វិស័យ​សុខាភិបាល​រង​ការ​រិះគន់​ថា​គុណភាព​ព្យាបាល​ជំងឺ​ស្ថិត​លើ​បបូរ​មាត់

0:00 / 0:00

ពេលវេលា​ពីរ​ឆ្នាំ​កន្លង​មក​នេះ ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​មិន​ទាន់​ភ្លេច​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា នោះ​ឡើយ​ដែល​មាន​ចំនួន ១១​ចំណុច​សំខាន់ៗ ក៏ប៉ុន្តែ​ក្នុង​ចំណោម​សារ​នយោបាយ​ទាំង ១១​ចំណុច​នោះ គឺ​មាន​ចំណុច​មួយ​ដែល​ប្រជាពលរដ្ឋ​ចាប់​អារម្មណ៍ គឺ​គណបក្ស​នេះ​សន្យា​ថា នឹង​ធ្វើ​កំណែ​ទម្រង់​ការ​ផ្ដល់​សេវា​សាធារណៈ​ឲ្យ​បាន​ប្រសើរ​ឡើង និង​ធានា​ផ្តល់​សេវា​សុខភាព​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ប្រកប​ដោយ​សមធម៌ គ្មាន​ការ​រើសអើង និង​ផ្តល់​ជំនឿ​ទុក​ចិត្ត។ ប៉ុន្តែ​ពលរដ្ឋ​និយាយ​ថា វិស័យ​សុខាភិបាល​កម្ពុជា គ្រូពេទ្យ​គ្មាន​ការ​ទទួល​ខុស​ត្រូវ និង​ខ្វះ​ក្រម​សីលធម៌​ដោយ​យក​លុយ​ជា​ធំ មិន​ខ្វល់​ពី​ទុក្ខ​លំបាក​របស់​អ្នក​ជំងឺ។

មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា ប្រាក់​ខែ​តិច និង​អំពើ​ពុក​រលួយ គឺ​ជា​ដើម​ចម​ចម្បង​ដែល​ជំរុញ​ឲ្យ​គ្រូពេទ្យ​មិន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ព្យាបាល​ជំងឺ។ ការ​មិន​យក​ចិត្ត​ទុក​ដាក់​នេះ​ហើយ ជា​ហេតុ​ជំរុញ​ឲ្យ​ការ​ព្យាបាល​ជំងឺ​មិន​សូវ​មាន​ប្រសិទ្ធភាព និង​មិន​មាន​ភាព​ស្មើ​គ្នា។

យុវជន​បី​នាក់​ដែល​មាន​សម្លៀកបំពាក់​ចាស់ៗ និង​រហែក​ផង​នោះ ឈរ​នៅ​ខាង​ជើង​អគារ​នៃ​មន្ទីរពេទ្យ​មួយ​នៅ​ក្រុង​ភ្នំពេញ រៀបរាប់​ពី​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ព្យាបាល​ជំងឺ​របស់​គ្រូពេទ្យ​នៅ​ក្នុង​មន្ទីរពេទ្យ​នោះ។

យុវជន​ម្នាក់​ក្នុង​ចំណោម​យុវជន​ពីរ​នាក់ ដែល​រង​របួស​ជា​ទម្ងន់​ដោយសារ​គេ​វ៉ៃ និង​កាប់​ចំ​ក្បាល​បែក​ជា​ដំណំ ក្រោយ​ពេល​ចេញ​ពី​រាំ​កម្សាន្ត​នៅ​ក្លឹប​មួយ​ក្នុង​ក្រុង​ភ្នំពេញ។ យុវជន​ម្នាក់​នេះ​មាន​ទឹក​មុខ​ស្លេកស្លាំង ក្បាល​បែក​ខាង​ឆ្វេង​ប្រហែង​មួយ​ចំអាម អាវ​ប្រឡាក់​ដោយ​ឈាម មុខ​ហើម និង​ដៃ​របួស​ផង​នោះ បង្ហាញ​ពី​អារម្មណ៍​មិន​ពេញ​ចិត្ត​ចំពោះ​គ្រូពេទ្យ​ដែល​មិន​គិត​ពី​អាយុ​ជីវិត​របស់​ខ្លួន តែ​បែរ​គិត​តែ​ពី​លុយ។

យុវជន​រូប​នេះ​បន្ត​ថា មិន​គួរ​ណា​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា សម័យ​តេជោ​សែន ហើយ ប៉ុន្តែ​បែរ​ជា​ក្រុម​គ្រូពេទ្យ​រដ្ឋ​មួយ​ចំនួន​គិត​ពី​លុយ​សំខាន់​ជាង​អាយុ​ជីវិត​មនុស្ស​ទៅ​វិញ។ ថ្លែង​ដោយ​មិន​បញ្ចេញ​ឈ្មោះ យុវជន​រូប​នេះ​បន្ត​ថា លោក​បាន​មក​ដេក​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ តាំង​តែ​ពី​ម៉ោង ៣​ទៀប​ភ្លឺ។ គ្រូពេទ្យ​បាន​ត្រឹម​រាប់​ស្នាម​របួស​មួយ​ថ្នេរ ពីរ​ថ្នេរ បី​ថ្នេរ ប៉ុន្តែ​មិន​ព្រម​ដេរ​សោះ នៅ​ស្រប​ពេល​ដែល​លោក​វិល​មុខ និង​ហូរ​ឈាម​រហូត​ដល់​សន្លប់។ លោក​បន្ថែម​ថា ព្រឹក​ឡើង​ដឹង​ខ្លួន ក្បាល​បែក​នៅ​តែ​បែក គ្មាន​នរណា​ដេរ បាន​ត្រឹម​តែ​ព្យួរ​សេរ៉ូម​មួយ​ផ្លោក​តែ​ប៉ុណ្ណោះ៖ «មិន​ដឹង​ធ្វើ​ម៉េច និយាយ​ទៅ​ហួស​ចិត្ត​ពេក។ ឥឡូវ​ក៏​មិន​ដេរ​ដែរ ព្រោះ​ហើម​សាច់​ខ្លាំង ហើយ​យប់​មិញ​អត់​ដេរ​ផង។ មុន​ដំបូង​ថា​អស់ ៦​ម៉ឺន ប៉ុន្តែ​មួយ​សន្ទុះ​ក្រោយ​មក​ស្រាប់​តែ​យក​លុយ​ឲ្យ​គាត់ ប្រែ​ទៅ​ជា​ថា​អស់ ១៣​ម៉ឺន​វិញ។ ពេល​ខ្ញុំ​សួរ​រក​វិក្កយបត្រ​គាត់​ថា​ហែក​ចោល​បាត់។ គាត់​ចង់​មាន​ន័យ​ថា​ម៉េច បើ​លុយ​អត់​ទាន់​បង់​ផង​ហ្នឹង»

អ្នក​ឃ្លាំ​មើល​សង្គម លោក​បណ្ឌិត កែម ឡី លើក​ឡើង​ថា វិស័យ​សុខាភិបាល គឺ​ជា​វិស័យ​អាទិភាព ព្រោះ​ថា កើត​ជា​មនុស្ស​នរណា​ក៏​ចេះ​ឈឺ​ដែរ ហើយ​ពេល​មាន​ជំងឺ ឬ​មាន​គ្រោះថ្នាក់​ដល់​សុខភាព មនុស្ស​ត្រូវ​ការ​គ្រូពេទ្យ​ដើម្បី​ព្យាបាល។ លោក​និយាយ​បន្ត​ថា ផ្ទុយ​មក​វិញ បើ​សិន​អ្នក​ជំងឺ​ទៅ​ដល់​មន្ទីរពេទ្យ​ហើយ បែរ​ជា​គ្មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​គ្រូពេទ្យ​ក្នុង​ការ​ជួយ​សង្គ្រោះ​ទេ​នោះ ប្រហែល​មក​ពី​ហេតុផល​មួយ​ចំនួន ដូចជា ទី​មួយ គ្រូពេទ្យ​មិន​គោរព​តាម​ក្រម​សីលធម៌​វិជ្ជាជីវៈ​ជា​គ្រូពេទ្យ ដោយ​គិត​រឿង​លុយ​សំខាន់​ជា​ជាង​ការ​ជួយ​មនុស្ស។ ទី​២ ប្រហែល​ដោយសារ​ប្រាក់​ខែ​គ្រូពេទ្យ​តិច​ពេក ម្ល៉ោះ​មាន​តែ​ឆ្លៀត​ឱកាស​រក​ក្រៅ ក្រែង​បាន​លុយ​គ្រាន់​ទុក​ពេល​ព្រឹក និង​ទី​៣ ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា រដ្ឋបាល​គ្រប់គ្រង​បច្ចុប្បន្ន​មាន​តែ​អំណាច តែ​គ្មាន​សមត្ថភាព​ប្រើ​មនុស្ស​ឲ្យ​ចំ​គោលដៅ​នោះ​ទេ៖ «ប្រមុខ​រដ្ឋាភិបាល​ក្នុង​នាម​នាយក​រដ្ឋមន្ត្រី អត់​ទុក​ចិត្ត​វិស័យ​សុខាភិបាល​ខ្លួន​ឯង អត់​ប្រើ​សេវា​សុខាភិបាល​ខ្លួន​ឯង ចុង​ក្រោយ​គុណភាព​វិស័យ​សុខាភិបាល​អន់​ទៅៗ»

លោក​បន្ត​ថា ដើម្បី​អាច​ពង្រឹង​គុណភាព​វិស័យ​សុខាភិបាល​បាន រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​រដ្ឋាភិបាល​កម្ពុជា ត្រូវ​តែ​លើក​ទឹក​ចិត្ត​គ្រូពេទ្យ​គ្រប់​ជំនាញ​ទាំងអស់ គឺ​លើក​ទឹក​ចិត្ត​តាម​រយៈ​ការ​ផ្តល់​ប្រាក់​ខែ​ឲ្យ​បាន​ច្រើន គឺ​យ៉ាង​តិច ៥០០​ដុល្លារ​ក្នុង​មួយ​ខែ និង​ផ្តល់​តួនាទី​សម្រាប់​មនុស្ស​មាន​សមត្ថភាព មិន​មែន​លើក​តែ​កូន​ចៅ​ខ្លួន​ឯង​ឲ្យ​ឡើង​ធ្វើ​ធំ​នោះ​ឡើយ។ ម្យ៉ាង​វិញ​ទៀត ក្រសួង​សុខាភិបាល ត្រូវ​ពង្រឹង​ក្រម​សីលធម៌​គ្រូពេទ្យ និង​វិន័យ​ក្នុង​មន្ទីរពេទ្យ ដោយ​យក​អ្នក​ជំងឺ​ជា​ធំ​មិន​គិត​តែ​ពី​ដុល្លារ។ លោក​បន្ត​ថា គ្រូពេទ្យ​នៅ​កម្ពុជា មែន​ទែន​ទៅ​មាន​សមត្ថភាព​មិន​ចាញ់​ប្រទេស​ជិត​ខាង​ឡើយ ព្រោះ​គ្រូពេទ្យ​ជំនាញ​ជាច្រើន​សុទ្ធ​តែ​បញ្ចប់​ការ​សិក្សា​មក​ពី​ក្រៅ​ប្រទេស​ដូច​គ្នា។

ឆ្លើយ​តប​នឹក​ការ​លើក​ឡើង​នេះ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង មាន​ប្រសាសន៍​ថា វិស័យ​សុខាភិបាល គឺ​មាន​ការ​ផ្លាស់ប្ដូរ​ច្រើន​ណាស់​នា​ពេល​បច្ចុប្បន្ន បើ​ប្រៀបធៀប​ទៅ​នឹង​អតីត​កាល។ លោក​បន្ត​ថា សព្វថ្ងៃ​កម្ពុជា មាន​មណ្ឌល​សុខភាព​គ្រប់​តំបន់​ទាំងអស់ ហើយ​ក៏​មាន​គ្រូពេទ្យ​បម្រើ​ការ​គ្រប់​ពេលវេលា ហើយ​គ្រូពេទ្យ​សុទ្ធតែ​ទទួល​បាន​ការ​បណ្តុះបណ្តាល​ត្រឹមត្រូវ​ពី​សាកលវិទ្យាល័យ​ផ្នែក​សុខាភិបាល។ លោក​បន្ថែម​ថា កម្ពុជា កំពុង​ពង្រឹង​គុណភាព​ព្យាបាល​ជំងឺ ដើម្បី​ប្រកួត​ប្រជែង​នឹង​ប្រទេស​ដទៃ​ក្នុង​តំបន់​អាស៊ាន៖ «ការ​បណ្តុះបណ្តាល​យើង យើង​ឃើញ​ហើយ​មាន​ពេទ្យ​មុន​គេ រៀន​ប្រឡង​ចូល​ទាំង​ឯកជន​ទាំង​រដ្ឋ បន្ទាប់​ប្រឡង​ចូល​ថ្នាក់​ជាតិ និង​កម្មវិធី​ថ្នាក់​ជាតិ​តែ​មួយ ហើយ​ប្រឡង​ចេញ​ថ្នាក់​ជាតិ​ទៀត ដើម្បី​ឲ្យ​ទាំង​ឯកជន​ទាំង​រដ្ឋ មាន​សមត្ថភាព ហើយ​ទៅ​ប្រកួត​ប្រជែង​នឹង​ប្រទេស​ក្នុង​តំបន់​អាស៊ាន»

រីឯ​បញ្ហា​ជន​បរទេស​មួយ​ចំនួន​ដែល​មក​បើក​គ្លីនិក​នៅ​ស្រុក​ខ្មែរ ហើយ​ដណ្ដើម​ការងារ​ខ្មែរ និង​រហូត​គ្លីនិក​របស់​ជន​បរទេស​ខ្លះ​មិន​ទទួល​ខុស​ត្រូវ ចំពោះ​ការ​ព្យាបាល​របស់​ខ្លួន ហើយ​ថែម​ទាំង​បណ្ដែត​បណ្តោយ​ឲ្យ​អ្នក​ជំងឺ​ស្លាប់​ទៀត​នោះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល មាន​ប្រសាសន៍​ថា ជា​រឿង​បុគ្គល​ទេ។ លោក​បន្ត​ថា គ្រូពេទ្យ​ទាំងអស់​ដែល​ជា​ជន​បរទេស​ចង់​មក​ធ្វើ​ការ ឬ​បើក​គ្លីនិក​នៅ​កម្ពុជា បាន លុះត្រា​ណា​ចុះ​ក្នុង​បញ្ជី​វិជ្ជាជីវៈ​គ្រូពេទ្យ​នៅ​ក្រសួង​សុខាភិបាល ជា​មុន​សិន ទើប​មាន​សិទ្ធិ​ធ្វើ​ការ និង​បើក​គ្លីនិក​បាន។

បន្ទប់​ពិគ្រោះ​ជំងឺ​នៃ​មណ្ឌល​សុខភាព​ជង្រុក ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ។ រូបថត​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៥
បន្ទប់​ពិគ្រោះ​ជំងឺ​នៃ​មណ្ឌល​សុខភាព​ជង្រុក ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ។ រូបថត​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៥ (RFA/Sireymuny)

ហាក់​ផ្ទុយ​ឆ្ងាយ​ពី​ការ​ពន្យល់​របស់ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល មន្ត្រី​ក្រសួង​សុខាភិបាល​ម្នាក់​ដែល​បម្រើ​ការ​នៅ​នាយកដ្ឋាន​មួយ​នៃ​ក្រសួង​សុខាភិបាល ដែល​ជា​កូន​ចៅ​របស់ លោក ម៉ម ហ៊ុនហេង នោះ ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ប្រព័ន្ធ​សុខាភិបាល​សព្វថ្ងៃ គឺ​អន់​ណាស់។ លោក​បន្ត​ថា គ្រប់​មន្ទីរ​សុខាភិបាល នាយកដ្ឋាន​ផ្សេងៗ គឺ​ដាក់​តែ​កូន​ចៅ​ខ្លួន​ឯង​ឲ្យ​ធ្វើ​ការ ឬ​បើ​ពុំ​នោះ​សោត​ទេ គឺ​ពុក​រលួយ​ពេញ​ហ្នឹង ដូចជា​គ្មាន​គិត​ពី​ប្រជាពលរដ្ឋ​ជា​ធំ​ទេ៖ «ថ្លៃ​ហ្នឹង​ខ្មែរ ហើយ​វា​ពុក​រលួយ គាត់​នាំ​ចូល​ថោក​ទេ ប៉ុន្តែ​ដើម្បី​ឲ្យ​លក់​បាន​ថ្លៃ គាត់​យក​លុយ​ទៅ​សូក​គ្រូពេទ្យ។ ច្បាប់​វា​គេ​មិន​ឲ្យ​សូក​ទេ បើ​សូក​អ៊ីចឹង ស្រុក​គេ គេ​ចាប់​ដាក់​គុក​ហើយ»

លោក​បន្ត​ថា ភាគ​ច្រើន​នៃ​ផែនការ​របស់​ក្រសួង​សុខាភិបាល មាន​តែ​នៅ​លើ​ក្រដាស ប៉ុន្តែ​ការ​អនុវត្ត​ផ្ទុយ​ស្រឡះ​ពី​គម្រោង។ ម្យ៉ាង​វិញ​ទៀត សម្រាប់​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ខេត្ត​ឆ្ងាយ គឺ​សិស្ស​ដែល​បញ្ចប់​ពី​ការ​សិក្សា មិន​ប្រាថ្នា​ទៅ​ឡើយ។ មិន​ប្រាថ្នា​ចង់​ទៅ ដោយ​ហេតុផល​មួយ​ចំនួន ដូចជា ទី​មួយ​ប្រាក់​ខែ​តិច និង​មិន​អាច​ឆ្លៀត​ឱកាស​រក​ស៊ី​ក្រៅ​បាន។

ទន្ទឹម​នឹង​នេះ​ដែរ ប្រធាន​មណ្ឌល​សុខភាព​ជង្រុក ស្ថិត​នៅ​ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ លោក​វេជ្ជបណ្ឌិត ឆាយ វ៉ាន់នឿន មាន​ប្រសាសន៍​ថា សព្វថ្ងៃ​មណ្ឌល​សុខភាព​ជង្រុក ខ្វះ​ថ្នាំ​ពេទ្យ​សម្រាប់​ព្យាបាល ហើយ​គ្រែ​សម្រាប់​អ្នក​ជំងឺ​ស្នាក់​នៅ​ក៏​មិន​មាន​ត្រឹមត្រូវ​តាម​បច្ចេកទេស​វេជ្ជសាស្ត្រ​ដែរ។ លោក​បន្ត​ថា បន្ទប់​មួយ​សម្រាប់​ប្រជុំ​ផង សម្រាប់​ពិគ្រោះ​ជំងឺ​ផង រីឯ​អគារ​មណ្ឌល​សុខភាព​ទាំង​មូល​វិញ​ចាស់​ទ្រុឌទ្រោម​អស់ ហើយ​បង្អួច​ត្រូវ​បាន​លោក​បង​កណ្ឌៀរ​ស៊ី​គ្មាន​ប្រណី ដោយ​មិន​ដឹង​ថា ថ្ងៃ​ណា​រដ្ឋាភិបាល​ផ្តល់​អគារ​ថ្មី​សម្រាប់​អ្នក​ជំងឺ​ស្នាក់​នៅ​នោះ​ទេ៖ «គ្រូពេទ្យ​ត្រូវ​មាន​ចំណេះ​ដឹង​ច្រើន អ៊ីចឹង​ត្រូវ​ការ​ថ្នាំ​ច្រើន​សម្រាប់​ព្យាបាល​ជំងឺ។ ដល់​ចឹង ថ្នាំ​មាន​ចំនួន​តិច​ពេក យើង​មិន​អាច​បំពេញ​ការ​ព្យាបាល​បាន​ទេ។ វា​ខ្វះខាត​ដូច​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​សន្លាក់​អី​ហ្នឹង រលាក​ក្រពះ ពោះវៀន គឺ​អត់​មាន​ថ្នាំ​គ្រប់គ្រាន់​ទេ សូម្បី​តែ​ថ្នាំ​សម្រាប់​សម្រាល​កូន អត់​មាន​គ្រប់គ្រាន់​ដែរ»

លោក​វេជ្ជបណ្ឌិត ក៏​ទទូច​ឲ្យ​រដ្ឋាភិបាល​គិតគូរ​ឡើង​វិញ ចំពោះ​មណ្ឌល​សុខភាព​មួយ​នេះ ដោយ​លោក​ស្នើ​ដល់​រដ្ឋាភិបាល សូម​ផ្តល់​ថ្នាំ​ពេទ្យ​ឲ្យ​គ្រប់គ្រាន់​សម្រាប់​ព្យាបាល​អ្នក​ជំងឺ និង​ផ្តល់​អគារ​ថ្មី​សម្រាប់​ការ​ព្យាបាល​ជំងឺ។

បើ​តាម​ទិដ្ឋភាព​ជាក់ស្តែង​នៃ​ការ​លើក​ឡើង​របស់​អ្នក​ជំងឺ និង​គ្រូពេទ្យ​មួយ​ចំនួន អាច​ឆ្លុះ​ឲ្យ​ឃើញ​ថា សេចក្តី​ប្រកាស​ស្ដីពី​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​កសាង និង​ការពារ​មាតុភូមិ​ឆ្នាំ​២០១៣-២០១៨ ចំណុច​ទី​៥ ដែល​កំណត់​ថា ប្រជាជន​ម្នាក់ៗ​ទទួល​បាន​ពី​រដ្ឋ​ប្រកប​ដោយ​សមធម៌​នូវ​ផល​ប្រយោជន៍​ខាង​សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ អប់រំ សុខាភិបាល និង​សេវា​សាធារណៈ​ផ្សេងៗ​ទៀត មិន​ទាន់​បាន​អនុវត្ត​នៅ​ឡើយ​ទេ។ លើស​ពី​នេះ​ទៅ​ទៀត សេចក្តី​ប្រកាស​នៅ​ចំណុច​ទី​៦ របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​កំណត់​ដែរ​ថា នឹង​លើក​កម្ពស់​ការ​ផ្តល់​សេវា​សាធារណៈ​គ្រប់​ផ្នែក​នៅ​គ្រប់​ថ្នាក់​ជូន​ប្រជាជន និង​គ្រប់​មជ្ឈដ្ឋាន​ឲ្យ​បាន​កាន់​តែ​ប្រសើរ​ឡើង​ទាំង​គុណភាព ប្រសិទ្ធភាព វិសាលភាព​ដែល​នៅ​កៀក​ជាមួយ​ប្រជាជន និង​ទទួល​បាន​ការ​ជឿ​ទុក​ចិត្ត ក៏​គណបក្ស​កាន់​អំណាច​មិន​ទាន់​បាន​អនុវត្ត​បាន​នោះ​ដែរ។

មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​លើក​ឡើង​ថា គ្រប់​គណបក្ស​នយោបាយ​ទាំងអស់ ត្រូវ​តែ​គោរព​ពាក្យ​សន្យា​របស់​ខ្លួន។ ពលរដ្ឋ​កម្ពុជា លើក​ឡើង​ថា ឲ្យ​តែ​ពេល​បោះ​ឆ្នោត ​គណបក្ស​នយោបាយ​តែង​សន្យា​ថា​នឹង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ជូន​ប្រជាជន តែ​ដល់​ពេល​ឈ្នះ​ឆ្នោត ហាក់​ដូចជា​មិន​ធ្វើ​តាម​សន្យា​របស់​ខ្លួន ដូច​សុភាសិត​ខ្មែរ​ពោល​ថា ដល់​ត្រើយ​សើយ​គូថ។

ប្រជាពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​សង្កត់​ធ្ងន់​ថា រដ្ឋាភិបាល​កម្ពុជា របស់ លោក ហ៊ុន សែន ត្រូវ​តែ​គិតគូរ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ក្នុង​ការ​អភិវឌ្ឍ ជាពិសេស​វិស័យ​សុខាភិបាល និង​ការ​ដំឡើង​ប្រាក់​ខែ​គ្រូពេទ្យ​ឲ្យ​បាន​សមរម្យ​ដើម្បី​រស់​ស្រួល​នឹង​គេ នៅ​ស្រប​ពេល​ដែល​ទំនិញ​គ្រប់​មុខ​ឡើង​ថ្លៃ។ លើស​ពី​នេះ​ទៅ​ទៀត ពលរដ្ឋ​បន្ថែម​ថា សភា​បាន​អនុម័ត​ថវិកា​ជាតិ​សម្រាប់​វិស័យ​សុខាភិបាល​មាន​ចំនួន​ច្រើន​ក្នុង​ចំណោម​វិស័យ​មួយ​ចំនួន​ទៀត​ក្ដី តែ​វិស័យ​សុខាភិបាល​នៅ​តែ​ជា​បញ្ហា​ប្រឈម​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។