លោក ហ៊ុន សែន សាទរ​ខួប​លើក​ទី៥០ នៃ​ការ​លុប​បំបាត់​ជំងឺ​គ្រុនចាញ់

0:00 / 0:00

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍ ក្នុង​ខួប​លើ​ទី៥០ នៃ​ការ​លុប​បំបាត់​ជំងឺ​គ្រុនចាញ់ នៅ​ព្រឹក​ថ្ងៃ​ទី២៥ ខែ​មេសា​ថា ដើម្បី​កសាង​សហគមន៍​មួយ​ប្រកប​ដោយ​សុខ​មាល​ភាព​ល្អ ត្រូវតែ​មាន​ការ​ចូល​រួម​សហការ​ពី​គ្រប់​មជ្ឈដ្ឋាន ជាពិសេស ភាគី​ពាក់ព័ន្ធ​ត្រូវ​បញ្ជ្រាប​ការ​យល់​ដឹង​ទៅ​ដល់​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​មិន​ថា ក្រុង ឬ​ជនបទ ដើម្បី​ឲ្យ​ប្រជាជន​មាន​ចំណេះដឹង​គ្រប់គ្រាន់​ក្នុង​ការ​បង្ការ​ការពារ​ជំងឺ​គ្រុនចាញ់​ដោយ​ខ្លួនឯង។ លោក ហ៊ុន សែន បន្ថែម​ថា ក្នុង​គោល​ដៅ​លុប​បំបាត់​ជំងឺ​គ្រុនចាញ់​ឲ្យ​បាន​ទាំង​ស្រុង ទាមទារ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ពី​ប្រទេស​ជា​មិត្ត​នៅ​ក្នុង​តំបន់ ជា​ពិសេស​ប្រទេស​ចិន។ បន្ថែម​ពី​នេះ​លោក​ថា រាជរដ្ឋាភិបាល ត្រូវ​មាន​យុទ្ធ​សាស្ត្រ​ផ្ដល់​ដល់​មន្ត្រី​ក្រោម​បង្គាប់​ឲ្យ​អនុវត្ត​វិធានការ​លុប​បំបាត់​ជំងឺ​គ្រុនចាញ់​ឲ្យ​បាន​ខ្ជាប់ខ្ជួន៖ « យុទ្ធសាស្ត្រ​ចំនួន៤ រួម​មាន ១ - ការ​ធ្វើ​រោគ​វិនិច្ឆ័យ និង​ព្យាបាល​ឲ្យ​បាន​រហ័ស ២ - ព្យាបាល​ដោយ​ប្រើ​ថ្នាំ​អាតេមីស៊ីនីន ឲ្យ​បាន​ត្រឹមត្រូវ​តាម​រូបមន្ត ដើម្បី​បញ្ចៀស​ភាព​ស៊ាំ​របស់​ថ្នាំ​នេះ ៣ - បង្ការ​ការ​ចម្លង​មេរោគ​គ្រុនចាញ់​ដោយ​ប្រើប្រាស់​មុង​ជ្រលក់​ថ្នាំ និង ៤ - ការងារ​អប់រំ​លើក​កម្ពស់​សុខភាព ដោយ​មាន​ការ​ចូល​រួម​​ពី​គ្រប់​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​​ »

នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​លោក ហ៊ុន សែន ក៏​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឧកញ៉ា ចេន ហ្ស៊ី ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រុប (China Investment Corporation) ជនជាតិ​ចិន និង​មាន​ក្រុមហ៊ុន​២ទៀត​ចូលរួម​គឺ ក្រុមហ៊ុន​អ៊ីស្ទ័រ (Estore Group .,Ltd) និង​ក្រុមហ៊ុន​គួអាន (Kua An Group., Ltd) របស់​ជនជាតិ​ចិន។ ការ​ជួប​ពិភាក្សា​នេះ​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ។កិច្ច​ពិភាក្សា​នេះ​ផ្ដោត​ទៅលើ​ការ​ប្រើប្រាស់​​ឱសថ​ ថ្នាំ​ប្រើ​សម្រាប់​ការពារ​ជំងឺ​គ្រុនចាញ់ និង​កិច្ច​សហប្រតិបត្តិការ​ជា​សកល​ ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​ និង​មនុស្ស​ទូទាំង​សកលលោក។

ចំពោះ​ប្រទេស​កម្ពុជា​វិញ លោក ហ៊ុន សែន ឱ្យ​ដឹង​ថា ធ្លាប់​មាន​ពលរដ្ឋ​​​កើត​ជំងឺ​គ្រុនចាញ់​ជាង ១៧ម៉ឺន​នាក់ ក្នុង​នោះ​ជិត ១ពាន់​នាក់​ស្លាប់​ក្នុង​អំឡុង​ទសវត្សរ៍ឆ្នាំ១៩៨០។ សម្រាប់​ឆ្នាំ​ ២០២១ កន្លង​មក​នេះ​ជំងឺ​គ្រុនចាញ់ មាន​ការ​ធ្លាក់​ចុះ​នៅ​ត្រឹម​​ជិត ៤ពាន់​នាក់ (៣.៩៥៩) និង​ពុំ​មាន​មនុស្ស​ស្លាប់​នោះ​ទេ​ នៅ​រយៈពេល​៤ឆ្នាំ​មក​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។