ក្រុមប្រជាពលរដ្ឋដែលឆ្លងមេរោគអេដស៍ជាច្រើនគ្រួសារ នៅភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង សម្ដែងក្ដីបារម្ភចំពោះកូនចៅរបស់ខ្លួន ខ្លាចពិបាករកគូស្រករនៅថ្ងៃអនាគត។ ការព្រួយបារម្ភនេះ កើតមានបន្ទាប់ពីពួកគាត់ធ្វើតេស្ដឈាមនៅមណ្ឌលសុខភាពរកា រកឃើញថាមានផ្ទុកមេរោគអេដស៍។
ក្រុមប្រជាពលរដ្ឋទាំងអ្នកឆ្លងមេរោគអេដស៍ និងអ្នកដែលពុំមានមេរោគអេដស៍ នៅភូមិរកា សម្ដែងការព្រួយបារម្ភថា ពួកគេនឹងប្រឈមមុខគ្មានគូស្រករ ឬប្ដីប្រពន្ធទៅថ្ងៃមុខជាមិនខាន ដោយសារមានផ្ទុកមេរោគអេដស៍នៅក្នុងខ្លួន។
ក្រុមប្រជាពលរដ្ឋនៅភូមិរកា ស្រុកសង្កែ ខេត្តបាត់ដំបង ថ្លែងក្នុងទឹកមុខស្រពោននៅថ្ងៃទី២៣ ធ្នូ ថា ពួកគាត់ខ្លាចគ្មានគូស្រករដូចគេឯងនៅឃុំដទៃ ហើយមានការខ្មាសអៀនក្នុងការបង្ហាញខ្លួននៅទីសាធារណៈ។ អ្នកភូមិបញ្ជាក់ថា សព្វថ្ងៃនេះ គ្រួសារមួយចំនួនដែលឆ្លងមេរោគអេដស៍ ត្រូវគេរិះគន់បណ្ដើរៗហើយ ធ្វើឲ្យអ្នកខ្លះមិនចង់ទៅសាលារៀននោះទេ៖ «ខ្ញុំព្រួយបារម្ភខ្លាំងទៅលើកូន ព្រោះទៅថ្ងៃអនាគតខ្លាចមិនមានគូស្រករហ្នឹងគេ។ អនាគតគ្នាទៅមុខទៀតមិនដឹងយ៉ាងណា បើជំងឺនេះព្យាបាលមិនជាអ៊ីចឹង។ ខ្ញុំបារម្ភខ្លាចកូនពេញក្រមុំទៅ គ្មានអ្នកមកស្ដីដណ្ដឹងជាគូអនាគត ពីព្រោះអ្នកកើតជំងឺអេដស៍ហ្នឹងពេញភូមិទៅហើយ។ យើងមនុស្សកើតទៅវាមិនជាសំខាន់ទេ តែក្មេងដល់ពេលកើតអ៊ីចឹងទៅមិនជាយ៉ាងនោះទេ»។
ទាក់ទងនឹងបញ្ហានេះ មេភូមិរកា លោក ឆាត ចឹក មានប្រសាសន៍បញ្ជាក់ថា អ្នកដែលឆ្លងមេរោគអេដស៍ក្នុងភូមិរកា មានទាំងកូនក្មេង និងមនុស្សចាស់។ ទោះយ៉ាងនេះក្ដី លោកពុំទាន់ដឹងចំនួនអ្នកដែលឆ្លងមេរោគអេដស៍ប៉ុន្មាននាក់នៅឡើយទេ តែប្រជាពលរដ្ឋក្នុងភូមិពិតជាមានការព្រួយបារម្ភចំពោះអនាគតកូនចៅរបស់ពួកគាត់ប្រាកដមែន៖ «បាទ! អារឿងទុកដាក់កូនចៅហ្នឹងប្រជាពលរដ្ឋក្នុងភូមិខ្វល់គ្រប់តែគ្នាហ្នឹង មិនជាយ៉ាងណាទេ»។
ទាក់ទងនឹងបញ្ហានេះដែរ មន្ត្រីទីប្រឹក្សាបច្ចេកទេសអង្គការសម្ព័ន្ធភាពខ្មែរ ប្រយុទ្ធនឹងជំងឺអេដស៍ លោក នី សុជាត មានប្រសាសន៍ថា មានកត្តាសំខាន់បីយ៉ាងដែលចម្លងមេរោគអេដស៍ឆាប់រហ័ស រួមមាន ការឆ្លងតាមរយៈឈាម ការឆ្លងពីម្ដាយទៅកូន និងឆ្លងតាមរយៈការរួមភេទ ហើយការឆ្លងខ្ពស់ជាងគេ គឺឆ្លងតាមរយៈឈាម ដូចជាការប្រើប្រាស់គ្រឿងញៀនដែលប្រើស៊ីរាំងចាក់រួមគ្នា ជាដើម៖ «កាលណាយើងដឹងថាឆ្លងមេរោគអេដស៍អ៊ីចឹង គាត់ត្រូវប្រញាប់ទៅធ្វើតេស្ដឈាមជាមួយគ្រូពេទ្យឲ្យបានឆាប់ តាមដានមេរោគនេះ។ បើពិនិត្យឃើញមានផ្ទុកមេរោគអេដស៍ហើយ ត្រូវទៅទទួលសេវាព្យាបាលឲ្យឆាប់រហ័ស»។
កាលពីរសៀលថ្ងៃទី២២ ធ្នូ ព្រះរាជអាជ្ញានៃសាលាដំបូងខេត្តបាត់ដំបង សម្រេចចោទប្រកាន់គ្រូពេទ្យ លោក យ៉ែម ជ្រិន ដែលអ្នកភូមិសង្ស័យថាជាអ្នកចម្លងមេរោគអេដស៍ដល់ប្រជាពលរដ្ឋនៅភូមិរកា ចំនួន ៣ករណី។ ករណីទី១ ចោទពីបទប្រព្រឹត្តដោយចេតនា ធ្វើឲ្យអ្នកដទៃឆ្លងមេរោគអេដស៍។ ករណីទី២ អំពើឃោរឃៅពាក់ព័ន្ធនឹងឃាតកម្ម និងករណីទី៣ បើកកន្លែងពិនិត្យសុខភាពដោយពុំមានការអនុញ្ញាតពីក្រសួងសុខាភិបាល។
កាលពីថ្ងៃទី២០ ធ្នូ នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា លោកវេជ្ជបណ្ឌិត ដេលីយ៉េ ហ្វង់តេនីល (Dilier Fontenille) ប្រាប់អ្នកកាសែតក្នុងស្រុកថា អ្នកផ្ទុកមេរោគអេដស៍ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង កើនឡើងរហូតដល់ ១៤០នាក់។ រហូតមកទល់ពេលនេះ ប្រជាពលរដ្ឋនៅតែបន្តទៅធ្វើតេស្តឈាមពិនិត្យមេរោគអេដស៍នៅមណ្ឌលសុខភាពរកា ជាបន្តបន្ទាប់នៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។