អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ឃុំ​រកា ខេត្ត​បាត់ដំបង ត្អូញត្អែរ​ពី​ការ​លំបាក​ដោយសារ​គ្មាន​ជំនួយ​ពី​អង្គការ និង​អាជ្ញាធរ

ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង ត្អូញត្អែរ​ពី​បញ្ហា​ខ្វះខាត​ជីវភាព និង​ការឧបត្ថម្ភ​គាំទ្រ​ពី​អាជ្ញាធរ ឬ​អង្គការ​នានា ស្រប​ពេល​សុខភាព​ពួកគាត់​កាន់តែ​ចុះ​ខ្សោយ បន្ទាប់ពី​ឆ្លង​មេរោគ​អេដស៍ ដោយសារ​ការ​ធ្វេសប្រហែស​របស់​គ្រូពេទ្យ​ម្នាក់ អស់​រយៈពេល​ជាង ​៨ឆ្នាំ​មក នេះ។ មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​អាជ្ញាធរ​មូលដ្ឋាន និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ឱ្យ​យកចិត្តទុកដាក់​ជាមួយ​ប្រជា​ពលរដ្ឋ​ទាំងនោះ ដោយ​គិតគូរ​ទៅលើ​តម្រូវការ​សុខភាព​ផ្លូវកាយ ​ផ្លូវចិត្ត និង​តម្រូវ​ការ​ជីវភាព​របស់​ពួកគាត់។

បន្ទាប់ពី​ទទួល​រង​នៅ​ការឈឺចាប់​ដោយសារ​ឆ្លង​ជំងឺ​អេដស៍ និង​ការរើសអើង​ពី​អ្នកភូមិ​មក ពេល​នេះ​ប្រជាពលរដ្ឋ​ដែល​ផ្ទុក​មេរោគ​អេដស៍​នៅ​ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង បាន​តាំងចិត្ត​ជម្នះ​ជំងឺ​នៅ​ក្នុង​ខ្លួន ដើម្បី​តស៊ូ​រស់នៅ​តទៅ​ទៀត។ ក៏ប៉ុន្តែ​ការ​វិវត្ត​នៃ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ បាន​ធ្វើ​ឱ្យ​សុខភាព​របស់​ពួកគាត់​កាន់តែ​ចុះ​ខ្សោយ ដែល​បណ្ដាល​ឱ្យ​ពួកគេ​ប្រឈម​នឹង​បញ្ហា​ខ្វះខាត​ជីវភាព។
ពលរដ្ឋ​ឆ្លង​ជំងឺ​អេដស៍​នៅ ភូមិ​រកា លោក គូ ម៉ៅ អាយុ​ ៨៦ឆ្នាំ ​រៀបរាប់​ថា លោក​​​មាន​សមាជិក​គ្រួសារ​ចំនួន ២នាក់​បាន​ឆ្លង​មេរោគ​អេដស៍ រួមមាន ​ខ្លួន​លោក​ផ្ទាល់ និង​ចៅស្រី​អាយុ​ ១៨ឆ្នាំ​ម្នាក់។ លោក​បន្ត​ថា ដោយសារ​ភាព​ចាស់ជរា និង​មាន​ជំងឺ​របេង​ផង​នោះ លោក​មិន​អាច​ធ្វើការ​ការងារ ឬ​ដើរហើរ​បាន​ឡើយ ដោយ​ត្រូវ​សម្រាក​នៅនឹង​កន្លែង ហើយ​ត្រូវ​ពឹងផ្អែក​លើ​កូនចៅ​ទាំងស្រុង​ក្នុង​ការ​ចិញ្ចឹម​មើល​ថែ។

លោក គូ ម៉ៅ៖«វា​ដូចជា​ទន់ខ្សោយ​ជាង​មុន។ ថ្ងៃ​ណា​ទៅ ក៏​បាន​ស្រួល​បន្តិច​ទៅ។ ថ្ងៃ​ណា​មិន​ស្រួល នៅតែ​លើ​អង្រឹង។ ថ្នាំ​គេ​ឱ្យ​កំណត់​ ១ខែ»។

កាលពី​ចុង​ឆ្នាំ២០១៤ ​ពលរដ្ឋ​នៅ​ភូមិ​រកា ភូមិ​ថ្ងែ​អំបែង និង​ភូមិ​តាហែន១ ​ស្ថិតនៅ​ក្នុង​ឃុំ​រកា ចំនួន​ជាង​ ២ពាន់នាក់ ​បាន​សម្រុក​ទៅ​ពិនិត្យ​ឈាម​រក​មេរោគ​អេដស៍ ហើយ​ក្នុងចំណោម​ពួកគេ​នោះ មាន​ពលរដ្ឋ​ចំនួន​ ៣២៥នាក់ ក្នុង​នោះ​ក្មេង​មាន​ចំនួន ​៦៨នាក់ ​បាន​រក​ឃើញ​មាន​ផ្ទុក​មេរោគ​អេដស៍។ ការ​ឆ្លង​ដ៏​ចម្លែក​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​កំណត់​ថា ដោយសារ​ការប្រើប្រាស់​ម្ជុលចាក់ថ្នាំ​​រួមគ្នា បន្ទាប់​ពី​បុរស​ម្នាក់​ជា​គ្រូពេទ្យ​ឯកជន​ប្រចាំ​ភូមិ​ម្នាក់ឈ្មោះ​ ញ៉ែម ជ្រិន ដែល​បាន​ដើរ​ព្យាបាល​ជំងឺ​ឱ្យ​អ្នកភូមិ​តាម​ផ្ទះ ​ហើយ​ប្រើ​ម្ជុលចាក់​ថ្នាំ និង​សឺរ៉ាំង​ ដែល​បាន​ប្រើ​ជាមួយ​អ្នក​ផ្ទុក​មេរោគ​អេដស៍​រួច​មក។ អ្នកភូមិ​ដែល​បាន​ឆ្លង​ជំងឺ​អេដស៍​នោះ មាន​ទាំង​ស្រី ទាំង​ប្រុស ក្មេង​ចាស់ អាចារ្យវត្ត ​និង​ព្រះសង្ឃ ដែល​ដំណឹង​នៃ​ការ​ឆ្លង​ជំងឺ​អេដស៍​នេះ បាន​ផ្ទុះ​កក្រើក​ឡើង ក្រោយ​ពី​ការពិនិត្យ​រក​មេរោគ​អេដស៍​របស់លោក គូ ម៉ៅ ​នៅ​មណ្ឌលសុខភាព​ឃុំ​រកា។ លទ្ធផលវិជ្ជមាន​ផ្ទុក​មេរោគ​អេដស៍​របស់លោក គូ ម៉ៅ ​បាន​ធ្វើ​ឱ្យ​អ្នកស្រុក​មាន​ការសង្ស័យ​តៗ គ្នា និង​បាន​សម្រុក​ទៅ​ធ្វើតេស្ត​ឈាម រហូត​បាន​ដាក់​ការសង្ស័យ​ពី​មូលហេតុ​ឆ្លង​មេរោគ​នេះ​ទៅលើ​ពេទ្យ​ប្រចាំ​ភូមិ។

អ្នក​កើត​ជំងឺ​អេដស៍​នៅ​ភូមិ​រកាម្នាក់​ទៀត​ គឺ​លោកស្រី វៃ វ័ន្ត អាយុ​ ៤៥ឆ្នាំ ​ប្រាប់​អាស៊ីសេរី​ថា គ្រួសារ​លោកស្រី​កំពុង​ប្រឈម​នឹង​ជីវភាព​លំបាក ព្រោះ​សុខភាព​លោកស្រី​កាន់តែ​ចុះ​ខ្សោយ ជាពិសេស​ នៅ​​ពេល​ទទួលទាន​អាហារ​មិន​បាន​គ្រប់គ្រាន់ និង​ធ្វើការ​លើស​កម្លាំង ដែល​នាំ​ឱ្យ​មាន​ប្រតិកម្ម​ថ្នាំ​កើត​ឡើង។ លោកស្រី​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​លោកស្រី​ប្រកប​របរ​កើប​លាមក​សត្វ​ធ្វើ​ជី​លក់​ឱ្យ​អ្នកស្រុក​ដោះស្រាយ​ជីវភាព ហើយ​លោកស្រី​មិន​អាច​ធ្វើ​ចំណាកស្រុក​ ដើម្បី​ធ្វើការ​ឆ្ងាយ​ពី​ផ្ទះ​បាន​ឡើយ ព្រោះ​លោកស្រី​ត្រូវ​ទៅ​ទទួលយក​ថ្នាំ​ប្រឆាំង​ជំងឺ​អេដស៍​ជា​រៀងរាល់​ ១​ខែ​ម្ដង។

​លោកស្រី វៃ វ័ន្ត៖«សព្វ​ថ្ងៃធ្វើការងារ​អី​ធម្មតា។ វា​ធ្វើទុក្ខ​ខ្លះ​ដែរ ​ប៉ុន្តែ​បើ​យើង​អត់ យើង​មានតែ​ប្ដូរ​ហ្នឹងឯង។ បើ​យើង​ទម្រន់​ទម្រាំ​តាម​ហ្នឹង​ យើង​អត់មាន​អី​ហូប​ទេ។ ខ្ញុំ​សំណូមពរ​ឱ្យ​រដ្ឋាភិបាល ឬក៏​បងប្អូន​អាណិកជន​នៅ​ក្រៅ​ប្រទេស​ សូម​មាន​អំណោយ​បន្តិចបន្តួច។ យូរៗ ទៅ​ដូច​ណាយ ស្ងាត់​ឈឹង។ យូរៗ ទៅ​ទុកចោល​ស្ងាត់»។

ប្រជាពលរដ្ឋ​អ្នក​ឆ្លង​មេរោគ​អេដស៍​អះអាង​ដូចៗ​គ្នា​ថា តាម​លទ្ធផល​ធ្វើតេស្ត​ឈាម ក្នុង​ចំណោម​ពួកគេ​កាលពី​ឆ្នាំ២០១៤ ​មាន​អ្នកខ្លះ​បាន​ឆ្លង​មេរោគ​អេដស៍​តាំងពី ៣​ឆ្នាំមុន​មក​ម្ល៉េះ។ ពួកគេ​លើកឡើង​ថា មុន​ការ​បែក​ធ្លាយ​ពី​ករណី​ឆ្លង​មេរោគ​នេះ មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាន​ស្លាប់​ដោយ​មាន​អាការៈ​ស្គមស្គាំង។ ពួកគេ​សន្និដ្ឋាន​ថា មេរោគ​អេដស៍​បាន​ឆ្លង​ចូល​ទៅ​ក្នុង​ឃុំ​រកា​នេះ តាំងពី​មុន​ឆ្នាំ២០១៤​មក​ម្ល៉េះ ប៉ុន្តែ​អ្នកភូមិ​មិន​បាន​ចាប់អារម្មណ៍។

ពលរដ្ឋ​មាន​ផ្ទុក​មេរោគ​អេដស៍​ម្នាក់ទៀត​នៅ​ឃុំ​រកា លោកស្រី រ៉ុន សាវឿន ​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ឱ្យ​ដឹង​ថា ចាប់​តាំង​ពី​ផ្ទុក​មេរោគ​អេដស៍​ជាង​ ៨ឆ្នាំ​មកនេះ ជីវភាព​គ្រួសារ និង​សុខភាព​របស់​លោកស្រី​មាន​ភាព​យ៉ាប់យ៉ឺន​ជាង​មុន ដោយសារ​ការប្រើប្រាស់​ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍​នេះ​មាន​ប្រតិកម្ម​ខ្លាំង ដែល​តម្រូវ​ឱ្យ​លោកស្រី​បរិភោគ​អាហារ​ឱ្យ​បាន​គ្រប់គ្រាន់ ដែល​កត្តា​នេះ​បាន​ក្លាយ​ជា​បន្ទុក​សម្រាប់​គ្រួសារ​លោកស្រី។ លោកស្រី​បន្ត​ថា បច្ចុប្បន្ន​ពុំសូវ​មាន​សប្បុរសជន ឬ​អាជ្ញាធរ​ផ្ដល់​ជំនួយ​ឧបត្ថម្ភ​ជា​ស្បៀងអាហារ ឬ​ថវិកា​ដល់​អ្នកមាន​ផ្ទុក​មេរោគ​អេដស៍​ដូច​កាលពីមុន​នោះ​ទេ។

លោកស្រី រ៉ុន សាវឿន៖ «សុខភាព ជួនកាល​ពេល​ហូប​អត់​គ្រប់គ្រាន់​វា​ក៏​ធ្វើទុក្ខ​ដែរ នៅ​ពេល​ដែល​យើង​ធ្វើការ​ហត់។ បើ​យើង​អត់​សូវ​មាន​ការងារ​ធ្វើ និង​ហូប​ឱ្យ​បាន​ឆ្អែតៗ នោះ​វា​មិនសូវ​ធ្វើទុក្ខ​យើង​ទេ»។

ក្នុង​អំឡុង​ពេល​ឆ្លង​ដំបូង ពលរដ្ឋ​ដែល​ឆ្លង​មេរោគ​អេដស៍​ទទួល​បាន​ជំនួយ​ពី​អង្គការ និង​អាជ្ញាធរ​ជា​បន្តបន្ទាប់ តែ​ក្រោយ​មក​ជំនួយ​ទាំងអស់​នោះ​ក៏បាន​ស្ងាត់​ទៅវិញ ដោយ​ទុក​ឱ្យ​ពលរដ្ឋ​ដែល​ផ្ទុក​មេរោគ​អេដស៍​ទាំងនោះ តស៊ូ​ចិញ្ចឹមជីវិត​ដូច​មនុស្ស​ធម្មតា​ទូទៅ​ដែរ។ ជាមួយគ្នា​នេះ ដោយសារ​តែ​ការ​វិវត្ត​នៃ​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ បាន​ធ្វើ​ឱ្យ​អ្នក​ផ្ទុក​មេរោគ​អេដស៍​មួយ​ចំនួន​បាក់ទឹកចិត្ត ខ្លះ​ធ្លាក់ខ្លួន​ឈឺ និង​មាន​ជីវភាព​កាន់តែ​លំបាក។ ក្នុង​នោះ មាន​អ្នកខ្លះ​បង្ខំចិត្ត​ចំណាកស្រុក​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ដែល​ធ្វើ​ឱ្យ​ការ​ទទួល​យក​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​អេដស៍​ត្រូវ​ខកខាន និង​បណ្ដាល​ឱ្យ​ពួកគេ​ធ្លាក់ខ្លួន​ឈឺ​យ៉ាង​ឆាប់រហ័ស។

បច្ចុប្បន្ន​នេះ ចំនួន​អ្នក​ស្លាប់​ដោយសារតែ​កង្វះ​សេវា​សុខាភិបាល​នៅ​ក្នុង​មូលដ្ឋាន និង​កំហុស​របស់​គ្រូពេទ្យ​ដែល​ខ្វះ​វិជ្ជាជីវៈ​នេះ បាន​កើន​ឡើង​ដល់ ៥៧នាក់​ហើយ ដែល​ភាគច្រើន​ជា​មនុស្សចាស់ និង​កូនក្មេង។ ទាក់ទង​នឹងរឿង​នេះ ​សាលដីកា​តុលាការ​កំពូល​ឆ្នាំ២០១៩ ​បាន​កាត់ទោស​គ្រូពេទ្យ​ ញ៉ែម ជ្រិន ​ឱ្យ​ជាប់​ពន្ធនាគារ ​២៥ឆ្នាំ។ ចំណែក​ជនរងគ្រោះ​ពី​សោកនាដកម្ម​នេះ រហូត​មក​ដល់​ពេល​នេះ មិន​បាន​ទទួល​បាន​សំណង​អ្វី​ឡើយ។ ក្នុង​គ្រួសារ​របស់​ពលរដ្ឋ​ដែល​ឆ្លង​ជំងឺ​អេដស៍ គ្រួសារ​ខ្លះ​មាន​សមាជិក​ឆ្លង​រហូតដល់​ទៅ​ ២០នាក់ ​ហើយ​គ្រួសារ​ខ្លះ​សមាជិក​ដែល​ឆ្លង​ជំងឺ​នេះ​ បាន​ស្លាប់​បាត់បង់​ជីវិត​ជា​បណ្តើរៗ​ទៀត​ផង។

មេឃុំ​រកា អ្នកស្រី ស៊ឹម ពៅ ​ឱ្យ​ដឹង​ថា កន្លង​មក​អាជ្ញាធរ​បាន​ចុះ​ជួយ និង​ទាក់ទង​រក​ម្ចាស់​ជំនួយ​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ ដើម្បី​ជួយ​ពលរដ្ឋ​ដែល​ផ្ទុក​មេរោគ​អេដស៍​ដែរ ប៉ុន្តែ​ជំនួយ​នេះ​មិន​គ្រប់គ្រាន់​សម្រាប់​ផ្ដល់​ឱ្យ​ពលរដ្ឋ​រងគ្រោះ ដែល​មាន​ចំនួន​ច្រើន​នោះ​បានទេ។

អ្នកស្រី ស៊ឹម ពៅ៖ «ខាង​ឃុំ​បាន​ជួយ​ដែរ ប៉ុន្តែ​ជួយ​មិនបាន​ទាំងអស់​ទេ។ ជួយ​បានតែ​អ្នក​អ្នក​ខ្វះខាត​ស្បៀង​មួយ​ចំនួន ប៉ុន្តែ​ថ្នាំលេប​បើក​ឱ្យ​ជាប្រចាំ។ រដ្ឋាភិបាល​គិត​គូ​ហើយ»។

ទាក់ទិន​រឿង​នេះ អ្នក​សម្របសម្រួល​ផ្នែក​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​ប្រចាំ​ខេត្ត​បាត់ដំបង ​លោក​ អ៊ិន គង់ជិត មាន​ប្រសាសន៍​ថា អាជ្ញាធរ​មូលដ្ឋាន​គួរ​ធ្វើ​របាយការណ៍​ពី​ស្ថានភាព​អ្នកមាន​ផ្ទុក​មេរោគ​អេដស៍​ក្នុង​ឃុំ​រកា បញ្ជូន​ទៅ​មន្ទីរ​ឬ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ស្វែងរក​ការឧបត្ថម្ភ​គាំទ្រ​ទាំង​ផ្នែក​សុខភាព​ផ្លូវ​កាយ ផ្លូវចិត្ត ​និង​ជីវភាព​ដល់​ពួកគាត់។ លោក​បន្ថែម​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​គិតគូរ​លើ​ការ​ផ្ដល់​សេវា​ព្យាបាល​ងាយស្រួល​ដល់​ពលរដ្ឋ​ណា ​ដែល​ចំណាកស្រុក​ទៅក្រៅ​ប្រទេស​ ដើម្បី​ឱ្យ​ពួកគាត់​អាច​ទទួល​បាន​សេវា​ព្យាបាល​ដូច​ពលរដ្ឋ​នៅ​ក្នុងស្រុក​ដែរ។

លោក​ អ៊ិន គង់ជិត៖ «ត្រូវ​យកចិត្តទុកដាក់ ដើម្បី​បង្កើត​ការងារ​មួយ​ចុះទៅ​ពិនិត្យ​វាយ​តម្លៃ និង​ប៉ាន់ប្រមាណ​អំពី​តម្រូវ​ការ​របស់​ពួកគាត់ ទាំង​តម្រូវ​ការ​ផ្នែក​សុខភាព និង​តម្រូវ​ការ​ផ្នែក​ស្បៀង​អាហារ ដើម្បី​ជួយ​ពួកគាត់​ ឱ្យ​ពួកគាត់​មាន​ក្ដី​សង្ឃឹម និង​ឱ្យ​ពួកគាត់​មាន​ជំនឿ​ទុកចិត្ត​ឡើងវិញ»។

បាយការណ៍​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ នឹង​ជំងឺ​អេដស៍ សើស្បែក ​និង​កាមរោគ ​ឆ្នាំ២០២២​ ឱ្យ​ដឹង​ថា អ្នកជំងឺ​អេដស៍​ដែល​កំពុង​ទទួល​សេវា​ថែទាំ ព្យាបាល នៅ​តាម​សេវា​ព្យាបាល​ជំងឺ​អេដស៍ ​៧១ កន្លែង​ទូទាំង​ប្រទេស សរុប​មាន​ចំនួន​សរុប​ជាង ៦ម៉ឺននាក់​ (៦៤.២២០នាក់)។

ក្រោយពី​ការរើសអើង​បាន​ស្បើយ អ្នក​ផ្ទុក​មេរោគ​អេដស៍​បាន​ប្រឈម​នឹង​បញ្ហា​ជីវភាព ដោយសារ​បាត់បង់​កម្លាំង​កាយសម្បទា និង​រស់នៅ​ពឹងផ្អែក​ទៅលើ​ថ្នាំ​រាល់ថ្ងៃ។ ពលរដ្ឋ​នៅឃុំ​រកា ស្នើ​សុំ​ដល់​រដ្ឋាភិបាល និង​អង្គការ​នានា ឱ្យ​ផ្ដល់​ជំនួយ​ដល់​ពួកគាត់​បន្ត​ទៀត ទោះបី​មកទល់​ពេលនេះ ពួកគាត់​អាច​ធ្វើ​ចិត្ត​ទទួលយក​រឿង​នេះ​បាន និង​គ្មាន​ការ​រើសអើង​ក្ដី ប៉ុន្តែ​បញ្ហា​សុខភាព​ចុះ​ខ្សោយ និង​ការរស់នៅ​ដោយ​ប្រុងប្រយ័ត្ន​ខ្ពស់​គ្រប់​ពេល បាន​បង្ក​ការ​រំខាន​ដល់​ការ​រកស៊ី និង​ទំនាក់ទំនង​ប្រចាំថ្ងៃ​នៅ​ក្នុង​គ្រួសារ​របស់​ពួកគាត់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។