អ្នកទោសនយោបាយមួយចំនួនឆ្លងជំងឺកូវី១៩ នៅក្នុងពន្ធនាគារព្រៃស (ម១)។ មន្ត្រីសង្គមស៊ីវិល ថាគ្រួសារអ្នកជាប់ឃុំមានសិទ្ធិដឹងអំពីសុខទុក្ខសាច់ញាតិពួកគាត់ពីពន្ធនាគារ ដូច្នេះអាជ្ញាធរពន្ធនាគារគួររកមធ្យោបាយជូនដំណឹងឱ្យគ្រួសារអ្នកជាប់បានដឹង ដើម្បីឱ្យពួកគាត់បានដឹងពីសុខទុក្ខគ្នាផងដែរ។
ប្រពន្ធអ្នកទោសនយោបាយព្រួយបារម្ភប្ដីដែលកំពុងឆ្លងជំងឺកូវីដ១៩ នៅក្នុងពន្ធនាគារព្រៃស (ម១)។ ពួកគាត់ស្នើឱ្យអាជ្ញាធរពន្ធនាគារយកប្ដីទៅព្យាបាលនិងថែទាំងនៅមន្ទីរពេទ្យខាងក្រៅពន្ធនាគារ ។ ពួកគាត់ក៏ទទូចឱ្យមន្ត្រីពន្ធនាគារអនុញ្ញាតអ្នកជាប់ឃុំអាចខលទំនាក់ទំនងមកគ្រួសារ ព្រោះពេលនេះពួកគាត់កំពុងខ្វាយខ្វល់ពីសុខទុក្ខប្ដី អំឡុងពេលរីករាលដាលជំងឺកូវីដ១៩ នៅក្នុងពន្ធនាគារនេះ។
ប្រពន្ធសកម្មជនបក្សប្រឆាំង ខេត្តកណ្ដាល លោក តុន និមល គឺ លោកស្រី ជ័យ ស្រីវី អះអាងថាមន្ត្រីពន្ធនាគារបានប្រាប់ថាប្ដីលោកស្រីឆ្លងជំងឺកូវីដ១៩ នៅក្នុងពន្ធនាគារព្រៃស (ម១)។ លោកស្រីចោទមន្ត្រីពន្ធនាគារថា ធ្វេសប្រហែសដែលធ្វើឱ្យប្ដីលោកស្រី និងអ្នកជាប់ឃុំមួយចំនួនទៀតឆ្លងជំងឺកូវីដ១៩ ហើយក៏រដ្ឋាភិបាលត្រូវទទួលខុសត្រូវផងដែរជុំវិញរឿងនេះ ព្រោះអ្នកទោសនយោបាយទាំងនោះ មិនមានកំហុសដូចការចោទប្រកាន់របស់អាជ្ញាធរឡើយ។
ប្រពន្ធសកម្មជនបក្សប្រឆាំងរូបនេះ បញ្ជាក់ថាលោកស្រី និងគ្រួសារសកម្មជនបក្សឆាំងផ្សេងទៀតនឹងទៅជួបមន្ត្រីស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញនៅថ្ងៃស្អែកនេះ ហើយលោកស្រីនឹងចេញតវ៉ាដើម្បីជំរុញឱ្យរដ្ឋាភិបាលដោះលែងប្ដីឱ្យមានសេរីភាពឡើងវិញ ទោះបីស្ថានភាពរីករាលដាលជំងឺកូវីដ១៩ ក៏ដោយចុះ ព្រោះប្តីលោកស្រីកំពុងជាប់ឃុំដោយអយុត្តិធម៌៖ «គ្រាន់តែចេញសម្ដែងមតិទៅចាប់គាត់ទៅដាក់ឃុំ ខ្ញុំឈឺចិត្តយ៉ាងខ្លាំងហ្មង ខ្ញុំជឿចិត្តដែលប្ដីខ្ញុំគ្មានកំហុសយកទៅដាក់គាត់ បែកពីប្រពន្ធកូនយំរាល់ថ្ងៃចង់ជួបឪពុក មិនសុខចិត្តទេដាក់យកទៅឃុំឃាំងហើយឥឡូវឆ្លងពីជំងឺហ្នឹងហើយ ខ្ញុំចង់សូមឱ្យរដ្ឋាភិបាលត្រូវតែគិតឡើងវិញ ត្រូវតែយកប្ដីខ្ញុំចេញមកក្រៅឃុំមកព្យាបាលជំងឺព្រោះអីមិនឆ្លងតិចទេឆ្លងច្រើន»។
ចំណែកប្រពន្ធប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ គឺលោកស្រី ហង្ស ផារី ប្រាប់ថា លោកស្រីបានទទួលដំណឹងថា នៅក្នុងពន្ធនាគារឆ្លងផ្ទុះជំងឺកូវីដ១៩ ដែលធ្វើឱ្យលោកស្រីព្រួយបារម្ភពីសុខទុក្ខរបស់ប្ដីកំពុងជាប់ឃុំនៅក្នុងបន្ទប់តូចចង្អៀត ពុំមានអនាម័យជាដើម។ ស្ត្រីវ័យ ៣៣ឆ្នាំរូបនេះប្រាប់បន្តថា រយៈពេលបីខែមកហើយ មន្ត្រីពន្ធនាគារមិនដែលផ្តល់ដំណឹងណាមួយពីសុខទុក្ខប្ដីរបស់លោកស្រីឡើយ។ លោកស្រីស្នើឱ្យមន្ត្រីពន្ធនាគារគួរឱ្យប្តីលោកស្រីអាចទូរស័ព្ទមកគ្រួសារអំឡុងឆ្លងរាលដាលជំងឺកូវីដក្នុងពន្ធនាគារនេះ ហើយលោកស្រីទទូចឲ្យតុលាការដោះលែងប្ដី និងអ្នកទោសនយោបាយទាំងអស់ ដើម្បីកុំឱ្យពួកគាត់ការឆ្លងជំងឺកូវីដ១៩៖ «ប្រសិនបើជាមានអ្នកឆ្លងនៅក្នុងហ្នឹង សូមឱ្យគាត់ទាក់ទងមកខាងក្រុមគ្រួសារប្រាប់ព័ត៌មានឱ្យបានដឹងផង កុំឱ្យអ្នកនៅក្នុងនឹងឆ្លងក៏ឆ្លងទៅ អីក៏អីទៅ ក្រុមគ្រួសារនេះអត់បានដឹង អ៊ីចឹងមានសាច់ញាតិមានបងប្អូន មានប្រពន្ធគឺគាត់អត់បានដឹង ចង់ដឹងចង់សួរសុខទុក្ខប៉ុន្តែខ្ញុំអត់ដឹងសួរសុខទុក្ខទៅតាមណា»។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សាវនា ដើម្បីសុំការបញ្ជាក់បានទេ នៅថ្ងៃទី២៧ ឧសភាដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
ទោះជាយ៉ាងណាការផ្ទុះជំងឺកូវីដ១៩ នៅក្នុងពន្ធនាគារនេះ គ្រួសារដែលឆ្លងជំងឺកូវីដ១៩ កំពុងរង់ចាំដំណឹងសាច់ញាតិរបស់ពួកគេ ដោយទន្ទឹងរង់ចាំយ៉ាងអន្ទះសា ព្រោះពួកគាត់បាត់ដំណឹងពីសាច់ញាតិច្រើនខែមកហើយ។ ពួកគាត់ បារម្ភថាអ្នកជាប់ឃុំអាចប្រឈមនឹងឆ្លងនិងស្លាប់ដោយសារជំងឺកូវិដ១៩ ព្រោះពន្ធនាគារចង្អៀតណែន ពុំមានអនាម័យ សុខភាពអ្នកជាប់ឃុំទ្រុឌទ្រោម និងជំងឺរាំរ៉ៃ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា រហូតមកដល់ពេលនេះលោកមិនទាន់ទទួលបានតួលេខពិតប្រាកដ ឬឈ្មោះអ្នកជាប់ឃុំដែលឆ្លងជំងឺកូវីដ១៩ ពីពន្ធនាគារផ្លូវការ ព្រោះខាងពន្ធនាគារមិនអនុញ្ញាតឱ្យមន្ត្រីសង្គមស៊ីវិលចូលឡើយ។ លោកថា សង្គមស៊ីវិលបារម្ភជាខ្លាំងចំពោះអ្នកជាប់ឃុំនៅក្នុងពន្ធនាគារ ហើយលោកយល់ថា គ្រួសារអ្នកជាប់ឃុំក៏បារម្ភផងដែរ ព្រោះពួកគាត់មិនទាន់ទទួលដំណឹងពីសាច់ញាតិនៅឡើយ។ លោកថាអាជ្ញាធរពន្ធនាគារគួររកវិធីឱ្យពួកគាត់អាចសួរសុខទុក្ខគ្នា។
មន្ត្រីសង្គមស៊ីវិលរូបនេះ បន្តទទូចឲ្យអាជ្ញាធរពន្ធនាគារ ដោះលែងអ្នកជាប់ឃុំ ក្នុងកម្រិតទោសស្រាល និងអ្នកជាប់ឃុំបណ្ដោះអាសន្ន ដើម្បីកាត់បន្ថយបញ្ហាប្រឈមការឆ្លងចូលក្នុងពន្ធនាគារ៖ «ទៅលើបញ្ហាហ្នឹងហើយ បានយើងទាមទារឱ្យដោះស្រាយបញ្ហាភាពចង្អៀតណែនហ្នឹងពីព្រោះទីមួយភាពចង្អៀតណែននឹងវាអត់អាចអនុវត្តតាមវិធានការសុខាភិបាលបានទេ រឿងគម្លាតសង្គមអីវាអត់ទៅរួចទេ ទីពីរទាក់ទងនឹងបរិយាកាស អនាម័យ ឬក៏បញ្ហាផ្សេងៗ ទៀត ក៏វាជាបញ្ហាដែរ ហើយកាលណាចង្អៀតណែន ឆ្លងតែមួយវាងាយណាស់បន្តគ្នានោះ»។
បច្ចុប្បន្នកម្ពុជាមានអ្នកជាប់ឃុំ សរុបតាមពន្ធនាគារទូទាំងប្រទេស ប្រមាណបួនម៉ឺន (៤០.០០០) នាក់។ តួលេខនេះ នៅតែជាចំនួនខ្ពស់ ដែលបង្ហាញពីភាពចង្អៀតណែនតាមពន្ធនាគារ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ( Human Rights Watch) និងអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានអះអាងក្នុងសេចក្ដីថ្លែងការណ៍រួមគ្នាកាលពីពេលថ្មីៗ នេះថា ពួកគេទទួលបានព័ត៌មានសំងាត់ថា មានអ្នកជាប់ឃុំនៅពន្ធនាគារប៉េហ្ស៊ី (PJ) ឬពន្ធនាគាររាជធានីភ្នំពេញ រាប់រយនាក់បានឆ្លងជំងឺកូវីដ១៩។ អង្គការទាំងពីរចោទថា អាជ្ញាធរបានលាក់ព័ត៌មាននៃការឆ្លងជំងឺកូវីដ១៩ ក្នុងពន្ធនាគារ ដោយបង្ហាញតួលេខអ្នកឆ្លងតិចតួចបំផុត។
គិតត្រឹមព្រឹកថ្ងៃទី២៧ ឧសភា កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើងដល់ ១៩៤នាក់ហើយ បន្ទាប់ពីអ្នកជំងឺ ៤នាក់ទៀត បានស្លាប់។ ចំណែកតួលេខឆ្លងថ្មីវិញ មាន ៦៤៩នាក់បន្ថែមទៀត ក្នុងនោះភាគច្រើនជាករណីឆ្លងក្នុងសហគមន៍។ រីឯអ្នកជាសះស្បើយវិញ មាន ៦២៦នាក់ នៅថ្ងៃដដែលនេះ។ កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ជាង ២ម៉ឺន ៧ពាន់នាក់ (២៧.៦៣៨) ក្នុងនោះ អ្នកជាសះស្បើយមានជាង ២០.៣៩៨នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។