទៅដល់​ពលរដ្ឋ នៅ​មាន​បញ្ហា​ជាច្រើន​ទៀត ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​មិន​សូវ​មាន​ជំនឿ​លើ​ការ​ព្យាបាល​នៅក្នុង​ស្រុក​។ លោក​បញ្ជាក់​ថា បញ្ហា​ទាំងនោះ រួមមាន គ្រូពេទ្យ​មួយចំនួន គិតលុយ​ធំ​ជាង​ការ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស គ្រូពេទ្យ​មួយចំនួន​ប្រើប្រាស់​ពាក្យសម្ដី​គ្មាន​សីលធម៌ ឱសថ​ខ្វះ​គុណភាព​ឬ​ឱសថ​ក្លែងក្លាយ​នៅតែ​ត្រូវ​បាន​នាំចូល និង​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​ខ្លះ ប្រើប្រាស់​គ្រូពេទ្យ​មិន​ទាន់​មាន​ជំនាញ​ច្បាស់លាស់ ព្យាបាល​ធ្វើ​ឱ្យ​អ្នកជំងឺ​គ្រោះថ្នាក់​ជាដើម។

លោក អ៊ូច វុទ្ធី ដែល​ធ្លាប់​ជា​មន្ត្រី​ពេទ្យ​ក្នុង​ក្របខណ្ឌ​រដ្ឋ អះអាង​ថា នៅ​កម្ពុជា ក៏​មាន​គ្រូពេទ្យ​មាន​ចំណេះ​ជំនាញ ដែល​បញ្ចប់​ការសិក្សា​ផ្នែក​ពេទ្យ​មកពី​ប្រទេស​បារាំង និង​អាមេរិក ហើយ​ដែល​មាន​សមត្ថភាព​មិន​ចាញ់​គ្រូពេទ្យ​នៅ​តាម​ប្រទេស​ជិត​ខាង​ឡើយ។ ប៉ុន្តែ​លោក​យល់ថា ដើម្បី​ឱ្យ​គ្រូពេទ្យ​ទាំងនោះ បំពេញការងារ​ឱ្យ​បាន​ពេញលេញ ដោយ​មិន​បើក​ពេទ្យ​នៅ​ខាងក្រៅ ឬ​លួច​ធ្វើ​ការងារ​ឯកជន​ក្រៅ រដ្ឋាភិបាល​ត្រូវ​ផ្ដល់​ប្រាក់ខែ​សមរម្យ​ដល់​ពួកគាត់។

លោក អ៊ូច វុទ្ធី៖ «ហើយ​ធ្វើការ​ពេទ្យ​រដ្ឋ បាន​ម៉ោង​តិច ហើយ​ដាក់​វេន​គ្នា ហើយ​ដាក់​វេន ចំ​ពេទ្យ​ចុះ​ស្ដារ​អីហ្នឹង ដែល​ធ្វើ​ឱ្យ​មាន​ការ​គ្រោះថ្នាក់​ដល់​អ្នកជំងឺ​។ អ៊ីចឹង​!ត្រូវ​មាន​ការ​ពង្រឹង​វិស័យ​ហ្នឹង​ខ្លាំង វិស័យ​សុខាភិបាល និង​វិស័យ​អប់រំ ពីរ​ហ្នឹង គឺថា​តែ​យើង​ចោល​មួយ​ណា គឺ​យើង​ថ្ងៃក្រោយ​ឥត​ជឿនលឿន​ដូច​ប្រទេស​គេ​ទេ​។ ឥឡូវ​!យើង​គិត​មើល៍ អ្នកធំ​មួយចំនួន​ឱ្យ​តែ​ឈឺ​ព្រឹប ទៅSingapore (​សិង្ហ​បុរី​)ហើយ​កាល់ម៉ែត្រ​ប៉ុនណា​ណី»។

ពាក់ព័ន្ធ​រឿង​នេះ​ដែរ អ្នកជំនាញ​ផ្នែក​សុខភាព លោក​វេជ្ជបណ្ឌិត គួច ម៉េងលី មើល​ឃើញ​ថា មូល​ហេតុដែល​មន្ទីរពេទ្យ​នៅ​ប្រទេសជិតខាង នៅតែ​ស្រូប​ទាញ​អ្នកជំងឺ​ពី​កម្ពុជា ដោយសារ​គ្រូពេទ្យ​នៅ​ក្រៅ​ប្រទេស ផ្ដល់​សេវាកម្ម​បែប​ទន់ភ្លន់ រួសរាយ ប្រើប្រាស់​សម្ភារៈ​ទំនើប និង​មាន​អនាម័យ រួម​ទាំង​មាន​បច្ចេកទេស​ព្យាបាល​ច្បាស់លាស់។

លោក​យល់​ឃើញ​ថា ដើម្បី​ឱ្យ​ការ​ព្យាបាល​នៅក្នុង​ស្រុក មាន​ជំនឿ​ទុកចិត្ត​ពី​ពលរដ្ឋ គឺ​ត្រូវការ​ពេល​ច្រើន​បន្ថែម​ទៀត ទាំង​ការ​អប់រំ និង​ការ​សាងសង់​ឱ្យ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ឬ​មន្ទីរពេទ្យ​ដែល​មាន​បំពាក់​ឧបករណ៍​ទំនើប។

លោក គួច ម៉េងលី លើកឡើង​ទៀត​ថា កម្ពុជា​ត្រូវ​អប់រំ​កែប្រែ​ផ្នត់គំនិត​គ្រូពេទ្យ​ជំនាន់​ក្រោយ ឱ្យ​ឈប់​អាត្មានិយម និង​គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន តែ​ត្រូវ​គិត​ពី​ប្រយោជន៍​ជាតិ​ទាំងមូល​។ ម្យ៉ាងវិញទៀត ការ​រៀន​ធ្វើជា​គ្រូពេទ្យ ធ្វើឡើង​តាម​ចំណង់​ចំណូលចិត្ត និង​ចិត្ត​សប្បុរសធម៌​ក្នុង​ការ​ជួយសង្គ្រោះ​ជីវិត និង​មិនមែន​ធ្វើ​ពេទ្យ​ដើម្បី​តែ​លុយ​នោះ​ទេ។

លោក គួច ម៉េងលី៖ «វា​ជាក់ស្ដែង​ហើយ បើ​យើង​មាន​ពេទ្យ​ល្អ​ច្រើន នៅក្នុង​ប្រទេស​ខ្លួនឯង ហើយ​មាន​ជំនាញ​គ្រប់មុខ ហើយ​សេវាកម្ម មាន​វិជ្ជាជីវៈ​ច្បាស់លាស់ គេ​នឹង​នៅ​។ ប៉ុន្តែ យើង​នៅ​មាន​កម្រិត គេ​ហៅថា តាំងពី​វិជ្ជាជីវៈ សេវាកម្ម​ថ្លៃថ្នូរ អនាម័យ ហើយ​អ្នកឯកទេស​ច្បាស់លាស់ យើង​នៅ​មាន​កម្រិត​។ ដូច្នេះហើយ​!ធ្វើ​ឱ្យ​អ្នកមាន​ថវិកា អ្នកមាន​ជម្រើស គេ​នៅតែ​ទៅ​(​ព្យាបាល​)​ប្រទេសក្រៅ​អ៊ីចឹង»។

វិទ្យុ​អាស៊ីសេរី​មិនអាច​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បាន​ទេ កាលពី​ថ្ងៃទី២២ ខែ​មិថុនា។

ប៉ុន្តែ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​លោក ម៉ម ប៊ុនហេង និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជារឿយៗ តែង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​មាន​ជំងឺ​ប្រចាំ​កាយ ចូលរួម​ទទួល​សេវា​សុខាភិបាល​នៅក្នុង​ប្រទេស ដោយ​អះអាង​ថា បច្ចុប្បន្ន កម្ពុជា​មាន​មន្ទីរពេទ្យ​ឯកទេស​កើន​ឡើងជា​បន្តបន្ទាប់​សម្រាប់​បម្រើ​សេវាកម្ម​ព្យាបាល​ជំងឺ ស្របតាម​ស្តង់ដារ​ខ្ពស់ មិន​ចាញ់​មន្ទីរពេទ្យ​នៅ​តាម​បណ្តា​ប្រទេស​ដទៃ​នោះ​ទេ។

ផ្ទុយ​ពី​ការធានា​អះអាង​ពី​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​លោក ហ៊ុន សែន នេះ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល នៅតែ​មិនទាន់​ទុកចិត្ត​ចំពោះ​វិស័យ​សុខាភិបាល​ក្នុងស្រុក ហើយ​នៅពេល​ពួកគេ​ឈឺ​ល្មមៗ ឬ​ត្រូវ​សម្រាលកូន តែង​រត់​ទៅ​ទទួល​សេវា​ព្យាបាល​និង​ថែទាំ​សុខភាព​នៅ​ក្រៅ​ប្រទេស ដូចជា​ប្រទេស​ថៃ វៀតណាម និង​ប្រទេស​សិង្ហបុរី​ជាដើម​។ ជា​ឧទាហរណ៍ កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង បាន​ធ្វើ​ដំណើរ​ទៅ​ពិនិត្យ​សុខភាព និង​ព្យាបាល​ជំងឺ​នៅ​ប្រទេស​បារាំង តាម​ការ​ណាត់​របស់​វេជ្ជបណ្ឌិត​បារាំង។

ចំណែក​លោក ហ៊ុន សែន ដែល​តែង​ចំអក​ឱ្យ​ក្រុម​ប្រទេស​លោកខាងលិច​ដែល​មាន​ប្រព័ន្ធ​វិស័យ​សុខាភិបាល​ជឿនលឿន​ថា មិនអាច​គ្រប់គ្រង​ការ​រាតត្បាត​កូវីដ​១៩ ដូច​នៅ​កម្ពុជា​នោះ កាលពី​ខែឧសភា​ឆ្នាំ​២០២៣​នេះ លោក​បាន​ទម្លាយ​ថា កាលពី​ប្រហែល​៦​ឆ្នាំមុន លោក​បាន​លួច​ទៅ​វះកាត់​ចង្កេះ​នៅ​មន្ទីរពេទ្យ​នៅក្នុង​ប្រទេស​សិង្ហបុរី។ ជាង​នេះ​ទៅ​ទៀត សមាជិក​មួយចំនួន​នៃ​ក្រុម​គ្រួសារ​លោក ហ៊ុន សែន ក៏​ស្វែងរក​ការ​ព្យាបាល និង​សំរាល​កូន​នៅ​បរទេស​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។