ក្រសួងសុខាភិបាលហ៊ានប្រកាសជាផ្លូវការថា មានមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលម្នាក់ ដែលផ្ទុកជំងឺកូវីដ-១៩ បានសះស្បើយពីជំងឺនេះ។ នៅក្នុងសេចក្តីជូនដំណឹងថ្ងៃទី៤ ខែ មេសានេះ ក្រសួងសុខាភិបាល ថាបុរសជនជាតិខ្មែរអាយុ ៣៩ ឆ្នាំ ជាមន្ត្រីជាន់ខ្ពស់នៃក្រសួងមួយ រស់នៅរាជធានីភ្នំពេញ បានជាសះស្បើយដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០២ លើក និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
កាលពីដំបូង ពេលបុរសនេះផ្ទុកជំងឺកូវីដ-១៩ ក្រសួងសុខាភិបាល បានលាក់ព័ត៌មាននេះ ដោយត្រឹមតែប្រាប់ថា បុរសនោះ ជាពលរដ្ឋខ្មែរធ្វើដំណើរមកពីបារាំងតែប៉ុណ្ណោះ។ ប៉ុន្តែការលាក់ព័ត៌មានអំពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ដែលផ្ទុកជំងឺនេះ ត្រូវបានបែកធ្លាយនៅក្នុងសារសំឡេងរបស់កូនប្រុសទីពីររបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានិត ដែលបញ្ជាក់ថា នៅក្រសួងការបរទេស មានប្រធាននាយកដ្ឋានម្នាក់ ផ្ទុកជំងឺនេះ ហើយបុរសនេះបានជួបប្រាស្រ័យទាក់ទងជាមួយមន្ត្រីទូតខ្មែរ និងមន្ត្រីក្រសួងការពារជាតិផងដែរ។ក្រោយការបែកធ្លាយសារសំឡេងនេះ ទើបក្រសួងសុខាភិបាល ប្រកាសថា ខ្លួនមិនបានលាក់ព័ត៌មាននោះទេ គឺខ្លួនធ្វើអ្វីៗទៅតាមបច្ចេកទេសសុខាភិបាល ជាពិសេសក្រមសីលធម៌ក្នុងការមិនប្រាប់អត្តសញ្ញាណ នៃអ្នកជំងឺ។ ក្រសួងធ្លាប់អះអាងថា មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលរូបនោះ ត្រូវបានបញ្ចូលក្នុងបញ្ជីរួម នៃអ្នកផ្ទុកជំងឺនេះ តាំងពីថ្ងៃទី១៨ ខែមីនា មកម្ល៉េះ។
ទោះជាក្រសួងអះអាងយ៉ាងនេះក្តី ក៏ពេលក្រសួងជូនដំណឹងអំពីការរកឃើញមន្ត្រីនេះផ្ទុកជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៥ ខែមីនា គឺមិនបានបញ្ជាក់ថា បុរសនោះ ជាមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលនោះឡើយ។
អាស៊ីសេរី បានព្យាយាមសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងសុខាភិបាល អំពីមូលហេតុថា តើហេតុអ្វី បានជាកាលពីបុរសនេះមានផ្ទុកជំងឺនេះ ក្រសួងលាក់ព័ត៌មាន មិនហ៊ានប្រាប់ថា អ្នកជំងឺនោះ ជាមន្ត្រីនោះជាន់ខ្ពស់រដ្ឋាភិបាល ប៉ុន្តែដល់តែពេលគាត់ជាសះស្បើយពីជំងឺនេះ ទើបហ៊ានប្រកាសការពិត។ ប៉ុន្តែ មិនទាន់អាចទាក់ទងបាន។
រហូតមកដល់ពេលនេះ ក៏មិនទាន់មានសេចក្តីរាយការណ៍ណាមួយ ដែលថាមន្ត្រីទាំងអស់ ដែលមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសរូបនេះ បានជួបប្រាស្រ័យទាក់ទង ត្រូវបានធ្វើតេស្តរកមើលមេរោគកូរ៉ូណាថ្មី ឬដាក់ឱ្យនៅដាច់ដោយឡែកពីគេ ដើម្បីតាមដានសុខភាពនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។