សង្គមស៊ីវិលជំរុញឲ្យរដ្ឋាភិបាលថ្មីពង្រឹងវិស័យសុខាភិបាលសម្រាប់ស្ត្រីមានផ្ទៃពោះ ក្នុងពេលរដ្ឋចង់ឱ្យមានកំណើនពលរដ្ឋ
2023.09.22

សង្គមស៊ីវិលថា ក្នុងពេលដែលរដ្ឋាភិបាលថ្មីគ្រោងជំរុញឱ្យមានកំណើនប្រជាសាស្ត្រ ឬកំណើននៃប្រជាពលរដ្ឋច្បាស់លាស់ ពីពេលនេះរហូតទៅដល់ឆ្នាំ២០២៥នោះ រដ្ឋាភិបាលគួរគិតគូរពង្រឹងវិស័យគោលនយោបាយសុខាភិបាលសម្រាប់ស្ត្រីមានផ្ទៃពោះ ដើម្បីឲ្យពួកគាត់មានឱកាសទទួលបានការពិនិត្យពីពេទ្យជំនាញក្នុងគ្រាកំពុងពរពោះទារក រហូតដល់ពេលនិងក្រោយពេលសម្រាលកូនហើយ។ សង្គមស៊ីវិលយល់ឃើញថា នៅពេលរដ្ឋាភិបាលមានគោលនយោបាយបែបនេះ អត្រានៃការស្លាប់ទារកនិងម្តាយក្នុងពេលសម្រាលកូនត្រូវកាត់បន្ថយ។
លោក ហ៊ុន ម៉ាណែត បានថ្លែងទៅកាន់កម្មកររោងចក្រក្នុងខេត្តតាកែវកាលពីពេលថ្មីៗនេះដោយ លោកចង់ឱ្យកម្ពុជាមានគម្រោងកំណើនប្រជាពលរដ្ឋច្បាស់លាស់ពីពេលនេះ រហូតដល់ឆ្នាំ២០២៥ ក៏ប៉ុន្តែសង្គមស៊ីវិលបានលើកឡើងអំពីចំណុចសំខាន់មួយចំនួន ដែលរដ្ឋាភិបាលគួរពិចារណាដើម្បីអាចសម្រេចគោលបំណងនេះ នោះគឺរដ្ឋាភិបាលត្រូវមានគោនយោបាយ ពង្រឹងវិស័យសុខាភិបាល បច្ចេកទេសពេទ្យ និងសេវាមន្ទីរពេទ្យសម្រាប់ស្ត្រីមានផ្ទៃពោះ ដើម្បីទប់ស្កាត់ចំនួនទារក ឬម្តាយស្លាប់ក្នុងពេលសម្រាលកូន។
ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោក អ៊ូច វុទ្ធី មានប្រសាសន៍ថា វិស័យសុខាភិបាលនៅកម្ពុជាមានភាពទន់ខ្សោយនៅឡើយ ហើយទាំងអស់នេះគឺផ្អែកទៅលើឆន្ទៈថ្នាក់ដឹកនាំប្រទេស និងអ្នកនយោបាយខ្មែរ។ លោកថា មានរឿងរ៉ាវច្រើនណាស់ដែលអ្នកនយោបាយត្រូវធ្វើ ដើម្បីឲ្យសេវាសាធារណៈ មានគុណភាព និងប្រសិទ្ធភាព ហើយបញ្ហាស្ថាប័នវិស័យសុខាភិបាលនេះ មានសារៈសំខាន់ចម្បងមួយ សម្រាប់សង្គមជាតិ និងជាពិសេសសេវាសម្រាប់ស្ត្រីមានផ្ទៃពោះ។ លោកសង្កត់ធ្ងន់ថា ទីមួយគឺត្រូវលប់បំបាត់អំពើពុករលួយសិន បន្ទាប់មកត្រូវរៀបចំអ្នកជំនាញវិជ្ជាជីវៈឲ្យច្បាស់លាស់ ហើយត្រូវប្រតិបត្តិក្រមសីលធម៌ឲ្យបានខ្ជាប់ជួន ដោយមិនត្រូវយកលុយពីពលរដ្ឋជាដាច់ខាត។
លោក អ៊ូច វុទ្ធី៖ «អ្នកដែលមានជំនាញឯកទេសទាំងអស់ហ្នឹង មន្ត្រីដែលមានជំនាញទាំងអស់ហ្នឹងយកឆន្ទៈខ្លួនហ្នឹង ដើម្បីជួយដល់ប្រជាពលរដ្ឋយើង គឺថ្ងៃក្រោយល្អបំផុតហើយលោកប្អូន អត់មានអីពិបាកទេ បើសិនជាយើងមានបេះដូងមានឆន្ទៈចង់កែប្រែសង្គមយើង ចង់កែប្រែប្រទេសយើងឲ្យជឿនលឿនដូចស្រុកគេ សំខាន់គឺយើងកុំពុករលួយ (កុំ Corruption) កុំឃើញលុយធំពេកហ្នឹងហើយ ជួយមើលគាត់សិន ហើយផ្សព្វផ្សាយអារឿងគាត់មានផ្ទៃពោះហ្នឹង ឲ្យគាត់ប្រយ័ត្នអី ឲ្យគាត់ធ្វើអីយ៉ាងម៉េច»។
ស្រដៀងគ្នានេះដែរ តំណាងសហជីពកម្មករណាហ្គាវើលដ៍ (Naga World) អ្នកស្រី រី សុវណ្ណឌី ដែលកំពុងមានផ្ទៃពោះជិតគ្រប់ខែ យល់ឃើញថា រដ្ឋាភិបាល ចំបាច់ណាស់ត្រូវផ្តល់សេវាថែទាំស្ត្រីមានផ្ទៃពោះឲ្យបានត្រឹមត្រូវ ហើយមិនត្រូវតម្រូវឲ្យពួកគាត់បង់ថ្លៃក្នុងពេលទៅពិនិត្យពេទ្យនោះទេ។ អ្នកស្ត្រីបន្តថា អ្នកស្រីត្រូវបង់លុយ ពី ៨ ដុល្លារ ទៅ ២០ដុល្លារ ក្នុងពេលទៅពិនិត្យពោះម្តងៗ។ អ្នកស្រីថានេះ ចំពោះអ្នកមានការងារធ្វើខ្លះ ឬអ្នកមានលយុយតិចតួច ទើបទទួលសេវានេះបានខ្លះ។ ប្រសិនស្ត្រីមានផ្ទៃពោះនោះគ្មានការងារធ្វើ ឬរស់នៅតាមទីជនបទឆ្ងាយពីទីក្រុង ពួកគាត់ភាគច្រើនគ្មានឱកាសទៅពិនិត្យឲ្យបានដិតដល់នោះទេ ហើយនេះជាហានិភ័យ ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ក្នុងពេលពួកគាត់សម្រាលកូន។ លើសពីនេះលោកស្រីថា មានកត្តាផ្សេងច្រើនទៀត ដែលរដ្ឋាភិបាលមិនបានធ្វើ ដែលធ្វើឲ្យស្ត្រីមិនចង់មានកូនច្រើន។
អ្នកស្រី រី សុវណ្ណឌី៖ «ហើយមួយទៀត បើសិនជាគាត់ចង់បានអ៊ីចឹង គាត់គួរតែមានប្រាក់ឧបត្ថម្ភ ឬក៏អីទៅលើស្ត្រីដែលមានផ្ទៃពោះ អាចជួយចិញ្ចឹមជួយអីអ៊ីចឹងទៅ ហើយបើសិនជាគាត់ចេះតែចង់ហើយត្រូវដាក់បន្ទុកទៅលើប្រជាជនទាំងស្រុង គឺគ្មានអ្នកណាគេចង់បានកូនទេ ព្រោះជាក់ស្តែងឥឡូវហ្នឹងទៅពេទ្យគឺចំណាយលុយ ហើយចំណាយលុយហើយ ហានិភ័យនៅពេលដែលកើតកូនមក មិនដឹងថា យើងនឹងផ្តល់ការសិក្សារបៀបម៉េច បើសិនជីវភាពរបស់យើងពិបាកអ៊ីចឹង»។
ជុំវិញរឿងនេះ វីទ្យុអាស៊ីសេរីបានសុំការឆ្លើយតបពីរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា នៅថ្ងៃទី២១ កញ្ញា ដោយលោកឆ្លើយយ៉ាងខ្លីថា លោកបានគិតគូរក្នុងរឿងសេវាសុខាភិបាលនេះហើយ ជាពិសេសសម្រាប់ស្ត្រីមានផ្ទៃពោះ តែលោកមិនបានបរិយាយអំពីគោលការណ៍ច្បាស់លាស់ ឬបង្ហាញវិធានការ អំពីការថែទាំសុខភាពស្ត្រីមានផ្ទៃពោះ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ដល់អាយុជីវិតទារក ឬម្តាយក្នុងពេលពួកគាត់សម្រាលកូននោះទេ។
លោក ឈាង រ៉ា៖ «ខ្ញុំសុំជម្រាបថានែ…ដោយសារខ្ញុំជាប់ ខ្ញុំសុំថាជម្រាបដោយខ្លីហើយណាស់ ដល់មានការផ្សេងទៀត យើងមានក្រុមទំនាក់ទំនងការខាងព័ត៌មាន ខ្ញុំគ្រាន់ឆ្លើយជាខ្លី កិច្ចការនេះគឺយើងច្បាស់ជាមានការគិតគូរហើយ ប្រជាពលរដ្ឋសុខភាពយើង ទាំងមនុស្សគ្រប់វ័យទាំងអស់ ហើយជាពិសេសនោះអ្នកមានផ្ទៃពោះហ្នឹងទៀត»។
ស្ថិតិចុងក្រោយពីធនាគារពិភពលោក ក្នុងឆ្នាំ២០២០ បញ្ជាក់ថា ស្ត្រីកម្ពុជាមានគ្រោះថ្នាក់ដល់អាយុជីវិតក្នុងពេលសម្រាលកូន ក្នុង១០ម៉ឺននាក់ មានស្លាប់ចំនួន ២១៨នាក់ ហើយចំនួននេះ គឺខ្ពស់ជាងបណ្តាប្រទេសទាំងអស់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។