ម្ដាយឪពុកទារកកើតជំងឺស្លេកស្លាំង បដិសេធមិនទទួលសំណងពីខាងក្រុមហ៊ុនម្សៅទឹកដោះគោ នូទ្រីលេត (Nutrilatt) ជាលើកទី២

ម្ដាយឪពុកទារកកើតជំងឺស្លេកស្លាំង បដិសេធមិនទទួលសំណងពីខាងក្រុមហ៊ុនម្សៅទឹកដោះគោ នូទ្រីលេត (Nutrilatt) ជាលើកទី២ ទោះបីក្រុមហ៊ុននេះ បង្កើនប្រាក់សំណងជូនពួកគេក្តី។ មន្ត្រីសិទ្ធិមនុស្សយល់ថា តុលាការគួរពិចារណាលើសំណងទៅលើភាគីរងគ្រោះឲ្យបានសមរម្យ មានតុល្យភាព និងតម្លាភាព។
ម្ដាយឪពុកទារករងគ្រោះច្រានចោលសំណងដែលក្រុមហ៊ុន បានបន្ថែមឲ្យពួកគេ។ ពួកគេថា សំណងទាំងនោះ មិនសមរម្យទៅនឹងផលប៉ះពាល់លើសុខភាពកូន និងការខាតបង់របស់ពួកគេ។
ការបដិសេធមិនទទួលយកសំណងនេះ គឺក្រោយពេលដែលតុលាការក្រុងភ្នំពេញ បានកោះហៅម្ដាយឪពុកទារករងគ្រោះឲ្យចូលបំភ្លឺនៅតុលាការជាថ្មីម្ដងទៀត កាលពីថ្ងៃទី២៤ កុម្ភៈ។ ភាគីខាងក្រុមហ៊ុន បានពិចារណាផ្តល់សំណងឲ្យពួកគេ បន្ថែមសំណងចំនួន ១ពាន់ (១.០០០)ដុល្លារ លើសំណងចាស់ ដែលចំនួនសរុប គឺ ២ពាន់ (២.០០០)ដុល្លារ។
ម្ដាយទារកកើតជំងឺស្លេកស្លាំង លោកស្រី គង់ ច័ន្ទម៉ាលីស ឲ្យអាស៊ីសេរីដឹងថា លោកស្រីមិនអាចទទួលយកសំណងពីខាងក្រុមហ៊ុនម្សៅទឹកដោះគោ នូទ្រីលេត (Nutrilatt) បាននោះទេ។ លោកស្រីមិនបានបញ្ជាក់ពីចំនួនទឹកប្រាក់ដែលលោកស្រីបានស្នើសុំនោះទេ ប៉ុន្តែលោកស្រីថា សំណងដែលលោកស្រីដាក់ជូនទៅតុលាការនោះ មាន៣ចំណុច គឺសំណងជាក់ស្ដែងដែលកូនលោកស្រីបានព្យាបាល សំណងជំងឺចិត្ត និងសំណងនាពេលអនាគត ដែលកូនលោកស្រីរងផលប៉ះពាល់។ ទោះជាយ៉ាងណា លោកស្រីចង់ឲ្យតុលាការពិចារណា និងសម្រេចលើសំណងនេះ ឲ្យបានសមរម្យ និងយុត្តិធម៌សម្រាប់កូនលោកស្រីដែលរងគ្រោះ។ លោកស្រីរិះគន់អាជ្ញាធរដែលឲ្យម្សៅទឹកដោះគោនេះលក់នៅលើទីផ្សារ ព្រោះលោកស្រីថា ម្សៅទឹកដោះគោគ្មានគុណភាពនេះ។ លោកស្រីទទូចឲ្យក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធគួរពង្រឹង និងរឹតបន្តឹង ចំពោះការចរាចរម្សៅទឹកដោះគោនេះ រហូតមានដំណោះស្រាយចំពោះរឿងក្តីទារកដែលរងគ្រោះ៖ «កូនយើងវាធ្លាប់រងគ្រោះ ហើយអ្វីដែលសំខាន់ហ្នឹង មានចេញលិខិតដើម្បីផ្អាកចរាចរនៅក្នុងទីផ្សារ តែពួកខ្ញុំអត់មានបានឃើញអាលិខិតមួយណា ដែលបើកចរាចរឲ្យខាងក្រុមហ៊ុនទឹកដោះគោ នូទ្រីលែតហ្នឹងដាក់លក់នៅទីតាំងវិញទេ ត្រូវបង្ហាញគេពីចរាចរ នៅក្នុងការបើក ត្រូវបង្ហាញពីលិខិតដែលផ្ទះឡាបូ (Lab) ថា ពិតជាអត់មានបញ្ហាចេញពីខាងក្រសួងសុខាភិបាល ដើម្បីឲ្យប្រជាពលរដ្ឋគាត់ទទួលដឹងឮ គាត់ដឹងថា ទឹកដោះគោហ្នឹងពិតជាអត់មានបញ្ហាមែន»។
ស្រដៀងគ្នានេះ ឪពុកទារកកើតជំងឺស្លេកស្លាំងម្នាក់ទៀត គឺលោក សៅ សីហា ថ្លែងថា សំណងដែលក្រុមហ៊ុនផ្តល់ឲ្យនេះ មិនសមរម្យចំពោះផលប៉ះពាល់លើកូនរបស់លោក ដែលនៅតែបន្តការព្យាបាល និងតាមដានសុខភាពរហូតដល់សព្វថ្ងៃនេះឡើយ។ លោកស្នើដល់តុលាការថា គួរព្យាយាមស្វែងរកភស្តុតាងបន្ថែមទៀត ដូចជា ពីមន្ទីរពេទ្យដែលព្យាបាលទារករងគ្រោះជាដើម និងឲ្យបានច្បាស់លាស់ ហើយគួរពន្លឿននីតិវិធីរបស់ខ្លួនឲ្យបានឆាប់រហ័ស ដើម្បីផ្តល់យុត្តិធម៌ឲ្យទារករងគ្រោះ៖ «ខ្ញុំគិតថា ការដោះស្រាយគឺមានភាពយឺតយ៉ាវណាស់ ហើយខ្ញុំគិតថា ក្រុមហ៊ុនព្យាយាមអូសបន្លាយពេលវេលាច្រើនណាស់សម្រាប់ការងារទាំងអស់ហ្នឹង។ យើងយល់ថា ក្រសួងនាពេលបច្ចុប្បន្ននេះ មានផលលំបាករបស់ក្រសួងដោយសារមានបញ្ហាកូវីដ ក៏ប៉ុន្តែអ្នកដែលគាត់ដោះស្រាយបញ្ហាកូវីដ កាត់គួរតែធ្វើបញ្ហាកូវីដ ហើយអ្នកដែលកាន់ខាងផ្នែកអាហារូបត្ថម្ភរបស់កុមារគាត់គួរតែដោះស្រាយបញ្ហារបស់កុមារ។ អ៊ីចឹង បញ្ហានេះ គឺជាបញ្ហាដែលមិនមែនតែអង្គការក្រៅរដ្ឋាភិបាលផ្សេងៗ ទេ រដ្ឋាភិបាលខ្លួនឯង ហើយជាពិសេស គឺខាងក្រសួងសុខាភិបាលហ្នឹង គឺគួរតែយកបញ្ហានេះជាបញ្ហាចម្បងមួយផងដែរ»។
អាស៊ីសេរីបានព្យាយាមទាក់ទងទៅអ្នកនាំពាក្យតុលាការក្រុងភ្នំពេញ លោក អ៊ី រិន ដើម្បីសួរនាំបន្ថែមអំពីរឿងនេះ នៅថ្ងៃទី៥ មីនា ដោយទូរស័ព្ទចូល ប៉ុន្តែមិនមានអ្នកទទួល។ ចំណែកភាគីខាងក្រុមហ៊ុន អាស៊ីសេរីមិនអាចទាក់ទងបាននោះទេ។
កន្លងមក សាលាដំបូងរាជធានីភ្នំពេញ បានកោះហៅម្ដាយឪពុកទារករងគ្រោះ ឲ្យចូលបំភ្លឺលើបណ្ដឹងរបស់ពួកគេ ដែលប្ដឹងទាមទារសំណងពីក្រុមហ៊ុន អេស អេន ធីខេ ត្រេឌីង (S&TK trading Co.,LTD) ដែលនាំចូលម្សៅទឹកដោះគោនូទ្រីលែត។ ប៉ុន្តែរហូតមកដល់ពេលនេះ ពុំទាន់មានដំណោះស្រាយណាមួយពីខាងតុលាការនោះទេ។
ក្រសួងពាណិជ្ជកម្មបានរកឃើញថា ម្សៅទឹកដោះគោ នូទ្រីលេត ចំនួន ៦លេខកូដ (487 488 536 537 538និង 539) ខ្វះសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពរបស់កុមារ និងទារក ដែលទទួលទានម្សៅទឹកដោះគោះនេះ។ ក្រសួងពាណិជ្ជកម្មបានបញ្ជាឱ្យផ្អាកចរាចរ និងប្រមូលត្រឡប់មកវិញនូវម្សៅទឹកដោះគោទាំង ៦លេខកូដនេះ ហើយបញ្ឈប់ការនាំចូលមកក្នុងទីផ្សារកម្ពុជា។
ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា មានប្រសាសន៍ថា ស្ថាប័នពាក់ព័ន្ធគួរយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាព និងមានវិធានការឲ្យបានម៉ឺងម៉ាត់ចំពោះក្រុមហ៊ុនដែលនាំចូលផលិតផលនានាដែលនាំឲ្យប៉ះពាល់ដល់សុខភាព ជាពិសេសគួរចាត់វិធានការលើមន្ត្រីដែលបណ្ដោយឲ្យមានការនាំចូលផលិតផលគ្មានគុណភាពទាំងនោះចរាចរនៅលើទីផ្សារ៖ «រដ្ឋាភិបាលគួរតែពិចារណាហើយយកចិត្តទុកដាក់ឲ្យបានមែនទែន ពីព្រោះបើសិនជាយើងបណ្ដែតបណ្ដោយឲ្យមានការនាំចូលនូវផលិតផលដែលគ្នាគុណភាព ផលិតផលដែលដែលវាប៉ះពាល់ទៅដល់សុខភាពផ្ទាល់របស់អ្នកប្រើប្រាស់ អាហ្នឹងជារឿងមួយ យើងមានវិបត្តិធ្ងន់ធ្ងរណាស់សម្រាប់ក្នុងសង្គមយើង ព្រោះអាហ្នឹងប្រជាពលរដ្ឋអ្នកប្រើប្រាស់ហ្នឹង លោកអត់ដឹងទេ ពីព្រោះថា លោកមិនមានជំនាញអីក្នុងការទៅពិនិត្យអី របស់របរដែលនាំចូលមកហ្នឹងទេ គឺមានតែស្ថាប័នជំនាញដូចជាមានខាងស្ថាប័នគយ ស្ថាប័នត្រួតពិនិត្យផលិតផលអីទាំងអស់ហ្នឹងទេដែលគេអាចដឹងបាន»។
ម្ដាយឪពុកទារករងគ្រោះ អះអាងថា ភាគីក្រុមហ៊ុន បានទុកពេលវេលាឲ្យពួកគេត្រឹម ១សប្តាហ៍ប៉ុណ្ណោះក្នុងការឆ្លើយតបចំពោះសំណងនេះ។ ប្រសិនបើពួកគេមិនឆ្លើយតបចំពោះសំណងនេះទេ ការផ្តល់សំណងនេះ នឹងចាត់ទុកជាមោឃៈ។ ប៉ុន្តែម្ដាយឪពុកទារករងគ្រោះប្តេជ្ញាថា នឹងបន្តនីតិវិធីប្ដឹងផ្តល់នេះឲ្យដល់ទីបញ្ចប់តាមនីតិវិធីរបស់តុលាការ ដោយមិនព្រមទទួលយកសំណងនេះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។