លោក ហ៊ុន សែន គ្រោង​​ដក​បម្រាម​ពាក់​ម៉ាស់​នៅ​ទី​សាធារណៈ​ក្នុង​ពេល​ឆាប់ៗ

0:00 / 0:00

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​នឹង​ដក​បម្រាម​ពាក់​ម៉ាស់​នៅ​ទី​សាធារណៈ​ទូទាំង​ប្រទេស ក្នុង​ពេល​ឆាប់ៗ ខាង​មុខ​នេះ។ លោក ហ៊ុន សែន បាន​ប្រកាស​នៅ​ក្នុង​ពិធី​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ពី​រដ្ឋាភិបាល​ប្រទេស​អីតាលី (Italy) នៅ​រាជធានី​ភ្នំពេញ​ព្រឹក​ថ្ងៃ​ទី២៥ មេសា​ថា គម្រោង​ដក​បម្រាម​ពាក់​ម៉ាស់​នេះ ដោយ​លោក​ពិនិត្យ​ឃើញ​​ការ​ឆ្លង​ជំងឺ​កូវីដ​នៅ​កម្ពុជា​បាន​ថយ​ចុះ​ជា​រៀង​រាល់​ថ្ងៃ​ បើ​ទោះ​បី​ជា​រដ្ឋាភិបាល​បើក​ឱ្យ​ប្រជាពលរដ្ឋ​ដើរ​លេង​កម្សាន្ត​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ក្ដី។ លោក ហ៊ុន សែន បញ្ជាក់​ថា ការ​ធ្វើ​បែប​នេះ​នឹង​ចំណេញ​ដល់​សេដ្ឋកិច្ច​ជាតិ៖ «ចំណុច​នេះ​ហើយ​ដែល​ខ្ញុំ​សុំ​ថា ម្ខាង​ខ្ញុំ​អំពាវនាវ​ឱ្យ​មាន​ការ​ប្រជុំ​ដើម្បី​ពិនិត្យ​បញ្ហា​នេះ ហើយ​ខ្ញុំ​ចង្អុល​បង្ហាញ​ថា សុំ​កុំ​គិត​តែ​បញ្ហា​សុខភាព​តែ​មួយ​មុខ ត្រូវ​គិត​ដល់​បញ្ហា​សង្គម សេដ្ឋកិច្ច និង​ចិត្តសាស្ត្រ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​​ទាក់​ទង​ការ​ប្រើប្រាស់​ម៉ាស់​នៅ​ជាប់​នឹង​ខ្លួន​ហ្នឹង វា​មិន​មែន​ចេះ​ស្រួល​ឯណា ព្រោះ​អា​នេះ​ជា​ប្រដាប់​បន្ថែម។ បើ​នារីៗ វិញ អ្នក​លក់​ម៉ាកកាយ៉េ ការ៉េម​អី​ហ្នឹង​លក់​មិន​ដាច់​ទេ ដោយសារ​ពាក់​ម៉ាស់​អស់​ទៅ​ហើយ​មាន​ចាំ​បាច់​លាប់​ម៉ាកកាយ៉េ​ធ្វើ​អី​ទៀត »

ក្រសួង​សុខាភិបាល រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ចំនួន ១២ករណី​ថ្មី​ទៀត ដែល​សុទ្ធតែ​ជា​វីរុស​បំប្លែង​ថ្មី​អូមីក្រុង (Omicron) ឆ្លង​ក្នុង​សហគមន៍​ទាំង​អស់។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី២៥ មេសា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ ជាង ១៣ម៉ឺន ៦ពាន់​នាក់ (១៣៦.២២៨) ក្នុង​នោះ​អ្នក​ជា​សះស្បើយ​មាន​ជិត ១៣ម៉ឺន​នាក់ ៣ពាន់​នាក់ (១៣២.៩៤៥) និង​អ្នក​ស្លាប់​មាន​ចំនួន ៣ពាន់ ៥៦នាក់ (៣.០៥៦)។

ចំពោះ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ វិញ ក្រសួង​សុខាភិបាល​ប្រកាស​ថា គិត​ត្រឹម​ថ្ងៃ​ទី២៤ មេសា រដ្ឋាភិបាល​ចាក់​ជូន​ពលរដ្ឋ​ដែល​មាន​អាយុ​ចាប់​ពី ៣ឆ្នាំ​ឡើង​បាន​ជាង ១៤លាន ៨សែន​នាក់ សម្រាប់​ដូស​ទី១​ រីឯ​ដូស​ទី២ ចាក់​បាន​ជាង ១៤លាន ១សែន ៥ម៉ឺន​នាក់ ហើយ​ដូស​ទី៣ និង​ដូស​ទី៤ រដ្ឋាភិបាល​ចាក់​ជូន​ពលរដ្ឋ​បាន​ជាង ៩លាន ៦សែន​នាក់។

ជា​មួយ​គ្នា​នេះ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ជាង ១លាន​ដូស (១.០០៥.៦០០) ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​អីតាលី (Italy) ត្រូវ​បាន​ដឹក​ជញ្ជូន​មក​ដល់​កម្ពុជា​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី២៥ មេសា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។