ក្មេង​២​នាក់​ទៀត​ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី

ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក (WHO) ចេញ​សេចក្ដី​ប្រកាស​រួម​គ្នា​មួយ នៅ​ថ្ងៃ​ទី១៣ ខែ​កក្កដា ដោយ​បញ្ជាក់​ថា គ្រូពេទ្យ​ជំនាញ​បាន​រក​ឃើញ​ថា មាន​ក្មេង ២​នាក់ បន្ថែម​ទៀត បាន​ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី។
ដោយ សុ ជីវី
2013-08-13
Share
ផ្ដាសាយ​បក្សី ៦១០ ស្ត្រី​ម្នាក់​កំពុង​ដាក់​ចំណី​ឲ្យ​មាន់។
Photo: RFA

សេចក្ដី​ប្រកាស​ដដែល​អោយ​ដឹង​ថា ក្មេង​ប្រុស​ម្នាក់​អាយុ ៩​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ស្រុក​សង្កែ ខេត្ត​បាត់ដំបង គឺ​ជា​មនុស្ស​ទី​១៥ ដែល​បាន​ឆ្លង​ជំងឺ​ជំងឺ​ផ្ដាសាយ​បក្សី (H5N1)។ ក្មេង​ប្រុស​រូប​នោះ​ត្រូវ​នាំ​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះបាទ ជ័យ​វរ្ម័ន​ទី​៧ ក្នុង​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី៤ ខែ​សីហា បន្ទាប់​ពី​មាន​អាការៈ​គ្រុន​ក្ដៅ​ខ្លាំង ក្អក និង​ក្អួត​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ ហើយ​គ្រូពេទ្យ​ក្នុង​តំបន់​មិន​អាច​ព្យាបាល​បាន។ កុមារ​រូប​នោះ​ត្រូវ​គេ​ដឹង​ថា បាន​ឆ្លង​រោគ​ផ្ដាសាយ​បក្សី​បន្ទាប់​ពី​បាន​ប៉ះពាល់​សត្វ​ទា និង​មាន់ ដែល​ក្រុម​គ្រួសារ​ត្រៀម​សម្រាប់​ធ្វើ​ម្ហូប។

ក្មេង​ស្រី​អាយុ ៦​ឆ្នាំ ម្នាក់​ទៀត ត្រូវ​ចាត់​ទុក​ជា​អ្នក​ឆ្លង​ទី​១៦ មាន​ទី​លំនៅ​ក្នុង​ស្រុក​ស្អាង ខេត្ត​កណ្ដោល។ នាង​ត្រូវ​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ គន្ធបុប្ផា ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៩ ខែ​សីហា បន្ទាប់​ពី​មាន​អាការៈ​ក្ដៅ​ខ្លួន​ខ្លាំង ឈឺ​ក ឈឺ​ពោះ និង​រាក។

អនុប្រធាន​នាយកដ្ឋាន​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​អ្នក​ជំងឺ​ទាំង​ពីរ​ស្ថិត​ក្នុង​ស្ថានភាព​នឹងន​ហើយ។ ចំណែក​មន្ត្រី​សុខាភិបាល និង​មន្ត្រី​កសិកម្ម​ខេត្ត កំពុង​ចុះ​ពិនិត្យ​ក្នុង​តំបន់​ដែល​មាន​ផ្ទុះ​ជំងឺ​ផ្កា​សាយ​បក្សី៖ «ទាំង​២​នាក់​ហ្នឹង កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ សភាព​វា​ធ្ងន់ ព្រោះ​វា​រលាក​សួត ប៉ុន្តែ​កំពុង​ព្យាបាល។ ហី​យើង​កំពុង​ចុះ​ស្រាវជ្រាវ យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​ចំណាយ ២​អាទិត្យ​ដែរ ដើម្បី​រក​ករណី ថា​តើ​អាច​មាន​ប៉ះពាល់​កុមារ​អី​ហ្នឹង​មាន​ឆ្លង​បន្ត​ទៀត​ឬ​អត់?»

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល បាន​ស្រង់​សម្ដី​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង ដែល​អះអាង​ថា មក​ដល់​ពេល​នេះ​ការ​ចម្លង​មេរោគ​ផ្ដាសាយ​បក្សី​នៅ​ជា​ករណី​ប្រុង​ប្រយ័ត្ន​ខ្ពស់​សម្រាប់​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល