លោក ហ៊ុន សែន ធ្វើ​ចត្តាឡីស័ក ខណៈ​មេរោគ​កូវីដ​​អូមីក្រុង ឆ្លង​រាលដាល​កាន់​តែ​ច្រើន

ក្រសួងសុខាភិបាល​ថា ករណី​ឆ្លង​មេរោគ​កូវីដ​១៩ ប្រភេទ​ថ្មី​អូមីក្រុង (Omicron) រៀងរាល់ថ្ងៃ មាន​ការ​កើនឡើង​គួរ​ឲ្យ​ព្រួយបារម្ភ។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល អ្នកស្រី​វេជ្ជបណ្ឌិត ឱ វ៉ាន់ឌីន ឲ្យ​ដឹង​ថា រហូតមកដល់​ថ្ងៃទី២៤ ខែកុម្ភៈ ករណី​អ្នក​ឆ្លង​មេរោគ​អូ​មី​ក្រុង មាន​ចំនួន ជិត ៧​ពាន់ ៤​រយ​នាក់ (៧.៣៨២)។ អ្នកស្រី​អះអាង ថា ប្រសិនបើ មិន​បាន​អនុវត្ត​វិធាន​សុខាភិបាល​ត្រឹមត្រូវ ដើម្បី​កាត់បន្ថយ​ការ​ឆ្លង​នោះ​ទេ អត្រា​អ្នក​ឆ្លង អាច​កើន​ឡើង​ដល់​រាប់​​ម៉ឺន​នាក់ ក្នុង​មួយថ្ងៃៗ។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​រូប​នេះ​ឲ្យ​ដឹង​ដែរ​ថា ការ​កាត់បន្ថយ​ការ​ប្រមូល​ផ្តុំ​មនុស្ស​ច្រើន និង​ការអនុវត្ត​វិធាន​សុខាភិបាល រួមមាន ពាក់​ម៉ាស់ គម្លាត​សុវត្ថិភាព​សង្គម និង​ការ​រក្សា​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន នោះ​គឺជា​វិធីសាស្ត្រ​ដ៏​សំខាន់ ដើម្បី​កាត់បន្ថយ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ទ្រង់ទ្រាយ​ធំ​ក្នុង​សហគមន៍។

ការប្រកាស​នេះ​ធ្វើឡើង​ស្របពេល លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា លោក​ធ្វើ​ចត្តាឡីស័ក​មួយរយ​:​ពេល​ខ្លី ដោយ​សារបាន​ប៉ះពាល់​ដោយ​ផ្ទាល់ ជាមួយ អ្នក​វិជ្ជមាន​កូ​វីដ១៩។

លោក ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ​ថា លោក​នឹង​រស់នៅ​ដាច់ដោយឡែក ក៏ប៉ុន្តែ​លោក​នៅតែ​បន្ត​ធ្វើ​ការ​តាម​ទម្លាប់ ដូចដែល​បាន​ធ្វើ​ចត្តាឡីស័ក​៣​លើក កាលពីមុនៗ​នោះ​ដែរ ដោយ​មិន​ទាន់​លុបចោល​កម្មវិធី​សម្រាប់​សប្តាហ៍​ក្រោយ​នៅឡើយ​ទេ​។ លោក​ថា នឹង​បន្ត​ធ្វើតេស្ត​ដើម្បី​បញ្ជាក់​ពី​លទ្ធផល​វិជ្ជមាន ឬ​អវិជ្ជមាន​កូវីដ១៩ ដើម្បី​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក ហើយនឹង​ជូន​ព័ត៌មាន​តាម​ក្រោយ។

ក្រសួងសុខាភិបាល ឲ្យ​ដឹង​ថា អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ បាន​កើន​ឡើង​ដល់ ៣​ពាន់ ៣២ នាក់ (៣.០៣២) នាក់​ហើយ ក្រោយពី​អ្នកជំងឺ ៥ នាក់​ទៀត​បាន​ស្លាប់ ក្នុង​នោះ ៤ នាក់​មិនបាន​ចាក់​វ៉ាក់សាំង​។ ចំណែក​ករណី​ឆ្លង​ថ្មី​វិញ ក្រសួងសុខាភិបាល​ប្រកាស​ថា មាន​ចំនួន​ជិត ៥​រយ នាក់ (៤៧០) ដែល​សុទ្ធតែ​ជា​មេរោគ​បំប្លែង​ខ្លួន​ថ្មី អូមីក្រុង (Omicron) ក្នុង​នោះ ៣៥​នាក់ ជា​ករណី​នាំចូល និង ៤៣៥ នាក់​ទៀត​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី២៦ កុម្ភៈ កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ​-១៩ ជិត ១​សែន ៣​ម៉ឺន​នាក់ (១២៩.៥៤៨) ក្នុង​នោះ​អ្នកជា​សះស្បើយ​មាន​ជាង ១ សែន ២​ម៉ឺន​នាក់ (១២២.៨៧៧)។

ក្រសួង​សុខាភិបាល​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃទី២៥ កុម្ភៈ រដ្ឋាភិបាល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ជូន​ពលរដ្ឋ​បាន​ជាង ១៣ លាន ៨​សែន​នាក់ ក្នុង​ចំណោម​ពលរដ្ឋ​ដែល​ត្រូវ​ចាក់​ប្រមាណ ១៤​លាន​នាក់ រាប់​ពី​កុមារ​អាយុ ៥​ឆ្នាំ រហូតដល់​មនុស្ស​ពេញវ័យ​។ រីឯ​ដូស​ជំរុញ​ទី៣ និង​ ទី​៤​វិញ រដ្ឋាភិបាល​ចាក់​ជូន​ពលរដ្ឋ​បាន​ជាង ៧​លាន​នាក់ ស្រប​ពេល​កុមារ​អាយុ​ពី ៣​ឆ្នាំ​ដល់​ក្រោម ៥​ឆ្នាំ រដ្ឋាភិបាល​ចាក់​ដូស​ទី១ បាន​ជាង ៩​ម៉ឺន​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។