ក្រសួង​សុខាភិបាល​ខ្មែរ​ចោទ​​ម៉ាឡេស៊ី ថា​ធ្វើ​ឱ្យ​​ភ័យខ្លាច និង​ភ័ន្ត​ច្រឡំ រឿង​ជំងឺ​ផ្លូវ​ដង្ហើម​កូវីដ-១៩

0:00 / 0:00

ក្រសួងសុខាភិបាល​កម្ពុជា ចោទ​ក្រសួង​សុខាភិបាល​ម៉ាឡេស៊ី ថា ធ្វើ​ឱ្យ​មានការ​ភ័យខ្លាច និង​ភ័ន្តច្រឡំ រឿង​លទ្ធផល​តេស្ត​ជំងឺ​រលាក​ផ្លូវ​ដង្ហើម កូវីដ-១៩​។ ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​ក្រោយ​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​ម៉ាឡេស៊ី ប្រកាស​ថា ស្ត្រី​ជនជាតិ​អាមេរិក វ័យ ៨៣​ឆ្នាំ ដែល​ជា​អ្នកដំណើរ​លើ​កប៉ាល់​ទេសចរ​វ៉េស្ទើដាម (Westerdam) ដែល​មាន​ផ្ទុក​មេរោគ​រលាក​ផ្លូវ​ដង្ហើម​កូវីដ-១៩ (Covid-19) នោះ ឥឡូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ពី​ជំងឺ​នេះ​ហើយ​។ ប៉ុន្តែ ស្ត្រី​រូប​នេះ មិន​ទាន់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​ម៉ាឡេស៊ី​នៅ​ឡើយ ដោយសារ​នៅ​មាន​រោគសញ្ញា​មួយ​ចំនួន​ទៀត ដែល​ត្រូវ​ពិនិត្យ និង​តាមដាន​បន្ត។ក្រសួងសុខាភិបាល​កម្ពុ​ជា ដែល​កើតទុក្ខ​មិន​សុខចិត្ត ម្តង​ហើយ​ម្តងទៀត និង​ដាក់​ការសង្ស័យ​លើ​សមត្ថភាព​របស់​ក្រសួង​សុខាភិបាល​ប្រទេស​ម៉ាឡេស៊ី ក្នុង​ការ​ធ្វើតេស្ត​រក​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវីដ-១៩ (Covid-19) នោះ កាលពី​ថ្ងៃ​ទី២១ ខែ​កុម្ភៈ បាន​បន្ត​ចោទ​ខាង​ភាគី​ម៉ាឡេស៊ី ថា ការ​ប្រកាស​លទ្ធផល​ជា​បន្តបន្ទាប់ បែប​មិន​ប្រក្រតី​នេះ ធ្វើ​ឱ្យ​មានការ​ភ័យខ្លាច និង​ភ័ន្តច្រឡំ​សម្រាប់​អ្នកដំណើរ​តាម​នាវា Westerdam ទាំងអស់​។

ក្រសួង​សុខាភិបាល​កម្ពុជា ចោទ​អាជ្ញាធរ​ប្រទេស​ម៉ាឡេស៊ី​បន្ថែម​ថា ទង្វើ​នេះ ក៏​បាន​បង្ក​ឱ្យ​មានការ​រើសអើង ធ្វើ​ឱ្យ​អ្នកដំណើរ​ដែល​មិន​មាន​ផ្ទុក​ជំងឺ​កូវីដ-១៩​នោះ ខកខាន​ជាច្រើន​ថ្ងៃ ក្នុង​ការ​បន្ត​ជើង​ហោះហើរ វិលត្រឡប់​ទៅកាន់​ប្រទេស​របស់​ខ្លួន​វិញ​។ ក្រសួង​ដដែល ថា​បញ្ហា​នេះ ក៏​ធ្វើ​ឱ្យ​ប៉ះពាល់ លើ​ការ​កើន​ឡើង​នៃ​ការ​ចំណាយ​មិន​ចាំបាច់ និង​ប៉ះពាល់​ដល់​កិត្តិយស សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស​ជាតិ និង​របស់​ប្រទេស និង​បង្ក​ឱ្យ​មាន​វិបត្តិ​មនុស្សធម៌​ដ៏​ធ្ងន់ធ្ងរ​ជាដើម។

បន្ថែម​ទៅលើ​ការចោទប្រកាន់​របស់​ក្រសួងសុខាភិបាល​កម្ពុជា​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បើក​ការ​វាយប្រហារ​មន្ត្រី​ជាន់ខ្ពស់​ម៉ាឡេស៊ី តាម​សារ​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​ប្រព័ន្ធ​ឃោសនា​របស់​លោក យក​មក​ផ្សាយ​ព្រោងព្រាត។ លោក ហ៊ុន សែន ដែល​ចូល​ទៅ​បញ្ចេញមតិ​លើ​ហ្វេសប៊ុក របស់​ម្ចាស់​គណនី​ឈ្មោះ Khek Khemrath ថា បើ​លោក​ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី​វិញ លោក​នឹង​ដក​រដ្ឋមន្ត្រី​សុខាភិបាល​ចោល ដោយ​លោក​ចោទ​ថា ធ្វើ​ការ​ខ្ជីខ្ជា ខ្វះ​ការទទួលខុសត្រូវ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជាតិ​សាសន៍ ៤១ ប្រទេស​។ លោក ហ៊ុន សែន បន្ថែម​ថា ប្រទេស​ខ្មែរ​ក្រ​មែន តែ​អ្នកដឹកនាំ​ប្រទេស​នេះ​មានការ​ទទួលខុសត្រូវ​លើ​កិច្ចការ​មនុស្សធម៌។

អាស៊ីសេរី មិនទាន់​អាច​សុំ​ការ​បំភ្លឺ ពី​ខាង​ភាគី​ម៉ាឡេស៊ី​បាន​នៅឡើយ​ទេ ជុំវិញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​កម្ពុជា និង​សារ​របស់​លោក ហ៊ុន សែន​នេះ។

តែ​ទោះជា​យ៉ាង​នេះ​ក្តី ឧបនាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី បាន​បញ្ជាក់​ច្បាស់ កាល​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ថា​ការពិនិត្យ និង​ធ្វើតេស្ត​រក​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវីដ​-១៩ នេះ ធ្វើឡើង​ត្រឹមត្រូវ ទាំង​ពេល​រក​ឃើញ​ថា មេរោគ និង​ពេល​ជាសះស្បើយ លែង​ឃើញ​មាន​មេរោគ​នេះ។

ឧបនាយករដ្ឋមន្ត្រី​របស់​ម៉ាឡេស៊ី​អ្នកស្រី វ៉ាន់ អាហ្ស៊ីហ្សាវ៉ាន់ អ៊ីស្មាអែល (Wan Azizah Wan Ismail) ប្រកាស​បញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ក្រោយ​កិច្ចប្រជុំ​កំពូល របស់​គណៈកម្មាធិការ​កណ្ដាល​គ្រប់គ្រង​គ្រោះ​មហន្តរាយ ស្ដីពី​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវីដ​-១៩ នេះ កាលពី​ថ្ងៃសុក្រ ទី ២១ ខែ កុម្ភៈ​នោះ ថា​អ្នកស្រី មាន​ក្តី​សោមនស្ស ដែល​លទ្ធផល​ធ្វើតេស្ត​តាមដាន​សុខភាព​អ្នកជំងឺ​រូប​នេះ ក្រោយ​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ស៊ុនហ្កៃ ប៊ូឡុស ( the Sungai Buloh Hospital ) បង្ហាញ​ថា អស់​មាន​មេរោគ​រលាក​ផ្លូវ​ដង្ហើម​នេះ​ទៀត​ហើយ៖ «ខ្ញុំ​រីករាយ និង​សូម​ប្រកាស​ថា អ្នកជំងឺ​ពី​កប៉ាល់​ទេសចរ​នោះ ត្រូវ​បាន​ធ្វើតេស្ត​ល្អិតល្អន់​ពីរ​ដង​ក្រោយ​ការ​សម្រាក​ព្យាបាល ដោយ​លែង​ឃើញ​មាន​មេរោគ​នេះ​ទៀតហើយ​។ លទ្ធផល​ធ្វើតេស្ត​មុនៗ​ពីរ​ដង​ដែរ រក​ឃើញ​ថា គាត់​មាន​ផ្ទុក​មេរោគ​នេះ​។ ប៉ុន្តែ អ្នកជំងឺ​រូប​នេះ នៅ​បន្ត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅ​ឡើយ ដោយសារ​គាត់​មិន​ទាន់​មាន​សុខភាព​ល្អ​ពេញលេញ​ឡើងវិញ​នៅឡើយ ហើយ​ម្យ៉ាងទៀត គាត់​នៅ​មាន​រោគសញ្ញា​ជាច្រើន ដែល​ត្រូវ​បន្ត​ពិនិត្យ និង​តាមដាន»។

អ្នកស្រី វ៉ាន់ អាហ្ស៊ីហ្សាវ៉ាន់ អ៊ីស្មាអែល បន្ថែមថា នៅ​ពេល​ណា​អ្នកជំងឺ​នេះ ជាសះស្បើយ​ពី​រោគសញ្ញា​ដទៃ​ទៀត គាត់​នឹង​ត្រូវ​អនុញ្ញាត​ឱ្យ​ចាក​ចេញ​ពី​មន្ទីរពេទ្យ។

ស្ត្រី​ជនជាតិ​អាមេរិក វ័យ ៨៣ ឆ្នាំ​រូប​នេះ បាន​ធ្វើ​ដំណើរ​តាម​ជើង​យន្តហោះ​ជាមួយ​ប្ដី​អ្នកស្រី វ័យ ៨៥ ឆ្នាំ និង​អ្នកដំណើ​ងអស់ ១៤៥ នាក់ ដែល​ចាក​ចេញពី​កម្ពុជា ទៅកាន់​ទីក្រុង​កូឡាឡាំពួ (Kuala Lumpur) ប្រទេស​ម៉ាឡេស៊ី ភ្លាមៗ​ក្រោយ​លោក ហ៊ុន សែន អនុញ្ញាត​ឱ្យ​កប៉ាល់​ទេសចរណ៍ វ៉េស្ទើដាម (Westerdam) ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ។

នាយករដ្ឋមន្ត្រី​នៃ​របប​ឯក​បក្ស​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ អនុញ្ញាត​ឱ្យ​កប៉ាល់​ទេសចរណ៍ ដែល​ផ្ទុក​មនុស្ស​ជាង ២​ពាន់​នាក់ រួម​មាន​ទេសចរ ១៤៥៥ នាក់ និង​បុគ្គលិក​លើ​កប៉ាល់ ៨០២ នាក់ ដែល​មាន ៤១ សញ្ជាតិ ចូល​ចត​នៅ​ខេត្ត​ព្រះសីហនុ ទោះ​ប្រទេស​ចំនួន​ប្រាំ រួម​មាន​ជប៉ុន ថៃ តៃវ៉ាន់ ហ្វីលីពី​ន និង​កោះហ្គាំ (Guam) ដែល​ជា​ដែនដី​របស់​សហរដ្ឋអាមេរិក​ផង សុទ្ធតែ​បដិសេធ​មិន​ឱ្យ​ចូល​ចត​នៅ​ប្រទេស​គេ ដោយសារ​ខ្លាច​ឆ្លង​ជំងឺ​កូវីដ-១៩។

លោក ហ៊ុន សែន អះអាង​ថា មនុស្ស​នៅលើ​កប៉ាល់​ទាំងអស់ គ្មាន​ផ្ទុក​ជំងឺ​នេះ​ទេ ដោយ​លោក​ជឿជាក់​លើ​ក្រសួង​សុខាភិបាល​កម្ពុជា ដែល​អះអាង​ថា បាន​ពិនិត្យ​សុខភាព​អ្នក​ទាំងនោះ រួចរាល់​អស់ហើយ និង​ថា​គ្មាន​រក​ឃើញ​ជំងឺ​នេះ​ទេ ទើប​អនុញ្ញាត​ឱ្យ​អ្នក​ទាំងនោះ ធ្វើដំណើរ​តាម​ជើង​យន្តហោះ​ទៅ​ប្រទេស​រៀង​ៗ​ខ្លួន​។ ក្រោយ​អ្នកដំណើរ ១៤៥ នាក់​ទៅដល់​ប្រទេស​ម៉ាឡេស៊ី​ភ្លាម ក្រសួងសុខាភិបាល​នៃ​ប្រទេស​នេះ បាន​រក​ឃើញ​ស្ត្រី​ជនជាតិ​អាមេរិក​វ័យ ៨៣ ឆ្នាំ​នោះ ថា មាន​ផ្ទុក​មេរោគ​នេះ​ភ្លាម។

ខាង​ក្រសួងសុខាភិបាល​កម្ពុជា កើតទុក្ខ​មិន​សុខ​ចិត្តនឹង​លទ្ធផល​នេះ ដោយ​អះអាង​ថា ខាង​កម្ពុជា​ធ្វើតាម​ស្តង់ដារ​អន្តរជាតិ​គ្រប់សព្វ​អស់ហើយ នៅតែ​រក​មិន​ឃើញ​មេរោគ​នេះ​។ ខាង​កម្ពុជា ក៏បាន​ស្នើ​ឱ្យ​ខាង​ម៉ាឡេស៊ី ធ្វើតេស្ត​លើ​ស្ត្រី​នោះ​ម្តង​ទៀត​។ ខាង​ម៉ាឡេស៊ី​ព្រម​ធ្វើតាម​សំណូមពរ​នេះ​។ តេស្ត​លើក​ទី​ពីរ ក៏​នៅតែ​បង្ហាញ​លទ្ធផល​ដដែល ថា ស្ត្រី​នោះ​ពិត​ជា​មាន​ផ្ទុក​ជំងឺ​នេះ​មែន​។ លទ្ធផល​លើក​ទី​ពីរ​នេះ ខាង​កម្ពុជា​ក៏​នៅតែ​កើតទុក្ខ​មិន​សុខចិត្ត​ទៀត ដោយ​ចោទ​ខាង​ប្រទេស​ម៉ាឡេស៊ី ថា​ធ្វើ​មិន​ត្រឹមត្រូវ​តាម​ស្តង់ដារ​អន្តរជាតិ ដូច​អ្វី​ដែល​កម្ពុជា​បាន​ធ្វើ​នោះ​ទេ ទើប​ខាង​កម្ពុជា​ចាត់​ទុក​លទ្ធផល​ធ្វើតេស្ត​ទាំង​ពីរ​លើក​របស់​ប្រទេស​ម៉ាឡេស៊ី​នោះ ថា មាន​ភាព​មិន​ប្រក្រតី។

ប៉ុន្តែ ទោះបីជា​ខាង​ក្រសួងសុខាភិបាល​កម្ពុជា ចោទ​ថា ក្រសួងសុខាភិបាល​ម៉ាឡេស៊ី ធ្វើ​មិន​ត្រឹមត្រូវ​តាម​ស្តង់ដារ​អន្តរជាតិ​យ៉ាង​ណា​ក្តី ក៏​ការពិនិត្យ​សំណាក​មនុស្ស ២០ នាក់​នៅ​កប៉ាល់​ទេសចរ ដែល​កម្ពុជា​ធ្វើ​នៅ​ថ្ងៃទី១៣ ខែ កុម្ភៈ​នោះ គឺ​មិនទាន់​ឆ្លង​ផុត​រយៈពេល​នៃ ការ​សម្ងំ​របស់​មេរោគ​នេះ​នៅ​ឡើយ​ទេ​។ អង្គការ​សុខភាព​ពិភពលោក ប្រកាស​ថា មេរោគ​នៃ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម កូវីដ​-១៩ (Covid-19) នេះ​អាច​សម្ងំ​នៅ​ក្នុង​ខ្លួន​មនុស្ស​រហូតដល់ ១៤ ថ្ងៃ​ឯណោះ​ទើប​រក​ឃើញ​។ ចំណែក​អ្នកស្រាវជ្រាវ​នៅ​ប្រទេស​ចិន​ឯណោះ រក​ឃើញ​ថា រយៈពេល​សម្ងំ​នេះ អាច​មាន​រហូត​ដល់ ២៤​ថ្ងៃ​ឯណោះ។

កប៉ាល់​ទេសចរណ៍​វ៉េស្ទើដាម ចាក​ចេញពី​ទីក្រុង​ហុងកុង នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ និង​ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ នៅ​ថ្ងៃ​ទី​១៣ ខែ កុម្ភៈ​។ នៅ​ទីក្រុង​ហុងកុង មាន​កើត​ករណី​ជំងឺ​នេះ លើកដំបូង នៅ​ថ្ងៃ​ទី ២២ ខែ មករា និង​រីក​រាលដាល​បន្ត រហូតដល់ ៦៩ នាក់​ហើយ គិត​មក​ត្រឹម​ថ្ងៃ ២១ ខែ កុម្ភៈ ដោយ​ក្នុង​នោះ​មាន​ពីរ​នាក់​ស្លាប់ ដោយសារ​ជំងឺ​នេះ។

ក្រសួង​សុខាភិបាល​កម្ពុជា បាន​ពិនិត្យ​សំណាក​របស់​អ្នកដំណើរ​លើ​កប៉ាល់​តែ ២០ នាក់​ប៉ុណ្ណោះ ក្រៅពីនោះ គ្រាន់តែ​ពិនិត្យ​សុខភាព​ធម្មតា ដូចជា​ស្ទង់​កំដៅ​ជាដើម​។ អ្នក​ទាំងនោះ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ​។ ដោយឡែក​ការ​ពិនិត្យ​សំណាក​ទ្រង់ទ្រាយ​ធំ ទើបតែ​ធ្វើ​នៅ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ប៉ុណ្ណោះ ពោល​គឺ​ក្រោយ​ខាង​ម៉ាឡេស៊ី​រក​ឃើញ​ករណី​ផ្ទុក​មេរោគ​នេះ។

ទោះបីជា​ក្រសួងសុខាភិបាល​កម្ពុជា ចោទ​ប្រទេស​ម៉ាឡេស៊ី ថា ជា​អ្នកធ្វើ​ឱ្យ​មាន​បញ្ហា​ជាច្រើន ដោយសារ​លទ្ធផល​តេស្ត​នេះ ក៏ដោយ ក៏​បើ​តាម​លទ្ធផល​ចុងក្រោយ បន្ទាប់ពី​ដាក់​ស្ត្រី​អាមេរិក​នោះ​ឱ្យ​នៅ​ដាច់ដោយឡែក ដើម្បី​ព្យាបាល​នោះ បញ្ជាក់​ថា​ស្ត្រី​នោះ ពិត​ជា​មាន​ផ្ទុក​មេរោគ​នេះ​មែន ប៉ុន្តែ​ត្រូវ​បាន​ព្យាបាល​ទាន់​ពេល​វេលា​។ ជាង​នេះទៅ​ទៀត ប្រទេស​ជាច្រើន​បាន​ចាត់វិធានការ​បង្ការ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​នេះ ដោយ​ដាក់​អ្នក​ធ្វើ​ដំណើរ​ទាំងនោះ នៅ​កន្លែង​ដាច់ដោយឡែក យ៉ាង​ហោច​រយៈពេល ១៤ ថ្ងៃ​។ ប្រទេស​ជាច្រើន​ទៀត មិន​ត្រឹមតែ​ដាក់​ពលរដ្ឋ​របស់​ខ្លួន ដែល​វិល​ទៅ​ប្រទេស​វិញ ដែល​មុន​នេះ​បាន​ធ្វើ​ដំណើរ​តាម​កប៉ាល់​ទេសចរណ៍ Westerdam ដោយ​ដាក់​ឱ្យ​​នៅ​ដាច់​ពី​គេ​ប៉ុណ្ណោះ​ទេ ប្រទេស​ជាច្រើន​ថែម​ទាំង​ហាម​អ្នកដំណើរ​ពី​កប៉ាល់​នោះ មិន​ឱ្យ​ឆ្លងកាត់ ឬ​ចូល​ប្រទេស​គេ​ថែម​ទៀត​ផង លើកលែងតែ​អ្នក​​ទាំងនោះ​ជា​ពលរដ្ឋ​របស់​ខ្លួន​ប៉ុណ្ណោះ។

ថ្មីៗ និង​ចុងក្រោយ​គេ គឺ​ប្រទេស​តួកគី កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ មិន​ឱ្យ​យន្តហោះ​មួយ​គ្រឿង ដែល​ដឹក​មនុស្ស ២៨៣ នាក់ ដែល ២៦៨ នាក់​មកពី​កប៉ាល់​ទេសចរ​នោះ ចុះ​ចត​នៅ​អាកាសយានដ្ឋាន​របស់​ខ្លួន​នោះ​ទេ ដោយសារ​ខ្លាច​ចម្លង​មេរោគ​នេះ​។ យន្តហោះ​នោះ​បាន​បង្ខំចិត្ត ទៅ​ចុះចត​នៅ​ប្រទេស​ប៉ាគីស្ថាន​វិញ​។​អ្នកវិភាគ និង​អ្នកឃ្លាំមើល​សង្គម ថា ទង្វើ​របស់​លោក ហ៊ុន សែន ដែល​អនុញ្ញាត​ឱ្យ​កប៉ាល់​ទេសចរណ៍​នេះ ចូល​ចត​នៅ​កម្ពុជា គឺជា​ការ​នាំ​ទុក្ខ និង​ការភ័យខ្លាច​ដល់​ពលរដ្ឋ​ខ្មែរ និង​ពលរដ្ឋ​ទូទាំង​ពិភពលោក ក្នុង​ស្ថានភាព​ដែល​ការ​ចម្លង​មេរោគ​ដ៏​កាច​សាហាវ​នេះ បាន​ឆ្លង​រាលដាល​ដល់​ប្រទេស​ជិត ៣០ ទៅ​ហើយ (២៩) ព្រោះ​លោក ហ៊ុន សែន និង​មន្ត្រី​របប​នេះ មិន​ពាក់​ម៉ាស់ ដើម្បី​បង្ការ​ជំងឺ ក្នុង​ពេល​ចាប់ដៃ ឱប ថើប និង​ថតរូប​ជាមួយ​អ្នក​ចុះ​ពី​កប៉ាល់​នោះ ដែល​ទង្វើ​នេះ គឺ​ផ្ទុយ​ទៅ​នឹង​ការណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក ក្នុង​ការ​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។ អ្នក​នៅ​លើ​កប៉ាល់​ទាំងនោះ ក៏​មិន​ត្រូវ​បាន​យក​ទៅ​ដាក់​ឱ្យ​នៅ​ដាច់ដោយឡែក ដើម្បី​បន្ត​ពិនិត្យ និង​តាមដាន​សុខភាព​ដែរ មុន​ពេល​អនុញ្ញាត​ឱ្យ​ចាក​ចេញពី​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។