មន្រ្តី​ឃ្លាំមើល​សិទ្ធិពល​ករ​ ​ថា​កម្ពុជា​មិនទាន់​បង្ហាញ​ឆន្ទៈ​ ​ចាក់​វ៉ាក់សាំង​ជូន​ពលករ​ខ្មែរ​នៅ​ថៃ

0:00 / 0:00

មន្រ្តី​​ឃ្លាំមើល​សិទ្ធិពល​ករ​ ​ថា​កម្ពុជា​នៅតែ​មិនទាន់​បង្ហាញ​ឆន្ទៈ​ ​ក្នុង​ការ​យកចិត្តទុកដាក់​លើ​សុខុមាលភាព​របស់​ពលករ​ចំណាកស្រុក​ខ្មែរ​នៅ​ប្រទេស​ថៃ​ ​នៅ​ឡើយ​​ទេ​ ​ព្រោះ​រហូត​មកដល់ពេលនេះ​ ​រដ្ឋាភិបាល​មិនបាន​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ ​ជូន​ពលករ​ខ្មែរ​ជិត​ ​២​ ​លាន​នាក់​ ​ដែល​កំពុង​ប្រឈម​គ្រោះថ្នាក់​ ​ក្នុង​ការ​ឆ្លង​ជំងឺ​នេះ​។​

មន្រ្តី​ឃ្លាំមើល​សិទ្ធិពល​ករ​ ​ថា​អាជ្ញាធរ​កម្ពុជា​​នៅតែ​យកចិត្តទុកដាក់​ទាប​ ​លើ​សុខុមាលភាព​របស់​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ ​ស្រប​ពេល​ដែល​អាជ្ញាធរ​ថៃ​ ​មិនទាន់​មានលទ្ធភាព​ចាក់​វ៉ាក់សាំង​ជូន​ពលករ​បរទេស​។​

​កម្ពុជា​បាន​ចំណាយ​ប្រាក់​អស់​មិន​តិច​ជាង​ ​២​២​៥​ ​លាន​ដុល្លារ​ ​ទិញ​វ៉ាក់សាំង​ចិន​ចំនួន​ ​២២,៥ ​លាន​ដូស​ ​ពី​ចិន​ (​China​)​។​ ​ក្រៅពីនោះ​ ​កម្ពុជា​ក៏​ទទួល​បាន​ជំនួយ​វ៉ាក់សាំង​ជា​លក្ខណៈ​ទ្វេភាគី​ ​និង​ក្រោម​យន្ត​ការ​កូវ៉ាក់ (​COVAX) ​របស់​អង្គការសុខភាព​ពិភពលោក​(​WHO​) ​ពី​ចិន​ ​ជប៉ុន​(​Japan​)​អាមេរិក​(​US​) ​និង​អង់គ្លេស​ (UK) ​សរុប​ជាង​ ​៧​ ​លាន​ដូស​បន្ថែម​ទៀត​។​ ​ជា​សរុប​កម្ពុជា​មាន​វ៉ាក់សាំង​ជិត​ ​៣​០​ ​លាន​ដូស​ (​២៩​,​៥៩៩​,​១០០​)​។​

ប៉ុន្តែ​ក្នុងចំណោម​ប្រជាពលរដ្ឋ​ជាង​ ​១​០​ ​លាន​នាក់​ ​ដែល​ទទួល​បាន​វ៉ាក់សាំង​នេះ​រួច​ ​គឺជា​អ្នក​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ​ចំណែក​ឯ​ពលករ​ចំណាក​ខ្មែរ​នៅ​ប្រទេស​ថៃ​ ​និង​នៅ​ប្រទេស​ផ្សេងទៀត​ដូចជា​នៅ​ម៉ាឡេស៊ី​ (​Malaysia​) ​និង​កូរ៉េ​ខាងត្បូង​ (​South Korea​) ​ជាដើម​ ​ដែល​មន្រ្តី​ខ្មែរ​ធ្លាប់​ប្រសិទ្ធ​នាម​ថា ​ជា​ ​«​វីរបុរស​ជាតិ​»​ ​នោះ​ ​គិត​មកដល់ពេលនេះ​ ​នៅ​មិនទាន់​ទទួល​បាន​វ៉ាក់សាំង​នេះ​ពី​រដ្ឋាភិបាល​ខ្លួនឯង​នៅឡើយ​ទេ​។​

​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ ​និង​សិទ្ធិមនុស្ស​(​CENTRAL​) ​លោក​ ​មឿន​ ​តុលា​ ​ថា​អាជ្ញាធរ​ថៃ​ ​ខ្វះ​ការទទួលខុសត្រូវ​ ​និង​បំពាន​ច្បាប់អន្តរជាតិ​ ​អំពី​កាតព្វកិច្ច​យកចិត្តទុកដាក់​ដល់​សុខុមាលភាព​របស់​ពលករ​បរទេស​ទៅ​ហើយ​។​ ​ប៉ុន្តែ​ហេតុ​ម្តេច​ឡើយ​ ​បានជា​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​កម្ពុជា​មិន​ធ្វើអន្តរាគមន៍​ ​ដើម្បី​​ជួយ​​ប្រជាពលរដ្ឋ​ខ្លួនឯង​ ​ដែល​កំពុង​រងគ្រោះថ្នាក់​នៅ​ប្រទេស​ថៃ​ដូច្នេះ​? ​លោក​ ​មឿន​ ​តុលា​ ​អះអាង​ថា​ ​មាន​មធ្យោបាយ​ច្រើន​ដែល​កម្ពុជា​អាច​ផ្តល់​វ៉ាក់សាំង​ ​ដល់​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ ​បើ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ចង់​ធ្វើ​ដូច្នេះ​មែន៖ «កម្ពុជា​អាច​តាមរយៈ​ស្ថានទូត​ខ្លួនឯង​ហ្នឹង​ ​ឬក៏​តាមរយៈ​ក្រសួងការបរទេស​របស់​ខ្លួនឯង​ហ្នឹង​ ​ចរចា​ជាមួយ​ភាគី​ថៃ​ឲ្យ​មានការ​ផ្ដល់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ខ្លួនឯង​នៅ​ហ្នុង​ទីមួយ​។​ ​ទីពីរ​បើសិនជា​នេះ​ទេ​ ​យើង​អាច​ទិញ​វ៉ាក់សាំង​យកទៅ​ចាក់​ឲ្យ​ពលករ​យើង​បាន​តើ​! ​មានអី​! ​ ថៃ​ក៏​គេ​មិនទៅ​បដិសេធ​ដែរ​បើសិនជា​កម្ពុជា​មានការ​ទិញ​វ៉ាក់សាំង​ដើម្បី​ផ្តល់​ជូន​ពលករ​ដែល​ជា​ពលរដ្ឋ​របស់​ខ្លួនឯង»។

ជុំវិញ​ថា​ តើ​រដ្ឋាភិបាល​កម្ពុជា​ ​បាន​គិតគូរ​រឿង​ផ្តល់​វ៉ាក់សាំង​ជូន​ពលករ​ចំណាកស្រុក​នៅ​ប្រទេស​ថៃ​ដែរ​ឬ​យ៉ាងណា​ ​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​ ​មិន​មានយោបល់​អ្វី​នោះ​ទេ​ ​ដោយ​លោក​ស្នើ​ឲ្យទៅ​សួរ​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ទីក្រុង​បាងកក​ ​ប្រទេស​ថៃ​វិញ​។​ ​ប៉ុន្តែ​ ​លោក​បាន​អះអាង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ ​អំពី​ការ​កំពុង​យកចិត្តទុកដាក់​របស់​អាជ្ញាធរ​ខ្មែរ​ ​ទៅលើ​ការថែទាំ​សុខភាព​ ​និង​ព្យាបាល​ជំងឺ​ពលករ​ចំណាកស្រុក​ទាំងនេះ​។​

អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា​លោក​ ​កុយ​ គួង​ ​ប្រាប់​វិទ្យុ​អាស៊ី​សេរី​​តាម​បណ្តាញ​សង្គម​តេឡេក្រាម​ ​កាលពី​រាត្រី​ថ្ងៃ​ទី​​៨​ ​ខែ​​កញ្ញា​ ​ថា​ ​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ​ ​កំពុង​សហការ​គ្នា​យ៉ាង​ជិត​ស្និត​ជាមួយ​អាជ្ញាធរ​ថៃ​ ​ដើម្បី​យកចិត្ត​ទុក​ដាក់​ដល់​សុខុមាលភាព​របស់​ពលករ​ខ្មែរ​នៅ​ទីនោះ​។​ ​លោក​អះអាងបន្ថែម​​ទៀត​​ថា​ ​ពេលណា​ពលករ​ឆ្លង​ជំងឺ​នេះ​ ​ពួកគេ​ទទួល​បានការ​យកចិត្តទុកដាក់​ក្នុង​ការ​ព្យាបាល​ត្រឹមត្រូវ​។​

​វិទ្យុ​អាស៊ី​សេរី​ ​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​មន្រ្តី​តំណាង​ទូត​ខ្មែរ​នៅ​ប្រទេស​ថៃ​ ​បាន​នៅឡើយ​ទេ​ ​កាលពី​ថ្ងៃ​ទី​៨​ ​ខែ​​កញ្ញា​ ​ដោយសារ​ទូរស័ព្ទ​ចូល​ច្រើនដង​ ​គ្មាន​អ្នកទទួល​។​

​ផ្ទុយពី​ការ​អះអាង​របស់​មន្រ្តី​ការបរទេស​កម្ពុជា​ ​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ជាច្រើន​ ​ត្អូញត្អែរ​ពី​ភាពខ្វះការ​យកចិត្តទុកដាក់​របស់​អាជ្ញាធរ​ខ្មែរ​ ​និង​អាជ្ញាធរ​ថៃ​ ​ក្នុង​គ្រា​មានវិបត្តិ​ដោយសារ​ជំងឺ​កូវីដ​-​១៩​ ​នេះ​។​ ​ពួកគាត់​ខ្លះ​ដាច់​ស្បៀង​ ​និង​ត្រូវ​បង្ខំចិត្ត​ព្យាបាល​ជំងឺ​ដោយខ្លួនឯង​នៅ​តាម​បន្ទប់​ជួល​ ​ដោយសារតែ​ខ្វះ​ការ​យកចិត្តទុកដាក់​នេះ​។​ ក្នុងពេលជាមួយគ្នា​នេះ​ ​មាន​ពលករ​ជាច្រើន​ ​បង្ខំចិត្ត​វិលត្រឡប់​មក​ស្រុកកំណើត​វិញ​ ​និង​ដោយ​នាំ​ទាំង​ជំងឺ​មក​ជាមួយ​ផង​។​ ​ក្រសួងសុខាភិបាល​កម្ពុជា​​ឲ្យដឹង​ថា​ ​រហូត​មកដល់ពេលនេះ​ ​ករ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ណី​ជំងឺ​កូវីដ​-​១៩​ ​នាំចូល​ពីក្រៅ​ប្រទេស​ចំនួនជា​ង​ ​១​ម៉ឺន​៦​ពាន់​នាក់​ (​១៦​,​៣១០​)​។​

ដោយឡែក​ក្នុងចំណោម​ពលករ​ខ្មែរ​ជិត​ ​២​ ​លាន​នាក់​ ​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ​ ​ ក្រសួងសុខាភិបាល​ថៃ​ឲ្យដឹង​ ​គិត​ត្រឹម​ថ្ងៃ​ទី​៦​ ​ខែ​កញ្ញា​ ថា​មាន​ពលករ​ខ្មែរ​ជាង​ ​២​ម៉ឺន​៣​ពាន់​នាក់​ (​២៣​,​២១១​) ​ឆ្លង​ជំងឺ​នេះ​។​ ​ចំនួន​នេះ​ ​មិន​រាប់បញ្ចូល​អ្នក​ឆ្លង​ ​ដែល​សម្រាក​ព្យាបាល​នៅ​តាម​បន្ទប់​ជួល​ដោយខ្លួនឯង​នោះ​ឡើយ​។​

មន្រ្តី​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិពល​ករ​ ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ ​កុំ​ចាត់​វិធាន​ការដោះស្រាយបញ្ហា​បែប​ស្លន់ស្លោ​ ​ដូច​ករណី​បិទ​ព្រំដែន​ ​ហើយ​បែរជា​ទុកឲ្យ​ពលករ​នៅ​ជាប់​ផុង​ក្នុង​ទឹកដី​ថៃ​ ​ដែល​បង្ក​ហានិភ័យ​កាន់តែ​ខ្លាំង​។​ ​ប៉ុន្តែ​ ​គួរ​ចាត់វិធានការ​បង្ការ​ ​និង​ទប់​ស្កាត់​ជាមុន​ ​ដូចជា ការ​ត្រៀម​មណ្ឌល​ចត្តាឡី​ស័ក​នៅ​តាម​ព្រំដែន​ ​និង​រក​លទ្ធភាព​ចាក់​វ៉ាក់សាំង​ ​ជូន​ពលករ​ចំណាកស្រុក​ទាំងអស់​ ​មុន​ពួកគាត់​វិលត្រឡប់​ចូល​មក​ប្រទេស​កម្ពុជា​វិញ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។