នៅក្នុងខែមីនានេះ លោក ហ៊ុន សែន បង្ហាញមោទនភាពចំពោះការរីកចម្រើននៅក្នុងវិស័យសុខាភិបាលដែលលោកថា ខ្លាំងជាងប្រទេសជឿនលឿនមួយចំនួនទៀតផង។ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួននៅតែមានការភ័យខ្លាច មិនទុកចិត្តសមត្ថភាព និងសីលធម៌គ្រូពេទ្យ។
ប្រជាពលរដ្ឋមួយចំនួនមិនទុកចិត្តសេវាសុខាភិបាលលើបញ្ហាចំណេះដឹងសមត្ថភាព និងសីលធម៌គ្រូពេទ្យ ដែលនាំឱ្យអ្នកខ្លះរិះគន់តាមបណ្ដាញទំនាក់ទំនងសង្គម អ្នកខ្លះទៀតរក្សាភាពស្ងៀមស្ងាត់ ប៉ុន្តែព្យាយាមស្វែងសេវាថែទាំសុខភាពនៅក្រៅប្រទេស។
ពលរដ្ឋនៅខេត្តពោធិ៍សាត់ លោក គ្រី គ្រឿន ថ្លែងថា លោកធ្លាប់ជួបញឹកញាប់ពេទ្យមិនមានសីលធម៌វិជ្ជាជីវៈ។ លោកបន្តថា មូលហេតុនេះដែលធ្វើឱ្យលោកនិងអ្នកដែលលោកស្គាល់មួយចំនួនទៀតមិនទុកចិត្តពេទ្យក្នុងស្រុករត់ទៅរកសេវាព្យាបាលនៅក្រៅប្រទេស។
លោក គ្រី គ្រឿន៖ «គេទៅព្យាបាលដូចជា ទៅប្រទេសថៃ ទៅសិង្ហបុរី អ្នកមានលុយច្រើនគេទៅដល់សិង្ហបុរី ទៅដល់ប្រទេសណាដែលពេទ្យមានវិជ្ជាជីវៈច្បាស់លាស់។ អ៊ីចឹងគេអត់សូវឱ្យតម្លៃសុខាភិបាលក្នុងស្រុកយើងទេ។ ហើយសម្រាប់ខ្ញុំជាប្រជាពលរដ្ឋខ្ញុំក៏ធ្លាប់ឆ្លងកាត់ដែរទើបខ្ញុំហ៊ានវាយតម្លៃអ៊ីចឹង»។
ប្រជាពលរដ្ឋម្នាក់ទៀតនៅស្រុកកោះធំ ខេត្តកណ្ដាល លោក ខេម សាខន យល់ឃើញថា ជាចំណុចល្អនៅក្នុងវិស័យសុខាភិបាល ដែលកសាងមន្ទីរពេទ្យឬមណ្ឌលសុខភាពកើនឡើង។ ទោះយ៉ាងណាលោកថា បញ្ហាសមត្ថភាព វិជ្ជាជីវៈ សីលធម៌របស់គ្រូពេទ្យនៅតែជាបញ្ហាធំដែលរដ្ឋាភិបាល ត្រូវយកចិត្តទុកដាក់ពង្រឹងបន្ថែម។
លោក ខេម សាខន ឱ្យដឹងទៀតថា ប្រជាពលរដ្ឋនៅស្រុករបស់លោកភាគច្រើននិយមទៅព្យាបាលជំងឺនៅក្នុងប្រទេសវៀតណាម។ លោក សាខន បន្តថា ពេទ្យវៀតណាមហាក់មានសមត្ថភាព សីលធម៌ និងចំណាយលុយតិចជាងពេទ្យនៅស្រុកខ្មែរ។
លោក ខេម សាខន៖ «ទាក់ប្រទេសវៀតណាមខ្ញុំមានបងម្នាក់គាត់នៅកំពង់ឆ្នាំងគាត់មានជំងឺសួតនៅកាល់ម៉ែត្រគាត់អស់លុយមួយគំនររាប់ពាន់ដុល្លារ។ ពេទ្យគេលែងទទួលមើលអ៊ីចឹងគាត់ក៏សម្រេចចិត្តទៅផ្ទះ ប៉ុន្តែក៏បានជជែកជាមួយបងប្អូនក្រុមគ្រួសារក៏សម្រេចបញ្ជូនទៅវៀតណាម គាត់ជារហូតសព្វថ្ងៃ»។
ពលរដ្ឋម្នាក់ទៀតនៅរាជធានីភ្នំពេញកញ្ញា ខឹម ស្រីមុំ ឱ្យដឹងថា កញ្ញា ភាគច្រើនជ្រើសរើសពេទ្យឯកជននៅពេលព្យាបាលជំងឺ។ ការយល់ឃើញទូទៅចំពោះសេវាសុខាភិបាលកញ្ញា ទុកចិត្តបានតែ៧០ភាគរយចំពោះពេទ្យមួយចំនួនតូចដែលកញ្ញាស្គាល់ ចំណែកពេទ្យទូទៅដែលកញ្ញាមិនធ្លាប់ស្គាល់កញ្ញាមិនទុកចិត្តទេ។
កញ្ញា ខឹម ស្រីមុំ៖ «តាមដែលយើងព្យាបាលគ្រាន់តែទិញលេបដាក់សេរ៉ូមអ៊ីចឹងអាហ្នឹង ពេទ្យដែលខ្ញុំស្គាល់ពេទ្យឯកជនខ្ញុំឱ្យ៧០ភាគរយដែរ។ អ៊ីចឹងពេទ្យដែលខ្ញុំធ្លាប់ស្គាល់ខ្ញុំព្យាបាលហើយពេទ្យដែលខ្ញុំអត់ធ្លាប់ស្គាល់ទេគឺខ្ញុំអត់មានទំនុកចិត្តទាល់តែសោះតែម្តង»។
ចំណែកឯពលរដ្ឋនៅខេត្តប៉ៃលិនឯណោះវិញលោក លាភ ឆាង រំលឹកថា កាលពី៥ឆ្នាំមុនកូនប្រុសរបស់លោកដួលម៉ូតូបាក់ជើងលោកទៅពេទ្យខេត្ត អង្គុយបក់រុយនិងមើលមុខកូនដេកឈឺដោយក្តីអាណិតព្រោះពេទ្យមិនយកចិត្តទុកដាក់ទេ។ លោកបន្តថា បើទោះជាលោកមិនសូវមានលុយ ប៉ុន្តែពេលឈឺសុខចិត្តទិញថ្នាំពីឱសថស្ថាន ឬទៅពេទ្យឯកជន។
លោក លាភ ឆាង៖ «បើសិនជាយើងអត់មានខ្នងអត់មានលុយអត់មានអីទៀត មិនបាច់ទៅទេលោកគ្រូអើយ។ ពេលយើងគ្រោះថ្នាក់អីចឹងពេទ្យឈ្នួល ដាក់ទៅដឹងតែគេមើលហើយគ្រាន់តែអស់លុយយើងច្រើនលឿនជាងឱ្យតែយើងឱ្យគេមើលគេដាក់ តែថាយើងអស់លុយ។ បើយើងអត់មានលុយអត់មានកាក់ទៅពេទ្យរដ្ឋតាមដំណើរ»។
វិទ្យុអាស៊ីសេរីបានទាក់ទងអ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកស្រី ឱ វណ្ណឌីន ដើម្បីសុំការឆ្លើយតបជុំវិញក្តីកង្វល់របស់ប្រជាពលរដ្ឋនេះ ប៉ុន្តែអ្នកស្រីមិនលើកទូរស័ព្ទ។
ទោះយ៉ាងណានៅក្នុងពិធីបិទសន្និបាតក្រសួងសុខាភិបាលនៅខែមីនាឆ្នាំ២០២៣ លោក ហ៊ុន សែន បានបង្ហាញមោទនភាពចំពោះការការរីកចម្រើនរបស់ក្រសួងសុខាភិបាល។ ក្នុងឱកាសដែលលោកលើកសរសើរប្រព័ន្ធសុខាភិបាលកម្ពុជានេះ លោកក៏បានចំអកឱ្យប្រព័ន្ធសុខាភិបាលប្រទេសជឿនលឿនមួយចំនួនថា បណ្ដោយឱ្យពលរដ្ឋស្លាប់ដោយសារកូវីដច្រើនជាងកម្ពុជា។
លោក ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា ក្រោមការដឹកនាំរបស់លោកគឺយកចិត្តទុកដាក់ខ្ពស់លើប្រព័ន្ធសុខាភិបាល ព្រោះថា ប្រទេសមិនអាចអភិវឌ្ឍន៍ទៅបានទេ បើសិនជាសុខភាពពលរដ្ឋមិនល្អ។
លោក ហ៊ុន សែន៖ «ការអភិវឌ្ឍន៍សេដ្ឋកិច្ចអាស្រ័យលើការអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណវុឌ្ឍិ។ ហើយការអភិវឌ្ឍន៍ធនធានមនុស្សអាស្រ័យលើសុខភាពល្អរបស់ប្រជាជនដែលជំរុញដោយការផ្តល់សេវាសុខភាពល្អពេញលេញគ្រប់គ្រាន់និងប្រកបដោយប្រសិទ្ធភាព»។
បើទោះជាលោក ហ៊ុន សែន លើកឡើងបែបនេះក៏ដោយ ក៏ថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋាភិបាលរូបទាំងលោកហ៊ុន សែន ខ្លួនឯងផងមិនទុកចិត្តសេវាសុខាភិបាលក្នុងស្រុកទេ។
លោក ហ៊ុន សែន តែងតែទៅព្យាបាលជំងឺនៅប្រទេសសិង្ហបុរី ចំណែកលោក ទៀ បាញ់ ទៅព្យាបាលជំងឺនៅប្រទេសចិន លោក ស ខេង ទៅព្យាបាលជំងឺនៅប្រទេសបារាំង។
បញ្ហាសុខាភិបាលគឺជាបញ្ហាដែលមនុស្សគ្រប់មជ្ឈដ្ឋានតែងតែជជែក។ កាលពីលោក កែម ឡី នៅមានជីវិតលោកធ្លាប់ចែកចេញអ្នកជំងឺជា ៣ប្រភេទគឺអ្នកមានលុយច្រើនទៅព្យាបាលជំងឺនៅសិង្ហបុរី អ្នកមានមធ្យមព្យាបាលនៅថៃ និងវៀតណាម ចំណែកអ្នកខ្វះខាតទទួលការព្យាបាលនៅក្នុងស្រុកទោះជាពេទ្យជេរស្តី ឬសេវាមិនល្អយ៉ាងណាក៏ទ្រាំទទួលយក។
ចំណែកលោកវេជ្ជបណ្ឌិត គួច ម៉េងលី ក៏ធ្លាប់និយាយថា ពេទ្យនៅស្រុកខ្មែរ១០នាក់ដែលលោកជួបគឺ៩នាក់ឈ្លើយ ហើយមិនមានសមត្ថភាព។ ក្រោយការនិយាយរបស់លោកក៏មានប្រតិកម្មពីលោកហ៊ុន សែន ហើយលោក គួច ម៉េងលី ក៏ត្រូវក្រសួងសុខាភិបាលប្តឹងករណីនេះទៅតុលាការ។
ព្រះតេជព្រះគុណ សាន សុជា ជាអ្នកផ្សព្វផ្សាយមេរៀនធម៌ព្រះពុទ្ធ និងទូន្មានសីលធម៌សង្គម ព្រះក៏ធ្លាប់លើកឡើងដែលថា ព្រះអង្គជួបពេទ្យមិនមានសីលធម៌ញឹកញាប់ទើបព្រះអង្គសម្រេចយកការព្យាបាលនៅក្រៅប្រទេស។
ព្រះតេជព្រះគុណ សាន សុជា៖ «ម៉េចបានអ្នកជំងឺនៅស្រុកខ្មែររត់ទៅស្រុកគេអស់ហើយ?សូម្បីតែអាត្មាក៏ទៅព្យាបាលស្រុកគេដែរ សួរថាអាត្មាមិនទុកចិត្តពេទ្យស្រុកខ្មែរ?ថាគ្មានទេ គឺមកពីវាមិនពីរោះត្រចៀក។ មិនមែនពេទ្យទាំងអស់ទេណា!មានអ្នកគ្រូពេទ្យមួយចំនួនក៏ល្អដែរ មិននិយាយទាំងអស់ទេ ប៉ុន្តែវាជួបញឹកញាប់ពេក។ អាត្មាធ្លាប់វះកាត់នៅមន្ទីរពេទ្យគឺពេទ្យធំរបស់ខ្មែរយើងផង រហូតដល់អាត្មាថា ទោះអាត្មាឈឺត្រូវងាប់ក៏ឈប់ចូលដែរពេទ្យហ្នឹង»។
នៅក្នុងដើមខែមីនានេះ មានករណីពាក់ព័ន្ធប្រព័ន្ធសុខាភិបាលដែលធ្វើឱ្យមហាជនស្លុតចិត្តនោះគឺទី១ បុរសម្នាក់ឈ្មោះ ហុង ចម្រើន អាយុ៣៤ឆ្នាំបានសម្លាប់ខ្លួនឯង និងកូនប្រុសអាយុ៤ឆ្នាំដោយសារមិនមានលទ្ធភាពបង់លុយសម្រាប់ឱ្យពេទ្យព្យាបាលជំងឺខូចក្រលៀន។ ចំណែកករណីទី២ កម្មការិនី សឿន ស្រីអូន អាយុ២២ឆ្នាំបានស្លាប់ចោលកូនស្រីតូចមួយ និងប្តី បន្ទាប់ពីពេទ្យនៅក្នុងខេត្តកំពង់ស្ពឺច្រឡំកាត់ពោះវៀននៅពេលវះកាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។