ការស្រាវជ្រាវបង្ហាញថា ការកាប់បំផ្លាញព្រៃឈើបណ្តាលឲ្យកុមារក្រិន ស្គមស្គាំង និងស្ត្រីស្លេកស្លាំង
2024.04.25
ការស្រាវជ្រាវថ្មីមួយរបស់សាស្ត្រាចារ្យនៅសកលវិទ្យាល័យ សូហ្វៀ ប្រទេសជប៉ុន រកឃើញថា ជាង៣០% នៃកុមារក្រោមអាយុ៥ឆ្នាំ ដែលរស់នៅតំបន់កាប់បំផ្លាញព្រៃឈើ ពួកគេមានបញ្ហាខ្វះអាហារូបត្ថម្ភ ស្គមស្គាំង និងក្រិន។ ចំណែកស្ត្រីវិញ គឺច្រើនកើតជំងឺខ្វះឈាមក្រហម ស្លេកស្លាំង និងកើតជំងឺគ្រុនចាញ់។
តើព្រៃឈើមានសារៈសំខាន់អ្វីខ្លះ សំរាប់មនុស្សនិងសត្វ?
ការកាប់បំផ្លាញព្រៃឈើ និងការរំខានដល់ប្រព័ន្ធអេកូឡូស៊ី ដែលបណ្តាលឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពពលរដ្ឋនៅតំបន់ជនបទ។ កម្ពុជា គឺជាប្រទេសដែលមានអត្រាខ្ពស់នៃការកាប់បំផ្លាញព្រៃឈើ និងបញ្ហាកង្វះអាហារូបត្ថម្ភ។
អ្នកស្រាវជ្រាវផ្នែកមីក្រូសេដ្ឋកិច្ចសំរាប់ជនជាតិដើមភាគតិច និងជាសាស្ត្រាចារ្យនៅសកលវិទ្យាល័យ សូហ្វៀ ប្រទេសជប៉ុន (Sophia University) លោកបណ្ឌិត ហ្គាប្រ៊ីយ៉ែល ហ្វូអិនតេស ខូដូបា (Gabriel Fuentes Cordoba) ក្នុងបទសម្ភាសន៍ជាមួយស្ថាប័នព័ត៌មានអន្តរជាតិម៉ុងហ្គាបេ (Mongabay) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានអះអាងពីការរកឃើញថ្មីៗនេះថា ស្ត្រីមានផ្ទៃពោះរស់នៅតំបន់ជនបទក្នុងចម្ងាយប្រមាណ ៥គីឡូម៉ែត្រ ពីទីកន្លែងកាប់បំផ្លាញព្រៃឈើ កុមារទាំងនោះ កើតមកមិនសូវលូតលាស់ល្អទេ ក្រិន ស្គមស្គាំង ទម្ងន់មិនគ្រប់គីឡូ និងកម្ពស់ទាបជាងធម្មតា ដែលមិនសមាមាត្រទៅនឹងអាយុរបស់ពួកគេ។ ចំណែកស្ត្រីជាម្តាយវិញ ក៏ជួបបញ្ហាសុខភាពជាច្រើនដែរ ដូចជាជំងឺស្លេកស្លាំង ខ្វះឈាមក្រហម និងជំងឺគ្រុនចាញ់។
ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោកវេជ្ជបណ្ឌិត អ៊ូច វុឌ្ឍី មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា មនុស្សនិងសត្វត្រូវការព្រៃឈើធម្មជាតិ សំរាប់ការរស់នៅប្រចាំថ្ងៃ។ លោកថា ការបាត់បង់ព្រៃឈើធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព បាត់បង់ប្រភពឱសថ បាត់បង់ប្រភពចំណីអាហារ បាត់បង់ជំរក និងបណ្តាលឲ្យអាកាសធាតុប្រែប្រួលក្តៅខ្លាំងជាដើម។
វេជ្ជបណ្ឌិត អ៊ូច វុឌ្ឍី៖ «តាមការយល់ដឹងរបស់ខ្ញុំ និងធម្មជាតិដែលយើងធ្លាប់រស់នៅមក សត្វលោកទាំងអស់ត្រូវការព្រៃឈើ។ ហេតុអ្វីបានជាគេលើកឡើងថា ក្មេងអត់ព្រៃឈើ ទៅជាស្គមស្គាំង រីងរ៉ៃ ហើយអត់មានជីវជាតិ គេលើកឡើងនោះ ត្រូវរបស់គេ ពីព្រោះប្រជាជនដែលមានព្រៃឈើ ដែលមានអុកស៊ីហ្សែនគ្រប់គ្រាន់ ក្មេងទាំងអស់និងប្រជាពលរដ្ឋទាំងអស់ហ្នឹងមានសុខភាពល្អ ដោយសារគាត់អាស្រ័យផលនិងរស់នៅអាស្រ័យជាមួយរុក្ខជាតិ ជាមួយធម្មជាតិព្រៃឈើហ្នឹង...»។
លោកវេជ្ជបណ្ឌិត អ៊ូច វុឌ្ឍី មានប្រសាសន៍បន្តថា ពេលណាព្រៃឈើគេបំផ្លាញអស់ហើយ ធម្មជាតិដែលការពារមនុស្សលោក និងសត្វ ក៏គ្មាននៅសល់នោះដែរ។ លោកថា ទារកដែលកកើតដំបូងនៅក្នុងផ្ទៃម្តាយ ហើយម្តាយខ្វះអាហារូបត្ថម្ភ កើតទុក្ខពិបាកចិត្ត ដោយសារជីវភាពក្រីក្រ និងខ្វះស្បៀងអាហារ ទារកនោះកើតមកមានបញ្ហាសុខភាពច្រើន។ លោកវេជ្ជបណ្ឌិត លើកឡើងពីផលវិបាកមួយចំនួនរបស់ស្ត្រីមានផ្ទៃពោះនិងទារក ដែលពឹងពាក់អាស្រ័យផលពីធម្មជាតិព្រៃឈើ។
វេជ្ជបណ្ឌិត អ៊ូច វុឌ្ឍី៖ «ហានិភ័យនៅពេលដែលគាត់ចាប់កំណើតកើតមក គឺទី១ កើតមកអាចអត់គ្រប់ ទី២ កើតប៉ូលីយ៉ូ ប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទនិងខួរក្បាល ទី៣ ខ្វះអវយវៈ គឺមានច្រើនណាស់ និងទី៤ ការយល់ដឹងរបស់គាត់មិនប្រក្រតី។ ចំពោះស្ត្រីជាម្តាយវិញ ទី១ យើងត្រូវមើលពីការរស់នៅរបស់គាត់ ថា តើនៅជុំវិញបរិស្ថានគាត់ហ្នឹង មានការហូបចុកគ្រប់គ្រាន់ មានធម្មជាតិព្រៃឈើដែរឬទេ។ ពេលណាព្រៃឈើបំផ្លាញអស់ហើយ អ្វីដែលនៅការពារ ជីវិតសត្វលោក គឺអត់មាន អ៊ីចឹងវាប៉ះពាល់ទៅដល់កូន ទៅដល់សរសៃប្រសាទ ទៅដល់អារម្មណ៍របស់គាត់ គឺវាអាចមានវិបត្តិទៅដល់គាត់ខ្លាំង...»។
ការស្រាវជ្រាវដដែល ក៏បានរកឃើញបន្ថែមថា ការបាត់បង់ព្រៃឈើ គឺជាការបាត់បង់ប្រភពចំណីអាហារ បាត់បង់ជីវចម្រុះ គ្មានជម្រក ដីបាត់បង់ជីរជាតិ ប៉ះពាល់ដល់ការដាំដុះ ងាយកើតឡើងគ្រោះធម្មជាតិ ដូចជាខ្យល់ព្យុះ ទឹកជំនន់ និងគ្រោះរាំងស្ងួត។ បន្ថែមពីនេះ ប្រការដែលគ្មានព្រៃឈើការពារ ក៏បណ្តាលឲ្យហូរច្រោះ នាំជាតិពុលទៅក្នុងទឹកប៉ះពាល់ដល់ការប្រើប្រាស់ទឹក ប៉ះពាល់ដល់មច្ឆាជាតិ ឡើងកម្ដៅផែនដី សំបូរឧស្ម័នពុល បំផ្លាញសុខភាពមនុស្សសត្វ ដែលជាហេតុនាំឲ្យមានវិបត្តិសេដ្ឋកិច្ច និងការកើនឡើងនូវភាពក្រីក្រ។
លោកបណ្ឌិតសាស្ត្រាចារ្យ ហ្គាប្រ៊ីយ៉ែល ហ្វូអិនតេស ខូដូបា អះអាងថា សុខភាពមានសារៈសំខាន់ណាស់សំរាប់រាងកាយ។ នៅពេលកុមារខ្វះអាហារូបត្ថម្ភ ស្គមស្គាំង និងឧស្សាហ៍ឈឺ បណ្តាលឲ្យប៉ះពាល់ដល់ការរៀនសូត្ររបស់ពួកគេនៅសាលារៀន។ លោកបន្តថា នៅប្រទេសកម្ពុជា មានរបាយការណ៍ជាច្រើនបង្ហាញពីបញ្ហាកង្វះអាហារូបត្ថម្ភ ភាពស្លេកស្លាំង និងបញ្ហាខ្វះឈាមក្រហម របស់កុមារនិងស្ត្រី ក៏ប៉ុន្តែផលប៉ះពាល់សុខភាពដោយសារការកាប់បំផ្លាញព្រៃឈើ គេមិនសូវចាប់អារម្មណ៍ស្រាវជ្រាវនោះឡើយ។
អ្នកស្រាវជ្រាវ និងឃ្លាំមើលធនធានធម្មជាតិនៅកម្ពុជា លោក សេង សុខហេង ប្រាប់វិទ្យុអាស៊ីសេរីថា ប្រមាណជា ៦ឬ៧ ឆ្នាំកន្លងមកនេះ រដ្ឋាភិបាលកម្ពុជា មានយន្តការទប់ស្កាត់ ការកាប់បំផ្លាញព្រៃឈើដែរ ក៏ប៉ុន្តែគ្មានប្រសិទ្ធភាព ដោយការកាប់ព្រៃឈើនៅតែបន្តកើតមាន។ លោកសង្កត់ធ្ងន់ថា ការបាត់បង់ព្រៃឈើនេះ ប៉ះពាល់ធ្ងន់ធ្ងរដល់ការរស់នៅរបស់ពលរដ្ឋ ប្រព័ន្ធជីវចម្រុះ និងបឹងបួរីងស្ងួតអស់។
លោក សេង សុខហេង៖ «តាំងពីដើមឡើយ នៅតំបន់ខ្លះដែលមិនទាន់បាត់បង់ព្រៃឈើពីមុនមក ដូចជានៅតំបន់ព្រៃឡង់ក្តី នៅខាងព្រៃព្រះរការ និងប៉ែកខាងជួរភ្នំក្រវាញ ដងអូរដងស្ទឹងមួយចំនួន ទោះបីខែប្រាំងក្តីនៅតែមានទឹកហូរ។ ប្រមាណជា១០ឆ្នាំក្រោយមក តំបន់នោះត្រូវបានគេសម្បទាននិងកាប់ព្រៃឈើអស់ទៅ វាធ្វើឲ្យប្រព័ន្ធទឹករីងស្ងួតអស់។ បើសិនយើងពិនិត្យមើលពីប្រព័ន្ធជីវចម្រុះនៅតាមតំបន់ព្រៃឈើ យើងដឹងថា ព្រៃឈើគឺជាជង្រុកសន្តិសុខស្បៀងសំរាប់ពលរដ្ឋ។ យើងពិនិត្យមើលចាស់ៗពីដើមឡើយ ទោះបីជាគាត់ដាច់ស្បៀង ៤ ឬ៥ឆ្នាំ ក៏គាត់អាចចូលព្រៃរកស្បៀងអាហារ ដូចជាក្ដួច ដំឡូង ផ្លែឈើ មើមឈើ អាចរស់បាន។ ប៉ុន្តែ១០ឆ្នាំចុងក្រោយនេះ គឺព្រៃឈើបាត់បង់អស់ គាត់មិនអាចអាស្រ័យស្បៀងទាំងនោះបានឡើយ...»។
វិទ្យុអាស៊ីសេរីព្យាយាមទាក់ទងសុំការបំភ្លឺរឿងនេះ ពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត រយៈពេលប៉ុន្មានថ្ងៃមកនេះ ក៏ប៉ុន្តែ ទូរស័ព្ទហៅចូលជាច្រើនដង តែគ្មានអ្នកលើក។
ក្នុងរយៈពេលជាង ២ទសវត្សមកនេះគឺចាប់ពីឆ្នាំ២០០១ រហូតដល់ឆ្នាំ២០២៣ កម្ពុជាបាត់បង់គម្របព្រៃឈើរហូតដល់ទៅជិត ៣លានហិកតារ (២,៨៣លានហិកតារ) ស្មើនឹងប្រមាណ ៣២% នៃគម្របព្រៃឈើសរុបជាង ៧លានហិកតារ។ របាយការណ៍របស់សាកលវិទ្យាល័យម៉ារីឡែន (Maryland ) កាលពីថ្ងៃទី៤ ខែមេសា ដែលបានប្រមូលទិន្នន័យ តាមរយៈប្រព័ន្ធផ្កាយរណប បង្ហាញថា ក្នុងឆ្នាំ២០២៣ កម្ពុជាបាត់បង់ព្រៃឈើជាង ១សែន ២ម៉ឺនហិកតារ (១២១.០០០) ក្នុងតំបន់អភិរក្សដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន។ តំបន់ដែលរងការកាប់បំផ្លាញព្រៃឈើខ្លាំងជាងគេក្នុងឆ្នាំ២០២៣ ភាគច្រើនគឺជាតំបន់ព្រៃការពារ ក្នុងនោះរួមមាន ដែនជម្រកសត្វព្រៃព្រៃឡង់ ដែនជម្រកសត្វព្រៃបឹងពែរ ដែនជម្រកសត្វព្រៃភ្នំសំកុស ឧទ្យានជាតិជួរភ្នំក្រវាញ និងឧទ្យានជាតិវ៉ឺនសៃ-សៀមប៉ាង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។