លោក​ ហ៊ុន សែន នៅ​តែ​ទាមទារ​ឲ្យ​អគ្គរាជ​ទូត​ម៉ាឡេស៊ី បំភ្លឺ​រឿង​ស្ត្រី​ជនជាតិ​អាមេរិក​ម្នាក់​ដែល​ម៉ាឡេស៊ី​រក​ឃើញ​ថា​ មាន​ផ្ទុក​វីរុស​កូរ៉ូណា​ថ្មី

ដោយ អាស៊ីសេរី
2020.02.24
ហ៊ុន សែន 022420 លោក ហ៊ុន សែន នៅ​ក្នុង​ពិធីថ្លែង​ការណ៍​ពិសេស​ដល់​សារ​ព័ត៌មាន និង​ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និង​ផ្ដល់​យោបល់ នៅ​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បញ្ជា​ផ្ទាល់​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការ​បទេស​កម្ពុជា ​លោក ប្រាក់​ សុខុន ឲ្យ​កោះ​ហៅ​អគ្គរាជទូត​ប្រទេស​ម៉ាឡេស៊ី​ប្រចាំ​ទីក្រុង​ភ្នំពេញ ចេញមុខ​បកស្រាយ​បំភ្លឺ​ឲ្យ​ច្បាស់ រឿង​អ្នក​ដំណើរ​ជនជាតិ​អាមេរិក​ម្នាក់​ ដែល​ចេញ​ពី​កម្ពុជា​ទៅ​ម៉ាឡេស៊ី​ ហើយ​អាជ្ញាធរ​ប្រទេស​នេះ រក​ឃើញ​ស្ត្រី​នោះ​មាន​ផ្ទុក​វីរុស​បង្ក​ជំងឺ​កូវីដ-១៩។ អ្នក​វិភាគ​ថា​ ការ​ទាម​ទារ​របស់​មេដឹកនាំ​កម្ពុជា នៅ​ពេល​នេះ នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​ការ​ទូត​រវាង​កម្ពុជា និង​ម៉ាឡេស៊ី ​មាន​ភាព​ល្អក់​កករ អំពី​លទ្ធផល​ផ្ទុយ​គ្នា​រវាង​ប្រទេស​ទាំង​ពីរ ករណី​វីរុស​កូរ៉ូណា​ថ្មី​លើ​ស្ត្រី​ជនជាតិ​អាមេរិក​ម្នាក់។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ទាមទារ​ឲ្យ​មេដឹកនាំ​ប្រទេស​ម៉ាឡេស៊ី និង​តំណាង​ទូត​ម៉ាឡេស៊ី​នៅ​កម្ពុជា ចេញ​មុខ​ស្រាយ​បំភ្លឺ​ អំពី​ភាព​មិន​ច្បាស់លាស់​របស់​ខ្លួន លើ​ករណី​ស្ត្រី​ជនជាតិ​អាមេរិក​ម្នាក់​វ័យ ៨៣ឆ្នាំ​ថា មាន​ផ្ទុក​វីរុស​បង្ក​ជំងឺ​កូវីដ-១៩ ហើយ​ថា ស្ត្រី​នោះ​បាន​ជា​សះ​ស្បើយ​វិញ ក្រោយ​ពិនិត្យ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ រយៈ​ពេល​ ៧២​ម៉ោង។

លោក ហ៊ុន សែន ហៅ​ការ​ឆក​ល្វែង​របស់​ក្រសួង​សុខាភិបាល​ម៉ាឡេស៊ី​ក្នុង​រឿង​នេះ​ថា ធ្វើ​ឲ្យ​កម្ពុជា​បាត់​បង់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​នៅ​លើ​ឆាក​អន្តរជាតិ។ លោក​លើកឡើង​ជាថ្មី​ថា បើ​សិន​លោក​ជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក​នឹង​ដក​តំណែង​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ចេញ​។

លោក​បន្ត​ថា អ្នក​ដំណើរ​បរទេស​ជា​ច្រើន​ដែល​ចេញ​ពី​កប៉ាល់​ Westerdam ហើយ​បន្ត​ជើង​ហោះហើរ​ទៅ​ប្រទេស​ពួកគេ ត្រូវ​បាន​ប្រទេស​វៀតណាម និង​ប្រទេស​ទួរគី ហាម​ឃាត់​ពួកគេ​មិន​ឲ្យ​ចូល​ ក្រោយ​ពី​អាជ្ញាធរ​ម៉ាឡេស៊ី​ប្រកាស​ថា ខ្លួន​រក​ឃើញ​អ្នក​ដំណើរ​ជនជាតិ​អាមេរិក​ម្នាក់​ក្នុង​ចំណោម​១៤៤នាក់​ មាន​ផ្ទុក​វីរុស​បង្ក​ជំងឺ​ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មី កូវីដ​-១៩។

មេដឹកនាំ​របប​ក្រុងភ្នំពេញ​សង្ឃឹមថា ​រដ្ឋាភិបាល​ម៉ាឡេស៊ី​នឹង​ចេញ​មុខ​ឆ្លើយ​បំភ្លឺ​រឿង​នេះ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​កម្ពុជា និង​ប្រទេស​ជាង​ ៤០​ទៀត ដែល​ពលរដ្ឋ​របស់​គេ​បាន​ធ្វើ​ដំណើរ​កម្សាន្ត​តាម​កប៉ាល់​ទេសចរណ៍ Westerdam«ខ្ញុំ​សង្ឃឹម​ថា​ នាយករដ្ឋមន្ត្រី មហាធា គាត់​នឹង​អាច​យោគយល់​នូវ​អារម្មណ៍​មួយ​នេះ ប្រសិន​បើ​គាត់​គិតគូរ​ទៅ​ដល់​ផល​ប្រយោជន៍​ជាតិសាសន៍​របស់​គាត់​។ ហើយ​សង្ឃឹម​ថា​ឯកឧត្ដម​ឯក​អគ្គរាជ​ទូត ម៉ាឡេស៊ី​នៅ​ទីក្រុង​ភ្នំពេញ សង្ឃឹម​ថា​ឯកឧត្ដម​ប្រាក់​ សុខុន កោះហៅ​ឯក​អគ្គរាជ​ទូត​ម៉ាឡេស៊ី​ ទៅ​ធ្វើ​ការ​បំភ្លឺ​លើ​រឿង​នេះ ពី​មួយ​កប៉ាល់​ អត់​មាន​អ្នក​ណា​មាន​ជំងឺ​ហ្នឹង​សោះ។ ហើយ​អ្វី​ដែល​សំខាន់​ជាង​នេះ ប្ដី​របស់​គាត់​អត់​ឆ្លង​ តែ​ហេតុ​អ្វី​បាន​ប្រពន្ធ​ឆ្លង»

លោក ហ៊ុន សែន​ បញ្ជាក់​ថា លទ្ធផល​ធ្វើតេស្ត​លើ​អ្នក​ដំណើរ​ទាំង​អស់​លើ​កប៉ាល់​ Westerdam ​មិន​មែន​ធ្វើ​ឡើង​ដោយ​ឯកតោ​ភាគី​កម្ពុជា​នោះ​ទេ គឺ​មាន​ការ​ចូល​រួម​ពី​អង្គការ​សុខភាព​ពិភពលោក ក្រុម​គ្រប់គ្រង​ជំងឺ​ឆ្លង​របស់​សហរដ្ឋ​អាមេរិក (USCDC) និង​មន្ទីរ​ពិសោធន៍​ប៉ាស្ទ័រ​កម្ពុជា (Pasteur CAMBODIA) ប្រកប​ដោយ​សមត្ថភាព និង​ភាព​ជឿ​ជាក់​ ក្នុង​ការ​បង្ការ​ និង​ឆ្លើយ​តប​ជំងឺ កូវីដ-១៩ និង​គាំទ្រ​ដោយ​មន្ទីរ​ពិសោធន៍​ស្តង់ដារ​អន្តរជាតិ។

ទន្ទឹម​គ្នា​នេះ លោក ហ៊ុន សែន​ក៏​ប្រកាស​ថា មកដល់​ពេល​នេះ កម្ពុជា​មិន​ទាន់​មាន​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​ទទួល​វីរុស​បង្ក​ជំងឺ​កូវីដ-១៩​នេះ នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​តម្រូវ​ឲ្យ​ក្រសួង​សុខាភិបាល​ប្រកាន់​យក​វិធានការ​ឲ្យ​បាន​ម៉ត់ចត់​តាម​ច្រក​ចេញ​ចូល​ទាំង​អស់ ដើម្បី​បង្ការ​ការ​ឆ្លង​រាលដាល​ជំងឺ​នេះ ​ចូល​មក​ដល់​ប្រទេស​កម្ពុជា។

អ្នក​វិភាគ​បញ្ហា​សង្គម និង​នយោបាយ​ លោក គឹម សុខ ថ្លែង​ថា ​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន គឺ​ភាព​ឆោតល្ងង់​ដែល​ធ្វើ​ឲ្យ​កម្ពុជា​មាន​អរិយភាព​ខាង​ផ្នែក​​ការ​ទូត​ជាមួយ​ប្រទេស​ម៉ាឡេស៊ី​កាន់​តែ​ខ្លាំង ដោយ​សារ​តែ​លោក​ ហ៊ុន សែន មិន​យល់ ​ហើយ​មិន​ទទួល​ស្គាល់​បច្ចេកទេស​វេជ្ជសាស្ត្រ​របស់​ម៉ាឡេស៊ី ដែល​អាច​មាន​ស្តង់ដារ​ល្អ​ជាង​កម្ពុជា។

លោក​បន្ត​ថា​ ការ​ប្រកាស​របស់​ម៉ាឡេស៊ី​ គឺ​វិធានការ​ល្អ ដើម្បី​ឲ្យ​ប្រទេស​ដទៃ​ទៀត ដែល​ទទួល​ភ្ញៀវ​បរទេស​ចេញ​ពី​កម្ពុជា ​បន្ត​តាម​ដាន​ឲ្យ​ម៉ត់​ចត់​ ចំពោះ​ឆ្លង​រាលដាល​ជំងឺ​កាច​សាហាវ​នេះ ព្រោះ​ថា​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា​នៅ​មាន​កម្រិត។ អ្នក​វិភាគ​រូប​នេះ បញ្ជាក់​ថា ​បើ​លោក ហ៊ុន​ សែន នៅ​តែ​ចង់​បន្ត​រឿង​នេះ នោះ​កម្ពុជា​ក៏​នឹង​រង​ភាព​អាម៉ាស់​លើ​ឆាក​អន្តរជាតិ​បន្ត​ទៀត​ដែរ៖ «ប្រសិន​លោក ហ៊ុន សែន នៅ​តែ​មានៈ​បន្ត​រុកកួន​ម៉ាឡេស៊ី​ទៀត​ និង​ធ្វើ​ឲ្យ​លោក ហ៊ុន សែន​ និង​ក្រុម​របស់​គាត់​រង​នូវ​ភាព​អាម៉ាស់​ទី៤ ទី៥ ទី៦ ជា​បន្ត​បន្ទាប់​ទៅ​ទៀត ពី​ព្រោះ​អ្វី​ដែល​ម៉ាឡេស៊ី​បាន​ធ្វើ​គឺ​ស្រប​ទៅ​តាម​ប្រព័ន្ធ​សុខាភិបាល​សកល​ដែល​ពិភព គេ​ទទួល​ស្គាល់​។​ ដូច្នេះ គេ​ទទួល​ស្គាល់​ការងារ​របស់​ម៉ាឡេស៊ី ហើយ​គេ​បន្ទោស​ការងារ​ឆក​ល្វែង​របស់​កម្ពុជា។ យើង​សួរ​ថា តើ​គួរ​បន្ត​អរិយភាព​ជាមួយ​ម៉ាឡេស៊ី​ទៀត​ទេ ក្នុង​ករណី​ហ្នឹង​។ សម្រាប់​ខ្ញុំ​គឺ​អត់​បន្ត​កើត​ទៀត​ទេ»

កាល​ពី​ថ្ងៃ​ទី​១៦ កុម្ភៈ​ ឧបនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី អ្នកស្រី វ៉ាន់ អាហ្សីហ្សា វ៉ាន់ អ៊ីស្មែល (Dr. Wan Azizah Wan Ismail) ថ្លែង​ការពារ​លទ្ធផល​រក​ឃើញ​វីរុស​កូរ៉ូណា​លើ​ស្ត្រី​អាមេរិក​វ័យ ៨៣ឆ្នាំ​​នោះ​ថា ការ​ធ្វើតេស្ត គឺ​ធ្វើ​ឡើង​តាម​ស្តង់ដារ​ពិភពលោក (World Class)។ អ្នកស្រី​បន្ត​ថា ស្ត្រី​ចំណាស់​ម្នាក់​នោះ ត្រូវ​បាន​ធ្វើតេស្ត​ពីរ​លើក ហើយ​លទ្ធផល គឺ​វិជ្ជមាន​ទាំង​ពីរ​លើក។

ការ​អះអាង​របស់​មន្ត្រី​ជាន់​ខ្ពស់​ម៉ាឡេស៊ី​នេះ គឺ​បន្ទាប់​ពី​ក្រសួង​សុខាភិបាល​កម្ពុជា បង្ហាញ​ការ​មិន​អស់​ចិត្ត និង​ថែម​ទាំង​បាន​ដាក់​លិខិត​ស្នើសុំ​ឲ្យ​ប្រទេស​ម៉ាឡេស៊ី ពិនិត្យ​ឡើង​វិញ​អំពី​លទ្ធផល​នៃ​ការ​​​ធ្វើតេស្ត​លើ​ស្ត្រី​ជន​ជាតិ​អាមេរិក​រូប​នោះ ដើម្បី​ឲ្យ​មាន​ភាព​សុក្រឹត។

ការ​មិន​អស់​ចិត្ត​នេះ ដោយ​ក្រសួង​សុខាភិបាល​កម្ពុជា អះអាង​ថា មុន​នឹង​ចាក​ចេញ​ពី​កម្ពុជា ស្ត្រី​ជន​ជាតិ​អាមេរិក​រូប​នោះ រួម​ទាំង​អ្នក​ដំណើរ​ផ្សេងទៀត ត្រូវ​បាន​ក្រសួង​ពិនិត្យ​យ៉ាង​ល្អិត​ល្អន់ និង​បាន​ធ្វើ​ការ​ជាមួយ​​អង្គការ​​សុខភាព​​ពិភពលោក ប៉ុន្តែ​រក​មិន​ឃើញ​មាន​​រោគ​សញ្ញា​​ជំងឺ​​រលាក​ផ្លូវ​ដង្ហើម កូវិត១៩ នេះ​ទេ។

គិតត្រឹម​ម៉ោង ៦​កន្លះ​ល្ងាច ថ្ងៃទី២៤ ខែ​កុម្ភៈ​នេះ ចំនួន​អ្នក​ឆ្លង​មេរោគ​បង្ក​ជំងឺ កូវីដ-១៩ (CoVid-19) នៅ​ទូទាំង​ពិភព​លោក ឡើង​ដល់​ជាង ៧ម៉ឺន ៩ពាន់​នាក់ (៧៩.៥១៧) គឺ​លើស​តួលេខ​ពី​ម្សិល​មិញ (៧៨.៧៦៧) ចំនួន​ជាង ៧រយ ៥០នាក់ (៧៥០នាក់)។ ទន្ទឹមគ្នា​នេះ ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​ជាង ២ពាន់ ៦​រយ​នាក់ (.៦២៦) លើស​ពី​ថ្ងៃ​ម្សិល​មិញ​ចំនួន​ជាង ១រយ ៦០នាក់ (១៦៥នាក់)។ រីឯ​អ្នក​បាន​ព្យាបាល​ជា​សះ​ស្បើយ​មាន​ចំនួន​ជាង ២ម៉ឺន ៥ពាន់​នាក់ (២៥.១៥៣)

ក្រៅ​ពី​ប្រទេស​ចិន នៅ​ឯ​ប្រទេស​កូរ៉េ​ខាង​ត្បូង ដែល​មាន​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ទី​នោះ​ដែរ ការ​ឆ្លង​មេរោគ​បង្ក​ជំងឺ កូវីដ-១៩ (CoVid-19 កំពុង​ហក់​ឡើង​ជា​លំដាប់ ដែល​តួលេខ​អ្នក​ឆ្លង ឡើង​ដល់​ចំនួន​ជាង​ ៨រយ​នាក់ (៨៣៣) គឺ​កើន​ឡើង​ខ្លាំង​លើស​ពី​ម្សិលមិញ​ ជិត​ ៣០០​នាក់ (២៧៧)។ ប៉ុន្តែ​មកដល់​ពេលនេះ នៅ​មិន​ទាន់​មាន​សេចក្ដីរាយការណ៍​អំពី​ករណី​ឆ្លង​លើ​ពលករ​ខ្មែរ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។