ក្រសួង​សុខាភិបាល​គ្រោង​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ទិន្នន័យ​ឌីជីថល តាម​ដាន​របស់​សុខភាព​ទារក តាម​ប្រព័ន្ធ

ក្រសួងសុខាភិបាល​គ្រោង​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ទិន្នន័យ​ឌីជីថល សំរាប់​តាមដាន​សុខភាព​របស់​ទារក ដើម្បី​កាត់​បន្ថយ​អត្រា​ស្លាប់ នៅ​ប្រទេស​កម្ពុជា។

ការ​ប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង ធ្វើ​ឡើង ក្នុង​ឱកាស​បើក​សន្និសីទ​អន្តរជាតិ ស្តីពី​ការ​វិនិយោគ​លើ​ការ​បណ្តុះបណ្តាល​ឆ្មប កាល​ពី​ថ្ងៃទី​២៧ ខែតុលា។

លោក​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​រូប​នេះ​អះអាង​ថា ប្រព័ន្ធ​ឌីជីថល​ផ្ទុក​ទិន្នន័យ សំរាប់​ពិនិត្យ​តាមដាន​សុខភាព​ទារក មាន​សារៈសំខាន់​ណាស់​ដើម្បី​កត់ត្រា​ទុក ពី​ស្ថានភាព​សុខភាព​របស់​ទារក រួម​ទាំង​ការ​វាស់​កម្ពស់ ទម្ងន់ ប្រវែង និង​ការវិវត្តន៍​នានា​របស់​ទារក ចាប់​តាំង​ពី​កើត​មក។

បន្ថែម​ពី​នេះ លោក ម៉ម ប៊ុនហេង ថា ក្រសួង​ក៏បាន​បង្កើត​ប្រព័ន្ធ​ទិន្នន័យ​ឌីជីថល សម្រាប់​មនុស្ស​ពេញវ័យ​ផង​ដែរ នៅ​ពេល​ពួកគាត់​មក​ទទួល​សេវា​ព្យាបាល​សុខភាព នៅ​តាម​មន្ទីរពេទ្យ។

លោក ម៉ម ប៊ុនហេង ឲ្យ​ដឹង​ដែរ​ថា ក្រសួង​សុខាភិបាល នឹង​បន្ត​ធ្វើការ​រួមគ្នា ដើម្បី​កាត់បន្ថយ​អត្រា​ស្លាប់​របស់​ម្តាយ​និង​ទារក​។ អាស្រ័យ​ហេតុនេះ ឆ្មប​ឬ​គ្រូពេទ្យ​បង្កើត​កូន មាន​តួនាទី​សំខាន់​ណាស់ ចំពោះ​សុខភាព​របស់​មាតា និង​បង្កើត​ទារក​នៅពេល​ម្តាយ​សម្រាលកូន នៅ​មន្ទីរពេទ្យ​។ ក្រសួង​នឹង​ពង្រឹង​ជំនាញ​របស់​ឆ្មប តាមរយៈ​ការ​ផ្តល់​ការ​ហ្វឹកហ្វឺន និង​បណ្តុះបណ្តាល ដើម្បី​ធានា​ថា ឆ្មប​ខ្មែរ មាន​វិជ្ជា​ជំនាញ​ខ្ពស់ សំរាប់​ផ្តល់​សេវា ដល់​ស្ត្រី​ជា​ម្តាយ និង​ទារក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។